មួយថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំដែលបានទាក់ទាញមនុស្សរាប់សែននាក់មកកាន់រដ្ឋធានីវ៉ាស៊ីនតោន ហ្វូងមនុស្សដ៏ធំមួយទៀតត្រូវគេរំពឹងប្រមូលផ្តុំគ្នានៅរដ្ឋធានីសហរដ្ឋអាមេរិកដើម្បីតវ៉ាប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតីថ្មី។
អ្នករៀបចំចាត់ចែងសម្រាប់ការដើរហែក្បួនស្រ្តីនៅរដ្ឋធានីវ៉ាស៊ីនតោន និយាយថា ពួកគេកំពុងរំពឹងថា នៅថ្ងៃសៅរ៍នេះមនុស្សរាប់សែននាក់នឹងចូលរួមការតវ៉ាប្រឆាំងនៅឯវិមានរដ្ឋសភាសហរដ្ឋអាមេរិកCapitolនិងតាមបណ្តោយទីលាន National Mall។
ពួកមន្រ្តីរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថារថយន្តក្រុង១ពាន់៨រយគ្រឿង បានចុះឈ្មោះចតនៅក្នុងទីក្រុងនៅថ្ងៃសៅរ៍នេះដែលអាចមានន័យថា មនុស្សជិត១សែននាក់បានមកតាមរថយន្តក្រុងទាំងនេះ។
ការតវ៉ាប្រឆាំងប្រហាក់ប្រហែលគ្នានេះដែរបានត្រូវគ្រោងឡើងនៅក្នុងទីក្រុងសំខាន់ៗចំនួន២០នៅទូទាំងសាកលលោក រួមទាំងទីក្រុងឡុងដ៍ ប៊ែរឡាំងនិងទីក្រុងស៊ីដនី។
ពួកអ្នករៀបចំចាត់ចែងការដើរហែក្បួននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននិយាយថា ពួកគេចង់បញ្ជូនសារទៅឲ្យប្រធានាធិបតីត្រាំនៅថ្ងៃទី១នៃការកាន់អំណាចថា សិទ្ធិរបស់ស្រ្តីជាសិទ្ធិមនុស្ស។ បាតុករនៅទីនោះនិយាយថា ពួកគេនឹងអំពាវនាវឲ្យពិនិត្យមើលបញ្ហាជាតិសាសន៍និងសមភាពយេនឌ័រ ច្បាប់ថែទាំសុខភាពនិងសិទ្ធិនៃការពន្លូតទារកដែលពួកគេនិយាយថាបានស្ថិតនៅក្រោមការគំរាមកំហែងនៅក្រោមរដ្ឋបាលរបស់លោកត្រាំ។
អ្នកស្រី Sarah Young ដែលបានធ្វើដំណើរពីស្រុកកំណើតរបស់អ្នកស្រីនៅរដ្ឋ Indiana ដើម្បីធ្វើការដើរហែក្បួនក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានប្រាប់ VOA ថាការព្រួយកង្វល់ដ៏ចម្បងរបស់អ្នកស្រីគឺការថែទាំសុខភាពរបស់ស្រ្តី៕