ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​វិនិយោគ​ងើប​រើ​ឡើង​វិញ​នៅ​កូតឌីវ័រ


ផែន​ទី​បង្ហាញ​ពីប្រទេស​កូតឌីវ័រ។ ការ​វិនិយោគ​បាន​ងើប​រើង​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​នេះ។
ផែន​ទី​បង្ហាញ​ពីប្រទេស​កូតឌីវ័រ។ ការ​វិនិយោគ​បាន​ងើប​រើង​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​នេះ។

ប្រទេស​កូតឌីវ័រ(Ivory Coast)​ បាន​សម្ពោធ​ផ្សារទំនើប​ខ្នាត​ធំ​មួយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​។ នេះ​ជា​សញ្ញា​មួយ​ បង្ហាញ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ជា​អតីត​គ្រាប់​ពេជ្រ​នៃ​តំបន់​អាហ្វ្រិច​ខាងលិចមួយ​នេះ​ កំពុង​ប្រហែល​ជា​អាច​បញ្ចេញ​ពន្លឺ​ដូច​កាល​ពី​មុន។

នៅ​ពេល​ផ្សារទំនើប​ចុងក្រោយ​បំផុត​បាន​បើក​សម្ពោធ​នៅ​ទីក្រុង​សេដ្ឋកិច្ច​អាប៊ីចាន​នៃ​ប្រទេស​កូតឌីវ័រ​ លោក​នាយករដ្ឋមន្ត្រី​ Alassane Ouattara​ បាន​ចូលរួម​ពិធី​សម្ពោធ​នោះ​ដោយ​ផ្ទាល់។​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ លាត​សន្ធឹង​លើ​ទំហំ​ដី​ ២០.០០០ ម៉ែត្រ​ការេ​ ហើយ​ក៏​ជា​ផ្សារ​ទំនើប​ដែល​ធំបំផុត​នៅ​តំបន់​អាហ្វ្រិច​ខាង​លិច​ផង​ដែរ។​

ផ្សារ​ទំនើប​នោះ​មាន​ហាង​លក់​រាយ​ទំនិញឈ្មោះ Carrefour ដែល​ជា​ហាង​ទំនិញក្នុង​តំបន់​ដំបូង​នាំ​ចូល​ពី​ប្រទេស​បារាំង​ និង​ហាង​អាហារ​ឆ្អិន​ស្រាប់​ ​Burger King។

ទាំង​នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ចុង​ក្រោយ​បង្អស់នៃ​ការវិនិយោគទុន​បរទេស​នៅ​ក្នុង​ប្រទេស ​ដែល​សេដ្ឋកិច្ច​កំពុង​ងើប​រើ​ឡើង​វិញ៥​ឆ្នាំ បន្ទាប់​ពី​ភាពចលាចល​ក្រោយ​ការ​បោះឆ្នោត​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​៣.០០០នាក់។

ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ចំនួន​៩​ភាគរយ​នៅ​ក្នុង​រយៈពេល​៤ឆ្នាំ​កន្លង​ទៅ ប្រទេស​កូតឌីវ័រ​បាន​ក្លាយ​ជា​សេដ្ឋកិច្ច​កំពុងរះមួយក្នុង​តំបន់​អាហ្វ្រិច​ខាងលិច។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ មជ្ឈមណ្ឌល​លើក​កម្ពស់​ការវិនិយោគទុន ​( Center for the Promotion of Investment)​នៃ​ប្រទេស​កូតឌីវ័រ​ ឬ​ហៅកាត់​ថា​ CEPICI​ បាន​ធ្វើ​ការវាយ​តម្លៃ​ពី​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​ឆ្នាំ២០១៥។ ហើយ​បរិយាកាស​វិនិយោគ​មាន​លក្ខណៈ​ប្រសើរ។

នៅលើ​ឆាក​ នាយក​គ្រប់គ្រង​ទូទៅ​ លោក​ Esmel Emmanuel Essis​ បាន​ថ្លែង​អរគុណ​ដល់​អ្នក​វិនិយោគ​ជនជាតិ​ម៉ារុក​ (Moroccan​) ម្នាក់​ ដែល​នឹង​បង្កើត​គម្រោងតម្លៃ​រាប់​លាន​ដុល្លារ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ។

លោក​ Essis​ បាន​និយាយ​ថា ការ​វិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស​ មាន​ប្រមាណ​៦៩​ភាគរយ​នៃ​ការវិនិយោគ​ទុន​សរុប​នៅ​ប្រទេស​កូតឌីវ័រ​នៅ​ក្នុង​ឆ្នាំ​២០១៥។​ ការភ័យខ្លាច​នឹង​ភាព​ស្តួចស្តើង​នៃ​ស្ថានភាព​នយោបាយ គឺ​មិនមាន​ឡើយ។

គាត់​និយាយថា​ មាន​មនុស្ស​មួយ​ចំនួន​និយាយថា​ ប្រទេស​កូតឌីវ័រ​នឹង​គ្មាន​វិនិយោគទុន​ទេ​ក្នុង​ឆ្នាំ​២០១៥ ​នៅ​អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី ។ អ្នកវិនិយោគមាន​ការ​ព្រួយ​បារម្ភ​ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​ពួកយើង​ ក្នុងការ​បញ្ជាក់​ប្រាប់​ពួកគេ​ថា​ នៅ​តែ​មាន​ក្តី​សង្ឃឹម។ លោក​នាយករដ្ឋមន្រ្តី​បាន​បង្ហាញ​ថា​ ការបោះឆ្នោត​គឺ ​ដោយ​សេរី​ យុត្តិធម៌​ និង​សន្តិភាព។

ក្នុង​ខែ​វិច្ឆិកា​ លោក​ Ouattara​ អតីត​សេដ្ឋកិច្ច​វិទូ​ បាន​ជាប់ឆ្នោតម្តងទៀត​ ជាមួយ​នឹង​ពាក្យ​សន្យា​ថា​ លោក​នឹង​ដឹកនាំ​ប្រទេស​កូតឌីវ័រ​ឲ្យ​ក្លាយ​ជា​ប្រទេស​លេចធ្លោ​មួយ​នៅ​ត្រឹម​ឆ្នាំ​២០២០។

ប្រទេសនេះ​ បាន​យកតំណែង​ជា​អ្នកផលិត​កាកាវ​នាំ​មុខ​គេ​លើ​ពិភពលោក​ម្តង​ទៀត​ ហើយ​រដ្ឋាភិបាល​បាន​វិនិយោគ​ទៅ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ ​និង​ធ្វើ​កំណែ​ទម្រង់​លើ​ការអនុវត្ត ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវបរិយាកាស​ពាណិជ្ជកម្ម​ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​អនុម័ត​ច្បាប់​វិនិយោគ​ទុន​ថ្មី​ផង​ដែរ។​

អ្នក​តំណាង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ​នៅ​ប្រទេស​កូតឌីវ័រ​ លោក​ Alain Feler​ និយាយ​ថា​ ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាច​ជា​លទ្ធផល​នៃ​ភាព​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​មាន​វិបត្តិ​ជា​ច្រើនឆ្នាំ។

«នៅ​ពេល​ដែល​អ្នក​កំពុង​ទន់ខ្សោយ​ ហើយ​អ្នក​ងើប​ឡើងវិញ​ វា​អាច​ផ្តល់​ជា​កម្លាំង​សម្រាប់​ការបន្ត​សារជាថ្មី​ ហើយ​ស្ថានភាព​ដ៏​ល្អ​មួយ​ក៏​ជា​ជំនួយ​ផងដែរ។ ប្រសិន​បើ​អ្នក​មាន​គោលនយោបាយ​ល្អៗ​ដែល​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ស្ថានភាព​នោះ វា​នឹង​អាច​បន្ថែម​ទៅ​លើ​យន្តការ​នៃ​ការ​ងើប​ឡើង​វិញ​នោះ​»។

លោក​ Feler​ និយាយ​ថា​ ការប្រឈម​បន្ទាប់​សម្រាប់​ប្រទេស​កូតឌីវ័រ​ គឺ​ការ​បន្ត​សេ្ថរ​ភាពសន្ទុះ​កំណើន​សេដ្ឋកិច្ចនេះ។​

«វា​ជា​ការសំខាន់​ណាស់​ ក្នុង​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ស្ថានភាព​នយោបាយ​ដ៏​ប្រសើរ​នេះ​ ប៉ុន្តែ​ក៏​គួរ​ត្រៀមខ្លួន​សម្រាប់​ភាព​ស្តួចស្តើង​នានា​ និង​ស្ថានភាព​លំបាក​ជាង​នេះ​នាថ្ងៃ​អនាគតផងដែរ។ វា​មាន​សក្តានុពល​ដ៏​ល្អ​មួយ​ ប៉ុន្តែ​ការប្រឈម​គឺ​រក្សា​ចីរភាព​សក្តានុពល​នោះ​នៅ​ក្នុង​រយៈពេល​វែង​ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​សម្រាប់​ប្រទេស​កូតឌីវ័រ»។
អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បានព្យាករណ៍​ថា ផលិតផល​សរុប​ក្នុង​សុ្រក​របស់ប្រទេស​កូតឌីវ័រ​នឹង​កើន​ឡើង​ដល់​៨,៦ភាគរយ​ក្នុង​ឆ្នាំ​នេះ​៕

ប្រែសម្រួលដោយ​ វិញ​ សុជាតា

XS
SM
MD
LG