ព្យុះសង្ឃរា Nate បានបន្តបន្ថែមកម្លាំងកាលពីថ្ងៃសៅរ៍ម្សិលមិញនៅឈូងសមុទ្រម៉ិកស៊ិកនៅពេលដែលវាធ្វើចលនាឆ្ពោះទៅកាន់ឈូងសមុទ្រសហរដ្ឋអាមេរិក ដែលនៅទីនោះវាទំនងជាទៅដល់ដីគោកនៅយប់ថ្ងៃសៅរ៍ នេះតាមការបញ្ជាក់របស់មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ។
ព្យុះ Nate ដែលមានល្បឿនខ្យល់អតិបរមា១៥០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវគេរំពឹងនឹងស្ថិតនៅក្នុងប្រភេទព្យុះសង្ឃរាទី២មុនពេលបក់បោកទៅដល់ដីគោកនៅតាមបណ្តោយតំបន់ឆ្នេរសមុទ្រនិងឈូងសមុទ្រ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា «ព្យុះសង្ឃរា Nete នឹងធ្វើចលនាឆ្លងកាត់ឈូងសមុទ្រម៉ិកស៊ិកភាគខាងជើងនៅថ្ងៃនេះ ហើយនឹងបក់បោកនៅតាមបណ្តោយនៅឆ្នេរសមុទ្រឈូងសមុទ្រសហរដ្ឋអាមេរិកនៅយប់នេះ»។
ការព្រមានពីព្យុះសង្ឃរានិងខ្យល់យ៉ាងខ្លាំងនឹងប៉ះពាល់ចាប់តាំងពីរដ្ឋ Louisiana ទៅដល់រដ្ឋអាឡាបាម៉ា និងព្រំដែនរដ្ឋ Florida។ តំបន់នោះរួមមានទីក្រុង New Orleansរដ្ឋ Louisianaដែលរងការបំផ្លិចបំផ្លាញដោយព្យុះសង្ឃរា Katrinaនៅឆ្នាំ២០០៥។
ពួកអ្នកស្រុកនៅក្នុងផ្នែកនានានៃក្រុង St. Bernard Parish តាមឆ្នេរសមុទ្រភាគខាងកើតនៃក្រុង New Orleans នៃរដ្ឋ Louisiana បានត្រូវបញ្ជាឲ្យចាកចេញកាលពីថ្ងៃសុក្រក្នុងក្តីរំពឹងនៃការមកដល់នៃព្យុះសង្ឃរា Nate។ កំពង់ផែដឹកជញ្ជូនសំខាន់ៗនៅទូទាំងភាគកណ្តាលនៃឈូងសមុទ្រសហរដ្ឋអាមេរិកបានត្រូវបិទកាលពីថ្ងៃសៅរ៍នៅពេលដែលព្យុះនោះបោកបក់ខ្លាំងឡើងនៅពេលដែលគេរំពឹងថានឹងមានខ្យល់យ៉ាងខ្លាំង។
ស្ថានភាពអាសន្នបានត្រូវប្រកាសនៅសង្កាត់ចំនួន២៩របស់រដ្ឋ Florida សង្កាត់ចំនួន៦នៅភាគខាងត្បូងរបស់រដ្ឋមីស៊ីស៊ីពីនិងទីក្រុង New Orleans៕