ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់វិធានការ​​អន្តោប្រវេសន៍​ចំពោះ​​ប្រធាន​អង្គការ​មាតា​ធម្មជាតិ


លោក​ Alex Gonzalez Davidson​​ (ស្តាំ) ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ពី​ហ្វេសប៊ុក​​លោក Alex Gonzalez)
លោក​ Alex Gonzalez Davidson​​ (ស្តាំ) ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ពី​ហ្វេសប៊ុក​​លោក Alex Gonzalez)

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​បាន​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​អន្តោប្រវេសន៍​លើ​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង​គឺ​លោក​ Alex Gonzalez Davidson​ ​នៅ​ពេល​ដែលលោក​នឹង​ត្រូវ​អស់​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជានៅ​ថ្ងៃ​សុក្រ​ទី​២០​ខែ​កុម្ភៈ​នេះ។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភគ៌ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ក្រុម​សមត្ថកិច្ច​កម្ពុជា​អាច​នឹង​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​នេះ នៅ​ពេល​ដែល​សុពល​ភាព​ស្នាក់​នៅ​កម្ពុជា​របស់​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះនឹង​ផុត​កំណត់។​

«ខ្ញុំ​គិត​ថា​ ច្បាប់​អន្តោប្រវេសន៍​អត់​មាន​អី​ពិបាក។ ​សមត្ថកិច្ច​របស់​យើង​មាន​ច្បាប់​នៅ​ក្នុង​ដៃ​ហើយ​ មិន​ពិបាក​ទេ»។​

ច្បាប់​អន្តោ​ប្រវេសន៍​កម្ពុជាចែង​ថា ជន​បរទេស​ដែល​ស្នាក់​នៅ​កម្ពុជាដោយ​មិន​មាន​ការ​អនុញ្ញាតគឺ​ជា​ជន​ខុស​ច្បាប់​ ហើយ​អាច​ប្រឈម​មុខ​នឹង​ការ​ដាក់​ពន្ធនាគារ ​និង​បណ្តេញ​ចេញពី​ប្រទេស។​ ហើយ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​សម្រេច​ក្នុង​កិច្ច​ការ​នេះ។​ ​រីឯ​ការ​បណ្តេញ​ចេញ​អាច​នឹង​ធ្វើ​ឡើង​យ៉ាង​យូរ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ​ក្រោយ​ពី​ការ​សម្រេច​ លើក​លែង​តែ​មាន​សាលក្រម​ពី​តុលាការ​ឲ្យ​ផ្អាក​ការ​អនុវត្ត។​

លោក​ Alex Gonzalez Davidson ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​បាន​ដឹក​នាំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​ទំនប់​វារី​អគិ្គសនី​នៅ​តំបន់​អារ៉ែងរបស់​ក្រុម​ហ៊ុន​ចិន ​Sinohydro ​ដែល​ជា​ក្រុមហ៊ុនចិន​មួយ​មាន​ភាព​ជិត​ស្និទ​ជាមួយ​នឹង​ក្រុម​ហ៊ុនភាពភីម៉ិក​ដ៏មាន​ឥទ្ធិពល​មួយ​នៅ​កម្ពុជា។​ អ្នក​ការពារ​បរិស្ថាន​លោក​ខាង​លិច​រូប​នេះបាន​រៀបរាប់​ថា ​តំបន់​អារ៉ែង​គឺ​ជា​ជង្រុក​សម្បតិ្ត​ធម្មជាតិ​មហា​សាល​របស់​កម្ពុជា​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី។​ តំបន់​នេះ​មាន​ទាំង​សត្វ​ចម្រុះច្រើន​ប្រភេទ ​និង​ធនធាន​រ៉ែ​ និង​ព្រៃ​ឈើ​ស្តុក​ស្តម្ភ។​

សម្រាប់​រូប​លោក​ការ​បង្កើត​ទំនប់​វារី​អគ្គិសនី​ដែល​មាន​កម្លាំង​ជាង​១០០​ម៉េហ្គាវ៉ាត់​នេះ​នឹង​បំផ្លាញ​ធនធាន​ទាំង​នេះ​រាប់​ម៉ឺន​ហិចតា។​

ក្រសួងមហា​ផ្ទៃ​ចាត់​ទុក​ថា ការ​រារាំង​របស់​លោក​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​អភិវឌ្ឍ​និង​សន្តិ​សុខ​ជាតិ។

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ​បាន​ស្នើឲ្យ​លោក ​Alex Gonzalez Davidson ចាកចេញ​ពី​ប្រទេស​កម្ពុជា​មួយ​រយៈ​សិន​ មុន​នឹង​សាក​ល្បង​សុំ​ទិដ្ឋាការ​សម្រាប់​ស្នាក់​នៅ​កម្ពុជា​ឡើង​វិញ។​

«នៅ​ពេល​ដែល​ទិដ្ឋាការ​របស់​គាត់​ត្រូវ​ផុត​អាណត្តិ​នៅថ្ងៃ​ទី​២០​សុំ​ឲ្យ​គាត់​ចេញ​ពី​កម្ពុជា​មួយរយៈ​សិន​ទៅ ​ហើយ​ចាំ​ចូល​មក​វិញ​ ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ថ្មី។​ ​មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​ទេ ​ដូច​ជន​អន្តោ​ប្រវេសន៍​ដទៃ​ទៀត​អញ្ចឹង»។​

ប៉ុន្តែ​សកម្មជន​បរិស្ថាន​ដដែល​នេះ​បាន​ប្រកាស​ថា​ លោក​នឹង​មិន​ចាក​ចេញ​ពី​កម្ពុជា​នោះ​ទេ​ បើ​សិន​មិន​មាន​ការ​ចាប់​ខ្លួន​នោះ។​

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​នេះចាត់​ទុក​ថា ការ​ស្នើ​ឲ្យ​រូប​លោក​ចាក​ចេញ​នោះ​គ្រាន់​តែ​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។​

«បើ​សិន​ជា​គេ​អនុញ្ញាតឲ្យ​ Alex ​នៅ​ខ្មែរ ​ចាំបាច់​ឲ្យ​ចេញ​ធ្វើ​អី? ​ខ្ញុំ​អត់​យល់។​បើ​សិន​ជា​ខ្ញុំ​ចេញ​ ខ្ញុំ​មិន​ជឿ​ថា​ គេ​អនុញ្ញាតឲ្យ​ខ្ញុំ​ចូល​ប្រទេស​ខ្មែរ​វិញ​ទេ។​ នេះ​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​ឲ្យ​គេ​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារី​អគ្គិសនីនិង​រុក​រក​រ៉ែ។​ មួយ​ទៀត​ ដូច​ខ្ញុំ​បាន​និយាយ​ច្រើន​ដង​ហើយ ​ខ្ញុំ​អត់​មាន​មូល​ហេតុ​អី​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ប្រទេស​ខ្មែរ​ទេ»។​

លោក​ Alex Gonzalez Davidson ​បា​ន​មក​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​លោក​ទើប​នឹង​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភាព​តស៊ូមតិ​ដើម្បី​ការ​ពារ​តំបន់​អារ៉ែង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​បាន​ទាក់​ទាញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សកម្មជន​ខ្មែរ​និង​យុវជន​ជា​ច្រើន។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ លោក​បាន​បញ្ជាក់​ថា​ សកម្មភាព​របស់​លោក​បាន​ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​មិន​សប្បាយ​ចិត្ត​ ហើយ​វា​គឺ​ជា​មូលហេតុ​ចម្បងដែលរដ្ឋា​ភិបាល​មិន​ផ្តល់​ទិដ្ឋាការ​ថ្មី​សម្រាប់​ការ​ស្នាក់​នៅ​កម្ពុជា​បន្ត​ទៀត​ដល់​រូប​លោក។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តំណាង​ឲ្យ​ក្រុម​តំណាង​រាស្ដ្រ​ភាគ​តិច​ក្នុង​រដ្ឋ​សភា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ទៅ​កាន់​លោក​ស​ ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ឲ្យ​ពិចារណា​ក្នុង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​លោក​ Alex ​នេះ​ឡើង​វិញ។​

ដូច​គ្នា​នេះ​ដែរ ​កាល​ពី​ម្សិល​មិញ​ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣១​បាន​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​ខាង​លើ​នេះ​របស់​រដ្ឋា​ភិបាល​ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្តល់​ទិដ្ឋាការ​ដល់​សកម្ម​ជន​ជាតិ​អេស្ប៉ាញ​នេះ​ឡើង​វិញ​ផង​ដែរ៕

XS
SM
MD
LG