លោក Maurice Obstfeld ប្រធានអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលហៅកាត់ថា IMF បាននិយាយថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចសាកលមានភាព «យឺតយ៉ាវជាយូរណាស់មកហើយ» ហើយថា អត្រាកំណើន «ដែលនាំឲ្យស្រងាកចិត្តនេះ» អាចមានភាពអាក្រក់ជាងមុនថែមទៀត។
ឯកសារទស្សនវិស័យសេដ្ឋកិច្ចពិភពលោកថ្មីៗបំផុតរបស់អង្គការ IMF បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសាកលចំនួនពីរភាគដប់នៃមួយភាគរយឲ្យមកនៅត្រឹម ៣,២ភាគរយ។
ការវាយតម្លៃកំណើនដ៏អាប់អួរនេះត្រូវបានធ្វើឡើងនៅពេលដែលក្រុមមន្ត្រីខាងសេដ្ឋកិច្ច និងខាងហិរញ្ញវត្ថុមកពីទូទាំងពិភពលោកប្រមូលផ្តុំគ្នាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមក្នុងការប្រជុំនៃធនាគារពិភពលោក អង្គការ IMF និងក្រុមប្រទេស G7។
ក្រុមអ្នកស្រាវជា្រវនៃអង្គការ IMF បាននិយាយថា ស.រ.អា ប្រទេសជប៉ុន សហភាពអឺរ៉ុប និងតំបន់ខាងត្បូងសមុទ្រខ្សាច់សាហារ៉ា នឹងមានកំណើនយឺតជាងការរំពឹងទុកពីពេលមុន។ ការសិក្សាស្រាវជ្រាវនេះនិយាយថា ប្រទេសចិនទំនងជានឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿនជាងការព្យាករណ៍ពីពេលមុនៗបន្តិច។
អង្គការ IMF បាននិយាយថា បញ្ហាហិរញ្ញវត្ថុសាកលកាលពីពេលថ្មីៗនេះបានធ្វើឲ្យក្រុមអ្នកធ្វើវិនិយោគមានការព្រួយបារម្ភច្រើនជាងមុន និងមិនមានសកម្មភាពច្រើនដូចមុន នាំឲ្យមានការលក់ធនធានមានការប្រថុយប្រថានជាបន្ទាន់ នាំឲ្យមានអត្រាការប្រាក់ខ្ពស់ជាងមុនសម្រាប់ប្រាក់កម្ចីដល់បណ្តាប្រទេសដែលទើបមានផ្សារសេរីលេចឡើង និងការចុះថ្លៃយ៉ាងខ្លាំងនៃតម្លៃប្រេងនិងរបស់ប្រើប្រាស់ឯទៀតៗ។ «អស្ថេរភាពប្រកបដោយភាពឃោរឃៅ» មានតទៅទៀតនៅក្នុងប្រទេសជាច្រើន ដោយរួមមាន ប្រទេសស៊ីរី ដែលបានបង្កើតឲ្យមាន «មហន្តរាយខាងមនុស្សធម៌» មួយនៅពេលដែលជនភៀសខ្លួនរាប់លាននាក់ស្វះស្វែងរកសុវត្ថិភាពនៅក្នុងប្រទេសឯទៀតៗ៕