ជនអន្តោប្រវេសន៍​ដើរតួ​សំខាន់​នៅក្នុង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី

រូបឯកសារ៖ អតីតអគ្គរដ្ឋទូតអាមេរិកទៅកាន់អ៊ុយក្រែនអ្នកស្រី Marie Yovanovitch ធ្វើសក្ខីកម្មនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតីសហរដ្ឋអាមេរិក​ពី​មួយសប្តាហ៍​ទៅ​មួយ​សប្តាហ៍​នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​មាន​ភាពរង្គោះរង្គើរ​កាន់​តែ​ខ្លាំង​រវាង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ ហើយ​នេះ​ប្រហែល​ជា​មិនមែន​ជា​រឿង​រីករាយ​មួយ​ក្នុងការ​ដើម្បី​តាមដាន​នោះ​ទេ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​គេ​មាន​ការរំពឹង​ទុក​នោះ​គឺ ដំណើរការ​នេះ​បំផុស​ឲ្យ​មាន​ជំនឿ​ចិត្ត​ចំពោះ​បទពិសោធន៍​ដែល​ពលរដ្ឋ​អាមេរិកាំង​បាន​ឆ្លងកាត់។

ស្របពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​កំពុង​តាមដាន​សវនាការ​ស៊ើបអង្កេត​របស់រដ្ឋសភា​ដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី​ជា​សាធារណៈ​របស់​រដ្ឋសភា​ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅកាន់​លទ្ធភាព​នៃ​ការចោទប្រកាន់​ដក​ហូត​លោកប្រធានាធិបតី Trump ចេញ​ពី​តំណែង​នោះ​ ក្រុម​អ្នក​តាមដាន​បាន​ទទួល​ការក្រឿន​រំឭក​អំពី​សារៈ​សំខាន់​នៃ​តួនាទី​របស់​ពួកជនអន្តោប្រវេសន៏​នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ និង​ឱកាស​នានា​ដែល​ប្រទេស​បាន​ផ្តល់​ឲ្យ​ពួកគេ។

បុគ្គល​សំខាន់​បួនរូប​នៅក្នុង​សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទ​ប្រកាន់​ប្រធានាធិបតី​គឺ​ជា​អ្នកចូល​សញ្ជាតិ​អាមេរិកាំង​ ដែល​ពីរនាក់​ក្នុង​ចំណោម​ពួកគេ​គឺ​ជា​កូន​របស់​គ្រួសារ​ជនភៀសខ្លួន​ដែល​ធ្វើការ​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខជាតិ​នៅក្នុង​សេតវិមាន​។ ​អ្នកទីបី​កំពុង​ធ្វើ​ការ​ឈាន​ទៅ​កាន់​តំណែង​កំពូល​ផ្នែកការទូត​របស់​ប្រទេស។ ចំណែក​ឯអ្នក​ទីបួន​វិញ​បាន​ជាប់ឆ្នោត​ជា​សមាជិក​រដ្ឋសភា​ និង​ជា​សមាជិក​នៃ​គណកម្មាធិការ​ស៊ើបការសម្ងាត់។

អ្នកស្រី​ឯកអគ្គរដ្ឋទូត Marie Yovanovitch គឺ​ជា ​កូនស្រី​របស់​ជនអន្តោប្រវេសន៍​ដែល​ភៀសខ្លួន​ដំបូង​មក​ពី​សហភាពសូវៀត​ ហើយ​បន្ទាប់​មក​ភៀសខ្លួន​ចេញ​ពី​របប​គ្រប់គ្រង​ណាហ្ស៊ី​នៅអ៊ឺរ៉ុប។ អ្នកស្រី​មាន​កំណើត​នៅ​ប្រទេស​កាណាដា​ និង​បាន​ធំ​ដឹង​ក្តី​នៅ​រដ្ឋ Connecticut ហើយ​បន្ទាប់​មក​បាន​ទទួល​សញ្ជាតិ​អាមេរិកាំង​នៅពេល​អ្នកស្រី​អាយុ១៨ឆ្នាំ។ អ្នកស្រី​បាន​ទទួល​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Princeton និង​សាកលវិទ្យាល័យ​ការពារ​ជាតិ​ និង​បាន​ចូល​បម្រើការងារ​នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។ ​

លោកវរសេនីយ៍ទោ Alexander Vindman មាន​កំណើត​នៅ​ប្រទេសអ៊ុយក្រែន​ ដែល​នៅ​ពេល​នោះ​អ៊ុយក្រែន​ជា​ផ្នែកមួយ​នៃ​សហភាពសូវៀត។ គ្រួសារ​របស់​លោក​បាន​ភៀសខ្លួន​មក​សហរដ្ឋអាមេរិក​នៅ​ពេល​លោក​នៅ​ជា​កុមារ។ ទាំង​លោក Vindman​ និង​បងប្អូន​ប្រុស​របស់​លោក​ម្នាក់​ទៀត​ចូល​បម្រើការ​នៅក្នុង​ជួរកងទ័ព​សហរដ្ឋអាមេរិក និង​បាន​ទទួល​ប័ត្រសរសើរ​ជាច្រើន​ រួមទំាំង​មេដាយ Purple Heart សម្រាប់​របួស​នៅក្នុង​សមរភូមិនៅប្រទេសអ៊ីរ៉ាក់ផងដែរ។ ឥឡូវ​នេះ​លោក Vindman​ ជា​នាយក​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​អ៊ឺរ៉ុប​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក។

អ្នកស្រី Fiona Hill ដែលពី​មុន​បម្រើ​ការងារ​នៅក្នុង​តំណែង​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ ដែល​មាន​តួនាទី​ខ្ពស់​ជាង​លោក Vindman នោះ​បាន​ចូល​ធ្វើ​កស្សិណ​សាក្សី​នៅ​ចំពោះ​មុខ​គណកម្មាធិការ​ស៊ើបការ​សម្ងាត់​នៃ​រដ្ឋសភា ដោយ​អ្នកស្រី​បាន​ពណ៌នា​ខ្លួនអ្នកស្រី​ថា​ជា«អ្នក​ចូល​សញ្ជាតិ​អាមេរិកាំង‍» ដោយ​ស័្មគ្រចិត្ត។ អ្នកស្រី​មាន​កំណើត​នៅ​ក្នុង​ទីក្រុង​ធ្បូងថ្ម​ដ៏​លំបាក​មួយ​នៅ​ភាគខាងជើង​ប្រទេស​អង់គ្លេស។ អ្នកស្រី​មក​សហរដ្ឋ​អាមេរិក​ពេល​អ្នកស្រី​មាន​វ័យជំទង់​ និង​បាន​ចូល​រៀននៅ​សាកលវិទ្យាល័យ Harvard ហើយ​បន្ទាប់​មក​បាន​ចូល​សញ្ជាតិ​អាមេរិកាំង​នៅ​ឆ្នាំ២០០២។ អ្នក​ទាំងបី​នាក់​នេះ​ ធ្លាប់​ត្រូវ​បាន​សួរ​ចម្លើយ​ដោយ​មន្រ្តី​អន្តោប្រវេសន៍​ដូចគ្នា។

សមាជិក​រដ្ឋ​សភា​លោក Raja Krishnamoorthi​ ដែល​ជា​សមាជិក​នៃ​គណកម្មាធិការ​ស៊ើបការ​សម្ងាត់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​កំណើត​នៅ​ទីក្រុង New Delhi ​ប្រទេស​ឥណ្ឌា​ និង​បាន​មក​សហរដ្ឋអាមេរិក​នៅពេល​លោក​ជា​ទារក។ លោក​បាន​ទទួល​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យ Princeton និង​សាកលវិទ្យាល័យ Harvard ហើយ​បន្ទាប់​មក​បាន​ជាប់ឆ្នោត​ជា​សមាជិក​រដ្ឋសភា​នៅ​ឆ្នាំ២០១៧។

គ្រួសារ​របស់​លោកវរសេនីយ៍ទោ Vindman បាន​មក​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ១៩៧៣ ​ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​អង្គការ HIAS ដែល​ជា​អង្គការ​សាសនា​ជួយ​ការពារ​ជនភៀសខ្លួន​ជ្វីស​នៅ​ទូទាំង​ពិភពលោក។

អ្នកស្រី Melanie Nezer អនុប្រធាន​កិច្ចការ​សាធារណៈ​នៃ​អង្គការ HIAS បាន​ថ្លែង​ថា បាន​ឃើញ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ធ្វើ​ការ​កាន់​តំណែង​ជាន់​ខ្ពស់​នៅក្នុង​រដ្ឋាភិបាល​សហព័ន្ធ​គឺ «ហាក់​ដូច​ជា​ការបង្ហាញ​អ្នក​អំពី​អត្ថប្រយោជន៍​ដែល​ជនភៀស​ខ្លួន​នាំ​មក​ជូន​ប្រទេស​នេះ»។

អ្នកស្រី​បាន​ថ្លែង​ថា៖ «វា​បង្ហាញ​ពី​ទេពកោសល្យ ការ​លះបង់​ ការ​ស្នេហា​ជាតិ​ ដែល​ទាំងអស់​នេះ​គឺ​ជា​ការចូលរួម​ដែល​ពួកជនភៀស​ខ្លួន​បាន​ធ្វើ។ ទាំងអស់​នេះ​មិនមែន​ទើប​តែ​មាន​នៅ​ជំនាន់​នេះ​ទេ​ ប៉ុន្តែ​បាន​កើតឡើង​តាំង​ពី​ជំនាន់​ទីមួយ​នៅពេល​ដែល​ពួកគេ​មក​ដល់​សហរដ្ឋអាមេរិក។ អ្នកឃើញ​ហើយ​ថា​ពួកគេ​ដឹង​គុណ​ចំពោះ​ឱកាស​ដែល​ចាប់ផ្តើម​ជីវិត​ថ្មី​របស់​ពួកគេ​នៅក្នុង​ប្រទេស​នេះ​ប៉ុណ្ណា​ និង​ការលះបង់​របស់​ពួកគេ​ជួយ​ដល់​ប្រទេស​នេះ​វិញ​ប៉ុណ្ណា»។ ការ​ចូលរួម​នៅ​ក្នុង​សវនាការសាធារណៈ​នេះ​ពិត​ជា​នាំ​ឲ្យ​មាន​ការ​ប្រឈម​នឹងគ្រោះថ្នាក់ដែរ។

អ្នកស្រី Yovanovitch ត្រូវ​បាន​ដកចេញ​ពី​តំណែង​ដោយ​លោកប្រធានាធិបតី Trump ដោយសារ​អ្នកស្រី​បាន​វាយប្រហារ​លោក​នៅ​លើ​បណ្តាញសង្គម Twitter ហើយ​អ្នក​ស្រី​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ក្រុមអ្នកគាំទ្រ​របស់​លោកប្រធានាធិបតី​ព្យាយាម​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេសអ៊ុយក្រែន។ លោក Vindman ដឹង​ខ្លួន​ថា ជា​គោលដៅ​នៃ​ការបំពាន​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ធ្ងន់ធ្ងរ ​ដែល​កងទ័ព​ពិចារណា​ឲ្យ​រូប​លោក​ និង​គ្រួសារ​របស់​លោក​ទៅ​ប្តូរ​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​សុវត្ថិភាព​នៅ​បន្ទាយ​យោធា។

ទោះជាយ៉ាងណា​ក៏ដោយ​ ក៏​អ្នកទាំងពីរ​បាន​បង្ហាញ​ខ្លួន​ចូល​ធ្វើ​កស្សិណ​សាក្សី​នៅ​ចំពោះ​មុខ​សមាជិក​រដ្ឋសភា​ ដើម្បី​បង្ហាញ​អំពី​ការលះបង់​របស់​ពួកគេ​និង​ដឹងគុណ​ចំពោះ​ប្រទេស​ដែល​ផ្តល់​ជម្រក​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ។

អ្នកស្រី Yovanovitch បាន​ផ្តល់​សក្ខីកម្ម​ដូច្នេះ​ថា «ការចូល​បំពេញ​ការងារ​របស់​ខ្ញុំ​ គឺ​ជា​ការបង្ហាញ​ការដឹងគុណ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ប្រទេស​នេះ​បាន​ផ្តល់​ឲ្យ​ខ្ញុំ ​និង​គ្រួសារ​របស់​ខ្ញុំ។ ឪពុកម្តាយ​របស់​ខ្ញុំ​គ្មាន​សំណាង​រស់នៅ​ក្នុង​យុគសម័យ​សង្គម​សេរី​ដូច​នេះ​ទេ។ ឪពុក​របស់​ខ្ញុំ​បាន​ភៀសខ្លួន​ចេញ​ពី​សូវៀត​មុន​នឹង​ស្វែងរក​ការស្នាក់​ក្នុង​សហរដ្ឋ​អាមេរិក។ »។ គ្រួសារ​ម្តាយ​របស់​ខ្ញុំ​គេច​ចេញ​ពី​សហព័ន្ធ​សហភាព​សូវៀត​បន្ទាប់​ពី​បដិវត្តន៍ Bolshevik ហើយ​គាត់​បាន​ធំ​ដឹង​ក្តី​នៅ​តំបន់​គ្មាន​ប្រទេស​ក្នុង​របប​ណាហ្ស៊ី​អាល្លឺម៉ង់​ មុន​នឹង​គាត់​មក​ដល់​សហរដ្ឋអាមេរិក។ ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សហរដ្ឋអាមេរិក​ និង​យល់​ពី​អ្នកដ៏ទៃ»។

លោក Vindman ស្ថិត​ក្នុង​ឯកសណ្ឋាន​យោធា​ បាន​ទទួល​ការ​កត់សម្គាល់​ជាច្រើន​នៅក្នុង​សក្ខីកម្ម​របស់​លោក។ លោក​បាន​ថ្លែង​ថា«ខែក្រោយ​នឹង​គំរប់​ខួប៤០ឆ្នាំ​ ចាប់​តាំង​ពី​គ្រួសារ​របស់​ខ្ញុំ​បាន​មក​ដល់​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​ជនភៀស​ខ្លួន។ ពេល​ឪពុក​របស់ខ្ញុំ​អាយុ៤៧ឆ្នាំ​ គាត់​បាន​ចាកចេញ​ពី​អ្វីៗ​គ្រប់​យ៉ាង​ដែល​គាត់​បាន​កសាង​ពេញ​មួយ​ជីវិត​របស់​គាត់​ ហើយ​គាត់​មាន​តែ​សំបក​ផ្ទះ​តែ​មួយ​គត់​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ឲ្យ​កូនៗ​ទាំងបី​របស់​គាត់​អាច​មាន​ជីវិត​ប្រសើរ​ និង​រស់​នៅ​ដោយ​សុវត្ថិភាព»។

លោក Vindman បាន​និយាយ​ទៀត​ថា« ការសម្រេចចិត្ត​ដ៏​ក្លាហាន​របស់​លោក​ត្រូវ​បាន​ជួយ​ជំរុញ​ដោយ​ការដឹងគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​បងប្អូន​ប្រុស​របស់​ខ្ញុំ​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ ហើយ​និង​កតាព្វកិច្ច​របស់​យើង។ យើង​ទាំងបីនាក់​បាន​បម្រើ​ការងារ​និង​កំពុង​បម្រើ​ការងារ​ជា​យោធា។ ភារកិច្ច​យោធា​របស់​យើង​គឺ​ជា​ផ្នែក​ដ៏​ពិសេស​មួយ​នៃ​ប្រវតិ្ត​គ្រួសារ​របស់​យើង​នៅ​លើ​ទឹកដី​អាមេរិក»៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា