ការស្ទង់មតិរបស់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហមហៅកាត់ថា ICRC ថាជនជាតិស៊ីរីវ័យក្មេងបង់ខាតខ្លាំងក្នុងសង្គ្រាមមួយទសវត្សរ៍។ របាយការណ៍នេះក៏និយាយដែរថាមនុស្ស៨នាក់ក្នុងបណ្តាប្រជារាស្ត្រស៊ីរីវ័យក្មេង១០ នាក់តស៊ូដើម្បីឱ្យមានម្ហូបអាហារនិងវត្ថុប្រើប្រាស់ជាមូលដ្ឋាន។
បើតាមការស្ទង់មតិថ្មីមួយចេញផ្សាយដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រ ហមហៅកាត់ថា ICRC ថាសង្គ្រាម១០ឆ្នាំក្នុងប្រទេសស៊ីរីមានផលប៉ះពាល់ខ្ទិចខ្ទាំដល់ប្រជារាស្ត្រស៊ីរី ជាពិសេសដល់ជនជាតិស៊ីរីវ័យក្មេងរស់នៅក្នុងប្រទេសនិងក្រៅប្រទេស។
បើតាមរបាយការណ៍នេះដែលផ្អែកលើការស្ទង់មតិមួយនៃជនជាតិស៊ីរី១ពាន់៤រយនាក់អាយុពី១៨ទៅ២៥ឆ្នាំក្នុងប្រទេសស៊ីរី លីបង់និងប្រទេសអាល្លឺម៉ង់ថា ៥០%នៃពួកជនត្រូវសាកសួរបានបាត់បង់មិត្តភ័ក្តិឬសមាជិកគ្រួសារនៅក្នុងសង្គ្រាមដែលបានបណ្តាលឱ្យមនុស្សរាប់សែននាក់ស្លាប់ ធ្វើឱ្យមនុស្សច្រើនលាននាក់ខ្ចាត់ព្រាត់ពីផ្ទះសំបែងនិងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ដោយត្រូវចេញផ្សាយកាលពីថ្ងៃទី១០ខែមីនា សេចក្តីរាយការណ៍នេះក៏បានបញ្ជាក់ដែរថាចំនួនជិតពាក់កណ្តាលនៃជនជាតិស៊ីរីវ័យក្មេងបាត់បង់ប្រាក់ចំណូលដោយសារសង្គ្រាមនេះហើយចំនួនជិត៨នាក់ក្នុងចំណោម១០នាក់តស៊ូដើម្បីឱ្យមានអាហារនិងវត្ថុចាំបាច់ឯទៀតៗ។
អ្នកស្រី Ruth Hetherington អ្នកនាំពាក្យគណៈកម្មាធិការ ICRC ប្រចាំនៅតំបន់មជ្ឈឹមបូព៌ាបាននិយាយថា«សម្រាប់ជនជាតិស៊ីរីវ័យក្មេងដែលត្រូវស្ទង់មតិ ឱកាសសេដ្ឋកិច្ចនិងឱកាសមានអនាគតមួយឋិតនៅលើបញ្ជី។
លោក Ahmad ជាជនភៀសខ្លួនស៊ីរីក្នុងប្រទេសលីបង់បាននិយាយប្រាប់គណៈកម្មា ធិការ ICRC ថាស្ថានភាពរបស់គាត់អាក្រក់ឡើងជារៀងរាល់ថ្ងៃ។
លោកAhmad ដែលមកពីខេត្ត Homs នាប៉ែកកណ្តាលនៃប្រទេសស៊ីរីបាននិយាយថា៖
«ខ្ញុំមានប្រាក់កាលខ្ញុំអាយុ១០ឆ្នាំច្រើនជាងពេលនេះដែលខ្ញុំមានអាយុ២៤ឆ្នាំ។ ខ្ញុំគ្មានវត្ថុផ្ទាល់ខ្លួនដូចដែលខ្ញុំធ្លាប់មាននៅឯផ្ទះទេ។ ខ្ញុំធ្លាប់មានកន្លែងដាក់សម្លៀកបំពាក់ តុសរសេរនិងកុំព្យូទ័រ។
ការខូចខាតខាងផ្លូវចិត្តអ្នកស្រី Ruth Hetherington បាននិយាយប្រាប់វីអូអេថា«អ្វីដែលមានច្បាស់លាស់នោះគឺការខូចខាតខាងផ្លូវចិត្តដែលសង្គ្រាមកាលពី១០ឆ្នាំមុននេះនាំឱ្យមានលើក្រុមមនុស្សវ័យក្មេង។ ប្រជារាស្ត្រស៊ីរីត្រូវការការគាំទ្រអំពីបញ្ហានេះ»។
របាយការណ៍នេះចែងថាពួកមនុស្សវ័យក្មេងក្នុងប្រទេសស៊ីរីបានជួបប្រទះការទទួលទានដំណេកមិនលក់ ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត ភាពនៅដាច់ឯកោពីគេការតប់ប្រ មល់ក្នុងចិត្តនិងទុក្ខព្រួយជាពិសេសដោយសារសង្គ្រាមកាលពី១២ខែកន្លងទៅនេះ។
Rami Asfar ដែលបានចាកចេញពីក្រុងកំណើតHamaរបស់គាត់មករស់នៅក្នុងក្រុង Aleppo នៅពេលមានសង្គ្រាមនិយាយថាទិដ្ឋភាពអាក្រក់បំផុតនៃសង្គ្រាមនៃគឺការពិបាកខាងផ្លូវចិត្ត។
Rami Asfar បាននិយាយនៅក្នុងការស្ទង់មតិនេះថា«ខ្ញុំគ្មានរបួសលើរាងកាយទេ។ ចំពោះខ្ញុំ ការខូចខាតខាងផ្លូវចិត្តនិងអារម្មណ៍ជាការពិបាកបំផុត។ ខ្ញុំបានខិតខំជម្នះវាដែរ តែវានាំឱ្យខ្ញុំមានស្នាមនៃការខូចខាតទាំងនេះ។ ការណ៍នេះនឹងនៅជាប់ជាមួយខ្ញុំក្នុងមួយជីវិត។
បើតាមអង្គការសហប្រជាជាតិថាប្រជារាស្ត្រស៊ីរីប្រមាណ៥លាន៦សែននាក់បានចុះឈ្មោះជាជនភៀសខ្លួននៅក្រៅប្រទេស។ មានមនុស្ស៦លាន២សែននាក់ដែរដែលខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅខាងក្នុងប្រទេសស៊ីរី។
របាយការណ៍របស់គណៈកម្មាធិការ ICRC មានឡើងតែប៉ុន្មានថ្ងៃមុនខួបឆ្នាំទី១០នៃការចាប់ផ្តើមការបះបោរមួយប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។
ពួកអ្នកជំនាញនិយាយថាសហគមន៍អន្តរជាតិមិនអាចងាកចេញពីអ្វីដែលកើតមានឡើងក្នុងប្រទេសស៊ីរីទេ។
អ្នកស្រី Ruth Hetherington បានថ្លែងថា«សកម្មភាពមនុស្សធ៌មមិនមែនជាការជំនួសដំណោះស្រាយនយោបាយទេដែលជាការច្បាស់លាស់ជាអ្វីតែមួយគត់ដែលនឹងផ្តល់ ឱ្យប្រជារាស្ត្រស៊ីរីនូវអ្វីដែលពួកគេយល់ថានឹងធ្វើឱ្យជីវិតរបស់ពួកគេមានភាពល្អធម្មតាវិញ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ