អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដែលហៅកាត់ថា IMF បានតម្រឹមការទស្សន៍ទាយរបស់ខ្លួនអំពីសេដ្ឋកិច្ចសាកលសម្រាប់ឆ្នាំ២០១៥ ដោយប្រធានពួកអ្នកសេដ្ឋសាស្ត្ររបស់ខ្លួនបាននិយាយថា ពិភពលោកប្រឈមមុខនឹង«ភាពខ្លាំងនិងសាំញ៉ាំខាងសេដ្ឋកិច្ច»។
អង្គការ IMF នៅតែទស្សន៍ទាយថា មានការជឿនលឿន៣,៥ភាគរយនៅឆ្នាំនេះនិងមាន៣,៧ភាគរយនៅឆ្នាំក្រោយ ក៏ប៉ុន្តែតួលេខទាំងពីរនេះចុះថយចំនួន៣ភាគ១០នៃពិន្ទុដែលបានពីការស្ទង់ប្រមាណកាលពីខែតុលារបស់អង្គការនេះ។
លោក Olivier Blanchard ប្រធានពួកអ្នកសេដ្ឋសាស្ត្រនៃអង្គការ IMF បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា គេរំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងលូតលាស់នៅក្នុងឆ្នាំ២០១៥លឿនជាងកាលពីឆ្នាំ២០១៤បន្តិច ទោះណាជាមានការទស្សន៍ទាយខ្សោយជាងមុនសម្រាប់ភាគច្រើននៃពិភពលោក។ អង្គការ IMF បាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់នឹងមានការចំណេញ២,៤ភាគរយ ហើយមានការលូតលាស់៤,៣ភាគរយនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងលេចទ្បើងនិងកំពុងអភិវឌ្ឍ។
IMF និយាយថា ស.រ.អា.ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោក គួរមានការលូតលាស់៣,៦ភាគរយគឺកន្លះភាគរយខ្ពស់ជាងការទស្សន៍ទាយកាលពីខែតុលា។
ទីភ្នាក់ងារដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននេះបាននិយាយថា ប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីរគួរលូតលាស់៦,៨ភាគរយក្នុងឆ្នាំ២០១៥ចំណែកឯប្លុកនៃប្រទេស១៨ប្រើប្រាស់ប្រាក់អឺរ៉ូនិងប្រទេសជប៉ុននឹងមានការជឿនលឿនបន្តិចបន្តួច។
IMF បាននិយាយថា សេដ្ឋកិច្ចក្នុងប្រទេសរុស្ស៊ី និងទ្វីបអឺរ៉ុបកណ្តាលនិងផ្នែកខាងកើតនឹងមានការចុះថមថយ៕