ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អាឡិច​ប្រកាស​មិន​ចេញ​ពី​កម្ពុជា​ហើយ​រង់​ចាំ​ទាល់តែ​អាជ្ញាធរ​បណ្តេញ

  • គង់ សុឋានរិទ្ធិ

លោក Alex Gonzalez Davidson (ឆ្វេង) ប្រធាន​អង្គការ​មាតា​ធម្មជាតិ។ (រូបថតដោយ៖ Alex Gonzalez-Davidson)

ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ជនជាតិ​អេស្ប៉ាញ លោកAlex Gonzalez Davidson អាច​ប្រឈម​នឹង​ការបណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​ការ​ដឹក​នាំ​ការ​ប្រឆាំង​តវ៉ា​នឹង​ការសាងសង់​ទំនប់​វារី​អគិ្គសនី​របស់​ក្រុមហ៊ុន​ចិន​មួយ​នៅ​តំបន់​អារ៉ែង ខេត្តកោះ​កុង។

នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា លោកAlex Gonzalez និយាយ​ថា​អាជ្ញាធរ​បាន​ដក​លិខិត​ឆ្លងដែន​របស់​លោក​នៅពេល​ដែល​លោក​បាន​បញ្ជូន​លិខិត​ឆ្លងដែន​ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​ថ្មី។ លោក​បញ្ជាក់​ថា​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ត្រូវ​ស្រង់​សំដី​ក្នុ​ងប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ដាក់​បញ្ជា​មិន​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​រូប​លោក​នោះ​ទេ ខណៈ​ដែល​ទិដ្ឋាការ(visa)​របស់​លោក​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី​២០​ខែកុម្ភៈ។

លោក​ Alex ​បាន​សង្ស័យ​ថា​ការមិន​ព្រម​ផ្តល់​ឱ្យ​នេះ​ទាក់​ទង​នឹង​ការងារ​ក្នុង​ពេល​កន្លង​មក​របស់​លោក​។

«ខ្ញុំ​គិត​ថា​វិធានការ​នេះ​ដោយសារ​សកម្មភាព​របស់​ខ្ញុំ​ក្នុង​ការ​តវ៉ា​ការពារ​ធនធាន​ធម្មជាតិ​នៅ​តំបន់​អារ៉ែង​យ៉ាងជាក់ស្តែង»។ លោកAlex Gonzalez បាន​ថ្លែង​យ៉ាង​ដូច្នេះ​ចំពោះ​សំណួរ​អំពី​មូល​ហេតុ​នៃ​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​រូបលោក។

លោក​បន្ថែម​ថា៖ «ខ្ញុំ​នឹង​មិន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទេ​ពីព្រោះ​ខ្ញុំ​បាន​ចាត់​ទុក​ខ្លួន​ខ្ញុំ​ជាជន​ជាតិ​ខ្មែរ​រួច​ទៅហើយ​តាំងពី​ឆ្នាំ​២០០៧​អញ្ចឹង​ខ្ញុំ​អត់​អាច​ចេញ​បាន​ទេ...​ប៉ុន្តែ​បើ​គេ​យក​ប៉ូលិស​អន្តោប្រវេសន៍​មក​បង្ខំ​ឱ្យ​ខ្ញុំ​ចាកចេញ​ខ្ញុំ​អត់​តដៃ​ទេ​ព្រោះ​វប្បធម៌​របស់​ខ្ញុំ​គឺ​អត់​មាន​ប្រើ​អំពើ​ហិង្សា។ អញ្ចឹង​បើ​គេ​បង្ខំ ឱ្យ​ចាក​ចេញ​ខ្ញុំ​អត់​មាន​ជម្រើស​ក្រៅពី​ចាកចេញ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​គេ​គឺ​បេះដូង​ខ្ញុំ​ និង​ចក្ខុវិស័យ​ខ្ញុំ​នៅ​កម្ពុជា​មួយ​ជីវិត​ហើយ»។

ជនជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​១២​ឆ្នាំ​ហើយ។ លោក​ចេះ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​ហើយ​លោក​បាន​ស្នើ​សុំ​សញ្ជាតិ​កម្ពុជា​ប៉ុន្តែ​ត្រូវ​គេ​ទារ​កម្រៃ​ចំនួន​៥ម៉ឺន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​អ្វី​ដែល​លោក​បាន​បញ្ជាក់។

នៅ​ថ្ងៃ​អង្គារ​នេះ​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ប្រតិកម្ម​ជា​ផ្លូវការយ៉ាង​ខ្លាំង​រិះគន់​ចំពោះ​ការ​បដិសេធ​មិន​ព្រម​ផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​លោកAlex Gonzalez Davidson នេះ៕

XS
SM
MD
LG