លោក​ ​ហ៊ុន សែន​ ​ប្រកាស​​បង្កើត​​រដ្ឋាភិបាល​ថ្មី​នៅ​ដើម​ខែ​កញ្ញា

រូប​ឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

​បន្ទាប់​ពី​ប្រកាស​ថា​ខ្លួន​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ដើម្បី​សុំ​កែប្រែ​កាលបរិច្ឆេទ​នៃ​ការ​បង្កើត​​រដ្ឋាភិបាល​ថ្មី​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ពី​គម្រោង​បង្កើត​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ថ្មី​​​នៅ​ដើម​ខែ​កញ្ញា​​ ​ពេល​ដែល​កម្ពុជា​នឹង​អាច​ឈាន​ទៅ​រក​ការ​គ្រប់​គ្រង​​ប្រទេស​ដោយ​ឯក​បក្ស។​ អ្នក​វិភាគ​នយោបាយ​បារម្ភ​ថា​ ​ការ​ដឹក​នាំ​ប្រទេស​ដោយ​មាន​គណ​បក្ស​តែ​មួយ​នេះ នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ប្រឈម​នឹង​សម្ពាធ​ពី​បរទេស។​

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ថា​ ​រដ្ឋសភា​អាណត្តិ​ទី៦​ ​នឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​ចំណែក ​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បង្កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ។​

លោក​នាយក​រដ្ឋ​មន្ត្រីប្រកាស​បែប​នេះ​ ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ-កម្មការិនី​ ​ក្នុង​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​ ​នា​ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៨។​ លោក​ថ្លែង​ថា​ ​លោក​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​កាលពី​ថ្ងៃ​អង្គារ​ ​ដើម្បី​សុំ​ព្រះ​រាជទាន​កែប្រែ​កាល​បរិច្ឆេទ​នៃ​ការ​កោះ​ប្រជុំ​សភា​ ​និង​ការ​បង្កើត​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ថ្មី។​

លោក​បញ្ជាក់​ពី​ការ​សម្រេច​ ក្រោយ​ចូល​គាល់​ព្រះ​មហា​ក្សត្រ​យ៉ាង​ដូច្នេះ៖​

«ព្រឹក​ថ្ងៃ​ទី៥​ ​ខែ​កញ្ញា​ ​សភា​នឹង​ចាប់​ផ្ដើម​បើក​ការប្រជុំ​លើក​ដំបូង​របស់​ខ្លួន។ ល្ងាច​ថ្ងៃ​ទី០៥ ខែ​កញ្ញា សភា​នឹង​ចូល​ស្បថ​កាន់​តំណែង។ ថ្ងៃ​ព្រហស្បតិ៍​ទី០៦ ខែ​កញ្ញា ពេល​ព្រឹក នឹង​បង្កើតឡើង​នូវ​ក្បាល​ម៉ា​ស៊ី​ន​របស់​រដ្ឋសភា ក៏​ដូចជា​បង្កើតនូវ​រាជ​រដ្ឋាភិបាល​ថ្មី។ ដល់​ល្ងាច​ថ្ងៃ​ទី៦ ខែ​កញ្ញា គឺ​រាជ​រដ្ឋាភិបាល​នឹង​ស្បថ​ចូល​កាន់​តំណែង ដល់​ទៅ​ព្រឹក​ថ្ងៃ​ទី៧ គឺ​ត្រូវ​នឹង​ថ្ងៃ​សុក្រ គឺ​គណៈ​រដ្ឋ​មន្ត្រី នឹង​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន»។​

លោក​បន្ថែម​ថា​ ​ការ​កែប្រែ​កាលបរិច្ឆេទ​នេះ​ មិន​ខុស​ច្បាប់​នោះ​ទេ ដោយ​លោក​ថា ច្បាប់​បាន​កំណត់​ថា​ ​ការ​បង្កើត​រដ្ឋសភា ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​យូរ​៦០​ថ្ងៃ ក្រោយ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត។ លោក​ក៏​បាន​ថ្លែង​ថា​ ​ថ្ងៃ​ទី​១៥ ខែ​សីហា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ ហើយ​ទុក​ពេល​ឲ្យ​មាន​ការ​ប្តឹង​តវ៉ា និង​ដោះ​ស្រាយ ដូច្នេះលោក​ថា​ ​គ.ជ.ប អាច​ប្រកាស​លទ្ធផល​ស្ថាពរ​នៅ​ដើម​ខែ​កញ្ញា។​

តាម​គម្រោង​មុន​នឹង​ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ បែប​នេះ ​រដ្ឋសភា​ គ្រោង​នឹង​បើក​កិច្ចប្រជុំ​លើក​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះ​មហា​ក្សត្រ​ ​ហើយ​រដ្ឋសភា​ថ្មី​នឹង​ស្បថ​នៅ​ល្ងាច​ថ្ងៃ​ដ​ដែល​ដើម្បីចូល​កាន់​តំណែង។​ ​រាជ​រដ្ឋាភិបាល​ថ្មី​ នឹង​ត្រូវ​ប្រកាស​បង្កើតនៅ​ព្រឹក​ថ្ងៃ​បន្ទាប់ គឺ​នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា ហើយ​ស្បថ​ចូល​កាន់​តំណែង​នៅ​ល្ងាច​ថ្ងៃ​ដ​ដែល។​ ​ចំណែក​កិច្ចប្រជុំ​គណៈរដ្ឋ​មន្ត្រី​លើក​ដំបូង​ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​កញ្ញា។​

អ្នក​ស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្ស​ត្រូវ​បានតុលា​ការ​រំលាយ ប្រាប់ VOA ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

អ្នកស្រី​បន្ថែម​ថា រដ្ឋសភា និង​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នោះ ក៏​ជា​រដ្ឋសភា និង​រដ្ឋាភិបាល​ក្លែងក្លាយ​ផង​ដែរ។​

អ្នកស្រី​ មូរ សុខហួរ ដែល​កំពុង​រស់នៅ​និរទេស​នៅ​ក្រៅ​ប្រទេស​បញ្ជាក់​ថា៖

«អ្វី​ដែល​ចេញ​មក​ពី​ការ​បោះ​ឆ្នោត​ក្លែងក្លាយគឺជា​ការ​ក្លែងក្លាយ។ រដ្ឋសភា​ក្លែងក្លាយ រាជ​រដ្ឋាភិបាល​ក្លែងក្លាយ នាយក​រដ្ឋមន្ត្រី​ក្លែង​ក្លាយ។ នេះ​ឲ្យ​ច្បាស់។ ហើយ​ដើម្បី​ដោះ​បញ្ហា​នេះ​បាន ​លុះ​ត្រា​តែ​លោក ហ៊ុន សែន គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ទទួល​យក​នូវ​អ្វី​ដែល​ជា​ការ​ទទូច​នៃ​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រក​ដំណោះ​ស្រាយ​ក្នុង​នាម​យើង​ជា​ខ្មែរ​ដូច​គ្នា»។​

គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«រដ្ឋ​ឯក​បក្ស​ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ ចង់​ពង្រឹង​នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ខាងមុខ ដោយ​ការ​ចូល​ស្បថ​ ចូល​កាន់​តំណែង​នៃ​រដ្ឋសភា​ថ្មី ត្រូវ​ទទួល​ការ​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់ និង​មិន​ត្រូវ​ទទួល​ស្គាល់​សោះ​ឡើយ។ ការ​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ និង​អធម្មានុរូប នឹង​នាំ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ ហើយ​បន្ត​ការ​ដឹកនាំ​តាម​របៀប​ដូច​ឃើញ​ជាក់​ស្ដែង​របស់​លោក ហ៊ុន សែន នឹង​បន្ត​នាំ​តែ​ការ​ឈឺចាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ»។

បើ​តាម​កាល​បរិច្ឆេទ​របស់​ ​គ.ជ.ប​ ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី​១១ ខែ​សីហា​ ខាង​មុខ​នេះ ចំណែក​លទ្ធផល​ផ្លូវ​ការ​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ប្រសិន​បើ​គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​បោះ​ឆ្នោត​ឡើង​វិញ។​

​លោក​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​ បាន​និយាយ​ថា​ ​រាជ​រដ្ឋាភិបាល​ថ្មីនិង​ក្បាល​ម៉ា​ស៊ី​ន​រដ្ឋសភា ​ព្រម​ទាំង​កម្មវិធីនយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។​

លោក​ថា​ ​ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ អាច​បង្កើតបាន​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​លោក​នឹង​ទៅ​ថ្លែង​ការណ៍​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ ​ដែល​មាន​ទី​តាំង​ក្នុង​ទី​ក្រុងញូវយ៉ក​ ​សហរដ្ឋ​អាមេរិក​ ​ដើម្បីបង្ហាញ​អ្នក​ដែល​និយាយ​ថា លោក​អាច​នឹង​ត្រូវ​អន្តរជាតិចាប់​ខ្លួន។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់​ ​VOA​ ​ថា​ ​ការ​បង្កើតរដ្ឋាភិបាល​ថ្មី​ក្នុង​អាណត្តិ​នេះ មិន​ត្រូវ​ការ​ពេល​វេលា​យូរ​ទេ ដោយ​លោក​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺជា​រដ្ឋាភិបាល​ចាស់ ដែល​នឹង​មិន​មាន​ការ​ប្រែប្រួល​រចនា​សម្ព័ន្ធ​ច្រើន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«គណ​បក្ស​ប្រជាជន​នេះ​ បាន​ទទួល​នូវ​លទ្ធផល​ឈ្នះ​ភ្លូកទឹកភ្លូកដី​ហើយ បើអញ្ចឹង​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ ដូចជា​មិន​ត្រូវ​ការ​ការ​ងារ​អី​ច្រើន​សម្រាប់​ធ្វើ​ការ​រៀបចំ​គណៈ​រដ្ឋមន្ត្រីថ្មី​ទេ។ យើង​មើល​ទៅ​មាន​ការ​ផ្លាស់ប្ដូរ​ក៏​មិន​ច្រើន​ដែរ​ ​អញ្ចឹង​យើង​មើល​ទៅ ​ក៏​មិន​មាន​ឧបសគ្គ​អី​ក្នុង​ការ​ប្រកាស​ថា​ត្រូវ​រៀបចំ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​ឆាប់​ដែរ»។​

លោក​ ​មាស នី​ ​បន្ថែម​ថា ការ​បង្កើតរដ្ឋាភិបាល​ថ្មី​ដោយ​ឯក​បក្ស​ ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​កាន់​តែ​ខ្លាំង​ជា​មួយ​សម្ពាធ​ ​និង​ការ​រិះគន់​ពី​អន្តរជាតិ​ ​ដែល​លោក​ថា​ ​ករណី​នេះ ​អាច​ឈាន​ទៅ​ដល់​ការ​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ទៀត​ផង។​

បើ​តាម​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​ជា​គណ​បក្ស​គ្រប់​គ្រងប្រទេស​អស់​រយៈ​ពេល​ជិត៤០ឆ្នាំ​មក​ហើយ​នោះ​ ​នឹង​ប្រមូល​យក​អាសនៈ​ទាំង​១២៥​ដើម្បីគ្រប់​គ្រង​រដ្ឋសភាដោយ​ឯក​បក្ស។​ ​ការ​ដែល​គណ​បក្ស​កាន់​អំណាច​ អាច​នឹង​ប្រមូល​យក​កៅអី​រដ្ឋសភា​ទាំង​១២៥​ ​គឺ​ដោយ​សារ​ការ​បោះ​ឆ្នោត​នោះ​ មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រកួត​ប្រជែង​ដ៏​ធំ​ ​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បន្ទាប់​ពី​គណ​បក្ស​នេះ​ ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​

ក្រោយ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​និង​ស្ថាប័ន​ឃ្លាំមើល​ការ​បោះឆ្នោត​ឯករាជ្យ​ក្នុង​ប្រទេស​ផង​នោះ ​សហគមន៍​អន្តរជាតិមួយ​ចំនួន​ដែល​ប្រកាន់​យក​របប​លទ្ធិ​ប្រជាធិបតេយ្យ​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​ជា​បន្ត​បន្ទាប់។​ ​សហរដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​កាណាដា​ ​និង​សហភាព​អឺរ៉ុប​ជា​ដើម បាន​ចោទ​សួរ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​ ​ព្រម​ទាំង​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​នានា នៅ​មុន​ការ​បោះ​ឆ្នោត។​

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ ​គ.ជ.ប​ ​បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរជាតិ​ថា​ ​ការ​រិះគន់​ទាំង​នោះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត និង​ថា​រដ្ឋាភិបាល​កម្ពុជា​ ​និង​ ​គ.ជ.ប​ ​បាន​អនុ​វត្ត​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕​