កំណត់និពន្ធ៖ កាលពីខែវិច្ឆិកាកន្លងទៅ មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០១៥នេះស្ថិតក្នុងអត្រា៧,០% ហើយនឹងនៅតែបន្តកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៧,២%រហូតដល់ឆ្នាំ២០២០។ លោកស្រី Yong Sarah Zhou តំណាង IMF ប្រចាំប្រទេសកម្ពុជា បានផ្ដល់កិច្ចសម្ភាសជាមួយលោក អូន ឆេងប៉រ និងកញ្ញា អ៊ុំ សូនីតា នៃ VOA ដោយពិភាក្សាអំពីស្ថិរភាព និងនិន្នាការកំណើននេះដូចតទៅ។
Your browser doesn’t support HTML5
VOA Khmer៖ រាជរដ្ឋាភិបាលកម្ពុជាតែងលើកឡើងថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនេះបណ្ដាលមកពីជោគជ័យនៃការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួន។ តើជោគជ័យនេះបានមកដោយរបៀបណា?
Young Sarah Zhou៖ ទម្រង់សេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជានេះគឺជាលទ្ធផលគួបផ្សំដោយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសនេះ ដែលបូកបញ្ចូលរួមទាំងភាពជាក់ស្ដែងដែលសេដ្ឋកិច្ចកម្ពុជាមានអត្រាអតិផរណាទាប តុល្យភាពនៃរូបិយប័ណ្ណប្រកបដោយភាពនឹងធឹង និងឱនភាពសារពើពន្ធ ដែលមានទំហំតូចល្មម។ និយាយឱ្យស៊ីជម្រៅជាងនេះ កំណើនដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចកម្ពុជាក៏អាចផ្សារភ្ជាប់ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃកំណើនគាំពារដោយរបបសេដ្ឋកិច្ចបើកទូលាយ ក៏ដូចជាដោយសារទីតាំងរបស់កម្ពុជាក្នុងតំបន់នេះដែលមានកំណើនឆាប់រហ័សជាងគេក្នុងពិភពលោក។ ម្យ៉ាងវិញទៀត មានបញ្ហាប្រឈមថ្មីមួយចំនួន ដែលកម្ពុជានឹងប្រទះនាថ្ងៃអនាគតទម្រាំតែដល់ដំណាក់កាលមួយដែលការប្រែប្រួលឆាប់រហ័សធ្វើឲ្យកម្ពុជាប្រែក្លាយទៅជាទីផ្សារប្រកបដោយថាមភាព។
VOA Khmer៖ តើលោកស្រីអាចពន្យល់បានទេអំពីការវិភាគរបស់ IMF ដែលថា កំណើនរបស់កម្ពុជាត្រូវបានទ្រទ្រង់មួយផ្នែកធំ ដោយសារការនាំចេញផលិតផលវាយនភ័ណ្ឌ វិស័យសំណង់ និងវិស័យអចលនទ្រព្យ?
Young Sarah Zhou៖ ការនាំចេញផលិតផលវាយនភ័ណ្ឌមានកំណើនល្អគឺដោយសារតែកម្រិតប្រាក់ឈ្នួលទាបនៅកម្ពុជា និងការអនុគ្រោះពន្ធនាំចូលទៅកាន់សហគមន៍អឺរ៉ុបក្នុងក្របខណ្ឌ EBA (គឺទំនិញគ្រប់យ៉ាងទាំងអស់លើកលែងតែអាវុធយុទ្ធភ័ណ្ឌ)។ ហេតុនេះហើយ ផលិតផលកាត់ដេរកម្ពុជាអាចចេញចូលទៅផ្គត់ផ្គង់ទីផ្សារអឺរ៉ុប ដោយមិនបារម្ភរឿងចំណាយលើការបង់ពន្ធអ្វីនោះទេ។ ក្នុងសេណារីយោមួយទៀត វិស័យសំណង់ និងវិស័យអចលនទ្រព្យកម្ពុជាកើនឡើងដោយសារតែទំនុកចិត្តរបស់វិនិយោគិន ជាពិសេសក្នុងចក្ខុវិស័យសម្លឹងទៅកាន់សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានការរំពឹងទុកថា នឹងនាំឱ្យមានតម្រូវការខ្លាំងផ្នែកអគារខុនដូ និងអគារការិយាល័យសម្រាប់ជួល។ លើសពីនេះទៅទៀត វិស័យសំណង់ និងអចលនទ្រព្យអាចមានកំណើនទៅបានក៏អាស្រ័យដោយមានតម្រូវការក្នុងស្រុកខ្លាំង ព្រោះប្រជាជនកម្ពុជាវ័យក្មេងដែលត្រូវការផ្ទះសម្បែងចេះតែមានចំនួនកើនឡើង។ ខ្ញុំចង់បន្ថែមថា កំណើនប្រាក់កម្ចីឥណទានតាមធនាគារពាណិជ្ជក៏ជាកត្តាមួយផងដែរ ដែលជួយពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំកន្លងទៅ។
VOA Khmer៖ ក៏ប៉ុន្តែវិស័យទាំងបីដែលលោកស្រីបានមានប្រសាសន៍នេះត្រូវបានគេឱ្យដឹងថា ហាក់មានភាពផុយស្រួយ និងងាយនឹងមានវិបត្តិណាស់។ តើកត្តានេះនាំឱ្យសេដ្ឋកិច្ចកម្ពុជាទៅឆ្នាំខាងមុខមានកំណើនដែលប្រកបដោយភាពផុយស្រួយដែរទេ?
Young Sarah Zhou៖ ជាដំបូងខ្ញុំចង់និយាយថា ស្ថិរភាពដ៏រឹងមាំរបស់ប្រាក់ដុល្លារក្នុងពេលមួយរយៈនេះ បូករួមនឹងកំណើនទាបជាងការព្យាករណ៍នៅឯសហគមន៍អឺរ៉ុប អាចនឹងប៉ះពាល់ដល់បរិមាណនៃការនាំចេញផលិតផលវាយនភ័ណ្ឌ ដែលមានចំណែកប្រមាណ៧០%នៃការនាំចេញសរុបរបស់កម្ពុជា។ មួយវិញទៀត ភាពប្រកួតប្រជែងអាចនឹងត្រូវបាត់បង់ ដោយសារតែកំណើននៃប្រាក់ឈ្នួលអប្បបរិមាកើនឡើងលឿនជាងការធ្វើឱ្យល្អប្រសើរឡើងនៃផលិតភាពការងាររបស់កម្មករក្នុងវិស័យរោងចក្រកាត់ដេរ។ បន្ថែមពីនេះ ភាពមិននឹងននៃវិស័យកាត់ដេរសម្លៀកបំពាក់បណ្ដាលមកពីការចរចាបង្កើនប្រាក់ឈ្នួល និងជម្លោះការងារដែលកើតមានជាញឹកញាប់ អាចបង្កជាការរំខានដល់ផលិតកម្ម និងប៉ះពាល់ដល់អារម្មណ៍របស់អ្នកវិនិយោគ។ ហើយកំណើនខ្លាំងក្លាពេកនៃកម្ចីឥណទានក៏អាចបង្កជាឧបសគ្គដល់បណ្ដាក្រុមហ៊ុនសហគ្រាស ដែលពឹងផ្អែកទៅលើកំណើននៃវិស័យសំណង់ និងអចលនទ្រព្យផងដែរ ដែលអាចបង្កើនភាពងាយរងគ្រោះដល់វិស័យហិរញ្ញវត្ថុផងដែរ។
VOA Khmer៖ មានការលើកឡើងថា បើទោះជាកម្ពុជាមានកំណើនសេដ្ឋកិច្ចឆាប់រហ័សក្តី តែគម្លាតរវាងអ្នកមាន និងអ្នកក្រចេះតែរីកធំឡើង។ ហើយអ្នកដែលឆ្លងផុតបន្ទាត់នៃភាពក្រីក្រក៏នៅមានភាពផុយស្រួយ ងាយត្រឡប់ទៅរកភាពក្រីក្រវិញ។ តើ IMF ធ្លាប់បានផ្ដល់ជាអនុសាសន៍អ្វីខ្លះដែរដល់កម្ពុជាលើបញ្ហានេះ?
Young Sarah Zhou៖ សម្រាប់កម្ពុជា អនុសាសន៍របស់យើងផ្ដោតទៅលើគន្លងកំណើនដែលមានការរាប់បញ្ចូលឱ្យបានគ្រប់ជ្រុងជ្រោយ រួមមានការប្រមូលផ្ដុំធនធាន ឬប្រមូលចំណូលឱ្យបានល្អិតល្អន់ និងការវិនិយោគផ្នែកហិរញ្ញវត្ថុទៅលើផ្នែកអប់រំ លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ អនុសាសន៍របស់យើងក៏បានផ្ដោតផងដែរទៅលើការធ្វើឱ្យប្រសើរឡើងលើប្រសិទ្ធភាពនៃចំណាយសាធារណៈ។ មួយវិញទៀត គេគួរតែធានាស្ថិរភាពវិស័យហិរញ្ញវត្ថុ ដោយបង្កើនប្រសិទ្ធភាពនៃគោលនយោបាយរូបិយបណ្ណ ដោយអនុវត្តកំណែទម្រង់ជាប្រព័ន្ធ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកាត់បន្ថយភាពក្រីក្រ។
VOA Khmer៖ ក្នុងពេលជាមួយគ្នានេះ មានក្ដីបារម្ភថា កំណើនឥណទានក្នុងចំណោមប្រជាជនដែលមិនសូវជាមានចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុនោះ អាចបង្កជាផលវិបាកទៅថ្ងៃក្រោយ។ តើលោកស្រីយល់យ៉ាងណាដែរ?
Young Sarah Zhou៖ បច្ចុប្បន្ននេះ យើងមិនមានតួលេខជាក់ច្បាស់ដើម្បីចង្អុលបង្ហាញថា មានកម្ចីឥណទានប៉ុន្មានត្រូវបានផ្ដល់ជូនប្រជាជនដែលមានចំណេះដឹងទាបលើការគ្រប់គ្រងហិរញ្ញវត្ថុនោះទេ។ កំណើនឥណទានដ៏ឆាប់រហ័សរបស់កម្ពុជាពឹងផ្អែកលើប្រតិបត្តិការរបស់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលអតិថិជនរបស់ពួកគាត់ភាគច្រើនជាអ្នកជនបទ ដែលយើងអាចប៉ាន់ប្រមាណថា មិនមានចំណេះដឹងជ្រៅជ្រះទេលើការគ្រប់គ្រងហិរញ្ញវត្ថុ។ មែនទែនទៅ IMF បាននឹងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ការរាប់បញ្ចូលវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេស។ ការរាប់បញ្ចូលបែបនេះអាចចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ និងជួយឱ្យមានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចផងដែរ។
VOA Khmer៖ ប្រទេសចិនជាម្ចាស់ជំនួយ និងវិនិយោគិនធំបំផុតនៅកម្ពុជា។ តើវាអាចទៅរួចដែរឬទេ ដែលថាកំណើនយឺតជាងមុនរបស់មហាអំណាចមួយនេះនឹងបង្កជាការគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចកម្ពុជា?
Young Sarah Zhou៖ ក្នុងរយៈពេលយូរអង្វែងជាងនេះ អន្តរកាលរបស់ប្រទេសចិនដែលឆ្លងចូលទៅគន្លងកំណើនសន្សឹមៗ តែមានសុវត្ថិភាព និងចីរភាពនោះ អាចផ្ដល់ជាផលប្រយោជន៍ដល់កំណើន និងស្ថិរភាពជាសាកល។ យ៉ាងណាក្ដី ក្នុងរយៈពេលដំបូងៗនេះអាចនឹងមានផលប៉ះពាល់ខ្លះ ដូចដែលយើងបានឃើញស្រាប់ ដូចជាបណ្ដាប្រទេសដែលបាននាំយកវត្ថុធាតុដើម និងផលិតផលសម្រេចទៅកាន់ប្រទេសចិននោះ បានទទួលរងផលអវិជ្ជមានជាខ្លាំងពីអន្តរកាលផ្នែកសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះ។ ក៏ប៉ុន្តែ ស្របពេលដែលប្រទេសចិនកំពុងបង្កើនខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននោះ បណ្ដាប្រទេសដែលមានប្រាក់ឈ្នួលអប្បបរិមាទាប ដូចជាប្រទេសកម្ពុជាមែនទែនទៅ អាចនឹងទាញយកផលប្រយោជន៍ពីអន្តរកាលនេះគឺអន្តរកាល ដែលប្រទេសចិនវិវត្តខ្លួនទៅជាប្រទេសឧស្សាហកម្មដែលពឹងពាក់ច្រើនលើគ្រឿងម៉ាស៊ីន។ យ៉ាងណាក្ដី អន្តរកាលនេះអាចប៉ះពាល់ដល់លំហូរទុនវិនិយោគពីបរទេស វិស័យទេសចរណ៍ និងមួយផ្នែកទៀតអាចប៉ះពាល់ដល់វិស័យធនាគារសម្រាប់កម្ពុជា ព្រោះប្រទេសចិនជាម្ចាស់បំណុល និងជាប្រទេសវិនិយោគធំបំផុតនៅកម្ពុជា។
VOA Khmer៖ នៅចំពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ានទើបនឹងដំណើរការនោះ តើលោកស្រីយល់ថា កម្ពុជាកំពុងតែជួបនឹងហានិភ័យអ្វីខ្លះនៅដើមដំបូងនៃសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់នេះ?
Young Sarah Zhou៖ មែនទែនទៅ ហានិភ័យដែលអាចកើតមានឡើងចំពោះកម្ពុជា វាបណ្ដាលមកពីកត្តាប្រឈមនៅក្រៅបន្ទាត់ព្រំដែនរបស់ប្រទេសនេះទៅវិញទេ។ ហេតុនេះហើយបានជាកម្ពុជាត្រូវធ្វើការឱ្យបានខ្លាំងក្លា ដើម្បីបង្កើនភាពប្រកួតប្រជែង និងបរិយាកាសធុរកិច្ចផ្ទៃក្នុងប្រទេសគឺលៃយ៉ាងណា ព្យាយាមបន្ថយការចំណាយក្នុងការបើកអាជីវកម្ម បង្កើនគុណភាពហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយតម្លៃចំណាយលើការដឹកជញ្ជូន និងថាមពល ក៏ដូចជាដោះស្រាយបញ្ហាគម្លាតរវាងអ្នកជំនាញនៅក្នុងទីផ្សារការងារ និងលើកកម្ពស់ក្របខណ្ឌផ្លូវច្បាប់ និងបទប្បញ្ញត្តិក្នុងការផ្ដល់សេវាសាធារណៈ៕