យុទ្ធនាការ​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ត្រូវ​ផ្អាក​​ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោត

ពលរដ្ឋ​បឹងកក់​មិន​ពេញចិត្ត​នឹង​គណៈកម្មការ​វាស់វែង​ដីធ្លី

កម្មវិធី​វាស់វែង​ដី​នៃ​យុវជន​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​ត្រូវ​គេមើល​ឃើញ​ថា ​ត្រូវបង្កើតឡើង​ក្នុង​គោលដៅ​នយោបាយសម្រាប់​ការ​បោះឆ្នោត​នោះ ​បាន​ផ្អាកសកម្ម​ភាព​របស់ខ្លួន​ទៅវិញ​ក្នុង​ពេលនេះ​ ក្រោយពី​ដំណើរ​ការ​អស់រយៈ​ពេល​ជាង​មួយ​ឆ្នាំ​រួច​មក។​

ជា​លទ្ធផល​ ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដែល​សុទ្ធសឹង​ជា​និសិ្សត​មកពី​សាកល​វិទ្យាល័យ​ផ្សេងៗ​ បាន​រង​ការរិះ​គន់ផង ​និង​ការ​លើក​ទឹកចិត្ត​ផង។​

ទទួលរង​ការ​រិះគន់​ ពីព្រោះ​ក្រុម​និស្សិត​នេះ​ហាក់ដូចជា​មិន​មាន​សមត្ថភាព​សម្រេច​ក្នុង​ការ​វាស់​វែង​ដោយ​ខ្លួនឯង​នោះ​ទេ។​

រីឯ​ការ​ទទួល​បាន​ការ​លើកទឹកចិត្ត​គឺ​ដោយសារ​តែក្រុម​និស្សិត​ទាំងនេះ​បាន​រួម​ចំណែក​កាត់​បន្ថយ​នូវជម្លោះដី​ធ្លី​ដ៏​ចម្រូង​ចម្រាស់​យ៉ាង​រ៉ាំរ៉ៃ។​

តួ​យ៉ាង​ មក​ត្រឹម​ដើម​ឆ្នាំ​២០១៣​មាន​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​១៧​សហគមន៍​បាន​ប្តឹង​មក​អង្គការ​អាដហុក​ពាក់ព័ន្ធ​ហ្នឹង​ការ​វាស់វែង​ដី​របស់​ក្រុម​យុវជន។​ នេះ​បើ​តាម​លោក​ចាន់ សុវ៉េត ​អនុប្រធាន​ផ្នែក​ដី​ធ្លី​របស់​អង្គការ​នេះ។​

លោក​ប៊ូ ឌី ​អាយុ​៤៥ឆ្នាំ ​ពលរដ្ឋ​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះ​កុង ​ថ្លែង​ថា​ ក្រុម​យុវជន​មិន​បាន​វាស់វែង​ដី​ដល់​ពលរដ្ឋ​ចំនួន​១២​គ្រួសារ​ក្នុង​សហគមន៍​របស់​លោក​ទេ ​ដោយ​អះអាង​ថា​ ព្រោះ​មាន​ជម្លោះ​ជាមួ​យ​ក្រុមហ៊ុន។​

លោក​និយាយ​ថា៖ «ដោយ​សារ​គេ​ថា​ ដី​ហ្នឹង​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ហេង​ហ៊ុយ។ ​ប៉ុន្តែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​យើង​នៅ​រតនគីរី​ នៅ​មណ្ឌល​គីរី​អី ​ដី​ដែល​ប៉ះពាល់​ជាមួយ​ក្រុម ហ៊ុន​គេ​វាស់​ឱ្យ។​ ចំណែក​ឯ​នៅ​កោះ​កុង​ គេ​អត់​វាស់​ឱ្យ​ទេ។​ ពេល​ក្រុម​និស្សិត​ចុះ​ទៅ​វាស់​វែង​ហ្នឹង​ ពួក​យើង​ខ្ញុំ​បាន​ទៅ​សួរ​ដល់​ក្រុម​និស្សិតទៀត​ ក្រុម​និស្សិត​ថា​ លុះត្រា​តែ​អាជ្ញាធរ​ដែនដី​គេ​ថា​ អាច​វាស់​បាន​ ទើប​គេ​វាស់»។​

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​នៅ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សត្វ​ អ្នកស្រី​ខួច ទេពធីតា​ ​អាយុ​២៥​ឆ្នាំ​ក៏​បាន​អះអាង​ដែរ​ថា​ ​សហគមន៍​របស់​អ្នកស្រី​មាន​ពលរដ្ឋ​២៣​គ្រួសារ​ម្ចាស់​ផ្ទៃ​ដី​១៥០​ហិចតា​មិន​ទាន់​បាន​ទទួល​បណ្ណ​កម្ម​សិទ្ធិ​ទេ ​ព្រោះ​ផ្ទៃ​ដី​នោះ​កំពុង​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន។​

គាត់​និយាយ​ថា៖ ​«ចំពោះ​ក្រុម​និស្សិត​ចុះ​វាស់​វែង​ហ្នឹង ​គាត់​អត់​បាន​វាស់​វែង​ឱ្យ​ក្រុម​ពួក​ខ្ញុំ​ទេ ​ព្រោះ​ដី​ពួក​ខ្ញុំ​ដែល​នៅ​ក្នុង​ក្រវាត់​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ហ្នឹង​ក្រុមហ៊ុន​មិន​ទាន់​បាន​វាស់​វែង​ឱ្យ​ទេ»។​

រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១២ ​បាន​ចេញ​អនុក្រឹត្យ​លេខ​០១ ​ស្តី​ពី​«គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី» ​ដោយ​សម្រេច​ផ្អាក​ជា​បណ្តោះ​អាសន្ន​នូវ​ការ​ផ្តល់​សម្បទានដី​សេដ្ឋ​កិច្ច ​ហើយ​បង្កើត​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ជំនួស​ឲ្យ​ក្រុម​ជំនាញ​របស់រដ្ឋា​ភិបាល​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ដោយ​គ្មាន​ឯកសារ​និង​ការ​អនុញ្ញាត​តាម​ច្បាប់​ត្រឹមត្រូវ​ ដែល​ស្ថិត​ក្នុង​ដី​សម្បទាន​សេដ្ឋ​កិច្ច ​ដី​ព្រៃ​សម្បទាន​របស់​រដ្ឋ ​និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ដី​រដ្ឋ។​

តាម​គោល​ការណ៍ ​ក្នុង​មួយ​គ្រួសារមិន​អាច​ទទួល​បាន​ការ​វាស់​ដី​ឱ្យ​លើសពី​៥​ហិចតា​នោះ​ទេ​ ប្រសិន​បើ​ពុំ​មាន​ការដាំដុះ​ជាក់​ស្តែង។ ​ដី​ដែល​លើស​នឹង​ចែក​ជូន​ពលរដ្ឋ​ដែល​ខ្វះ​ដី ឬ​ទុក​បម្រុង។​

កម្មវិធី​វាស់វែង​ដី​នេះ​មាន​ពីរ​ដំណាក់​កាល​ ដែល​មាន​យុវជន​ស្ម័គ្រចិត្ត​សរុប​ជាង​៤​ពាន់​នាក់។​ ដំណាក់កាល​ទី​១ ​ពី​ខែ​មិថុនា​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១២​ រី​ឯ​ដំណាក់កាល​ទី​២ ​ចាប់​ពី​ខែ​មករា​ឆ្នាំ​២០១៣ ហើយ​រំពឹង​ថា​ នឹង​បញ្ចប់​នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត។​

តាម​ស្ថិតិ​ក្រសួង​រៀបចំ​ដែន​ដី ​នគរូបនីយកម្ម ​និង​សំណង់​នៅ​ខែ​ឧសភា​ឆ្នាំ​២០១៣​ ការ​វាស់វែង​ដី​ធ្លី​ និង​ចែក​បណ្ណ​ដល់​ប្រជា​ពលរដ្ឋ​រួម​មាន៖ ​តំបន់​ប្រកាស​វិនិច្ឆ័យ​ចំនួន​៣២២​ឃុំ ​ដែល​ក្នុង​នោះ​២៤០​ឃុំ​បាន​កំពុង​បិទ​ផ្សាយ ​វាស់វែង​ដី​បាន​៦២​ម៉ឺន​ក្បាល​ដី ​និង​ចែក​បណ្ណ​ជូន​ប្រជា​ពលរដ្ឋ​បាន​ជិត​២៦​ម៉ឺន​បណ្ណ។

អង្គការ​យូមេន​រាយ​វ៉ច (Human Rights Watch)​បាន​ចេញ​របាយ​ការណ៍​ចុង​ក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ​ខែ​មិថុនា ​ដោយ​បាន​ចោទ​ប្រកាន់​ថា​ យុទ្ធនាការ​ដែល​គាំទ្រ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ​គឺ​ខ្វះ​តម្លាភាព​និង​គណ​នេយ្យភាព​(ការ​ទទួល​ខុសត្រូវ) ​ដែល​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​បាត់​បង់​សិទ្ធិ​កាន់​កាប់​ដី​របស់​ពួកគេ។​

អង្គការ​ HRW ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស ​ឱ្យ​ដឹង​ថា​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៧​សែន​នាក់​កំពុង​រងការ​ប៉ះពាល់​ដោយ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្នាត​ធំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជនកម្ពុជា។​

អង្គការ​នេះ​បាន​អំពាវនាវ​ឲ្យប្រទេស​អ្នក​ផ្តល់​ជំនួយ ​ធនាគារ​ពិភព​លោក​ និង​អង្គការ​សហ​ប្រជាជាតិ​ធានា​ថា ការ​វាស់វែង​ដី​របស់​ក្រុម​យុវជន​នេះ​«ត្រូវ​បាន​ពិនិត្យ​ដោយ​ហ្មត់ចត់​ វាយ​តម្លៃដោយ​ឯករាជ្យ ​និង​សំណង​សមរម្យ​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់»។​

​អង្គការ​នេះ​បាន​គូស​បញ្ជាក់​ថា​ ពលរដ្ឋ​មូលដ្ឋាន​ត្រូវ​បាន​បដិសេដ​ការ​វាស់វែង​ដី​ដោយកង​យុវជន ​ព្រោះ​ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ឬពួក​គេ​មិន​ព្រម​សូក​ប៉ាន់។​

លោកអំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ ​គូស​បញ្ជាក់​ថា​ ពិត​ជា​មាន​ភាព​មិន​ប្រក្រតី​ដូច​នេះ​មែន ​ហើយ​មាន​ពេល​ខ្លះ​ ក្រុម​ហ៊ុន​នៅ​តែ​បំពាន​លើ​ដី​ដែល​ក្រុម​យុវជន​បាន​វាស់វែង​ឲ្យ​ពលរដ្ឋ​ទៀត​ផង។​

លោក​និយាយថា៖ ​«ការ​វាស់​បាន​ ​ឬ​មិន​បាន​ វា​កើត​ឡើង​នៅ​ដំណាក់កាល​វាយ​តម្លៃ​របស់​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង។​ មាន​មតិ​ជា​ច្រើន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ ដូច​ដែល​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​អត់​នៅ​ទី​នោះ​ទេ ​ហេតុ​អ្វី​ក៏​បាន​ទទួល​បណ្ណ​កម្មសិទ្ធិ​ដី​នៅ​ទី​នោះ។ ​អញ្ចឹង​ ប្រសិន​បើ​មាន​អំពើ​ពុក​រលួយ ​ឬ​ក៏​ភាព​មិន​ប្រក្រតី ​វា​នៅ​ដំណាក់​កាល​ហ្នឹង»។​

លោក​ចាន់​ សុវ៉េត​កត់​សម្គាល់​ឃើញ​ថា​ យុវជន​ស្ម័គ្រ​ចិត្តពុំ​មាន​សិទ្ធិ​វាស់​វែង​ដី​តាម​ការ​មើល​ឃើញ​ជាក់ស្តែង​នោះ​ទេ ​ប៉ុន្តែ​ធ្វើ​តាម​តែ​ការ​បង្គាប់​បញ្ជា​ពី​អាជ្ញាធរប៉ុណ្ណោះ។​

លោក​ចាន់ សុវ៉េត​សង្កេត​ឃើញ​ថា អ្នក​មាន​លុយ​និង​មាន​អំណាច​តែងតែ​ត្រូវ​បាន​ផ្តល់​អាទិភាព​សម្រាប់​ការ​វាស់វែង​ដីជាង​ពលរដ្ឋ​ក្រីក្រ។​

លោក​និយាយ​ថា៖​ «ដំណាក់​កាល​ទី​ពីរ​នេះ ​យើង​ឃើញ​ថា ​ប្រជា​ពលរដ្ឋ​និង​និស្សិត​ ដូច​ជាលែង​មាន​ភាព​ទុក​ចិត្ត​គ្នា​ ដូច្នេះ​អ្វី​ដែល​ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​ និង​មិន​មាន​បញ្ហា​ដី​ធ្លី​ក្តី ​ដែល​សង្ឃឹម​ថា​ មិន​បាន​បណ្ណ​កម្ម​សិទ្ធិ​នោះ ​ក្តី​សង្ឃឹម​នោះ​ហាក់​ដូច​ជាបាត់​ទៅ​វិញ ​ព្រោះ​ថា​ ការ​វាស់​វែង​ដី​នេះ​ហាក់​ដូច​ជាវាស់​វែង​ឱ្យ​តែ​អ្នក​មាន​លុយ​មាន​កាក់​បាន​បណ្ណ​កម្មសិទ្ធិ​ហ្នឹង​កាន់​តែ​ច្រើន​ទៅ​វិញ។​ រី​ឯ​អ្នក​ក្រីក្រ​ដែល​ថា​ នេះ​ជា​ដី​គាត់​នោះ​ គាត់​អត់​មាន​អ្នក​ណាយក​ចិត្ត​ទុក​ដាក់​ដើម្បី​វាស់​វែង​ឱ្យ​គាត់​ទេ»។

ទោះបី​វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​សរ សុវណ្ណ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុរិយោដី​ និង​ភូមិ​សាស្ត្រ​ច្រើនដងក្តី​ តែមិន​អាច​ទំនាក់​ទំនង​បាន​ទេ។​

លោកផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ​ថ្លែង​ដោយ​ទូលាយ​ ដោយ​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។​

លោកនិយាយ​ថា៖​ ​«ករណី​ទាំង​ឡាយ​ណា​ដែល​មិន​ប្រក្រតី​ ឬ​រំលោភ​ គួរ​តែយក​ទៅ​តុលាការ ​ឬ​ក៏​ក្រសួង​ដែនដី​នគរូបនីយកម្ម ​ឬ​អង្គភាព​យុវជន​ស្ម័គ្រចិត្ត។​ តើ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​មិន​វាស់វែង​ដី​របស់​ក្រុម​យុវជន​ហ្នឹង​វា​មាន​មូលហេតុ​យ៉ាង​ម៉េច​ មិនមែន​បង្ខំ​ឱ្យ​គេ​ធ្វើ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទេ ​ព្រោះ​យើង​ធ្វើ​តាម​ច្បាប់»។​

ប៉ុន្តែ​ពលរដ្ឋ​បាន​ថ្លែង​ថា​ ពួកគេ​បាន​ដាក់​បណ្តឹង​ជា​ច្រើន​រួច​មក​ហើយ ​ប៉ុន្តែ​នៅ​តែ​ពុំ​មាន​ចំណាត់​ការ។​

ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កើត​ឡើង​ បន្ទាប់​ពី​មាន​ការ​ដាក់​សំពាធនិង​ការ​រិះ​គន់​ជា​បន្ត​បន្ទាប់ពី​បញ្ហា​ដី​ធ្លី​ពី​សំណាក់​អង្គការ​ជាតិ​និង​អន្តរជាតិ​ និង​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ រហូត​ដល់​មាន​ការ​បង្កក​ប្រាក់​ជំនួយ​របស់​ធនាគារ​ពិភព​លោក។​ ​លើស​ពី​នេះ ការ​តវ៉ា​កាន់​តែ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​មូលដ្ឋាន​ដែល​រង​គ្រោះ​ និង​ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់ ​ប្រហែល​ជា​កត្តា​មួយ​សំខាន់​ផង​ដែរ។​

រដ្ឋាភិបាល​បានសម្រេច​កាត់​ដីជាង​៥៤​ម៉ឺន​ហិចតា ​ដែល​ក្នុង​នោះ​ជិត​១៧,៥​ម៉ឺន​ហិចតា​កាត់​ចេញ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ចំនួន​៨៨ ​និង​ជិត​១២,៥ម៉ឺន​ហិចតា​ពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៦ ​និង​២៤​ម៉ឺនហិចតា​ពី​ដី​រដ្ឋ​និង​ដី​ព្រៃ ដើម្បី​ផ្តល់​កម្ម​សិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ។​

ទោះជាមានការរិះគន់កើនឡើង​ក្តី​ អ្នក​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​ខ្លះ​ក៏​បាន ​សរសើរ​ការងារ​ក្រុម​យុវជន​វាស់វែង​និង​បែងចែក​ដីធ្លី​នេះ​ដែរ។​

លោក​ហ្វ្រង់ វ៉ូលឃឺ ម៉ូឡឺ ​(Franz-Volker Muller) ​ប្រធាន​កម្មវិធី​សិទ្ធិ​ដីធ្លី​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​របស់​អាឡឺម៉ង់ ​(GIZ)​ បាន​សរសេរក្នុង​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា​«​គំនិត​ផ្តួច​ផ្តើម​នយោបាយ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើ​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​មនុស្ស​ក្នុង​កំណែ​ទម្រង់​ដី​នៅ​កម្ពុជា»​ បាន​លើកឡើងថា៖ «ក្នុង​រយៈពេល​ត្រឹម​តែ​ប៉ុន្មាន​ខែ ​ពលរដ្ឋ​ជិត​២​លាន​នាក់​ដែល​ភាគ​ច្រើន​ជាជន​រងគ្រោះ​ពី​ការ​រស់​នៅ​ដោយ​ខុស​ច្បាប់​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នឹង​ទទួលបាន​សិទ្ធិ​កាន់កាប់​ដី​ដោយ​សុវត្ថិ​ភាព។ ​នេះ​គឺ​ជា​ជំហ៊ាន​វិជ្ជមាន​ដ៏​ធំ​មួយ​សម្រាប់​ការ​ទទួល​បាន​សិទ្ធិ​មនុស្ស​របស់​ពលរដ្ឋ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​នៅ​ជនបទ​កម្ពុជា»។​

យ៉ាងណា​ក៏ដោយ ​និស្សិតដែល​ស្ម័គ្រចិត្ត​ចូល​ក្នុង​ក្រុម​វាស់វែង​ដីធ្លី​បាន​ទទួល​បាន​ការ​អនុគ្រោះ​ក្នុង​ការ​រៀនសូត្រ​របស់​ពួក​គេ។​

កញ្ញាជួង ជាតា ​និស្សិត​ឆ្នាំ​ទី​៤​មក​ពី​សាកល​វិទ្យាល័យ​កសិកម្ម ​បាន​ចុះ​ទៅ​ស្ម័គ្រ​ចិត្ត​វាស់​ដី​ចំនួន៦​ខែ។​ នាង​បាន​ទទួលប្រាក់​ខែ​៩០​ម៉ឺន ​និង​ការ​អនុគ្រោះ​ឱ្យ​ព្យួរ​ការ​សិក្សា​រយៈពេល​វែង​ជា​ដើម។​

នាង​និយាយថា៖​«ខាង​សាលា ​គេ​បាន​សហការ​គ្នា​ដោយ​ឱ្យ​យើង​ព្យួរ​ការ​សិក្សា​រយៈ​ពេល​៦​ខែ​ មក​វិញ​ខ្ញុំ​ប្រឡង​បញ្ចប់​ឆ្នាំ​ទី​បី»។​

យ៉ាងណាក៏ដោយ​ កម្មវិធី​វាស់វែង​ដី​របស់​ក្រុម​យុវជន​នេះ​មិន​បាន​គ្របដណ្តប់​ការ​ដោះ​ស្រាយដី​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​និង​ការ​រំលោភ​សិទ្ធិ​លំនៅឋាន​ដែល​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះជា​ច្រើនទៀត​នោះ​ទេ។ ​ជនរងគ្រោះ​ទាំងនោះ​រាប់ទាំង​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជនបទ ​នៅ​ទីក្រុង ​និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិចជា​ដើម៕