ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន​សិទ្ធិ​លំនៅ​ដ្ឋាន​ទទូចឲ្យ​ធនាគា​ពិភពលោក​សើរើគោល​នយោបាយ​ដីធ្លី​របស់ខ្លួន


អ្នកស្រី​ទេព វន្នី ​តំណាង​អ្នកភូមិ​បឹងកក់​ ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់​ នៅ​ស.រ.អា.​ដ៏ល្បីល្បាញ​
វ៉ាស៊ីនតោន​៖ ​សកម្ម​ជន​ដីធ្លី​និងសិទ្ធិ​លំនៅ​ដ្ឋាន​ល្បីៗ​នៅកម្ពុជា ​និង​អន្តរជាតិ​ទទូច​ឲ្យ​ធនាគារ​ ពិភព​លោក​សើរើ​គោល​នយោបាយ​ដីធ្លី​របស់​ខ្លួន​ឡើងវិញ។​ លោក​សុខ ខេមរា​ រាយ​ការណ៍​ថា​ ក្រុម​វាគ្មិន​មួយ​ចំនួន​ដែល​បាន​ពិភាក្សា​អំពី​បញ្ហា​ដីធ្លី​ បាន​អះអាង​ ថា​ គោល​នយោបាយ​របស់​ធនាគារ​ពិភពលោក​ពុំ​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​ចំពោះ​ ការ​ធានា​ដល់​កម្ម​សិទ្ធិ​ដីធ្លី ​និង​ការ​គ្រប់គ្រង​ដីធ្លី​ទេ។​

នៅ​ពេល​ធនានាគារ​ពិភពលោក​កំពុង​ត្រួត​ពិនិត្យ​ប្រចាំឆ្នាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ អំពី​កម្មវិធី​នានា​របស់​ខ្លួន​សម្រាប់​ពិភពលោក​ ក្រុម​អ្នក​តស៊ូ​មតិ​មកពី​ប្រទេស​ កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត​បាន​ទទូច​ឲ្យ​ធនាគារ​នេះ​សើររើ​កម្មវិធី​ផ្តល់​ជំនួយ​របស់​ខ្លួន​ ជាពិសេស​លើ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ និង​ការ​បណ្តេញ​ចេញ​ ដោយ​បង្ខំ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដ៏​ធ្ងន់ធ្ងរ។​

នៅ​ឯ​កិច្ចពិភាក្សា​មួយ​ថ្ងៃ ​ធ្វើនៅ​សាកល​វិទ្យាល័យ ​ចចវ៉ាស៊ីនតោន​ ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន ​ស.រ.អា.​ដែរ ​កាលពី​ថ្ងៃច័ន្ទ​នោះ​ ក្រុម​វា​គ្មិន​បួនរូប​បាន​ផ្តោត​ទៅ​លើការ​ប្រឈម​មុខ​នឹង​កម្មសិទ្ធិ​ដីធ្លី​ និង​សន្តិសុខ​ស្បៀង​អាហារ​ដែល​មានការ​ចូល​រួម​ពី​ក្រុម​មន្ត្រី​ និង​បណ្តា​អង្គការ​តាក់តែង​គោល​នយោបាយ​ធំៗ​របស់​ស.រ.អា.។​ ធនាគារ​ពិភពលោក​បានផ្តល់​ថវិការាប់លាន​ដុល្លារ​ដល់​បណ្តា​ដៃ​គូរ​អភិវឌ្ឍ​ និង​ដល់​រដ្ឋាភិបាល​ជាច្រើន​សម្រាប់​គម្រោង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ និង​ការ​គ្រប់គ្រង​ដីធ្លី​នៅ​ប្រទេស​នានា​ រួមទាំង​កម្ពុជា​ផង​ដែរ។​ ក៏​ប៉ុន្តែ​គម្រោង​អស់នោះ​ត្រូវ​គេ​គិត​ថា ​មិន​អាច​ផ្តល់​ការ​ធានា​សុវត្ថិភាព​និង​កម្ម​សិទ្ធិ​ដល់​ពលរដ្ឋ​បាន​ទេ។ ​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នកមាន​អំណាច​មួយ​ចំនួន​ បានប្រើ​ល្បិចកល​ស្របច្បាប់​ដណ្តើម​កាន់​កាប់​ដី​ប្រជា​ពលរដ្ឋធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន។​

រឿង​នេះ​គឺ​រាប់​បញ្ចូល​ទាំង​បញ្ហា​អ្នកភូមិ​បឹងកក់​ និង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេង​ទៀត។​

អ្នកស្រី​យុន ម៉ាណេ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​យុវជន​ជនជាតិ​ដើម​ ភាគ​តិច​ បាន​ថ្លែង​ទៅ​កាន់​ក្រុមអ្នក​ចូលរួម​ជាង​១០០​នាក់​ថា​ ជនជាតិ​ដើម​ភាគ​តិច​ ជាច្រើន​នៃចំនួន​ជាង​១៩​ម៉ឺន​នាក់​មក​ពី​ជនជាតិ​ចំនួន២៤​ផ្សេងៗ​គ្នា​ កំពុង​ជួ​បប្រទះ​នឹង​បញ្ហា​ជីវភាព ​ដោយសារ​ការ​ផ្តល់ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ដែល​ភាគ​ច្រើន​បំផ្លាញ​វប្បធម៌​ជាប្រពៃណីយ៍​ ដំណើរ​ជីវិត​ ការ​មិន​អាច​ចូល​ទៅក្នុង​ដីព្រៃ​ដើម្បី រកម្ហូបអាហារ​ មិនអាច​ធ្វើស្រែចំការ​បាន​ ហើយនឹង​មិនអាច​គោរព​ជំនឿ​តាម​ទំនៀម​ទម្លាប់​បាន។​

«ដូច្នេះ​ក្តី​សង្ឃឹម​របស់​ខ្ញុំ​គឺ​ថា​ ធនាគា​ពិភពលោក​នឹង​អនុវត្ត​គោល​ការណ៍​ធានា របស់​ខ្លួន​ហៅ​ថា​ Safeguard Policy ​ប្រកប​ដោយ​ជោគជ័យ​ក្នុង​វិធី​ជាក់ច្បាស់​មួយ នៃ​ដំណើរការ​អភិវឌ្ឍ​ជាពិសេស​ក្រុម​ជនជាតិ​ដើម​ភាគតិច»។​

អ្នកស្រី​បាន​អំពាវនាវ​សុំឲ្យ​មាន​ជំនួយ​ជា​ថវិកា​ ​និង​បច្ចេក​ទេស​ដើម្បីជួយ​ដល់​ជន​ ជាតិ​ដើម​ភាគតិច​ទាក់ទង​នឹង​ការ​ផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដី​សមូហ​ភាព​ និង​ប្លង់​កម្ម​សិទ្ធិ​ ដល់​ពល​រដ្ឋ​កម្ពុជា​ជាទូទៅ​ផង​ដែរ។​

ធនាគារ​ពិភព​លោក​ កាលពី​ឆ្នាំ​២០០៦​ បាន​ផ្តល់​ជំនួយ​២៨​លាន​ដុល្លារ​ដល់​ ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ។​ តែ​គម្រោង​នេះ​បាន​បរាជ័យ​ ជាពិសេស​គឺផ្តល់​កម្មសិទ្ធិ​ឲ្យ​ដីធ្លី​ដល់​អ្នកភូមិ​បឹងកក់ ​និង​ក្រុម​ជន​ជាតិ​ដើម​ភាគតិច ​ហើយ​នឹង​ពលរដ្ឋ​ផ្សេងៗ​ទៀត។​

ក៏​ប៉ុន្តែ​អ្នកស្រី​ទេព វន្នី ​តំណាង​អ្នកភូមិ​បឹងកក់​ ដែល​ទើប​ទទួល​បាន​ពាន​រង្វាន់​ នៅ​ស.រ.អា.​ដ៏ល្បីល្បាញ​ បាន​ចាត់​ទុក​ថា ​ការ​ប្រកាស​បង្កក​ជំនួយ​របស់​ធានាគារ ​ពិភព​លោក​ឆ្នាំ​២០១១​ជា​រឿង​មាន​ប្រសិទ្ធិភាព​ ក្រោយពេល​ធនាគារ​នេះ​មិន​ សប្បាយ​ចិត្ត​ចំពោះ​ការ​បណ្តេញ​ពលរដ្ឋ​នៅ​បឹងកក់​ និង​កន្លែង​ផ្សេង​ទៀត។​

រដ្ឋាភិបាល​ពេលនោះ​បាន​ប្រគល់ដី​ដល់​អ្នកភូមិ​បឹងកក់​ចំនួន​១២,៤៤​ហិកតាហើយ​បាន​ផ្តល់​ឲ្យ​ពលរដ្ឋ​បឹងកក់​ជាច្រើន​រយគ្រួសារ​ទទួល​បាន​ប្លង់​កម្ម​សិទ្ធិ​ទៀត​ផង។​

«នៅ​ពេល​នេះ​ដែរ ​នៅសល់​តែ​៦១​គ្រួសារ​ទៀត​ទេ​ដើម្បី​ឲ្យ​ World Bank​ រក​យុត្តិ សាស្ត្រ​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ពួក​ខ្ញុំ​បញ្ចប់​ជម្លោះ​នៅ​តំបន់​បឹងកក់​ ព្រោះអី​នៅ​ពេល​នេះ​ ពួក​យើង​ទាំងអស់​គ្នា​កំពុងតែ​ប៉ះពាល់​ជីវភាព​រស់​នៅ​យ៉ាង​ ខ្លាំង​ និង​អសុវត្ថិភាព​ក្នុងការ​រស់នៅ។​ ជាក់ស្តែង​ពួកយើង​នឹង​ក្លាយ​ជា​អ្នក​ទោស ជា​បន្ត​បន្ទាប់»។​

គេ​មិនដឹង​ថា​ តើ​ធនាគា​រពិភព​លោក​នឹង​ផ្លាស់ប្តូរ​គោល​នយោបាយ​ថ្មី​យ៉ាងណា​ទេ​ តែ​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ជុំវិញ​ពិភព​លោក​និង​អង្គការដៃ​គូ​ជាច្រើន​ផង​ កំពុង​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​គ្នា​អំពី​គោល​នយោបាយ​ថ្មីៗ​សម្រាប់​ដោះស្រាយ​បញ្ហា​កម្ម​សិទ្ធិ​ដីធ្លី​ និង​បញ្ហា​មួយចំនួន​ទៀត។​

ថ្លែង​ក្នុង​ពេល​ពិភាក្សា​ គឺ​ដំណាល​គ្នា​ដែល​ធនាគា​ពិភព​លោក​ត្រូវ​បើក​កម្មវិធី​ប្រជុំ​ ពិភាក្សា​អំពី​គម្រោង​ការ​របស់ខ្លួន​ជាម្ចាស់​ជំនួយ​ជាមួយ​នឹង​អង្គការ​ និង​មន្ត្រី​ រដ្ឋាភិបាល​ជុំវិញ​ពិភព​លោក​នោះ​ អ្នកស្រីណាថាលី ​ប៊ូហ្គាល់ស្គី​ (Natalie Bugalski) ​មន្ត្រីច្បាប់​នៃ​អង្គការ​ច្បាប់​មួយ​ឈ្មោះ ​Inclusive ​Development International ​បាន​អះអាង​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​ពាន់​គ្រួសារ​ត្រូវបាន​បណ្តេញ​ចេញ​ ហើយ​រាប់ពាន់​គ្រួសារ​ទៀត​កំពុង​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែរ ​ជាពិសេស​សហគមន៍​ផ្លូវ​រថភ្លើង។​ អ្នកស្រី​បាន​អះអាង​ថា​ ពួកគេ​គ្មាន​ការ​ការពារ​ដោយ​គម្រោង​របស់​ធនាគារ​ពិភពលោក​ហៅ​ថា​ Safeguard Policy​ នោះ​ទេ។​

«ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ​យើងអាច​ប្រើ​ឱកាស​នេះ​ ពេល​ដែល​មាន​ការ​ត្រួត​ពិនិត្យ​ គោល​នយោបាយ​ ឬ​ Safeguard Policy ​របស់​ធនាគារ​ពិភព​លោក​ដើម្បី​ជំរុញ​ ពិត​ប្រាកដ​ក្នុងការ​ធ្វើតាម​គម្រូ​អភិវឌ្ឍ​ខ្លះ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រឈម​មុខ​ ជាមូលដ្ឋាន​នេះ»។​

លោក​បណ្ឌិត​ បារ៉ន ម៉ីលាន​ (Bayron Milian) សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​សាន់កាឡូស​នៃ​ប្រទេស​ហ្គ័រ​ទីមាឡា​ បាន​អះអាង​ថា ​នៅ​ប្រទេស​របស់​លោក​នៅ​មាន​បញ្ហា​កម្ម​សិទ្ធិ​ដីធ្លី​នៅឡើយ​ដែរ​គឺ​ប្រជា​ពលរដ្ឋ​ប្រមាណ​៣២​ភាគ​រយ ​ដែល​រស់​នៅ​ក្នុង​តំបន់​ការពារ ​ឬ​អភិរក្ស ​មិនទាន់​ទទួល​បាន​កម្ម​សិទ្ធិដី​ទេ ​ហើយ​គម្រោង​របស់​ធនាគារ​ពិភព​លោក​ពុំបាន​ធានា​ដល់​ពលរដ្ឋ​ទាំង​នោះ​ទេ។​

ក្រុម​វាគ្មិន​នានា​បាន​អះអាង​ថា​ ពួកគេ​នឹង​ផ្តល់​អនុសាសន៍​ជាច្រើន​ដល់​ធនាគារ​ ពិភព​លោក​ និង​ដៃគូ​អភិវឌ្ឍ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​អំពី​បញ្ហា​ផ្តល់​កម្មសិទ្ធិ​ដីធ្លី។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​នៅ​សប្តាហ៍​នេះ​បាន​បញ្ជាក់​ថា​ ធនាគារ​ពិភពលោក​ទទួល​ស្គាល់​ថា​ បញ្ហា​កសាង​សមត្ថភាព​ បញ្ហា​ធានា​សិទ្ធិ​ដីធ្លី​ហើយ​នឹង​បញ្ហា​ផ្តល់​អំណាច​ដល់​សង្គម​ស៊ីវិល​ដើម្បី​ចាប់​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​បន្ថែម។​ ធនាគារ​ពិភពលោក​បាន​ប្តេជ្ញា​ថា ​នឹង​បង្កើន​កិច្ច​ប្រឹងប្រែង​តទៅទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​គ្រប់គ្រង​ដីធ្លី​ប្រកប​ដោយ​តម្លាភាព​ ការពារ​ម្ចាស់​កម្ម​សិទ្ធិ​ដីធ្លី ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គោល​នយោបាយ​ដែល​អាច​ទទួល​ស្គាល់​គ្រប់ទម្រង់​នៃ​កម្ម​សិទ្ធិ​ដីធ្លី ​ជួយស្តី្រ​ឲ្យ​ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្មើភាព​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ជាដើម៕​
XS
SM
MD
LG