លោក​ហ៊ុន សែន​គំរាម​ប្តឹង​​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ

  • ​គង់ ​សុឋានរិទ្ធ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា

លោក​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ព្រមាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​គណបក្ស​របស់​លោក​នឹង​ប្តឹងលោក​កឹម សុខា ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រសិន​បើ​លោក​កឹម សុខា ​និង​មន្ត្រី​គណបក្ស​ជំទាស់​បន្ត​ចាត់​ទុក​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជា​ពី​ក្រោយ​ខ្នង​នៃ​ការ​បន្តុះ​បង្អាប់​គណបក្ស​ជំទាស់។​

ថ្លែង​ក្នុង​សុន្ទរកថា​នៅ​ស្រុក​អង្គស្នួល ​ខេត្ត​កណ្តាល ​នៅ​ព្រឹក​មិញ​នេះ ​លោក​ហ៊ុន សែន​ បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​លោក​កឹម សុខា​ចំៗទេ​ ​ប៉ុន្តែ​បាន​បង្ហាញ​សាវតា​រឿង​នៃ​បាតុកម្ម​ប្រឆាំង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ជុំវិញ​សំណុំ​រឿង​គុក​ទួលស្លែង​ និង​ការ​បរិហារ​ថា ​លោក​កឹម សុខា​មាន​ភរិយា​ក្រៅច្បាប់​ជាដើម។​

លោកហ៊ុន សែន​និយាយ​ថា៖ ​«បុគ្គល​ណា​ក៏​ដោយ​នៅក្នុង​បក្ស​ហ្នឹង​ដែល​និយាយ​ថា​ គណបក្ស​ប្រជាជន​ជា​អ្នក​រៀបចំ ​យើង​ប្តឹងទៅ​តុលាការ​ដើម្បី​ឲ្យ​សំណុំ​រឿង​ជុំ​តែ​ម្តង​ សំណុំរឿង​តា​ជុំ​ម៉ី​ សំណុំ​រឿង​ម្តាយក្មេក ​និង​សំណុំ​រឿង​ប្រពន្ធចុង»។​

​លោកជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​បាន​ប្តឹង​កាលពី​សប្តាហ៍​មុន​ប្រឆាំង​លោក​កឹម សុខា​ បន្ទាប់​ពី​លោក​កឹម ​សុខា​មិន​ព្រម​សុំទោស​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ​លោក​បាន​ថ្លែង​ការណ៍​ថា ​គុក​ទួលស្លែង​គឺ​ជា​គុក​សិប្ប​និមិត្ត។​

ដោយឡែក​ស្ត្រី​ពីរ​នាក់​ដែល​អះអាង​ថា​ ជា​ម្តាយ​និង​ប្រពន្ធ​ក្រៅច្បាប់​របស់​លោក​កឹម សុខា​បាន​ប្តឹង​រូប​លោក​នៅ​សាលា​ដំបូង​ខេត្តព្រៃវែង ​និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពីបទ​ប្រើ​អំពើ​ហិង្សា ​និង​ទារ​សំណង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព។​

ទោះជា​យ៉ាងណា ​លោក​កឹម សុខា​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ច្រានចោល​ជា​រៀង​រហូត​មក​ថា ​មិន​មាន​ការជាប់​ពាក់​ព័ន្ធ​ករណី​ទាំង​នេះ​ទេ។ ​មន្ត្រី​ផ្លូវការ​គណបក្ស​ជំទាស់​ធ្លាប់បាន​ហៅ​ការ​ដាក់​បណ្តឹង​របស់​បុគ្គល​ទាំងបី​នៅ​ចំពេល​កៀក​នឹង​ការ​បោះឆ្នោត​នេះ​ថា ​ជាការ​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​មាន​បណ្តាញ​ឃោសនា​នៃ​គណបក្ស​កំពុងកាន់​អំណាច​នេះ​ជួយ​បន្ទរ​យ៉ាង​ខ្លាំង។​

លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​នេះ​ បាន​លើក​ឡើង​ថា​ លោក​មិនដែល​ចោទ​ប្រកាន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​រឿង​នេះ​ទេ ​ប៉ុន្តែ​មហាជន​បាន​មើល​ឃើញ​អាថ៌​កំបាំង​ពីក្រោយ​ខ្នង​ឆាក​នេះ។​

លោក​បាន​និយាយ​ថា៖ ​«ប្រជាពលរដ្ឋ​បាន​ដឹង ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សព្វថ្ងៃ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ ថា​តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ដែល​ជួយ​ផ្សព្វផ្សាយ​រឿង​នេះ?​ គឺ​ប្រជា​ពលរដ្ឋដឹង​ និង​អាច​វាយ​តម្លៃ​បាន​ហើយ។​ យើង​មិនបាច់​ថា​ទេ»។​

លោក​ហ៊ុន សែន​បាន​បញ្ជា​ទៅ​ដល់​មន្ត្រី​គណបក្ស​របស់ខ្លួន​ឲ្យ​រៀបចំ​ឯកសារ​ត្រៀម​ប្តឹង​ប្រឆាំង​លោក​កឹម សុខា ​និង​មន្ត្រី​គណបក្ស​ជំទាស់។​

ដោយឡែក​លោក​កឹម សុខា​ចាត់ទុក​ថា​ នេះ​គឺជា​«ការ​គំរាម​កំហែង​មួយ​ដែល​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត។​ ប៉ុន្តែ​ការណ៍​នេះ​នឹង​ជួយ​ឲ្យ​មាន​ការ​គាំទ្រ​គណបក្ស​ជំទាស់​ពី​ម្ចាស់​ឆ្នោត​កាន់តែច្រើន​ទៅវិញ​ទេ។​

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នៅ​ថ្ងៃ​ទី២៨​ ខែកក្កដា​ឆ្នាំ​២០១៣​នេះ។​

មាន​គណបក្ស​ចំនួន​ប្រាំបី​ចូលរួម​ប្រកួត​ប្រជែង​ដណ្តើម​សន្លឹក​ឆ្នោត។ ​ក៏ប៉ុន្តែ​ក្នុង​ពេលនេះ​គេ​សង្កេត​ឃើញ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បើក​ការ​វាយ​ប្រហារ​កាន់តែ​ខ្លាំង​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មិន​បាន​លើក​ឡើង​ពី​គណបក្ស​ប្រជែង​ផ្សេង​នោះ​ទេ។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុមហ្វ្រែល)​ លើក​ឡើង​ថា​ បណ្តឹង​នេះ​អាច​បង្ក​បរិយាកាស​គំរាម​កំហែង​ដល់​អ្នក​នយោបាយ​ដែល​ប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច។​

លោក​និយាយ​ថា៖​ «វា​អាចធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ​ការ​បោះឆ្នោត​ហ្នឹង​អាច​ដំណើរ​ការ​ទៅដោយ​អត់​សេរី​ និង​យុត្តិធម៌​ត្រឹមត្រូវ​ បើសិន​ជាមាន​ការ​ដាក់​សម្ពាធ​និង​ការ​ប្រើប្រាស់​តុលាការ»។​

នៅក្នុង​ពេលនេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​មិនអាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ទេ​ ដោយសារ​តែ​តុលាការ​ខ្មែរ​បាន​ផ្តន្ទាទោស​រូបលោក​ ដែល​មន្ត្រី​សង្គម​ស៊ីវិល​ធ្លាប់​បាន​ហៅ​ថា​ នេះ​ជា​រឿង​នយោបាយ។​

ហើយ​ប្រសិន​បើ​លោក​កឹម សុខា​នឹង​ជាប់​បណ្តឹង​ថ្មីៗ​ថែមទៀត​ នោះ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ជំទាស់​អាច​នឹង​ទទួល​រង​សម្ពាធ​មួយ​កម្រិត​បន្ថែម​ទៀត៕