លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោក កំពុងពិចារណាបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលច្បាប់នេះត្រូវបានអ្នកការពារសិទ្ធិមនុស្សបារម្ភថា នឹងរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនៅក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារ។ លោក ហ៊ុន សែន បានថ្លែងថា ប្រទេសផ្សេងៗដូចជា ប្រទេសសិង្ហបុរី បានបង្កើតច្បាប់នេះរួចទៅហើយ ដូច្នេះលោកថា រដ្ឋាភិបាលរបស់លោកក៏ទំនងជានឹងអាចធ្វើដូចគ្នាផងដែរ៖
«ឥឡូវនេះ ពិភពលោកកំពុងខ្វាយខ្វល់អំពីព័ត៌មានក្លែងក្លាយ ប្រទេសខ្លះនៅក្នុងតំបន់របស់យើង សាំងហ្គាពួរជាអ្នកបង្កើតច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយមុនគេ។ ឯយើងអត់ទាន់មានទេ យើងកំពុងតែពិនិត្យពិចារណាថា គប្បីធ្វើ ឬមិនធ្វើ។ ប៉ុន្តែប្រហែលមានលទ្ធភាពធ្វើច្រើនជាង»។
កាលពីខែតុលា ឆ្នាំ២០១៩ ប្រទេសសិង្ហបុរីបានអនុម័តច្បាប់លើព័ត៌មានក្លែងក្លាយ ដែលមានឈ្មោះថា«ច្បាប់ការពារពីការប្រឌិតនិងការបំភ្លៃតាមប្រព័ន្ធអ៊ីនធឺណិត»។ ច្បាប់នេះអនុញ្ញាតឲ្យរដ្ឋាភិបាលសិង្ហបុរីដកចេញ ឬកែតម្រូវពីអ្វីដែលខ្លួនចាត់ទុកថាជា ការលើកឡើងក្លែងក្លាយ«ប្រឆាំងនឹងផលប្រយោជន៍សាធារណៈ»។
រាល់បុគ្គលណាដែលត្រូវបានរកឃើញថា មានទោសទណ្ឌពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ នឹងប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ឬជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។
យ៉ាងណាក្ដី ការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវបានអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយបារម្ភថា អាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមអ្នករិះគន់។
កាលពីខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានហៅសេចក្ដីរាយការណ៍របស់កាសែត The Wall Street Journal ដែលរាយការណ៍ថាកម្ពុជាបានចុះហត្ថលេខាដោយសម្ងាត់ដែលអនុញ្ញាតឲ្យកងទ័ពជើងទឹកចិនតាំងមូលដ្ឋាននៅដែនសមុទ្ររាម ក្នុងខេត្តព្រះសីហនុ គឺជាការផ្សាយ«ព័ត៌មានប្រឌិតដ៏អាក្រក់បំផុត»ប្រឆាំងកម្ពុជា។
លោក ណុប វី នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រាប់ VOA នៅថ្ងៃពុធនេះថា លោកមានមន្ទិលច្រើនពាក់ព័ន្ធនឹងច្បាប់ស្តីពីព័ត៌មានក្លែងក្លាយ ដរាបណាការអប់រំពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ នៅតែមានកម្រិតនៅកម្ពុជា។
លោក ណុប វី ពន្យល់ថា៖ «ប្រសិនបើយើងខ្វះការអប់រំទៅដល់ប្រជាពលរដ្ឋ ពលរដ្ឋយើងអត់យល់អំពីខ្លឹមសារព័ត៌មានក្លែងក្លាយ ឬដូចជា ខ្ញុំបានលើកឡើងអម្បាញ់មិញនេះ ទោះបីជាមានច្បាប់ដាក់ទោសគាត់ប្រហារជីវិតក៏ដោយ ក៏វាពិបាកក្នុងការអនុវត្ត ឬក៏ធ្វើឲ្យយើងអាចកាត់បន្ថយព័ត៌មានក្លែងក្លាយហ្នឹងបានដែរ លុះត្រាតែយើងឆ្លងកាត់ការអប់រំ»។
លោក ណុប វី ដែលបានចូលរួមក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាននេះ បានបង្ហាញក្ដីកង្វល់មួយទៀតដោយលើកឡើងថា ប្រសិនបើមិនមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗក្នុងការផ្ដល់យោបល់លើច្បាប់នេះ នឹងអាចមានផលប៉ះពាល់ទៅដល់ការប្រើប្រាស់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសង្គម។
លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា អ្នកស្រីមានការព្រួយបារម្ភចំពោះការរៀបចំតាក់តែងច្បាប់ថ្មីពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ អាស្រ័យដោយហេតុថា ច្បាប់ស្ដីពីព័ត៌មានក្លែងក្លាយអាចបង្កជាឧបសគ្គលើសេរីភាពនៃការបញ្ចេញមតិយោបល់របស់ពលរដ្ឋទៅវិញ។
លោកស្រីបញ្ជាក់ថា៖ «យើងដឹងប្រទេសមួយចំនួនជាពិសេសសិង្ហបុរីអីហ្នឹង ម៉ាឡេស៊ីក៏ដូចគ្នាដែរ ដូចគាត់បានចេញនូវច្បាប់នេះ ហើយដែលសង្គមស៊ីវិលនៅក្នុងប្រទេសទាំងអស់នោះមានការរិះគន់ខ្លាំងមែនទែន។ ហើយយើងឃើញថា ការដាក់ចេញនូវច្បាប់នោះពិតជាបានគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ។ អញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានការបារម្ភមែនទែនចំពោះផលជះលើសេរីភាពបញ្ចេញមតិ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដែលលំហសង្គមស៊ីវិលរួមតូចរួចទៅហើយ»។
លោកស្រីបានបន្ថែមថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការចាប់ខ្លួន ការចោទប្រកាន់ និងការកាត់ទោសសកម្មជន និងពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមរយៈការបង្ហោះសារតាមប្រព័ន្ធអ៊ីនធឺណិត មានការកើនឡើងគួរឲ្យកត់សម្គាល់។
ស្របពេលដូចគ្នានេះដែរ រដ្ឋាភិបាលកម្ពុជាបានកំពុងធ្វើសេចក្ដីព្រាងច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមព័ត៌មានវិទ្យា ដែលបាននាំឲ្យមានការបារម្ភថា ច្បាប់នេះនឹងអាចប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ខណៈរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមចាត់វិធានការចំពោះការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុករួចទៅហើយ៕