តុលាការព្រហ្មទណ្ឌអន្តរជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ បានតម្កល់ទោសចំពោះលោក Dominic Ongwen អតីតទាហានកុមារអ៊ូហ្កង់ដាម្នាក់ ដែលបានឡើងតំណែងរហូតដល់ក្លាយជាមេបញ្ជាការនៃកងទ័ព Lord's Resistance Army ដ៏អសោច ដោយតុលាការនេះបានតម្កល់ទុកការកាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទរំលោភសេពសន្ថវៈ ការសម្លាប់ និងការចាប់ពង្រត់កុមារ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានអង្គចៅក្រមគឺលោកស្រី Luz del Carmen Ibanez Carranza បានថ្លែងថា៖ «សាលាឧទ្ធរណ៍បដិសេធរាល់មូលដ្ឋានអំណេះអំណាងការពារខ្លួនរបស់ភាគីប្តឹងឧទ្ធរណ៍ ហើយសម្រេចជាឯកច្ឆន្ទរក្សាទុកការដាក់ទោស។»
ក្រោយមក អង្គចៅក្រមក៏បានបដិសេធរាល់អំណះអំណាងប្តឹងឧទ្ធរណ៍ទាក់ទឹងនឹងការកាត់ទោស។
ក្រុម LRA ដែលដឹកនាំដោយមេបញ្ជាការ Joseph Kony បានធ្វើឱ្យប្រជាជនអ៊ូហ្កង់ដាមានការភ័យខ្លាចយ៉ាងខ្លាំងអស់រយៈពេលជិត២០ឆ្នាំ ខណៈដែលក្រុមនេះបានប្រយុទ្ធនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Yoweri Museveni ពីមូលដ្ឋាននានានៅភាគខាងជើងប្រទេសអ៊ូហ្កង់ដា និងប្រទេសជិតខាង។
ក្រុមជីវពលនេះភាគច្រើនត្រូវបានកម្ទេចអស់។
លោក Ongwen ដែលបច្ចុប្បន្នមានជាង៤០ឆ្នាំ ត្រូវបានគេចាប់ពង្រត់កាលលោកនៅជាកុមារអាយុ៩ឆ្នាំ ហើយត្រូវបានគេបង្ខំឱ្យរស់នៅក្នុងជីវិតដែលពោរពេញដោយអំពើហិង្សា ក្រោយក្រុមនេះបានសម្លាប់ឪពុកម្តាយរបស់លោក។
មេធាវីការពារចុងចោទបានផ្តល់អំណះអំណាងថា បទពិសោធដ៏អាក្រក់ដែលលោកធ្លាប់ជួបពីកុមារជាមួយក្រុម LRA ធ្វើឱ្យលោកមិនអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់លោកពេលពេញវ័យនោះទេ។
ក៏ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍បានបដិសេធអំណះអំណាងនេះ និងបានតម្កល់សេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានរកឃើញថា លោក Ongwen មិនបានរងនូវការបង្ខិតបង្ខំអ្វីទេ និងបានធ្វើសកម្មភាពដោយឯករាជ្យនៅពេលលោកបានប្រព្រឹត្តឧក្រិដ្ឋកម្មនានាដែលត្រូវតុលាការកាត់ឱ្យជាប់ទោសនោះ។
លោក Ongwen ជាជនសង្ស័យពីក្រុម LRA តែមួយគត់ដែលត្រូវបានយកមកកាត់ទោសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC មកទល់នឹងពេលនេះ។ លោក Kony នៅតែមិនទាន់ត្រូវបានគេចាប់ខ្លួន ថ្វីបើតុលាការនេះបានចេញដីកាតាមចាប់ខ្លួនលោកចាប់តាំងពីឆ្នាំ២០០៥មកម្ល៉េះ។
ក្នុងអំឡុងសវនាការនៅដើមឆ្នាំនេះ លោក Ongwen បានថ្លែងប្រាប់អង្គចៅក្រមថា លោកមានអារម្មណ៍ថាដូចជាគេបានបន្ទោសលោកចំណោះរាល់បទឧក្រិដ្ឋដែលប្រព្រឹត្តដោយលោក Kony។
រដ្ឋអាជ្ញាតុលាការ ICC ថាលោកនឹងព្យាយាមជំរុញការចាប់ផ្តើមដំណើរការកាត់ទោសលោក Kony និងពង្រឹងកិច្ចប្រឹងប្រែងដើម្បីនាំរូបលោកមកជំនុំជម្រះ។
ក្រុមរដ្ឋអាជ្ញានិងមេធាវីដែលតំណាងឱ្យជនរងគ្រោះជាង៤.០០០នាក់ដែលចូលរួមនៅក្នុងសំណុំរឿងនេះ បានស្នើដល់អង្គចៅក្រមឱ្យតម្កល់ទុកការដាក់ទោសនិងកាត់ទោស។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសបុគ្គលនានាចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្សទ្រង់ទ្រាយធំផ្សេងទៀត៕
ប្រែសម្រួលដោយលោក សឹង សុផាត