សម្រាប់អ្នកបោះឆ្នោតនៅទីក្រុង Detroit ដូចជាលោក David White ការបោះឆ្នោតឲ្យអ្នកស្រី Rashida Tlaib ដែលជាអតីតអ្នកតាក់តែងច្បាប់ថ្នាក់រដ្ឋ Michigan ឲ្យក្លាយជាសមាជិករដ្ឋសភា មិនមែនគ្រាន់តែដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីនោះទេ តែដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ។
លោក David White បានថ្លែងថា៖
«អ្នកស្រី Rashida Tlaib តំណាងឲ្យកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលនឹងលុបបំបាត់ការវាយតម្លៃទុកជាមុននានា។ អ្នកស្រី មិនត្រឹមតែទទួលបានការគាំទ្រពីសហគមន៍ម៉ូស្លីមប៉ុណ្ណោះទេ តែរួមទាំងការគាំទ្រពីបុគ្គលជាច្រើន ហើយវាគ្រាន់តែចៃដន្យថា គាត់ជាអ្នកកាន់សាសនាម៉ូស្លីមតែប៉ុណ្ណោះ។ ហើយអត្តសញ្ញាណរបស់គាត់នេះ មិនគួររឹតត្បិតសមត្ថភាពគាត់ នៅចំពោះមុខពលរដ្ឋទេ»។
កត្តាអត្តសញ្ញាណនេះ ក៏មិនបានរឹតត្បិតលើឱកាសទទួលបានការគាំទ្រពីក្រុមអ្នកបោះឆ្នោតចម្រុះពូជសាសន៍នៅតំបន់ Minneaplis ដល់អ្នកស្រី Ilhan Omar ដែលជាអតីតជនភៀសខ្លួនស៊ូមាលី និងបេក្ខជនសមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ ឲ្យឈ្នះដៃគូប្រជែងរបស់អ្នកស្រី មកពីគណបក្សសាធារណរដ្ឋដែរ។
អ្នកស្រី Ilhan Omar បានថ្លែងថា៖
«នៅយប់នេះ មិនថានៅក្នុងតំបន់ខ្ញុំទេ គឺនៅទូទាំងសហរដ្ឋអាមេរិកតែម្តង យើងឃើញថា ពលរដ្ឋជ្រើសយកក្តីសង្ឃឹម ជាជាងភាពភ័យខ្លាច និងការរួបរួមគ្នា ជាជាងការបែកបាក់គ្នា»។
ទោះបីជាស្ត្រីម៉ូស្លីមអាមេរិកាំងទាំងពីរនាក់នេះ បានឈ្នះការបោះឆ្នោតនៅក្នុងតំបន់ដែលគាំទ្រគណបក្សប្រជាធិបតេយ្យខ្លាំងក្តី ក៏ជ័យជម្នះរបស់អ្នកទាំងពីរ ត្រូវបានអ្នកបោះឆ្នោតនៅទីក្រុង Detroit ដូចជាកញ្ញា Allyson Brooks យល់ថា គួរតែកើតឡើងជាយូរមកហើយ។
កញ្ញា Allyson Brooks បាននិយាយថា៖
«វាមិនគួរឲ្យជឿសោះថា ដល់ឆ្នាំ២០១៨ ទើបយើងអាចឃើញជ័យជម្នះបែបនេះ ហើយជ័យជម្នះនេះអាចក្លាយជាជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ យើងត្រូវការបេក្ខជនម៉ូស្លីមច្រើនទៀតនៅរដ្ឋសភា និងព្រឹទ្ធសភា»។
អ្នកស្រី Rashida Tlaib ដែលបានឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយក្លាយជាសមាជិករដ្ឋសភាអាមេរិកពីរដ្ឋ Michigan បានថ្លែងថា៖
«ការណ៍ដែលខ្ញុំជាជនជាតិអារ៉ាប់ និងអ្នកកាន់សាសនាម៉ូស្លីម នឹងនៅតែជាអត្តសញ្ញាណរបស់ខ្ញុំ តែដូចព្រះគ្រូ Muhammed ដែលស្រឡាញ់សន្តិភាព លោកផ្តោតសំខាន់លើយុត្តិធម៌ ហើយយុត្តិធម៌នេះហើយ នឹងស្ថិតនៅក្នុងការគិតរបស់ខ្ញុំ»។
អ្នកស្រី Tlaib ដែលបានក្លាយជាសមាជិករដ្ឋសភាអាមេរិកដែលមានកំណើតប៉ាឡេស្ទីនដំបូងគេ សន្យាថា កត្តិនាមរបស់អ្នកស្រីដែលជាអ្នករិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគោលនយោបាយនៃរដ្ឋបាលរបស់លោក នឹងមិនផ្លាស់ប្តូរឡើយ នៅពេលដែលអ្នកស្រីចូលបំពេញតួនាទីអ្នកស្រីជាសមាជិករដ្ឋសភានៅពេលខាងមុខនេះ។
អ្នកស្រី Tlaib បានថ្លែងថា៖ «រឿងនេះនឹងមិនកើតឡើងដាច់ខាត។ ខ្ញុំមិនមែនជាមនុស្សបែបនេះទេ។ ខ្ញុំយល់ពីការណ៍ដែលថា មនុស្សជាច្រើនបានប្រាប់ខ្ញុំជាច្រើនលើកថា ពួកគេចង់បានការផ្លាស់ប្តូរថ្មី ដូច្នេះហើយបានជាពួកគេបោះឆ្នោតឲ្យខ្ញុំ។ ពួកគេត្រូវការបុគ្គលដែលចូលទៅដល់រដ្ឋសភា ហើយតស៊ូមតិដើម្បីការផ្លាស់ប្តូរ»។
ហើយអ្នកបោះឆ្នោត ដូចលោក David White ជឿជាក់ថា អ្នកស្រី Tlaib អាចធ្វើកិច្ចការនេះបាន។
លោក David White បាននិយាយថា៖ «បុគ្គលិកលក្ខណៈរបស់អ្នកស្រី Rashida គឺថា គាត់អាចឈរចំកណ្តាលហ្វូងមនុស្ស ធ្វើសេចក្តីថ្លែងការណ៍រិះគន់លោក [ដូណាល់ ត្រាំ] ម៉ាត់ៗតែម្តង ហើយយើងក៏ត្រូវការបុគ្គលិកលក្ខណៈបែបជំនះនេះខ្លះៗដែរ ទោះបីជាខ្ញុំមិនសូវចូលចិត្តបុគ្គលិកលក្ខណៈបែបនេះក្តី»។
បុគ្គលិកលក្ខណៈបែបណានោះ នឹងត្រូវសាកល្បងជាលើកដំបូងនៅខែមករា នៅពេលដែលអ្នកស្រី Rashida Tlaib និងអ្នកស្រី Ilhan Omar ស្បថចូលកាន់តំណែងលើកដំបូងជាសមាជិករដ្ឋសភា នៅរដ្ឋសភាអាមេរិកដែលគណបក្សប្រជាធិបតេយ្យរបស់អ្នកទាំងពីរគ្រប់គ្រងសម្រាប់អាណត្តិថ្មីនេះ៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត