លោក​ ហ៊ុន សែន ថា​ការ​ចាក់​​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជា​​មរតក​នយោបាយ​​របស់​លោក​

រូប​ឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមេដៃបង្ហាញអ្នកសារព័ត៌មាន ខណៈលោកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ថ្លែង​ថា​ការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ជា​កេរ​មរតក​នយោបាយ​របស់​លោក​ហើយ​រដ្ឋាភិបាល​របស់​លោក​បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​ពឹង​ផ្នែក​លើ​វ៉ាក់សាំង​របស់​ចិន។

លោក​ ហ៊ុន សែន បាន​លើក​ឡើងបែប​នេះ​នៅ​ក្នុង​ការ​ថ្លែង​តាម​អនឡាញ​មួយ​ចេញ​ពី​គេហដ្ឋាន​របស់លោក​ក្នុង​ក្រុងតាខ្មៅ​នៃ​ខេត្តកណ្តាល។

លោក​ ហ៊ុន សែន ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់​នៅ​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ ដោយ​យក​ចិន​ជា​បង្អែក​វ៉ាក់សាំង​បង្ការ​នេះ។

លោកថ្លែង​តាម​ខ្លឹមសារ​ដើម​ថា៖ «ខ្ញុំ​ថា​បើ​មិន​ឲ្យ​ខ្ញុំ​ពឹង​ចិន តើ​ឲ្យ​ខ្ញុំ​ពឹង​អ្នកណា? រឿងហ្នឹង​វា​ជា​ការ​ពិត មិន​ដឹង​និយាយ​ថា​ម៉េច? អ្នក​នេះ​សន្យា​អ្នក​នោះ​សន្យា​[ឲ្យ​វ៉ាក់សាំង] ក៏ប៉ុន្តែ​ទីចុង​បំផុត វា​មិន​មក ហើយធ្វើ​ម៉េច។ មាន​តែ​របស់​[វ៉ាក់សាំង]​ចិន វា​មក»។

រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ចំនួន ៦ សែន​ដូស​ដែល​ផ្ដល់​ឲ្យ​កម្ពុជា​ដោយ​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក​នាយករដ្ឋមន្រ្តី​បន្ថែម​ថាការ​ចាក់​វ៉ាក់សាំង​នេះ​ជា​មរតក​នយោបាយ​របស់​លោក​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «ឥឡូវ​មានអ្នក​ធ្វើ​អត្ថាធិប្បាយ​ថា​ប្រហែល​ជា​កេរអាករ​របស់​លោក ហ៊ុន សែន​ ប្រហែល​ជា​វ៉ាក់សាំង។ ត្រូវ! អ្នក​ឯង​និយាយ​ត្រូវ»។

បើ​តាម​លោក ហ៊ុន សែន អាជ្ញាធរ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ប្រមាណ​៤លាន​២សែន​នាក់ គឺស្មើ​នឹង​៤២%នៃ​ចំនួន​ប្រជាពលរដ្ឋ​១០លាន​នាក់​ដែល​ត្រូវ​ចាក់។ រដ្ឋាភិបាល​កម្ពុជា​បាន​ពឹង​ផ្អែក​លើ​វ៉ាក់សាំង​ដែល​ទិញ​និង​ជំនួយ​ឥត​សំណង​ពី​ចិន គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm)​ និង​ស៊ីណូវ៉ាក់ (Sinovac)​ ដែល​លោក​ហ៊ុន សែន​ ថា​មាន​សុពលភាព​ប្រសិទ្ធភាព​រយៈ​ពេល​២ឆ្នាំ។

លោក​ ហ៊ុន សែន ​បន្ថែម​ថា​បន្ទាប់​ពី​ចាក់​ដល់ប្រជា​ពលរដ្ឋ​១០លាន​នាក់​ដែល​មាន​អាយុ​លើស​ពី​១៨ឆ្នាំ រដ្ឋាភិបាល​នឹង​រក​វ៉ាក់សាំង​ចាក់​ដល់​ក្មេងៗ​អាយុ​ក្រោម​១៨ឆ្នាំ​ផង​ដែរ។

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថា​ប្រជាពលរដ្ឋ​នឹង​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​និង​មន្រ្តី​ទាំង​អស់​ក្នុង​ការ​ស្វះស្វែង​រកវ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​នេះ​ជា​កាតព្វកិច្ច​ករណីកិច្ច​និង​ការ​ទទួល​ខុសត្រូវ​របស់​ថ្នាក់​ដឹកនាំ​ក្នុង​វិបត្តិ​ជំងឺ​ជា​សាកល​នេះ។

លោក​បន្ថែម​ថា​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​ជំងឺ​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ដោយសារ​កូវីដ១៩ នៅបន្ត​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​វិធីទប់ស្កាត់​ឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព​ហើយ​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ថា​រដ្ឋាភិបាល​និង​អាជ្ញាធរ​អាច​ធ្វើ​បាន៕