លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យតម្រង់ទិសធនធានមនុស្សវិស័យសុខាភិបាល ដើម្បីកុំឲ្យមានហានិភ័យខ្ពស់កើតមានចំពោះជីវិតប្រជាពលរដ្ឋ នៅពេលដែលពួកគេស្វែងរកសេវាកម្មសុខាភិបាល។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ដោយផ្ទាល់ទៅ លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យប្រើប្រាស់ធនធានមនុស្សចេញពីស្ថាប័នអប់រំផ្នែកសុខាភិបាល ដើម្បីកែប្រែវិស័យសុខាភិបាលឲ្យបានប្រសើរ។ ជាញឹកញយ វិស័យនេះត្រូវរងការរិះគន់ពីប្រជាជនមួយចំនួនរ។
លោកមានប្រសាសន៍បែបនេះបន្ទាប់ពីក្រសួងសុខាភិបាលប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដើរចាក់ថ្នាំតាមផ្ទះអត់លិខិតអនុញ្ញាត និងគ្មានសញ្ញាប័ត្រជំនាញសុខាភិបាល»។
ជាញឹកញយវិស័យសុខាភិបាលនៅកម្ពុជាត្រូវបានប្រជាជនមួយចំនួនរិះគន់បន្ទាប់ពីមានមន្ត្រីមួយចំនួនចំណាយពេលព្យាបាលជំងឺនៅបរទេសខណៈប្រជាជនក្រីក្រមិនមានលទ្ធភាពទៅមន្ទីរពេទ្យ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល ប្រមាណ ១០០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ លោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យប្រើប្រាស់ធនធានមនុស្សដែលមានគុណភាពដើម្បីធ្វើឲ្យវិស័យសុខាភិបាលប្រសើរឡើង។
លោកហ៊ុនសែនដែលធ្លាប់ទទួលការព្យាបាលនៅបរទេសដូចជានៅប្រទេសសឹង្ហបុរីនោះបានថ្លែងថា៖
«ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាមុខវិជ្ជានេះ ព្រោះវាទាក់ទងជាមួយនឹងជីវិតមនុស្ស។ ប្រសិនបើមិនច្បាស់លាស់ទេ ត្រូវខិតខំធ្វើយ៉ាងណា ក្រសួងសុខាភិបាលត្រូវធ្វើការតម្រង់ទិស។ ព្រោះមិនអាចមានការបណ្តុះបណ្តាលហើយ មានពេទ្យក្រៅបញ្ជីរក្របខណ្ឌដែលទទួលស្គាល់ដោយច្បាប់នោះទេ។»
លោកបន្ថែមថា៖
«ទោះបីជាយើងមានការខិតខំបានយ៉ាងច្រើនក្តី ប៉ុន្តែនៅពេលថ្មីៗនេះបណ្តាញសារព័ត៌មានមួយចំនួនបានចុះ ហើយជារឿងពិតដែលមានគ្រូពេទ្យមួយចំនួនដើរចាក់ថ្នាំដោយគ្មានសញ្ញាប័ត្រ និងគ្មានការទទួលស្គាល់ពីផ្នែកសុខាភិបាលនៅតាមភូមិឃុំមួយចំនួននៅក្នុងផ្ទៃប្រទេសរបស់យើង»។
កាលពីឆ្នាំ២០១៤អ្នកចាក់ថ្នាំតាមភូមិម្នាក់នៅក្នុងខេត្តបាត់ដំបងត្រូវបានចាប់ខ្លួននឹងក្រោយមកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំបន្ទាប់ពីគាត់ប្រើម្ជុលចាក់ថ្នាំ ដែលធ្វើឲ្យអ្នកភូមិប្រហែល៣០០នាក់នៅក្នុងភូមិមួយនៅក្នុងខេត្តបាត់ដំបងឆ្លងមេរោគ HIV ដែលនាំឲ្យកើតជំងឺ AIDS។
ក្រោយមក កាលពីចុងឆ្នាំ ២០១៦ សភាជាតិបានអនុម័តច្បាប់ស្តីអំពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្នុងនោះដែរមានការបង្កើតគណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ដែលមានសមត្ថកិច្ចចុះបញ្ជីការ និងផ្តល់អាជ្ញាបណ្ណដល់អ្នកប្រកបវិជ្ជាជីវៈនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ(Licadho) ស្វាគមន៍ចំពោះការអនុវត្តច្បាប់តឹងរឹងដើម្បីគ្រប់លើវិជ្ជាជីវៈសុខាភិបាល ដើម្បីឲ្យវិស័យនេះមានគុណភាពប្រសើរជាងមុន។ ទោះជាយ៉ាងណាក៏ដោយ លោកថារដ្ឋាភិបាលគួរបង្កើនការអប់រំប្រជាពលរដ្ឋអំពីសិទ្ធក្នុងការទទួលយកសេវាសុខាភាព ដែលជាសិទ្ធិដ៏សំខាន់មួយនៃសិទ្ធិមនុស្ស។
«គាត់[ប្រជាពលរដ្ឋ] ឲ្យតែមានបញ្ហា គាត់អត់ដឹងថាគ្រូពេទ្យណាមានអជ្ញាបណ្ណ គ្រូពេទ្យណាមានសញ្ញាបត្រ ឬក៏អត់ទេ។ ឲ្យតែគាត់ឃើញថាជិត ហើយគាត់ឃើញគ្រូពេទ្យហ្នឹង គេទៅព្យាបាលបន្តៗគាត់ចេះតែទៅហើយ»។
នៅក្នុងខែឧសភានេះ មន្ទីរសុខាភិបាលតាមបណ្តាខេត្តមួយចំនួនចាប់ផ្តើមប្រមូលបញ្ជីឈ្មោះ«អ្នកដើរចាក់ថ្នាំតាមផ្ទះអត់លិខិតអនុញ្ញាត និងគ្មានសញ្ញាប័ត្រជំនាញសុខាភិបាល»។ ក្រុមមន្ត្រីមន្ទីរសុខាភិបាលថា ក្រសួងរឹតបន្តឹងច្បាប់នេះដើម្បីទប់ស្កាត់មិនឲ្យមានអ្នកស្លាប់ដោយសារការចាក់ថ្នាំ ដោយពេទ្យមិនស្របច្បាប់។
មកដល់ពេលនេះយ៉ាងហោចណាស់ឈ្មោះអ្នកចាក់ថ្នាំតាមភូមិចំនួនជាង ១០០០ នាក់ត្រូវបានមន្ត្រីសុខាភិបាលដាក់ចូលក្នុងបញ្ជីអ្នកបម្រើសេវាសុខភាពមិនស្របច្បាប់។
កាលពីដើមខែឧសភា នៅខេត្តស្វាយរៀង គិលានុបដ្ឋាយិកាម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីលោកធ្វើការចាក់ថ្នាំព្យាបាលជំងឺបុរសម្នាក់ ដែលក្រោយមកបណ្តាលឲ្យអ្នកជំងឺនោះស្លាប់។ ហេតុការណ៍នេះនាំឲ្យមន្ត្រីមន្ទីរសុខាភិបាលបញ្ជូនបញ្ជីឈ្មោះក្រុមគ្រូពេទ្យតាមមូលដ្ឋានចំនួន ៣៩៣ នាក់ទៅតុលាការ៕
ឯនៅខេត្តត្បូងឃ្មុំវិញ សប្តាហ៍នេះ អ្នកចាក់ថ្នាំតាមភូមិចំនួន ១៧ នាក់ត្រូវបានសាលាដំបូងកោះហៅឲ្យចូលឆ្លើយបំភ្លឺក្នុងសវនាការពាក់ព័ន្ធរឿងប្រកបមុខរបរព្យាបាលជំងឺប្រជាពលរដ្ឋ។ នៅខេត្តត្បូងឃ្មុំ បញ្ជីឈ្មោះគ្រូពេទ្យដែលត្រូវគេបញ្ជូនទៅតុលាការមានចំនួន ១៤៨ នាក់។
ចំណែកនៅខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរសុខាភិបាលលោកប្រាក់ វុន បានឲ្យដឹងថា គិតត្រឹមឆ្នាំ ២០១៨ លោកដាក់ពាក្យបណ្តឹងទៅតុលាការចំនួន៩ ករណីទាក់ទិននឹងក្រុមអ្នកផ្តល់សេវាកម្មសុខភាពដែលលោកថា បានដើរចាក់ថ្នាំខុសច្បាប់។ ប្រធានមន្ទីរសុខាភិបាលរូបនេះបញ្ជាក់ថា មុនឆ្នាំ២០១៧ ខេត្តរបស់លោកមានអ្នកដើរចាក់ថ្នាំតាមភូមិរហូតដល់ជាង ៦០០ នាក់៕