នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន នៅថ្ងៃអង្គារនេះ បានគំរាមឆ្លើយតបដោយប្រើកាំភ្លើងធុនធ្ងន់ ប្រសិនបើមានចេតនាណាមួយយកតំបន់អារ៉ែងធ្វើជាតំបន់អបគមន៍។ ក៏ប៉ុន្តែ លោកហាក់ដូចជាបានបង្ហាញជំហរដកថយបន្តិចទៅវិញ ក្រោយពេលសកម្មជនបរិដ្ឋានតំបន់អារ៉ែងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីទិវាជាតិទីក្រុងស្អាតឆ្នាំ២០១៥ ក្នុងទីក្រុងភ្នំពេញ លោកប្រមុខរដ្ឋាភិបាលខ្មែរបានព្រមានបំពាក់កាំជ្រួចហ្វូងឆ្ពោះទៅតំបន់អារ៉ែងនៃខេត្តកោះកុងប្រសិនបើមានការប៉ុនប៉ងបង្កើតតំបន់នេះទៅជាតំបន់អបគមន៍នោះ។
«ខ្ញុំសូមបញ្ជាក់ណា កុំនិយាយ(រឿង)អារ៉ែងតទៅទៀត។បើចង់បង្កើតអបគមន៍សូមអញ្ជើញ។(ខ្ញុំ)ដាក់BM21 មកតែម្តង។ទាន់ឥឡូវមានធុនថ្មីៗផង»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីសកម្មជនបរិដ្ឋានតំបន់អារ៉ែង លោកAlex Gonzalez Davidson និងជាស្ថាបនិកអង្គការមាតាធម្មជាតិត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។ សកម្មជនជាតិអេស្ប៉ាញរូបនេះបានហៅការបណ្តេញរូបលោកចេញពីប្រទេសកម្ពុជាដោយសារលោកបានដឹកនាំការតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែង នៃជួរភ្នំក្រវ៉ាញដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro។
យ៉ាងណាក៏ដោយលោកហ៊ុន សែន ហាក់ដូចជាដកថយពីគម្រោងការវិនិយោគដែលទទួលរងការរិះគន់ពីផលប៉ះពាល់ផ្នែកបរិដ្ឋាននេះ។
លោកនាយករដ្ឋមន្ត្រីខ្មែរធានាថាគម្រោងវិនិយោគទំនប់វារីអគ្គិសនីកម្លាំងជាង១០០ម៉េហ្គាវ៉ាត់នេះអាចនឹងត្រូវរំលាយចោល។
«ខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ឬមិនច្បាស់យ៉ាងម៉េចពីនេះដល់ឆ្នាំ២០១៨ អត់មានឲ្យធ្វើ(ទំនប់វារីអគ្គិសនី)ទេ។ គំនិតរបស់ខ្ញុំចង់ទុកឲ្យក្មេងជំនាន់ក្រោយ»។
នេះជាលើកទីមួយដែលប្រមុខរដ្ឋាភិបាលខ្មែរបានបង្ហាញជំហរដកថយចំពោះតំបន់អារ៉ែងបន្ទាប់ពីសកម្មជនបរិដ្ឋានខ្មែរបានបន្តប្រឆាំងនឹងគម្រោងការវិនិយោគរបស់ក្រុមហ៊ុនចិននោះ។
លោកសាន ម៉ាឡា សហស្ថាបនិកនៃអង្គការមាតាធម្មជាតិយល់ថាលោកនាយករដ្ឋមន្ត្រីខ្មែរប្រើវិធីគំរាមដល់អង្គការរបស់លោកនិងដល់សហគមន៍អ្នកការពារបរិដ្ឋានផង។ ហើយលោកក៏បាននិយាយបញ្ច្រាសពីអ្វីដែលជាការពិតដែលរដ្ឋាភិបាលតម្រូវឲ្យធ្វើការសិក្សាពីលទ្ធភាពផលិតអគ្គិសនីនៃតំបន់អារ៉ែងនេះ។
«បើសិនបើលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់អភិរក្ស ចង់ទុកតំបន់អារ៉ែងក្លាយជាបេតិកភណ្ឌសម្រាប់កូនចៅជំនាន់ក្រោយលោកហ៊ុន សែន នឹងមិននិយាយទាក់ទងនឹងការដាក់កាំភ្លើងឬដាក់គ្រាប់រ៉ុក្កែត ការបណ្តេញអាឡិច ចេញពីកម្ពុជាចង់សំដៅថារដ្ឋាភិបាលមិនចង់ទុកអារ៉ែងជាតំបន់អេកូទេសចរណ៍ ឬចង់អភិវឌ្ឍតំបន់អារ៉ែង ឲ្យទៅជាទំនប់វារីអគ្គិសនី។បើសិនជាគាត់មានឆន្ទៈចង់ទុកតំបន់អារ៉ែងសម្រាប់កូនចៅជំនាន់ក្រោយមែន មិនចាំបាច់ធ្វើការស្រាវជ្រាវទេព្រោះបើតំបន់នេះមិនត្រូវអភិវឌ្ឍតើយើងត្រូវការការសិក្សាស្រាវជ្រាវធ្វើអ្វី»។
យោងតាមក្រុមអ្នកការពារបរិដ្ឋានតំបន់អារ៉ែងគឺជាជង្រុកធនធានធម្មជាតិនិងជីវចម្រុះធំបំផុតចុងក្រោយគេនៅតំបន់អាស៊ី៕