ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​និង​រដ្ឋាភិបាល​បកស្រាយ​ផ្ទុយ​គ្នា​លើ​នីតិវិធី​បណ្តេញ​ Alex Gonzalez

  • គង់ សុឋានរិទ្ធិ

លោក Alex Gonzalez (រូប​ផ្តល់​ឲ្យ​​​)

ព្រះ​មហាក្សត្រ​គង់​នៅ​ស្ងៀម​ស្ងាត់​នៅ​ឡើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​សំណើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​របស់​អនុ​ប្រធាន​សភា​កម្ពុជា។​

​លោក​កឹម សុខា ​អនុ​ប្រធានទី១​រដ្ឋសភា​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្វាយ​លិខិត​ដល់​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម​ សីហមុនី ​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ឲ្យសកម្មជន​ការពារ​បរិស្ថាន​តំបន់​អារ៉ែង លោក Alejendro Gonzalez Davidson អាច​ស្នើ​សុំ​ទិដ្ឋាការ​បន្តស្នាក់​នៅ​កម្ពុជា​បាន។

​ក្រសួងម​ហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា​បាន​បដិសេធ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ដល់​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ដោយ​សំអាង​ថា​លោក​បាន​រារាំង​កិច្ច​អភិវឌ្ឍន៍​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ។ ​នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា ​ខណៈ​ដែល​ទិដ្ឋាការ​របស់​លោក​នឹង​អស់​សុពលភាព​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។ ដោយ​ឡែក​លិខិត​ឆ្លងដែន​របស់​លោកត្រូវ​ដកហូត​ទុក​ផងដែរ។

ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឲ្យ​លោក​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មួយរយៈ​សិន​ទើប​អាច​ទទួល​ទិដ្ឋាការ​ថ្មី​បាន។​

នៅ​ក្នុង​លិខិត​ទៅ​កាន់​ព្រះមហាក្សត្រ ​លោក​ កឹម សុខា ​លើក​ឡើងថា​លោក​Alex Gonzalez Davidson មិនមែន​ជា​ឧក្រិដ្ឋជន​និង​ជាជន​ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​នោះ​ទេ។ ​ប៉ុន្តែ​គឺជា​សកម្មជន​ដែល​ចូលរួម​ចំណែក​ការពារ​និង​ថែរក្សា​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

លោក​កឹម សុខា ​បាន​និយាយថា​លោក​មិន​ទាន់​ទទួល​ព្រះរាជសារ​ឆ្លើយតប​ពី​ព្រះ​មហាក្សត្រ​នៅ​ឡើយទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

«មិន​ទាន់​បាន​ទទួល​ចម្លើយ​នៅ​ឡើយ»។

​លោក អ៊ុំ តារាវុធ ​សមាជិក​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​ដឹង​ថា​តើ​ព្រះ​មហាក្សត្រ​បាន​ទទួល​លិខិត​របស់​លោក​កឹម​ សុខា​ហើយ​ឬ​យ៉ាង​ណា​នោះ​ទេ​ដោយសារ​តែ​លោក​កំពុង​ស្ថិត​នៅ​ឯ​ខេត្ត។

លោក Alex Gonzalez Davidson ​ប្រធាន​អង្គការ​មាតាធម្មជាតិ​បាន​ដឹក​នាំ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​ទំនប់​វារី​អគិ្គសនី​នៅ​តំបន់​អារ៉ែងរបស់​ក្រុមហ៊ុនចិន​ Sinohydro ​ដែល​ជា​ក្រុមហ៊ុនចិន​មួយ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​ភាពីម៉ិច​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​កម្ពុជា។ ​អ្នក​ការពារ​បរិស្ថាន​លោក​ខាង​លិច​រូប​នេះបាន​រៀបរាប់​ថា​តំបន់​អារ៉ែង​គឺជា​ជង្រុក​សម្បតិ្ត​ធម្មជាតិ​មហាសាល​របស់​កម្ពុជា​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី។​ តំបន់​នេះ​មាន​ទាំង​សត្វ​ចំរុះ​ច្រើន​ប្រភេទ​និង​ធនធាន​រ៉ែ​និង​ព្រៃ​ឈើស្តុក​ស្តម។​ សម្រាប់​រូប​លោក​ការ​បង្កើត​ទំនប់​វារី​អគ្គិសនី​ដែល​មាន​កម្លាំង​ជាង​១០០ម៉េហ្គាវ៉ាត់​នេះ​នឹង​បំផ្លាញ​ធនធាន​ទាំង​នេះ​រាប់​ម៉ឺន​ហិកតា។

​នៅថ្ងៃ​នេះ​ក្រុម​មន្ត្រី​រាជការ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល​សរុប​ជាង​១០០​នាក់​បាន​ផ្តិតមេដៃ​គាំទ្រ​ឲ្យ​ការ​សម្រេច​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក​ Alex Gonzalez Davidson របស់​ក្រសួង​មហាផ្ទៃ។

​យ៉ាង​ណា​ក៏​ដោយ​លោក នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​យល់​ថា​ក្រសួង​មហាផ្ទៃ​មាន​ការ​ភ័ន្ត​ច្រឡំ​ក្នុ​ងការ​អនុវត្ត​វិធានការ​ច្បាប់​លើ​លោក​អាឡិក។

​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​ចាត់​ទុក​ថា​លោក​អាឡិក​មិន​មែន​ជា​ជន​បរទេស​ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ជា​ជន​អន្តោប្រវេសន៍​នោះ​ទេ​ ដូច្នេះ​ក្រសួង​មហាផ្ទៃ​មិន​មាន​សិទ្ធិ​ដេញ​គាត់​ចេញ​ពី​ប្រទេស​នៅ​ពេល​ដែល​ទិដ្ឋាការ​របស់​គាត់​ផុត​កំណត់​នោះ។​ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ត្រឹម​តែ​ផាក​ពិន័យ​ប៉ុណ្ណោះ។

«បើ​សិន​ជា​ក្រសួងមហាផ្ទៃ​អនុវត្តន៍​ខុស​ពី​នេះ​ ខ្ញុំ​យល់​ថា​នេះ​ជា​ការរំលោភ​ច្បាប់»។​

លោក​នាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ច្រាន​ចោល​ការ​យល់​ឃើញ​បែប​នេះ។

«អ្វីដែល​យើង​បានធ្វើ​គឺ​អនុវត្ត​តាម​ច្បាប់​ដែរ។​ បើ​(យល់ថា)​ខុស​ច្បាប់​ប្តឹង​ទៅ​តុលាការ​ទៅ»។

ការ​បដិសេធ​ផ្តល់​ទិដ្ឋាការ​ដល់​សកម្មជន​ជនជាតិ​អេស្ប៉ាញ​ការពារតំបន់​អារ៉ែងបាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ដូចជា​ប្រតិកម្ម​និង​អន្តរាគមន៍​ពី​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ពី​អង្គការ​សង្គម​ស៊ីវិល​ជា​ដើម។

ក្រោយ​ពី​មាន​ស្នាម​ផ្តិត​មេដៃ​ពី​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ក៏មាន​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គមជា​ច្រើន​បង្ហាញ​ប្រតិកម្ម​គាំទ្រ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​លោក Alex Gonzalez Davidson ​និង​គាំទ្រ​ឲ្យ​លោក​បន្ត​ស្នាក់​នៅ​កម្ពុជា​តទៅទៀត។

ទាក់ទង​នៅថ្ងៃ​នេះ លោក Alex Gonzalez Davidson ​នៅ​តែ​រក្សា​ជំហរ​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដដែល៕

ស្តាប់​បទ​សម្ភាសន៍​ VOA ជាមួយ​លោក Alex Gonzalez៖

XS
SM
MD
LG