ព្យុះ​សង្ឃរា Maria ​បក់​បោក​នៅ​​ប្រទេស​ដូមីនីក

មនុស្ស​ម្នា​ឈរ​នៅ​ក្រោម​ទឹក​ភ្លៀង​នៅ​លើ​ផ្លូវ​ដើរ​មួយ​ក្នុង​ក្រុងSanto Domingo នៃ​ប្រទេស​ដូមីនីក (Dominica)។

ពេល​ដែល​ប្រទេស​ដូមីនីក (Dominica) ​នៅ​តំបន់​ប្រជុំ​កោះ Caribbean ​ចាប់​ផ្តើម​វាយ​តម្លៃ​ការ​ខូចខាត​បន្ទាប់​ពី​ការ​បក់បោកកាល​ពី​ថ្ងៃ​អង្គារ​ដោយ​ព្យុះ Maria ​ដែល​ជាព្យុះ​សង្ឃរា​ប្រភេទទី៥​ដ៏​ប្រល័យកំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រជុំ​កោះ Virgin និង​កោះ Puerto Rico។

លោក Roosevelt Skerrit នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ដូមីនីក​បាន​សរសេរ​នៅ​គេហទំព័រ​ថា សេចក្តី​រាយការណ៍​ពី​ដំបូង​ប្រាប់​ឲ្យ​ដឹងថា មហន្តរាយ​នោះ​ខ្លាំង​ណាស់។ លោក​នាយករដ្ឋ​មន្ត្រី Skerrit បាន​និយាយ​ថា «រហូត​មក​ទល់​ពេល​នេះ ​យើង​បាន​បាត់​បង់​អ្វី​ដែល​ប្រាក់​អាច​ទិញ​ និង​ជំនួស​បាន។ ការ​ភ័យ​ខ្លាច​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំនៅ​ពេល​ព្រឹកគឺ​ថា ​យើង​នឹង​ក្រោកពី​ដំណេក​មក​ដោយ​មាន​ព័ត៌មាន​មនុស្ស​របួស​ដ៏​ធ្ងន់​ធ្ងរ​ហើយ​អាច​ស្លាប់​ដោយសារ​ការ​បាក់​ដី​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ភ្លៀង‍​យ៉ាង​ខ្លាំង»។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា ការផ្តោត​ការ​យក​ចិត្ត​ទុក​ឥឡូវ​នេះ​គឺ​ការស្វែង រកមនុស្ស​រងរបួស ឬ​នៅ​ជាប់​ក្នុង​កម្ទេច​បាក់​បែក ដោយ​សង្ឃឹម​ថា​មាន​ការ​ជួយ​ពី​ជំនួយ​អន្តរជាតិ។

លោកនិយាយថា «យើងត្រូវ​ការ​ជំនួយ យើង​នឹង​ត្រូវ​ការ​ជំនួយ​គ្រប់​ប្រភេទ‍»។មជ្ឈ​មណ្ឌល​ព្យុះ​សង្ឃរា​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ព្យុះ Maria ​មាន​ល្បឿន​ខ្យល់​អតិរមា​ប្រហែល​២៦០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ។​ស្នូលកណ្តាល​របស់​ព្យុះ​នោះ​បាន​ធ្វើ​ចលនា​យឺតៗ​ចេញ​ពី​ប្រទេស​ដូមីនីក​ហើយ​បាន​ឆ្លង​កាត់​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​កោះ Guadaloupe ខណៈ​ដែលខ្យល់​និង​ភ្លៀង​យ៉ាង​ខ្លាំង​បាន​បន្ត​ធ្លាក់​នៅ​តំបន់ជា​ច្រើន​នៅ​ប្រជុំ​កោះ Leeward ​និង Lesser Antilles។

​តំបន់​ទាំង​នោះ​ទើប​តែ​ចាប់​ផ្តើម​ងើប​ចេញ​ពី​ព្យុះ​សង្ឃរា​ Irma​ ដែល​បានបោក​បក់​ប្រហាក់​ប្រហែល​គ្នា​ដែល​មាន​កម្លាំង​ដ៏​ខ្លាំង​នៅ​ដើម​ខែ​នេះ៕