លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានព្រមានចំៗទៅលើឪពុកបង្កើត និងប្អូនថ្លៃស្រីរបស់លោក ស៊ន តារា ចំពោះការបាត់បង់មុខតំណែងក្នុងក្របខណ្ឌយោធា និងប៉ូលិស ប្រសិនបើពួកគេមិនអាចណែនាំ និងអប់រំលោក ស៊ន តារា ដែលលោក ហ៊ុន សែន ចាត់ទុកថាជា«ក្មេងពាល និងព្រហើន»នោះ។
លោក ស៊ន តារា គឺជាសកម្មជននយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ហើយកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅប្រទេសបារាំង និងតែងតែប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករិះគន់ឥតសំចៃមាត់លើការដឹកនាំរបស់លោក ហ៊ុន សែន។
នៅឯពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) កាលពីព្រឹកថ្ងៃអង្គារ លោកហ៊ុន សែន បានថ្លែងថា លោក ស៊ន តារា គ្មានតម្លៃនយោបាយដែលសមនឹងទទួលបានការចរចាជាមួយលោក និងថាលោកនឹងកោះហៅឪពុកម្តាយនិងសាច់ញាតិរបស់លោក ស៊ន តារា មកទទួលការអប់រំពីលោកដោយផ្ទាល់។
លោក ហ៊ុន សែន ថ្លែងព្រមានយ៉ាងដូច្នេះថា៖ «ពេលណាមួយនោះ អញហៅឪម៉ែហ្ហែងមកប្រដៅ។ អញហៅប្អូនថ្លែហ្ហែង ពាក់សក្តិ៤ទៀត ឪហ្ហែងពាក់សក្តិ៤កន្លះ ហ្ហែងកុំភ្លេចថា អញដកគ្រវាត់ចោលទាំងអស់ហ្នឹង។ ហើយអាហ្នឹងតាំងស្រែកហ្ហា កុំយកឪម៉ែខ្ញុំ បងប្អូនខ្ញុំមកធ្វើចំណាត់ខ្មាំង។ អើហ្ហែងនៅតែភ្លើអ៊ីចឹង។ បើហ្ហែងបង្អាប់ ដល់ឪម៉ែហ្ហែង ជាអាចម៍គោ។ វាថាវាជាឥន្ទ្រី កើតក្បែរអាចម៍គោ អ៊ីចឹងវាចាត់ទុកម៉ែឪវាជាអាចម៍គោ ដល់ទៅ ម៉ាណែត វិញ ជាសត្វគីង្គក់កើតក្នុងវិមាន នែ!វាទៅជាចាត់ទុកបណ្ឌិត ហ៊ុន ម៉ាណែត ទៅជាគីង្គក់។ ឯវាបរិញ្ញាជាន់ខ្ពស់នៅឯសាកលវិទ្យាល័យភ្នំពេញ អើ!ថាវាបណ្ឌិតទៅចុះ ហើយវាក្លាយទៅជាឥន្ទ្រីកើតក្បែរអាចម៍គោ ចាត់ទុកម៉ែឪវាជាអាចម៍គោ។ ហ្អែងកុំភ្លេច បើឪម៉ែហ្ហែងជាអាចម៍គោ ហ្ហែងក៏ជាអាចម៍គោដែរ កុំឆ្ងល់ពេក! អានេះព្រហើនហ្មង ក្មេងព្រហើន»។
លោកបន្ថែមថា៖ «ហើយផ្តាំទៅឪពុកម្តាយ។ បងប្អូនថ្លៃសុទ្ធតែបាននិយាយ តាមវីដេអូ យកមកឱ្យខ្ញុំហើយ បើអប់រំប៉ុណ្ណឹងមិនបាន ចេញពីការងារទៅ ចេញពីការងារទៅ។ ទេ! និយាយគ្នាម្តងមើ! រៀននៅក្រោមដំបូល សាលារបស់ឯងសោះហ្នឹង ហើយវាទៅជាស្អី វាដូចជាជ្រុលហួស។ លើកតម្លៃខ្លួនមកចរចាជាមួយ ហ៊ុន សែន ដាក់លក្ខខណ្ឌ សុទ្ធតែទាល់តែបានធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី។ អើ ចាំតែឱ្យតើ! អាពៅ ម៉ែហើយ នាយករដ្ឋមន្ត្រី មិនមែនរឿងជានាយកឆ្នាំងបាយ ដូចពួកហ្ហែងទេណា អញប្រាប់ឱ្យហើយ។ រួចហើយវាចេះគ្រប់រឿងទាំងអស់ ចេះជាងមេវាទៅទៀត តាំងខ្លួនលើសមេវាទៅទៀត ហើយវាពូកែជាងម៉ែឪវា ម៉ែឪវាជាអាចម៍គោ ឯវាជាឥន្ទ្រី។ អាក្មេងពាលនេះ»។
នេះមិនមែនជាលើកទីមួយទេ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ទៅលើលោក ស៊ន តារា នោះ។ ហើយប្អូនប្រុសលោក ស៊ន តារា និងឪពុកបង្កើតរបស់លោក ស៊ន តារាធ្លាប់ចេញសារអំពាវនាវឱ្យលោក ស៊ន តារា បញ្ឈប់ការរិះគន់លើគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយវិលមកជួបជុំគ្រួសារនៅប្រទេសកម្ពុជាវិញ។
បើតាមឃ្លីបវីដេអូជាង៣នាទីដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័រសារព័ត៌មាន Fresh News កាលពីខែកុម្ភៈ គេឃើញឪពុកលោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ដែលជាមន្ត្រីយោធា និងមានតួនាទីជានាយរងសេនាធិការនៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យលោក ស៊ន តារា ឈប់វាយប្រហារលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ប៉ុន្តែលោក ស៊ន តារា នៅតែបន្តរិះគន់លើគ្រួសារលោក ហ៊ុន សែន ដដែល ជាពិសេសរិះគន់ធ្ងន់ៗ និងត្រង់ៗ លើលោក ហ៊ុន សែន ជាហូរហែ តាមការ Live ឬនិយាយផ្សាយផ្ទាល់នៅក្នុងប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ស៊ន តារា បាននៅឡើយទេនៅថ្ងៃអង្គារនេះ។ យ៉ាងណាក៏ដោយ លោក ស៊ន តារា បានប្រកាសតាមគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃអង្ការនេះ តាមន័យដើមថា៖ «ខ្ញុំសូមប្រកាសកាត់កាលក្រុមគ្រួសារខ្ញុំ គ្មាននរណាម្នាក់អាចបង្ខំខ្ញុំបានឡើយ ហើយខ្ញុំមិនអាចបម្រើមនុស្សអគុណធម៌ដូចសម្តេចដែរ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការគុំកួន ឬសងសឹកគ្នា មិនគួរកើតមាននោះទេ គឺគួរតែមានការប្រកាន់យកឥរិយាបថ «អត់ឱនឱ្យគ្នា» ដើម្បីធ្វើឱ្យប្រទេសកម្ពុជា បន្តមានសន្តិភាព ស្ថិរភាព ចីរភាព និងឯកភាពជាតិផ្ទៃក្នុង។
លោកបន្ថែមថា បុគ្គលម្នាក់ៗមានសិទ្ធិរៀងៗខ្លួន ដោយមិនមានអ្នកណាចាប់បង្ខំអ្នកណាឱ្យធ្វើផ្ទុយពីមនសិការរបស់ខ្លួនបានឡើយ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែជូនជាគំនិតថាដើម្បីឱ្យស្រុកទេសយើងមានការឯកភាពជាតិ សាមគ្គីជាតិផ្ទៃក្នុងល្អប្រសើរទៅថ្ងៃមុខ យើងអត់គួរធ្វើអ្វីដែលបង្ហាញពីទង្វើសងសឹកទេ។ បានន័យថា ឧទាហរណ៍ បើខ្ញុំខឹងនរណាម្នាក់ ហើយខ្ញុំមិនត្រូវខឹងទៅអ្នកដទៃ ដែលគ្រាន់តែជាប់ជាសាច់ញាតិជាអីអ៊ីចឹងទេ ពីព្រោះទង្វើរបស់បុគ្គល គឺវាបញ្ជាក់អំពីអត្តចរិត និងការគិតរបស់បុគ្គលម្នាក់ហ្នឹង វាអត់ពាក់ព័ន្ធអ្នកដទៃទេ ព្រោះអ្នកដទៃពេលខ្លះ ឧទាហរណ៍ថា ឪពុកខ្ញុំ បងប្អូនខ្ញុំ គាត់ជាប់សាច់ញាតិខ្ញុំ ក៏ប៉ុន្តែគាត់មិនអាចធ្វើការសម្រេចចិត្តបង្ខំខ្ញុំ [នូវ]អ្វីដែលជាសិទ្ធិរបស់ខ្ញុំទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា បើសិនជាគ្រួសារអប់រំបុគ្គលណាម្នាក់មិនបាន ពុំគួរដាក់កំហុសទៅលើបុគ្គលផ្សេងនោះទេ ព្រោះវាក៏ជាការប៉ះពាល់សិទ្ធិរបស់បុគ្គលម្នាក់ៗដែរ។
លោកថ្លែងថា៖ «គ្រួសារហ្នឹងអប់រំបុគ្គលហ្នឹងមិនបាន ហើយដាក់កំហុសទៅលើបុគ្គលទាំងអស់ អាហ្នឹងវាក៏ប៉ះពាល់ទៅដល់សិទ្ធិរបស់បុគ្គលមួយៗផងដែរ។ អ៊ីចឹងករណីនេះ ខ្ញុំមិនយល់ថាម៉េចទេ ពីព្រោះរឿងមួយដែល មន្ត្រីរាជការនៅក្រោមរដ្ឋាភិបាល ក៏ប៉ុន្តែអាហ្នឹងក៏ត្រូវពិនិត្យ និងពិចារណាដែរ ពីព្រោះយើងត្រូវគិតថា ក្នុងគ្រួសារមួយកូនក៏វាមានតក់មាននាល»។
ដោយឡែកនៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងថា គណបក្សប្រជាជនកម្ពុជា មិនមានវប្បធម៌លាបពណ៌ ឬប្រឆាំងនឹងសិទ្ធិសេរីភាពខាងនយោបាយរបស់ពលរដ្ឋឡើយ។ លោកថ្លែងបែបនេះ បន្ទាប់ពីមានអតីតសកម្មជនគណបក្សប្រឆាំង ងាកមកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាច់ដែលពេលថ្មីៗនេះ មានលោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ដែលធ្លាប់ស្និទ្ធនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាដើម៕