ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​អ.ស.ប.​បង្ហាញ​ថា​ មាន​ឧក្រិដ្ឋកម្ម​សង្គ្រាម​ត​ទៅទៀត​ក្នុង​ប្រទេស​ស៊ីរី


បុរស​ម្នាក់​ឈរ​នៅ​ជិត​កូនរបស់​លោក​នៅ​ខាង​ក្រៅ​តង់​មួយ​នៅ​ជំរំ​ជន​ផ្លាស់ប្ដូរ​លំនៅ​ក្នុង​ស្រុក​ នៅ​ភាគខាងជើង​ខេត្ត Aleppo ក្បែរ​ព្រំប្រទល់​រវាង​ប្រទេស​ស៊ីរី និង​ប្រទេស​តួកគី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

ការ​ធ្វើ​វិភាគ​មួយ​អំពី​សង្គ្រាម​មួយ​ទសវត្សរ៍​ក្នុង​ប្រទេស​ស៊ីរី​សន្និដ្ឋានថា​ ​ភាគី​ទាំង​អស់​មាន​ទាក់ទិន​នឹង​អំពើ​ហិង្សា។​ គណៈ​កម្មការ​ស៊ើបអង្កេត​អំពី​ប្រទសស៊ីរី​ដែល​មាន​សមាជិក​បី​នាក់​ចោទ​ប្រកាន់​ថា​ ​ភាគី​ច្បាំង​គ្នា​ទាំង​អស់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​យង់​ឃ្នង​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ​ក្នុង​ពេល​ខ្លី​ឬ​ដោយ​យក​លេស​ថា​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។​

គណៈ​កម្មការ​នេះ​និយាយ​ថា​ ពួក​ជន​រងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ​ធ្ងន់ធ្ងរ​ជាង​គេ​គឺ​ប្រជារាស្ត្រ​ស៊ីរី។​

លោក ​ Paulo Pinheiro ​ប្រធាន​គណៈ​កម្មការ​នេះ​និយាយ​ថា​ ពួក​កុមារ​ស្ត្រី​និង​បុរស​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​ផ្តាច់ការឃោរឃៅ​ដែល​លោក​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ហួសហេតុ​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង។​

«ការ​ផ្តល់​ប្រាក់ អាវុធ​និង​ការ​គាំទ្រ​ឯ​ទៀតៗ​បែប​ឱកាស​និយម​ដល់​ភាគី​ច្បាំង​គ្នា​បាន​ចាក់​សាំង​លើ​ភ្លើង​សង្គ្រាម​នេះ​ដែល​ពិភពលោក​ឈរ​មើល។ ​ នៅ​ពេល​សង្គ្រាម​នេះ​អូស​បន្លាយ​ត​ទៅ​ទៀត​ សហគមន៍​រដ្ឋ​ទាំងមូល​ មិន​ធ្វើ​សកម្មភាព​ដាច់ណាត់​ដោយ​បាន​បណ្តាល​ឱ្យ​មាន​វប្បធម៌​និទណ្ឌភាព​ខាង​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​សព្វថ្ងៃនេះ»។

សេចក្តី​រាយ​ការណ៍​នេះ​ពិនិត្យ​មើល​អ្វី​ដែល​ខ្លួន​និយាយ​ថា​ ជា​កលល្បិច​អសីលធម៌​របស់​ភាគី​ច្បាំង​គ្នា​ទាំងអស់​ដើម្បី​បាន​ចំណេញ​ខាង​ដែនដី​ដោយ​មិនគិត​គូរ​អំពី​ប្រជារាស្ត្រ​ទេ។​ របាយ​ការណ៍​នេះ​ប្រមូល​ឯកសារ​អំពី​ការ​ទម្លាក់​គ្រាប់បែក​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី​និង​ពួក​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ពួក​គេ​និង​ការ​ប្រើ​អាវុធ​គីមី​ដោយ​កងកម្លាំង​របស់​លោក​ប្រធានាធិបតី ​Bashar al-Assad ចំនួន​៣៨​លើក។​

របាយ​ការណ៍​នេះ​ពណ៌នា​អំពី​ការ​វាយ​ប្រហារ​មិន​រើសមុខ​ដោយ​កាំភ្លើង​ត្បាល់​និង​រ៉ុក្កែត​និង​ការប្រើ​គ្រឿង​ផ្ទុះ​ប្រឆាំង​នឹង​ក្រុម​ជន​ស៊ីវិល​ដោយ​ពួក​ភេរវជន​និង​ក្រុមជន​ប្រដាប់​អាវុធ​ឯ​ទៀតៗ។​

អ្នកស្រី​ Karen Koning AbuZayd ​ជា​សមាជិកា​នៃ​គណៈកម្មការ​នេះ។​ អ្នកស្រី​និយាយ​ថា ​ប្រជារាស្ត្រ​ស៊ីរី​ស៊ីវិល​បាន​រងគ្រោះ​ដោយសារ​ការ​ឡោមព័ទ្ធ​បែប​ទំនើប​កាល​ពី​១០​ឆ្នាំ​កន្លង​ទៅ​នេះ​ដែល​បណ្តាល​ឱ្យ​មាន​ទុរ្ភិក្ស​និង​ការ​រឹត​បន្តឹង​មិន​ឱ្យ​នាំ​ជំនួយ​មនុស្ស​ធ៌ម​ទៅ​ឲ្យ​ក្រុម​មនុស្ស​ដែល​ត្រូវការ​ជំនួយ​នេះ​យ៉ាង​ខ្លាំង។​

«មាន​សេចក្តី​ត្រូវការ​ខាង​សិទ្ធិ​មនុស្ស​និង​ខាង​មនុស្សធម៌​ជា​មូលដ្ឋាន​គឺ​ម្ហូប​អាហារ​ ទឹក​ ការ​ថែទាំ​សុខភាព​និង​ការ​សិក្សា​អប់រំ​ដែល​ត្រូវ​តែ​បំពេញ​ដោយ​មិន​ត្រូវ​គិត​អំពី​ក្រុម​ណា​ត្រួតត្រា​ដែនដី​ណា​នោះ​ទេ...។ ​ការ​ប្រណាំង​ប្រជែង​គ្នា​ជាបន្ត​ធ្វើឲ្យ​ការ​សាបសូន្យ​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​ប្រជារាស្ត្រ​ស៊ីរីត្រូវ​តែ​បញ្ឈប់»។​

គណៈ​កម្មការ​នេះ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​អន្តរជាតិ​ខ្លាំង​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​និង​ធ្វើ​ឲ្យ​ប្រទេស​ស៊ីរី​ដើរ​តាម​ផ្លូវ​ទៅ​កាន់​សន្តិភាព​និង​យុត្តិធម៌។​ ក៏​ប៉ុន្តែ​គណៈ​កម្មការ​នេះ​ព្រមាន​ថាប្រទេស​ស៊ីរី​នឹង​មិន​អាច​មាន​សន្តិភាព​ឋិតថេរ​ទេ​ ​ប្រសិន​បើ​ការ​ទាមទារ​របស់​ក្រុម​ជន​រងគ្រោះ​ឱ្យ​មាន​យុត្តិធម៌​និង​ការ​ទទួល​ខុស​ត្រូវខ្ពស់មិន​បាន​ត្រូវ​បំពេញ​ទេ​នោះ។​

ចាប់​តាំង​ពី​សង្គ្រាម​នេះ​បាន​កើត​មាន​កាលពី​ខែ​មីនា​ឆ្នាំ​២០១១​ មក ​អ.ស.ប.​ស្ទង់​ប្រមាណ​ថា​មនុស្ស​៤​សែន​នាក់​ត្រូវ​បាន​សម្លាប់ហើយ​មនុស្ស​ជាង​១២​លាន​នាក់​ទៀត​បាន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង​ខាង​ក្នុង​ប្រទេស​ស៊ីរី​និង​បាន​ក្លាយ​ជា​ជន​ភៀសខ្លួន​នៅក្នុង​ប្រទេស​ជិតខាង​និង​នៅ​ឯ​ប្រទេស​ឯ​ទៀតៗ៕​

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG