រស់នៅក្នុងស្រុកអន្លង់វែង ដែលជាតំបន់សម្បូរដោយអតីតខ្មែរក្រហម អ្នកស្រី អ៊ឹម ចែម ជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ដែលរងការចោទប្រកាន់ដោយតុលាការខ្មែរក្រហមពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងការសម្លាប់រង្គាល និងការបង្ខំឲ្យធ្វើការជាទាសករ។
កាលពីថ្ងៃទី២២ ខែមករា អ្នកស្រី អ៊ឹម ចែម អាយុ៧៥ឆ្នាំ បានប្តូរជំនឿសាសនាពីព្រះពុទ្ធសាសនាដែលមានតាំងពីកំណើតមក ហើយមកកាន់សាសនាគ្រីស្ទវិញ ដោយមានការជ្រមុជទឹកពីគ្រូគង្វាលនៅខេត្តបាត់ដំបង។
នៅផ្ទះរបស់អ្នកស្រីក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អ្នកស្រី អ៊ឹម ចែម មានប្រសាសន៍ថា កូនអ្នកស្រីមានអាការៈបញ្ហាខួរក្បាល ដែលអ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង។ ក្រោយមានការណែនាំពីលោក Christopher LaPel ដែលជាគ្រូគង្វាលខ្មែរ-អាមេរិក នៅព្រះវិហារ Golden West Christian Church ក្នុងក្រុង Los Angeles និងជាស្ថាបនិកនៃព្រះវិហារ Cambodian Christian Church នៅភាគពាយព្យក្នុងប្រទេសកម្ពុជាមកនោះអ្នកស្រី អ៊ឹម ចែម បានទៅខេត្តបាត់ដំបងជិត១០ថ្ងៃ កាលពីខែមករា ដើម្បីព្យាបាលកូន។
អ្នកស្រីបានថ្លែងថា៖
«ខ្ញុំប្រកែកថា អត់ទៅ។ ដល់លឿន (ជាកូនប្រុសលោកស្រី) គេយល់ព្រមទៅឲ្យតែជួយមើលជា។ គេថា គេទៅ។ គាត់ថា បើចង់ពិនិត្យ ចង់អី ពេទ្យនៅបាត់ដំបង»។
នៅទីនោះ អ្នកស្រី អ៊ឹម ចែម ត្រូវបានណែនាំសាជាថ្មីអំពីព្រះយេស៊ូគ្រីស្ទ ហើយអ្នកស្រីក៏បានជួបមិត្តចាស់របស់អ្នកស្រីក្នុងសម័យខ្មែរក្រហមផងដែរ។ ពួកគេបានជជែកគ្នារហូតដល់អ្នកស្រី អ៊ឹម ចែម បានសម្រេចចូលកាន់សាសនាគ្រីស្ទ។
អ្នកស្រីបន្តថា៖
«ពេលដេក គាត់ឲ្យយាយៗពីរនាក់មកដេកជាមួយ។ មកដេកជាមួយ ចេះសួរខ្ញុំ ណែនាំខ្ញុំ។ ខ្ញុំថា មិនបាច់ឃោសនាទេ ខ្ញុំយល់ហើយ។ ប៉ុន្តែគន្លឹះដែលខ្ញុំមិនទាន់ចូលគឺខ្ញុំមិនទាន់ចូល»។
ពេលនោះ អ្នកស្រី អ៊ឹម ចែម បានជួបមិត្តចាស់របស់អ្នកស្រីម្នាក់ឈ្មោះ ជឿន ដែលបានចូលកាន់សាសនាគ្រីស្ទដែរ។ អ្នកស្រី អ៊ឹម ចែម បានបញ្ជាក់ថា ជឿន គឺជាអ្នកដែលធ្លាប់នៅជាមួយមេដឹកនាំខ្មែរក្រហម លោក សាឡុត ស ហៅប៉ុល ពត។
អ្នកស្រីមានប្រសាសន៍ថា៖
«ថ្ងៃហ្នឹង កុំគាត់ហៅមិត្តជឿនមក កុំអីក៏ខ្ញុំមិនងាយដែរ»។
កាលពីដើមឡើយ អ្នកស្រី អ៊ឹម ចែម មានជំហររឹងមិនចូលកាន់សាសនាគ្រីស្ទនោះទេ បើទោះអ្នកស្រីធ្លាប់ត្រូវបានណែនាំកាលពីជាង១០ឆ្នាំមុនក៏ដោយ។
ក្រុមគ្រួសាររបស់អ្នកស្រីមួយចំនួន ដូចជាកូនចិញ្ចឹម កូនប្រសារ និងក្មួយបានសម្រេចចូលកាន់សាសនាគ្រីស្ទជាច្រើនឆ្នាំ មុនអ្នកស្រីទៅទៀត។
នៅពេលអ្នកស្រីសម្រេចចូលកាន់សាសនាគ្រីស្ទ កូនរបស់អ្នកស្រី គឺ អ៊ឹម លឿន អាយុ៣៩ឆ្នាំ ដែលទទួលបានការព្យាបាលនៅខេត្តបាត់ដំបង និងមានភាពធូរស្រាលជាងមុន ក៏បានសម្រេចចិត្តចូលសាសនាគ្រីស្ទដែរ។
តែកូនស្រីរបស់អ្នកស្រី អ៊ឹម ចែម គឺអ្នកស្រី កាំង រិន អាយុ៥០ឆ្នាំ មិនទាន់សម្រេចចូលសាសនាគ្រីស្ទនៅឡើយទេ។ អ្នកស្រី កាំង រិន មានប្រសាសន៍ថា អ្នកស្រីមិនចាប់អារម្មណ៍នោះទេ។ អ្នកស្រីបញ្ជាក់ថា ការចូលសាសនាគ្រីស្ទរបស់ម្តាយគឺជាការសម្រេចចិត្តរបស់គាត់។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្ញុំមិនដឹងដែរ ប៉ុន្តែគាត់យល់ គាត់រៀនគម្ពីរ ថា ខាងយេស៊ូហ្នឹង ឮតែគេថា ចូលយេស៊ូហ្នឹងអត់ចេះធ្វើបុណ្យ ធ្វើអី ម៉ែឪស្លាប់អត់ទៅនិមន្តលោក និមន្តអី។ ដល់ហើយគាត់ឮតែអីចឹង។ គេមកហៅចូលប៉ុន្មានដង គាត់អត់ចូលទេ។ ដល់ទៅ បានទៅរៀន គាត់យល់ថា មិនមែនអីចឹងទេ។ មកពីអ្នកអនុវត្តខុសពីគម្ពីរ»។
ចំណែកប្តីរបស់អ្នកស្រី អ៊ឹម ចែម ក៏មិនទាន់សម្រេចចិត្តចូលកាន់សាសនាគ្រីស្ទនៅឡើយដែរ។
ក្នុងទីធ្លាផ្ទះរបស់អ្នកស្រីក្នុងភូមិអូរអង្រែ ក្នុងស្រុកអន្លង់វែង អ្នកស្រី អ៊ឹម ចែម បានអនុញ្ញាតឲ្យសាងសង់ឈើឆ្កាងតំណាងសាសនាគ្រីស្ទធំមួយខាងមុខផ្ទះ។ មិនតែប៉ុណ្ណោះ អ្នកស្រីបានប្រែក្លាយរោងម៉ាស៊ីនកិនស្រូវនៅក្នុងបរិវេណផ្ទះធ្វើជាកន្លែងអធិដ្ឋានដល់ព្រះ រៀងរាល់ថ្ងៃអាទិត្យ ដែលនឹងអនុញ្ញាតឲ្យអតីតខ្មែរក្រហមផ្សេងទៀតអាចថ្វាយបង្គំព្រះផងដែរ។
ការចូលកាន់សាសនាគ្រីស្ទរបស់អ្នកស្រី អ៊ឹម ចែម ដែលធ្លាប់ជាថ្នាក់ដឹកនាំឃុំម្នាក់ ក៏ត្រូវបានមើលឃើញថា ជាការជំរុញមួយសម្រាប់អតីតខ្មែរក្រហមផ្សេងទៀត។
លោក វ័រ វ៉ា អាយុ៣០ឆ្នាំ កូនប្រសាររបស់អ្នកស្រីអ៊ឹម ចែម ដែលបានចូលកាន់សាសនាគ្រីស្ទប្រហែលជា៤ឆ្នាំមកហើយនោះ បានមានប្រសាសន៍ថា លោកធ្លាប់ហៅអ្នកស្រី អ៊ឹម ចែម ឲ្យចូលកាន់សាសនាគ្រីស្ទដែរ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារអ្នកស្រីខ្លាចចាញ់បោកគេ។ លោកយល់ថា ការចូលសាសនាគ្រីស្ទរបស់អ្នកស្រី អ៊ឹម ចែម នេះនឹងជួយជំរុញឲ្យអតីតខ្មែរក្រហមផ្សេងទៀតដែលរស់នៅក្នុងឃុំត្រពាំងតាវ ចូលកាន់សាសនានេះដែរ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំសង្ឃឹមថា អ្នកផ្សេងៗទៀតនឹងអាចចូលតាមគាត់ទៀត។ មូលហេតុមកពីគាត់ជាអ្នកដឹកនាំពីមុនមក»។
អតីតខ្មែរក្រហមម្នាក់ ដែលរស់នៅខាងមុខផ្ទះរបស់អ្នកស្រី អ៊ឹម ចែម គឺអ្នកស្រី ម៉ៅ ឡាន់ អាយុ៦៤ឆ្នាំ មានប្រសាសន៍ថា អ្នកស្រីជាអ្នកធ្វើម្ហូបសម្រាប់ភ្ញៀវរបស់ក្រសួងការបរទេស ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក អៀង សារី ជាអតីតមេដឹកនាំខ្មែរក្រហម ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៣។ ម្តងម្កាល អ្នកស្រីក៏បានចូលរួមអធិដ្ឋានដល់ព្រះនៅផ្ទះរបស់អ្នកស្រី អ៊ឹម ចែម ផងដែរ។ អ្នកស្រីកំពុងពិចារណាចូលកាន់សាសនាគ្រីស្ទ។
អ្នកស្រីមានប្រសាសន៍ថា៖
«គង់តែថ្ងៃណានឹងចូលដែរទេ»។
ការចូលកាន់សាសនាគ្រីស្ទរបស់អ្នកស្រី អ៊ឹម ចែម ក៏បានចោទជាសំណួរទៅលើការកាន់សាសនាព្រះពុទ្ធតាំងពីកំណើត និងស្នាដៃរបស់អ្នកស្រីក្នុងការកសាងវត្តអារាមនៅក្នុងភូមិ នៅពេលអ្នកស្រីធ្វើជាមេឃុំត្រពាំងតាវ។
កូនស្រីរបស់អ្នកស្រី គឺអ្នកស្រី កាំង រិន បានថ្លែងថា អ្នកស្រី អ៊ឹម ចែម នៅតែទៅវត្តអារាម និងធ្វើបុណ្យទានផ្សេងៗ បើទោះជាអ្នកស្រីចូលសាសនាគ្រីស្ទក៏ដោយ។
លោក លី សុខឃាង ជានាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ដែលជាគម្រោងមួយរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-CAM) បានថ្លែងប្រាប់ VOA ថា ការចូលកាន់សាសនារបស់អ្នកស្រី អ៊ឹម ចែម មើលទៅមិនពេញលេញនោះទេ គឺអ្នកស្រីចង់បានតែការព្យាបាលកូនប្រុសតែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«ប៉ុន្តែខ្ញុំនៅតែមិនគិតថា វាជាជំនឿមួយដែលគាត់ជឿពេញលេញទេ ពីព្រោះគាត់និយាយថា គាត់ទៅវត្ត ក៏គាត់ទៅ យេស៊ូគ្រីស្ទក៏គាត់ជឿដែរ។ អីចឹងវាមានន័យថា ជឿទាំងពីរ»។
លោកបន្តថា ខ្មែរក្រហមបានហាមឃាត់មិនឲ្យប្រណិបត្តិព្រះពុទ្ធសាសនា ដូច្នេះពួកគេយល់ថា ការយកខ្លួនមកភ្ជាប់នឹងព្រះពុទ្ធសាសនាវិញគឺជា«រឿងខ្មាសអៀន»។
កាលពីថ្ងៃទី២២ ខែកុម្ភៈឆ្នាំមុន តុលាការខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បានសម្រេចទម្លាក់ការចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម។ ការចោទប្រកាន់ទៅលើអ្នកស្រី អ៊ឹម ចែម គឺដោយសារពាក់ព័ន្ធលើមុខតំណែងរបស់អ្នកស្រីកាលពីអតីតកាល ក្នុងសម័យខ្មែរក្រហម ក្នុងនាមជាគណៈស្រុកកោះអណ្តែត នៅក្នុងខេត្តតាកែវ ដែលជាស្រុកកំណើតរបស់អ្នកស្រី និងតួនាទីរបស់អ្នកស្រីជាចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងខេត្តបាត់ដំបង សម័យខ្មែរក្រហម។
អ្នកស្រីបានច្រានចោលការចោទប្រកាន់ទាំងនោះ។
គ្រូគង្វាលម្នាក់គឺលោក វង្ស ប៊ុនលីម អាយុ៣៨ឆ្នាំ ដែលបានចូលសាសនាគ្រីស្ទចាប់តាំងពីឆ្នាំ១៩៩៧ មានប្រសាសន៍ថា លោកបានមកលេងអ្នកស្រី អ៊ឹម ចែម នៅផ្ទះរបស់អ្នកស្រីយ៉ាងតិច១០ដង ហើយបានណែនាំមាគ៌ាព្រះដល់អ្នកស្រី ប៉ុន្តែអ្នកស្រីសម្រេចមិនទាន់ចូលសាសនាគ្រីស្ទនោះទេ។
លោកមានប្រសាសន៍ថា៖
«មុនដំបូង គាត់ហាក់ដូចជាចាប់អារម្មណ៍ ប៉ុន្តែប្រហែលជាគាត់មានការភ័យខ្លាចនឹងសេចក្តីជំនឿ។ អត់ទុកចិត្ត ដូចថា ដូរសាសនាអីចឹង យើងថា សាសនាបរទេស លុបបំបាត់សាសនាព្រះពុទ្ធចោលអីចឹងទៅ។ គាត់មានការភ័យបារម្ភ»។
លោកបន្តថា ព្រះយេស៊ូគ្រីស្ទ អាចជួយលាងអំពើបាបរបស់អ្នកស្រី អ៊ឹម ចែម បាន។
លោក វង្ស ប៊ុនលីម មានប្រសាសន៍ថា៖
«បាទ ព្រោះព្រះបានសន្យាហើយថា នៅពេលដែលមនុស្សម្នាក់ប្រែចិត្ត ព្រះអង្គអត់ទោសបាបឲ្យគេ មិនថា អ្នកនោះបាបតូចបាបធំ។ ព្រះអង្គអត់ទោសឲ្យគេ ទោះបីបាបអតីតកាល អនាគតកាល បាបបច្ចុប្បន្នកាល។ ប៉ុន្តែកុំបន្តទៀត»។
ទោះជាយ៉ាងណា អ្នកស្រី អ៊ឹម ចែម បានថ្លែងថា អ្នកស្រីមិនដើរផ្សព្វផ្សាយសាសនាគ្រីស្ទនៅតាមផ្ទះរបស់អតីតខ្មែរក្រហមនោះទេ ដោយសារខ្លាចមានការចោទប្រកាន់ថា អ្នកស្រីប្រឆាំងនឹងព្រះពុទ្ធសាសនា៕