ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជា​ជាតិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទស្សនៈ​វិស័យ​សេដ្ឋ​កិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ​២០១២


French CRS riot police are covered with paint during clashes with demonstrators in front of tire-maker Goodyear Dunlop's France headquarters in Rueil Malmaison, near Paris.
French CRS riot police are covered with paint during clashes with demonstrators in front of tire-maker Goodyear Dunlop's France headquarters in Rueil Malmaison, near Paris.

សេដ្ឋវិទូ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​កាត់​បន្ថយ​ការ​ប៉ាន់​ស្មាន​របស់​ពួក​គេ​យ៉ាង​ច្រើន​ ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​ ហើយ​បាន​ព្រមាន​ថា​ ឆ្នាំ​២០១២​នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏​មាន​សារៈសំខាន់​ ថាតើ​សេដ្ឋ​កិច្ច​សកលលោក​នឹង​ងើប​ឡើង​វិញ​យឺតៗ​ ឬ​ក៏​ធ្លាក់​ចូល​ក្នុង​វិបត្តិ​ដូច​ដើម​វិញ។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ដែល​មាន​ចំណង​ជើង​ថា​«ស្ថាន​ភាព​សេដ្ឋ​កិច្ច​ពិភពលោក​ និង​ទស្សនៈ​វិស័យ​សម្រាប់​ឆ្នាំ​២០១២»​ សេដ្ឋវិទូ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ព្យាករណ៍​អំពី​កំណើន​យ៉ាង​ទាប​ ដោយ​បាន​ព្រមាន​ថា​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ កំពុង​តែ​ស្ថិត​នៅ​ជិត​ចំណុច​នៃ​ការ​ធ្លាក់​ចុះ​វិញ​ ដោយ​សារ​តែ​កត្តា​បួន​យ៉ាង៖​ វិបត្តិ​ប្រាក់​បំណុល​របស់​រដ្ឋាភិបាល​ វិស័យ​ធនាគារ​ប្រកប​ដោយ​ភាព​ផុយ​ស្រួយ​ តម្រូវការ​ផលិតផល​សរុប​ចុះ​ខ្សោយ​ និង​ភាព​ជាប់​គាំង​ខាង​គោល​នយោបាយ។

លោក​ រ៉ប​ វ៉ូស​ (Rob​ Vos)​ នាយក​ទទួល​បន្ទុក​ការ​អភិវឌ្ឍន៍​និង​វិភាគ​គោល​នយោបាយ​ របស់​អង្គការ​សហប្រជាជាតិ​ ព្រមាន​ថា​ ពិភពលោក​ អាច​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សាជា​ថ្មី​ទៀត។

«យើង​ស្ថិត​នៅ​ជិត​ចំណុច​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជា​យថាហេតុ។​ ទោះ​បី​ជា​មូលដ្ឋាន​របស់​យើង​ នៅ​តែ​ធ្វើ​ការ​សន្មត់​ថា​ សេដ្ឋកិច្ច​សកលលោក​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​«ភាព​ច្របូក​ច្របល់»​ ដូច​ដែល​យើង​បាន​ពណ៌នា​នៅ​ក្នុង​របាយការណ៍​ នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត។​ នៅ​ក្នុង​ន័យ​នេះ​ ប្រហែល​ជា​វិបត្តិ​បំណុល​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ អាច​ត្រូវ​បាន​ទប់​ឱ្យ​ស្ថិត​នៅ​ត្រឹម​ចំណុច​ណា​មួយ។​ ដូច​គ្នា​ផង​ដែរ​ បញ្ហា​សេដ្ឋកិច្ច​របស់​សហ​រដ្ឋ​អាមេរិក​ នឹង​មិន​មាន​សភាព​អាក្រក់​ខ្លាំង​ជាង​នេះ​ទៀត​ទេ។​ ប៉ុន្តែ​ នេះ​មាន​ន័យ​ថា​ យើង​នៅ​តែ​ស្ថិត​នៅ​ក្នុង​បញ្ហា​ដដែល​ នៅ​ក្នុង​ន័យ​ថា​ កំណើន​សេដ្ឋកិច្ច​គឺ​មាន​សន្ទុះ​តិច​តួច​ខ្លាំង​ណាស់។​ កំណើន​នេះ​បាន​បន្ថយ​ល្បឿន​នៃ​ការ​រើប​ឡើង​វិញ​រួច​ទៅ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ដូច​ដែល​យើង​បាន​ឃើញ​កាល​ពី​ឆ្នាំ​២០១០»។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (International​ Monetary​ Fund)​ បាន​ផ្តល់​អនុសាសន៍​ ទៅ​លើ​វិធានការ​សារពើពន្ធ​នៃ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ ដើម្បី​បន្ធូរ​បន្ថយ​ដល់​វិបត្តិ​សេដ្ឋកិច្ច​សកល។​ ប៉ុន្តែ​ លោក​ ចូមូ​ ក្វាមី​ ស៊ុនដារ៉ាម​ (Jomo​ Kwame​ Sundaram)​ ប្រធាន​ជំនួយការ​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​អង្គការ​សហប្រជាជាតិ​ មាន​ភាព​ប្រយ័ត្ន​ប្រយែង​ទៅ​លើ​វិធីសាស្រ្ត​នេះ។

«ការ​ងាក​ទៅ​រក​វិធានការ​សារពើពន្ធ​នៃ​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​នេះ​ បាន​ធ្វើ​ឱ្យ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​កាន់​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​ថែម​ទៀត​ នៅ​ទូទាំង​ពិភពលោក។​ តាម​ពិត​ទៅ​ វា​មិន​ទំនង​ទេ​ថា​ ការ​ធ្លាក់​ចុះ​វិញ​នេះ​នឹង​ជះ​ឥទ្ធិពល​ភ្លាមៗ​ដល់​គ្រប់​ផ្នែក​ទាំង​អស់។​ ប៉ុន្តែ​ មាន​លក្ខខណ្ឌ​រឹង​មាំ​មួយ​ ដែល​ត្រូវ​ធ្វើ​សម្រាប់​វិធានការ​សារពើពន្ធ​បន្ថែម​ទៀត​ នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ ដើម្បី​បង្កើត​នូវ​ស្ថានភាព​ទាំង​ឡាយ​ដែល​នាំ​ឲ្យ​មាន​ការ​រើប​ឡើង​វិញ​កាន់​តែ​ខ្លាំង​ជាង​មុន»។

លោក​ ស៊ុនដារ៉ាម​ (Sundaram)​ បាន​និយាយ​ថា​ ប្រសិន​បើ​គ្មាន​វិធានការ​រួម​ស្តី​ពី​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ទេ​នោះ​ ស្ថាន​ភាព​អាច​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរជា​បន្ត​ទៀត​ ជា​ពិសេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ ដែល​វិបត្តិ​បំណុល​កំពុង​តែ​រីក​សាយ​ភាយ។

អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍​ ទៅ​លើ​ការ​ពង្រឹង​មូលនិធិ​ស្ថិរភាព​ហិរញ្ញវត្ថុ​អឺរ៉ុប​ (European​ Financial​ Stabilization​ Fund)​ ដែល​ស្រោចស្រង់​ប្រទេស​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ ដែល​សេដ្ឋកិច្ច​កំពុង​ជួប​វិបត្តិ។​ ក្រុម​អ្នក​និពន្ធ​និយាយ​ថា​ ប្រសិន​បើ​មូលនិធិ​អាច​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ការ​ខ្ចី​ប្រាក់​ ដែល​នឹង​បន្ថយ​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិបាល​ ដែល​ប្រឈម​មុខ​នឹង​វិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ។

របាយការណ៍​បាន​កត់​សម្គាល់​ថា​ មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ជា​ងមុន​ ទៅ​លើ​ក្រុម​មេ​ដឹកនាំ​នយោបាយ​ នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខាង​គោល​នយោបាយ​ ដោយ​ផ្អែក​ទៅ​លើ​ថា​តើ​សេចក្តី​សម្រេច​ចិត្ត​ទាំង​នោះ​នឹង​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​យ៉ាង​ដូច​ម្តេច។​ លោក​ ស៊ុនដារ៉ាម​ (Sundaram)​ បាន​និយាយ​ថា​ បញ្ហា​នេះ​មិន​ពិត​ទេ​ សូម្បី​តែ​កាល​ពី​២០​ឆ្នាំ​មុន​ក៏​ដោយ។

«វា​នឹង​មិន​អាច​យល់​បាន​ទេ​នៅ​ពេល​នោះ​ ដោយ​ចាត់​ទុក​ថា​យើង​និយាយ​កាល​ពី​ដើម​ទសវត្សរ៍​ ១៩៩០​ ដើម្បី​គិត​អំពី​មេ​ដឹកនាំ​នយោបាយ​របស់​ពិភពលោក​ ដែល​បាន​ពិនិត្យ​មើល​សា​ឡើង​វិញ​ ហើយ​មាន​ការ​ងឿង​ឆ្ងល់​ថា​ តើ​ទី​ផ្សារ​នឹង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច»។

របាយការណ៍​ដ៏​ពេញ​លេញ​មួយ​ដោយ​មាន​ព័ត៌មាន​លម្អិត​តាម​តំបន់​ នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ខែ​មករា​ ប៉ុន្តែ​ ការ​ប៉ាន់​ស្មាន​ដែល​ត្រូវ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រួម​បញ្ចូល​ទាំង​ការ​ពិនិត្យ​មើល​មួយ​ ទៅ​លើ​របៀប​ដែល​ផ្នែក​ខ្លះ​នៃ​ពិភពលោក​កំពុង​អនុវត្ត។

នៅ​ទ្វីប​អាស៊ី​ សេដ្ឋវិទូ​និយាយ​ថា​ កំណើន​នៅ​ក្នុង​ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​មាន​ភាព​«រឹងមាំ»​ ប៉ុន្តែ​ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​របស់​ចិន​ ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ល្បឿន​យឺត។​ ករណី​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​អនុ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​របស់​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ថា​ វិស័យ​រោងចក្រ​បាន​រួញ​តូច៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG