មូលនិធិរូបិយ​វត្ថុអន្តរជាតិ​ថា ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​រារាំង​ដល់​កំណើន​សេដ្ឋកិច្ចសកលលោក

ស្លាកសញ្ញានៃកិច្ចប្រជុំ​​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMFនៅ​កោះបាលី។

ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​អន្ដរជាតិ​នេះ​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ពី​៣,៩ភាគរយ​មក​នៅ​ត្រឹម​ ៣,៧ភាគរយ​សម្រាប់​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩។

ការ​ឡើង​កម្តៅ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក ​និង​ប្រទេសចិន និង​ការគំរាមកំហែង​ម្តងទៀត​របស់​លោកប្រធានាធិបតី Donald Trumpក្នុង​ការ​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​មក​សហរដ្ឋអាមេរិក​ពី​ប្រទេសចិន​ នឹង​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​សកលោក​ក្នុង​ឆ្នាំ​នេះ ​និង​ឆ្នាំក្រោយ។ នេះ​បើ​យោង​តាម​ការប្រកាស​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF កាល​ពី​ថ្ងៃអង្គារ។

តាមរយៈ​ការ​វាយតម្លៃ​ថ្មី​មួយ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​នៅ​កោះបាលី ប្រទេសឥណ្ឌូនេស៊ី មូលនិធិរូបិយវត្ថុអន្តរជាតិ​បាន​ធ្វើ​ការ​ព្យាករណ៍​ថា​ ប្រទេស​ទាំងអស់​នឹង​រងផលប៉ះពាល់​ដោយសារ​សង្គ្រាមពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន ​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បង្អស់​នៅក្នុង​ពិភពលោក​ជុំវិញ​ការដំឡើង​ពន្ធគយ​លើ​ទំនិញ​ដាក់គ្នា​ទៅវិញ​ទៅមក។ មូលនិធិរូបិយវត្ថុអន្តរជាតិ​បាន​លើកឡើង​ថា​ ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​ចិន​នឹង​ធ្វើ​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​នានា​រងគ្រោះដោយសារ​ភាពតានតឹង​នេះ។

ទីភ្នាក់ងារ​ហិរញ្ញវត្ថុ​អន្ដរជាតិ​នេះ​បាន​ព្យាករណ៍​ពី​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ពី​៣,៩ភាគរយ​មក​នៅ​ត្រឹម​ ៣,៧ភាគរយ​សម្រាប់​ឆ្នាំ២០១៨ និង​ឆ្នាំ២០១៩។

ទីភ្នាក់ងារ​នេះ​បាន​ព្យាករណ៍​ថា ​កំណើនសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០១៨ កើនឡើង២,៩ភាគរយ ​ប៉ុន្តែ​នឹង​ធ្លាក់ចុះ​មក​នៅ ២,៥ភាគរយ​នៅ​ឆ្នាំក្រោយ​ ហើយ​នឹង​ធ្លាក់ចុះ​មក​នៅ១,៨ភាគរយ​នៅឆ្នាំ២០២០ ដោយសារ​ផលប៉ះពាល់​នៃ​ការកាត់ពន្ធ​ក្នុង​សហរដ្ឋអាមេរិក និង​សង្គ្រាមពាណិជ្ជកម្ម​ជាមួយ​ចិន​ដែល​រារាំង​ដល់​កំណើន​នេះ៕