យ៉ាងហោចណាស់មានមនុស្ស ១ សែននាក់ បានតវ៉ាប្រឆាំងនឹងប្រធានាធិបតីកាន់តំណែងដ៏យូរអង្វែងនៃប្រទេសបេឡារុសនៅក្នុងរដ្ឋធានី Minsk កាលពីថ្ងៃអាទិត្យ ដែលជាបាតុកម្ម ៩ ថ្ងៃជាប់ៗ គ្នា បន្ទាប់ពីការជាប់ឆ្នោតដែលមានការតវ៉ាបានផ្តល់ឱ្យលោកប្រធានាធិបតី Alexander Lukashenko កាន់តំណែងមួយអាណត្តិទៀត។
មនុស្សប្រហែលពី ១ សែនទៅ ២ សែននាក់ បានប្រមូលផ្តុំគ្នា «ដើរក្បួនដើម្បីសេរីភាព» ដែលបានអំពាវនាវឡើងដោយលោកស្រី Sviatlana Tsikhanouskya បេក្ខជនប្រធានាធិបតីខាងគណបក្សប្រឆាំង។
ក្នុងខណៈនោះដែរ ពួកអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាគាំទ្រលោកប្រធានាធិបតី Lukashenko ដែលបានច្រានចោលការអំពាវនាវឱ្យមានការបោះឆ្នោតថ្មី។
ថ្លែងទៅកាន់ហ្វូងមនុស្សកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Lukashenko បានបដិសេធការចោទប្រកាន់ដែលថាមានការលួចបន្លំសន្លឹកឆ្នោត និងបានរិះគន់ថា ភាពចលាចលជាច្រើនថ្ងៃកន្លងមកគឺដោយសារការជ្រៀតជ្រែករបស់បរទេស ដោយលោកបានអះអាងថា អង្គការអូតង់បានប្រមូលផ្តុំអាវុធចម្ងាយ ២៤ គីឡូម៉ែត្រពីព្រំដែនប្រទេសបេឡារុស។
ពលរដ្ឋបេឡារុសបានធ្វើការតវ៉ាប្រឆាំងនៅក្នុងរដ្ឋធានី Minsk និងទីក្រុងផ្សេងៗទៀតចាប់តាំងពីមន្ត្រីរៀបចំការបោះឆ្នោតបានប្រកាសថា លោកប្រធានាធិបតី Lukashenko ដែលបានកាន់អំណាច ២៦ ឆ្នាំមកហើយ ជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតថ្ងៃទី ៩ ខែសីហា ដោយបានទទួលសន្លឹកឆ្នោតជាង ៨០ ភាគរយ ទល់នឹងលោកស្រី Tsikhanouskya បេក្ខជនខាងគណបក្សប្រឆាំងដែលទទួលបានសន្លឹកឆ្នោតប្រហែល ៩,៩ ភាគរយ។
ដោយប្រឈមការជំទាស់ប្រឆាំងដ៏ធំបំផុតចំពោះការគ្រប់គ្រងរបស់លោក និងដោយរងសម្ពាធឱ្យចុះចេញពីតំណែង លោក Lukashenko បានអំពាវនាវសុំការជួយជ្រោម ជ្រែងពីរដ្ឋាភិបាលរុស្ស៊ីនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយលោកបានពណ៌នាស្ថានភាពនោះថាជា «ការគំរាមកំហែងមិនត្រឹមតែចំពោះប្រទេសបេឡារុសប៉ុណ្ណោះទេ»។
រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រធានាធិបតីទាំង ២ បានព្រមព្រៀងថា បញ្ហាក្នុងប្រទេសបេឡារុសនឹងត្រូវបាន «ដោះស្រាយក្នុងពេលឆាប់ៗនេះ» ហើយចំណងទាក់ទងរវាងប្រទេសទាំង ២ នឹងប្រសើរជាងមុន៕