លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជាង១០០នាក់ នឹងត្រូវហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ នៅពេលគណបក្សប្រឆាំងមួយនេះត្រូវរំលាយនាពេលខាងមុខ។
ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន គឺជាការឆ្លើយតបនឹងការរិះគន់ទៅលើការអំពាវនាវរបស់លោក ឲ្យមន្ត្រីបក្សប្រឆាំងនៅថ្នាក់ក្រោមជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ពួកគេនៅដដែល។
លោក ហ៊ុន សែន បានថ្លែងពីផ្ទះរបស់លោកនៅរាជធានីភ្នំពេញតាមរយៈទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ដូចការកំណត់របស់តុលាការកំពូល។
លោកមានប្រសាសន៍ថា៖ «បើសិនជាលោក ហ៊ុន សែន មិនហ៊ាន លោក ហ៊ុន សែន ច្បាស់ជានឹងបញ្ជាឲ្យរដ្ឋមន្ត្រីមហាផ្ទៃ ដកពាក្យបណ្ដឹងចេញពីតុលាការបាត់ទៅហើយ។ ប៉ុន្តែ យើងបន្តដំណើរដាក់ពាក្យបណ្ដឹង ហើយកំណត់ដោយតុលាការកំពូលនៅថ្ងៃទី១៦ ខែវិច្ឆិកា។ មេធាវីរបស់យើង បានប្រុងប្រៀបខ្លួនហើយស្រេច ដើម្បីនឹងធ្វើការទាមទារនូវអ្វីដែលចាំបាច់ត្រូវទាមទារ ទាក់ទិននឹងការរំលាយបក្សនយោបាយចោល និងទាំងការកាត់សិទ្ធិនយោបាយនៃគណៈអចិន្ត្រៃយ៍ និងគណៈនាយក»។
លោកបានថ្លែងបន្តថា៖ «មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់ប៉ុណ្ណឹងទេ។ ប្រហែលជាមានមនុស្សជាង១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ»។
លោក ហ៊ុន សែន បានបន្ថែមថា ការអំពាវនាវឲ្យមន្ត្រីបក្សប្រឆាំងទាំងអស់ចុះចូលគណបក្សកាន់អំណាចនាពេលនេះ គឺជាការផ្ដល់ឱកាសដល់ពួកគេ ដើម្បីបន្តបម្រើប្រជាពលរដ្ឋតទៅទៀត។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា អ្នកនយោបាយបក្សប្រឆាំងសរុបប្រមាណ១១២នាក់ នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយ ក្នុងនោះមានតំណាងរាស្ត្រស្ទើរតែទាំងអស់។
លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ «ប្រសិនបើបងប្អូនបន្តជឿចំពោះមេបក្ស ក៏សូមអញ្ជើញជឿទៅទៀតចុះ ខ្ញុំមិនហាមឃាត់ទេ តែបងប្អូន ខ្ញុំអាចហ៊ានដាក់ជីវិត ដើម្បីជំនួសតើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ ដើម្បីវាយខ្នោះហើយនោះ តើសភាពការណ៍វាធ្ងន់ធ្ងរដល់កម្រិតប៉ុណ្ណា?»
តំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ ដែលកំពុងមានវត្តមាននៅក្នុងប្រទេស បានចាត់ទុកថា គម្រោងការរំលាយគណបក្សប្រឆាំង និងការហាមឃាត់មន្ត្រីធ្វើនយោបាយ ជាការបែកបាក់ជាតិដ៏ធ្ងន់ធ្ងរ។ លោកបន្តថា គណបក្ស នឹងប្រជុំពិភាក្សា ហើយរកដំណោះស្រាយ ដោយសង្ឃឹមថា គណបក្សរបស់លោក នឹងអាចចូលរួមការបោះឆ្នោតសាកលនៅឆ្នាំ២០១៨ខាងមុខ។
លោក សុន ឆ័យ មានប្រសាសន៍ថា៖«ការធ្វើនេះជាការបាក់បែកជាតិធ្ងន់ធ្ងរណាស់។ ហើយវាជាការវិលត្រឡប់នូវប្រវត្តិសាស្ត្រអាក្រក់របស់ប្រទេសកម្ពុជាយើង ដែលអ្នកនយោបាយ ត្រូវតែធ្វើការបញ្ចៀស ពិចារណា ប្រកបដោយការទទួលខុសត្រូវ»។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ គណបក្សសង្គ្រោះជាតិ ដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ និងទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោម ១៦៤៦ឃុំសង្កាត់នៅទូទាំងប្រទេស និងទទួលបានសំឡេងឆ្នោតគាំទ្រជាង៣លានសំឡេង។
លោក មាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ថា ប្រសិនបើមានការរំលាយគណបក្សសង្គ្រោះជាតិ និងការបំបាត់សិទ្ធិនយោបាយរបស់អ្នកនយោបាយ នោះភាពស្របច្បាប់របស់រដ្ឋាភិបាល នឹងត្រូវបានចោទជាសំណួរក្នុងថ្នាក់ជាតិ និងអន្តរជាតិ។
លោកក៏បានលើកឡើងថា កម្ពុជានឹងទទួលរងផលប៉ះពាល់សេដ្ឋកិច្ច តាមរយៈគំនាបសហគមន៍អន្តរជាតិ ប្រសិនបើប្រទេសនេះ ដើរលើផ្លូវដ៏គ្រោះថ្នាក់នេះ។
លោកមានប្រសាសន៍ថា៖ «យើងប្រើច្បាប់ដើម្បីបង្ខំរំលាយគណបក្សដែលមានមនុស្សស្ទើរតែពាក់កណ្ដាលប្រទេសគាំទ្រ។ បើសិនជាពលរដ្ឋទាំងអស់នោះ គេនៅតែប្រកាន់ថា ដោយសារគណបក្សរបស់គេ បានត្រូវរំលាយដោយអយុត្តិធម៌ សម្រាប់ខ្លួនគេ អាហ្នឹងគេនឹងមិនទៅបោះឆ្នោត»។
ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា កាលពីខែកញ្ញា ទាក់ទងនឹងការចោទប្រកាន់ពីអំពើក្បត់ជាតិ តាមរយៈការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ និងការត្រៀមរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស អង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងអន្តរជាតិជាច្រើន និងសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ហើយនិងអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាដើម បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។ ពួកគេបានបង្ហាញពីការបារម្ភថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឈានទៅរកភាពខ្ទេចខ្ទី ហើយថា ការរំលាយគណបក្សប្រឆាំង នឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ។
សភាអឺរ៉ុប ក៏បានព្រមានផ្ដាច់ជំនួយ និងទំនាក់ទំនងពាណិជ្ជកម្ម ដោយសារការធ្លាក់ដុនដាបនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ ចំណែកសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ក៏បានព្រមានមិនផ្ដល់ទិដ្ឋាការដល់មន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធនឹងករណីនេះ និងបានដាក់ឱសានវាទ ឲ្យមានការដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។
ទោះជាយ៉ាងណា ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ពួកគេមិនយកចិត្តទុកដាក់ចំពោះការព្រមានណាមួយរបស់បរទេសនោះទេ៕