លោក​ហ៊ុន សែន​គំរាម​ផង​​ បង្ហាញ​ជំហរ​ទន់ភ្លន់​ចំពោះ​លោក​សម រង្ស៊ី​

លោកហ៊ុន សែន​​ នាយក​រដ្ឋមន្ត្រី​​តែងតាំង​ដោយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​​និង​លោក​សម រង្ស៊ី​ មេដឹកនាំ​គណ​បក្ស​​សង្គ្រោះជាតិ​​​​ជួប​គ្នា​​​ក្នុង​ជំនួប​​លើក​មុន។​​

ដោយ​លាយ​ឡំ​ជាមួយ​និង​ការ​គំរាម​ផង ​និង​ឥរិយាបថ​ទន់ភ្លន់​ផង​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​ប្រកាស​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ចរចា​ទ្វេ​ភាគី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នោះ​ ជិត​សម្រេច​បាន​ជោគជ័យ​ហើយ។​

«ឥឡូវ​គ្រប់​ចំណុច​ទាំង​អស់​ត្រូវ​គ្នា​ហើយ​គឺ​នៅ​សល់​តែ​ចំណុច​តូច​មួយ»។​

លោក​ហ៊ុន សែន​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​ក្រុម​និស្សិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​ប្រមុខ​រដ្ឋា​ភិបាល​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បញ្ជាក់​ថា​ ចំណុច​ដែល​មិន​ត្រូវ​រ៉ូវ​គ្នា​រវាង​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​នោះ​គឺ​សំណើរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចង់​ឲ្យ​ដាក់គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.​)​ទៅ​ជា​ស្ថាប័ន​ដែល​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​នៃ​ស្ថាប័ន​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​សំឡេងពីរ​ភាគ​បី​នៃ​សមាជិក​សភា​ក្នុង​កិច្ច​ប្រជុំ។​

«ល្ងាចមិញខ្ញុំ​បាន​ចារ​រួច​ហើយ​ចំណុច​នោះ។​ ប៉ុន្តែ​ឲ្យ​(លោក​ស)​ ខេង​ប្រជុំ​តែ​បន្តិច​ទេ។​ ជួនកាល​អាច​នឹង​ត្រូវរ៉ូវ​គ្នា​មុន​ចូល​ឆ្នាំ»។​

គណៈ​កម្មការ​ចម្រុះ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិបានចរចា​គ្នា​ជា​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៤ ​ខែមិនា ដើម្បី​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​ការ​ចរចា​បាន​ជួប​បរាជ័យ​ដោយ​សារគណបក្ស​កាន់​អំណាច​មិន​យល់​ស្រប​តាម​សំណើខាង​លើ​របស់​គណបក្ស​ជំទាស់។​ ហើយភ្លាមៗនោះ ​គណបក្ស​ជំទាស់​បាន​ប្រកាស​ជា​ឯកតោ​ភាគី​ផ្អាក​ការ​ប្រជុំ​របស់​គណៈ​កម្មការ​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​គណបក្ស​នេះ​ស្នើ​ឱ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ។​

​នៅ​ថ្ងៃ​នេះ​លោក​ហ៊ុន សែន​អះអាង​ថា ​ការ​មិន​យល់ព្រម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ចំណុច​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គ.ជ.ប.​ដោយ​សំឡេងពីរ​ភាគ​បី​នៅ​ក្នុង​រដ្ឋសភា​គឺ​ដោយ​សារ​ថា​ យន្តការ​នេះ​អាច​បង្ក​ហានិភ័យ​ដល់​ការ​ជាប់គាំង​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត។​

លោក​ប្រមុខរដ្ឋា​ភិបាល​បន្ថែម​ថា ​ថ្វី​បើ​មិន​មាន​ការ​ចរចា​គ្នា​ជា​ផ្លូវ​ការ​ គណបក្ស​ទាំង​ពីរ​ក៏​បាន​ចរចា​គ្នា​ក្រៅ​ផ្លូវ​ការ​ផង​ដែរ។​ ដំណាល​គ្នា​នោះ​លោក​ហ៊ុន សែន​បាន​និយាយ​បង្ហើប​ថា ​លោក​ចង់​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។​

លោក​សម រង្ស៊ី ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ ក៏​បាន​អះអាង​ដែរ​ថា​ លោក​សុន ឆ័យ ​ប្រធាន​ក្រុម​ចរចា​កម្រិត​បច្ចេកទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ទំនាក់​ទំនងគ្នា​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា។​

មេ​ដឹកនាំ​គណបក្ស​ជំទាស់បញ្ជាក់​ថា ​ចំណុច​ដែល​មិនត្រូវ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​នឹង​ស្ថាប័ន​បោះឆ្នោត​នោះ​ នឹង​មាន​ជម្រើស​ថ្មី​សម្រាប់​ការ​ជជែក​ចុង​ក្រោយ។​

ឆ្លើយ​តប​ទៅ​នឹង​ចេតនា​ចង់​ចរចាដោយ​ផ្ទាល់​តាម​ទូរស័ព្ទ​របស់​លោក​ហ៊ុន សែន ​ លោក​សម រង្ស៊ី​មាន​ប្រសាសន៍​ថា​ ការ​ចរចាមាន​លទ្ធភាព​ច្រើន​យ៉ាង។​

«ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា​ យើង​រក្សា​លទ្ធភាព​គ្រប់​បែប​យ៉ាង។ ​ការ​ជួប​គ្នា​គ្រប់​កម្រិត​ គ្រប់​ពេល​វេលា។ ​ហើយ​បើ​យើង​ម្នាក់ៗ​ស្ថិត​ក្នុង​ស្មារតី​នេះ​គឺ​ច្បាស់​ជា​នឹង​ជួប​គ្នា​ពិត​ប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ»។​

លោក​បណ្ឌិត​ហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ដែល​ហៅ​កាត់​ថា​ និកហ្វិក​មាន​សុទិដ្ឋិ​និយមថា ​ចំណុច​ចុង​ក្រោយ​ដែល​គណបក្ស​ទាំង​ពីរ​មិន​ទាន់​យល់​ស្រប​គ្នា​ទាក់ទង​នឹង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត​នោះ​នឹង​អាច​ដោះ​ស្រាយបាន ​ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ឈរ​លើ​គោល​ការណ៍ជាតិ​និង​ដើម្បី​អព្យាក្រិត្យ​ភាព​របស់​ស្ថាប័ន​បោះឆ្នោត​នេះ។​

សូម​បញ្ជាក់​ថា​ ក្នុងសេចក្តី​ថ្លែង​ការណ៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ​ លោក​ហ៊ុន សែន​ក៏​បាន​គំរាម​ផង​ដែរ​ថា ​នឹង​ចាត់​វិធាន​ការ​ប្តឹង​មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៊ី​ទាក់ទង​នឹង​អ្វី​មួយ​ដែល​លោក​ចោទ​ថា ​លោក​សម រង្ស៊ី​ប្រឆាំង​នឹង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​តាម​រយៈ​ការ​ផ្ញើ​លិខិត​ថ្វាយ​ព្រះ​មហា​ក្សត្រ។ក្នុង​លិខិត​នោះ​លោក​សម រង្ស៊ី​ទូល​ព្រះ​មហា​ក្សត្រ​ថា ​កិច្ច​ប្រជុំ​សភា​កាល​ពី​សប្តាហ៍​មុន​មិន​តំណាង​ឲ្យ​សំឡេងប្រជារាស្ត្រ​ទាំងមូល​នោះ​ទេ។ ​ជាមួយ​គ្នា​នោះ ​លោក​ហ៊ុន សែន​គំរាម​ចាត់​ការ​ប្រឆាំង​នឹង​ការ​ដឹកនាំ​បាតុកម្ម​ណា​មួយ​របស់​បក្ស​ជំទាស់៕​