ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​តំណាង​ជនរងគ្រោះ​បាត់បង់​ផ្ទះ​សម្បែង​ធ្វើកូដ​កម្ម​អត់អាហារ

  • ហេង រស្មី

ព្រះតេជគុណ​លួន សាវ៉ាត ព្រះ​​សង្ឃ​ការពារសិទ្ធិ​មនុស្ស​កំពុង​សូត្រ​មន្ត​ជួនពរ​​អ្នក​ធ្វើកូដកម្ម​អត់អាហារ។​​
រយៈ​ពេល​ពីរ​ថ្ងៃ​មុន​តុលាការ​សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​ពេញអង្គ​លើ​សំណុំ​រឿង​ប្តឹង​ទាស់​ចំពោះ​សេចក្តី​សម្រេចរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ អ្នក​ភូមិបឹង​កក់​ចំនួន​បួន​នាក់​ ដោយ​បូក​រួម​ទាំង​អ្នក​ស្រី​ទេព វន្នី ​អ្នក​ទទួល​ពាន​រង្វាន់​ស្រ្តី​ក្លាហាន​របស់​លោក​ស្រី​ហ៊ុល ឡាលី​គ្លីន​តុន​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ផង ​បាន​សម្រេចចិត្តធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ទាម​ទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ស្រី​យ៉ោម បុប្ជា។​

អ្នក​តវ៉ា​ទាំង​បួន​នាក់​បាន​ស្លៀក​សម្លៀក​បំពាក់​អាវ​ និង​សំពត់​ស​ ហើយ​បាន​មក​អង្គុយ​នៅពី​មុខ​សាលា​ឧទ្ធរណ៍​ ដោយ​មាន​ចង​រូប​ថត​អ្នក​ស្រី​យ៉ោម បុប្ជា​ផ្ជាប់​នឹង​ជញ្ជាំង​របង​ថ្ម។ ​ចំណែក​ឯក្រុម​អ្នក​រងគ្រោះ​ដទៃ​ផ្សេង​ទៀត​បាន​អង្គុយ​និង​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​បំពង​សម្លេង​ ស្រែក​ឲ្យ​សាលា​ឧទ្ធរណ៍​ត្រូវ​តែ​ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ជា។​
«ថ្ងៃនេះ​ខ្ញុំ​មក​ទាម​ទារ​ឲ្យ​សាលា​ឧទ្ធរណ៍​ជួយ​រកភាព​យុត្តិធម៌​ឲ្យ​អ្នកស្រី​យ៉ោម​ បុប្ជា​ ជា​សកម្មជន​ដីធ្លី។​ សូម​ឲ្យ​សាលា​ឧទ្ធរណ៍​ហ្នឹង​ឯករាជ្យ​ ដោះលែង​អ្នក​ស្រី​យ៉ោម បុប្ជា​នៅ​ថ្ងៃទី​៥»។​

សាលា​ឧទ្ធរណ៍​គ្រោង​នឹង​បើក​សវនាការ​ពេញ​អង្គ​នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ខាង​មុខ​នេះ ​លើ​សំណុំ​រឿង​អ្នក​ស្រី​យ៉ោម បុប្ជា​ សកម្មជន​ទាមទារ​ដីធ្លី ​ប្រឆាំង​និង​សេចក្តី​សម្រេចរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​

អង្គុយ​ស្រៀក​សំលៀក​បំពាក់​អាវ​ស​ និង​សំពត់​ស​ និង​មាន​ក្រម៉ា​ពាក់​ឆៀង​ អ្នក​ស្រី​ទេព វន្នី​ តំណាង​សកម្ម​ជន​ទាម​ទារ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ និង​ជា​អ្នក​ឈ្មះ​ពាន​រង្វាន់​ស្រ្តី​ក្លាហាន​ ព្រម​ទាំង​អ្នក​ដទៃ​ផ្សេងទៀត​ បាន​លើក​ដៃ​សំពះ​ នៅពេល​ដែល​ព្រះ​សង្ឃ​លួន ​សាវ៉ាត​បាន​ប្រោស​ទឹក​មន្ត​ដល់​ពួក​គេ។​

អ្នក​ស្រីទេព វន្នី​ តំណាង​អ្នក​ភូមិ​បឹងកក់​ បាន​និយាយ​ថា ​សាលា​ឧទ្ធរណ៍​ត្រូវ​តែ​ដោះ​លែង ​និង​ផ្តល់​យុត្តិ​ធម៌​ដល់​អ្នកស្រី​យ៉ោម បុប្ជា។​
«គឺ​ពួក​ខ្ញុំចង់​ផ្តល់​សារ​យ៉ាង​សំខាន់​ទៅ​ដល់​សាលា​ឧទ្ធរណ៍​ ឲ្យ​គាត់​កាត់​សេចក្តី​យុត្តិធម៌ ​និង​ឯក​រាជ្យ​ ជូន​អ្នក​ស្រី​យ៉ោម បុប្ជា​ ពីព្រោះ​ពួក​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ពួក​ខ្ញុំ​ស្រែក​ឃ្លាន​នូវ​យុត្តិធម៌​ខ្លាំង​ណាស់​ ជាពិសេស​អ្នកស្រី​យ៉ោម បុប្ជា​តែ​ម្តង ​កំពុង​តែ​ស្រេក​ឃ្លាន​នូវ​យុត្តិធម៌»។​

អ្នក​ស្រី​បូវ សុភា​ សកម្មជន​តវ៉ាដី​ធ្លី​ម្នាក់ទៀត​ បាន​និយាយ​ថា​ យើង​ចង់​បញ្ជាក់​ប្រាប់​តុលាការ​ថា ​ពួក​គាត់គ្មាន​បាន​ប្រព្រឹត្ត​ខុស​សោះ​ តែ​ត្រូវ​បាន​ចាប់​យ៉ាង​អយុត្តិធម៌​បំផុត។​
«ការ​ដែល​ខ្ញុំ​ទាមទារ ​ធ្វើ​កូដកម្ម​អត់​អាហារ​នេះ​គឺចង់​ឲ្យ​សាលា​ឧទ្ធរណ៍មាន​យុត្តិធម៌​សម្រាប់បុប្ជា​ ឲ្យ​គាត់​មាន​ការ​កាត់​ទោស​ដោយ​យុត្តិ​ធម៌​ មិន​មែន​ការ​កាត់​ទោស​ដោយ​ការ​បញ្ជា។ ​ខ្ញុំចង់​ឲ្យ​សាលា​ឧទ្ធរណ៍​នេះ​គឺ​ជា​តុលាការ​ឯករាជ្យ ​មិន​មែន​តុលាការ​ដែល​ប្រើ​តាម​តែ​អំណាច​គេ»។

ការ​ធ្វើ​កូដកម្ម​អត់​អាហារ​របស់​អ្នក​ភូមិ​បឹងកក់​ទាំង​បួន​អ្នក​នេះ​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​មួយ​យប់​តែ​ប៉ុណ្ណោះ​ ដោយ​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅថ្ងៃ​ច័ន្ទ​នេះ ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​អង្គារ។​

អ្នក​ស្រី​យ៉ោម បុប្ជា​ សកម្ម​ជន​តវ៉ា​រឿង​វិវាទ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣៧៣​ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ បាន​កាត់​ទោស​អ្នកស្រី​កាល​ពី​ចុងខែ​ធ្នូ​ ឆ្នាំ២០១២​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦០​លាន​រៀល​គឺ​ប្រមាណ​ជាង​១៦.០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ បន្ទាប់​ពី​តុលាការ​សម្រេច​ថា​ អ្នក​ស្រី​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​ជន​រងគ្រោះ​ពីរ​នាក់​រង​របួស។

កាលពី​ថ្ងៃ​សប្តាហ៍​មុន​ ក្រុម​អ្នក​ភូមិបឹង​កក់​ចំនួន​បី​នាក់​បាន​ដួល​សន្លប់​ ដោយ​សារ​រថយន្ត​បាញ់​ទឹក​ បន្ទាប់​ពីមាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ដ៏​មមាញឹក​មួយ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ស្រី​យ៉ោម បុប្ជា៕
XS
SM
MD
LG