រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ត្រូវបានរាយការណ៍ថាមានជំងឺកូវីដ១៩។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា និងទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ហុងគ្រី។
ទីភ្នាក់ងារព័ត៌មានរដ្ឋMTI របស់ហុងគ្រីបានដកស្រង់សម្ដី លោក Mate Paczolay អ្នកនាំពាក្យក្រសួងការបរទេសហុងគ្រីថា លោក Peter Szijjarto កំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក ទីដែលលោកត្រូវបានតេស្ដវិជ្ជមានកូវីដ១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ។
មិនមានរបាយការណ៍លម្អិតនោះទេ ថាលោក Peter Szijjarto បានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណានិងនៅទីណា។ តែលោក Mate Paczolay អ្នកនាំពាក្យក្រសួងការបរទេសហុងគ្រី បាននិយាយថា លោក Peter Szijjarto ត្រូវបានធ្វើតេស្ដឃើញអវិជ្ជមានកូវីដ១៩ មុនពេលលោកឡើងយន្តហោះ ធ្វើដំណើរមកទ្វីបអាស៊ី។
នៅភ្នំពេញឯនេះវិញ រដ្ឋាភិបាលកម្ពុជាបាន«សម្រេចឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ច ធ្វើតេស្ដរកវីរុសកូវីដ១៩ និងដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានប្រាប់VOAនៅវេលារសៀលម៉ោងបួនថ្ងៃពុធនេះថា ក្រុមការងារឆ្លើយតបទប់ទល់នឹងជំងឺកូវីដ១៩ បានកោះ«ប្រជុំបន្ទាន់»មួយ ដើម្បីពិភាក្សាអំពីបញ្ហានេះ តែមិនបានបញ្ជាក់លម្អិតជាងនេះនោះទេ។
ស្ថិតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារលោក Peter Szijjarto មានកាលវិភាគដ៏មមាញឹក។
លោករដ្ឋមន្ត្រីការបរទេសហុងគ្រីបានជួបសន្ទនាទ្វេភាគីជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជា ប្រាក់ សុខុន នៅក្រសួងការបរទេស ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ជាមួយលោក វេង សាខុន នៅក្រសួងកសិកម្ម ជាមួយលោក ប៉ាន់ សូរស័ក្ដិ នៅក្រសួងពាណិជ្ជកម្ម ជាមួយលោកតំណាងរាស្ត្រ សួស យ៉ារ៉ា នៅវិមានរដ្ឋសភានិងជាមួយលោកស្រី ជា សិរី ឧបការីទេសាភិបាលធនាគារកណ្ដាល នៅសារមន្ទីរហិរញ្ញវត្ថុ ព្រះស្រីឦសានវរ្ម័ន ក្បែរវត្តភ្នំផងដែរ។
លោក Peter Szijjarto ក៏បានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយ ដល់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ដែលតាមរយៈខ្លឹមសារនៃកិច្ចសម្ភាសន៍នោះ ទំនងជាត្រូវបានធ្វើនៅថ្ងៃអង្គារនោះតែម្ដង។
ក្នុងពិធីជំនួបនីមួយៗ គេពុំឃើញលោក Peter Szijjarto ពាក់ម៉ាស់នោះទេ ហើយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ និងអ្នកសារព័ត៌មានជាច្រើននាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅល្ងាចថ្ងៃពុធនេះថា រូបលោក លោកជំទាវ ប៊ុន រ៉ានី ជាភរិយា អ្នកបើកបរ ក្រុមអង្គរក្ស សរុប១៨នាក់ នៅគេហដ្ឋានរបស់លោក បានធ្វើតេស្ដរកមេរោគកូវីដ១៩ នៅថ្ងៃនេះ ហើយទទួលបានលទ្ធផលអវិជ្ជមាន គឺពុំរកឃើញវីរុសនៅឡើយ។
ព្រមពេលជាមួយគ្នា លោក ហ៊ុន សែន បានប្រកាសធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោកមួយរយៈកាល ដោយលុបចោលការចូលរួមកម្មវិធីធំៗនៅខែនេះ ដូចយ៉ាងកិច្ចប្រជុំកំពូលអាស៊ាន ពិធីបុណ្យឯករាជ្យជាតិ ជាដើម។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់VOAដែរថា លោកត្រូវត្រឡប់មកពីបេសកកម្មពីខេត្តពោធិ៍សាត់វិញ ជាប្រញាប់នៅថ្ងៃពុធនេះ ក្រោយទទួលបានព័ត៌មានពីមន្ត្រីជំនាញ អំពីករណីលោក Peter Szijjarto ឆ្លងកូវីដ១៩។
«ខ្ញុំយល់ថា គ្រាន់តែដឹងឮប៉ុណ្ណឹង ប្រាប់មកខ្ញុំ តែអ្វីដែលយើងត្រូវយល់ដឹង គឺយើងត្រូវធ្វើខ្លួនឯងនោះណា»។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ក្នុងប្រទេសកម្ពុជាថា លោក ប្រាក់ សុខុន បានតម្រូវឱ្យក្រុមគ្រូពេទ្យធ្វើតេស្ដរកមេរោគកូវីដ១៩ លើគ្រប់មន្ត្រីទាំងអស់ដែលមានប្រាស្រ័យទាក់ទងនឹងលោក Peter Szijjarto អំឡុងពេលលោកស្ថិតនៅក្នុងទីក្រុងភ្នំពេញ។
លោក កុយ គួង ខ្លួនលោកផ្ទាល់ក៏បានចូលរួមជំនួបរវាងលោករដ្ឋមន្ត្រីការបរទេសហុងគ្រី ជាមួយលោក ប្រាក់ សុខុន ដែរ កាលពីថ្ងៃម្សិលមិញ ជាមួយមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត។
មិនមានរបាយការណ៍បញ្ជាក់ច្បាស់ឡើយថាមានមន្ត្រីប៉ុន្មាននាក់ ដែលត្រូវបានធ្វើតេស្ដ និងក៏ដូចជាលទ្ធផលតេស្ដ។
គិតត្រឹមព្រឹកថ្ងៃពុធ កម្ពុជាមានកំណត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩២ករណី ដោយក្នុងនោះមាន៩នាក់កំពុងសម្រាកព្យាបាល ហើយពុំមានករណីស្លាប់នោះទេ។
គួរបញ្ជាក់ថាលោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី ជាឥស្សរជនបរទេសទីបីហើយដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាអំឡុងការរាតត្បាតជំងឺកូវីដ១៩នេះបន្ទាប់ពីលោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុន បានមកបំពេញទស្សនកិច្ច កាលពីខែសីហា និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន កាលពីខែតុលាកន្លងទៅ៕
(អត្ថបទនេះត្រូវបានកែសម្រួលធ្វើបច្ចុប្បន្នភាពនៅម៉ោង ២០:០០ ដោយដាក់បញ្ចូលបន្ថែម ខ្លឹមសារនៃការថ្លែងរបស់លោក ហ៊ុន សែន)