ការយកពន្ធគយលើទំនិញទៅវិញទៅមកជុំថ្មីមួយទៀតរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានចូលជាធរមានហើយនៅថ្ងៃចន្ទនេះ។
ទាក់ទិននឹងបញ្ហានេះ សហរដ្ឋអាមេរិកបានចាប់ផ្ដើមយកពន្ធគយថ្មីលើទំនិញចិនដែលមានទឹកប្រាក់ ២ រយពាន់លានដុល្លារ ចំណែកឯចិនវិញ បានសងសឹកដោយយកពន្ធគយលើទំនិញសហរដ្ឋអាមេរិកដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារ។
ការយកពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនេះផ្ដោតលើផលិតផលរាប់ពាន់ប្រភេទដែលផលិតនៅប្រទេសចិន ដែលក្នុងនោះមានដូចជាគ្រឿងអេឡិចត្រូនិក ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។
ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនេះចាប់ផ្ដើមដំបូងក្នុងចំនួន ១០ ភាគរយ បន្ទាប់មកនឹងកើនរហូតដល់ ២៥ ភាគរយ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកលែងមុខទំនិញផ្សេងទៀតជាច្រើនពីការយកពន្ធគយថ្មីនេះ ដែលក្នុងនោះមានដូចជា នាឡិកាដៃ smart watches ឧបករណ៍ Bluetooth និងកៅអីអង្គុយសម្រាប់ទារកក្នុងរថយន្តជាដើម។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានសន្យាថា សហរដ្ឋអាមេរិកនឹងឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មណាមួយជាមួយនឹងប្រទេសចិន។
ប៉ុន្តែ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីបានចាប់ផ្ដើមយកពន្ធគយថ្មីទៅវិញទៅមកនេះ រដ្ឋាភិបាលចិនបានចោទប្រកាន់រដ្ឋាភិបាលអាមេរិកថាបានប្រើប្រាស់ការយកពន្ធគយនេះជាមធ្យោបាយដើម្បីគំរាមបណ្ដាប្រទេសផ្សេងៗឲ្យធ្វើតាមការចង់បានរបស់ខ្លួនទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច៕