លោក ហ៊ុន សែន ថា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ដល់​ក្មេង​អាយុ​៦​ឆ្នាំ​ឡើង​ទៅ «ជា​ការ​បោះ​ជំហាន​មុន»

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ (AFP)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ថ្លែង​ថា ​វា​ជា​រឿង​«ចាំបាច់» និង​«ការ​បោះ​ជំហាន​មុន» ក្នុង​ការ​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ក្មេង​អាយុ​ចាប់​ពី​៦​ឆ្នាំឡើង​ទៅ​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ថ្លែង​បែ​បនេះ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ដល់​ក្មេង​អាយុ​ចាប់​ពី​៦ឆ្នាំ​ដល់​អាយុ​១២​ឆ្នាំ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ហើយ​លោក​បាន​នាំ​ចៅៗ​របស់​លោក​ទៅ​ចាក់​វ៉ាក់​សាំង​មុន​គេ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «វា​ជា​ការ​ចាំបាច់​ដើម្បី​ឲ្យ​យើង​ធ្វើ​បែប​នេះ ព្រោះ​ថា​យើង​ត្រូវ​បោះ​ជំហាន​មុន។ ប្រសិន​បើ​យើង​មិន​បោះ​ជំហាន​មុន​ទេ សភាព​ការណ៍​អាច​នឹង​កើត​ឡើង ហើយ​យើងពិបាក​ស្រោច​ស្រង់​នៅ​ពេល​ក្រោយ»។

លោក ហ៊ុន សែន បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​គិត​គូរ​ដល់​សិទ្ធិ​៣​យ៉ាង​របស់​កុមារ គឺ​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទទួល​បាន​ការ​ថែ​ទាំង​សុខភាព និង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ។ លោក​បញ្ជាក់​ថា ​កុមារ​អាច​ចូលរួម​បាន នៅ​ពេល​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។

បើ​តាម​នាយករដ្ឋមន្រ្តី ​ការ​ចាក់​នេះ​ស្ថិត​នៅ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត ដែល​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ។ រដ្ឋាភិបាល​នឹង​ប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​(Sinovac)​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​Sinovac Biotech Ltdសម្រាប់​ចាក់​ក្មេង​នៅ​ទូទាំង​ប្រទេស អាយុ​ចន្លោះ​ពី​៦​ឆ្នាំ​ដល់​១២​ឆ្នាំ ដែល​មាន​ការ​ប៉ាន់​ប្រមាណ​ជាង​១​លាន​៩​សែន​នាក់។

អ្នកស្រី Foroogh Foyouzat ​នាយិកា​អង្គការ​យូនី​សេហ្វ​(Unicef)​ប្រចាំ​កម្ពុជា ប្រាប់​វីអូអេ​តាមសារ​អ៊ីមែល​កាល​ពី​ថ្ងៃពុធ​ថា ​វា​អាស្រ័យ​លើការ​សម្រេច​របស់​រដ្ឋាភិបាល​ថាតើ​ក្រុម​មនុស្ស​ប្រភេទ​ណា​ត្រូវ​ចាក់​វ៉ាក់​សាំង ​ហើយ​ចាក់​នៅ​ពេល​ណា​ទៅ​តាម​បរិបទ​ខាង​ក្នុង​ស្រុក​ និង​ការ​សិក្សា​បែប​វិទ្យា​សាស្រ្ត​អំពី​ជំងឺ។ អ្នក​ស្រី​បន្ថែម​ថា ​រហូត​មក​ដល់​ពេលនេះ ​មានតែ​វ៉ាក់សាំង​ប្រភេទ​Pfizer/BioNTechដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​អង្គការ​សុខ​ភាព​ពិភព​លោក​សម្រាប់​ចាក់​ឲ្យក្មេង​អាយុ​ចន្លោះ​១២​ទៅ​១៧ឆ្នាំ​ ហើយ​មិន​ទាន់​មាន​វ៉ាក់សាំង​ណា​មួយ​ដែល​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​ក្មេង​ក្រោម​អាយុ​១២​ឆ្នាំ​នៅ​ឡើយ​ទេ។

អ្នកស្រី​បញ្ជាក់​ថា៖ «ប្រទេស​ដែល​ពិចារណា​ការ​ចាក់​វ៉ាក់​សាំង​សម្រាប់​ក្រុម​មនុស្ស​វ័យក្មេង ​ចាំបាច់​ត្រូវគិត​ពី​សុវត្ថិភាព​ និង​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​សម្រាប់​ក្មេង ​ដោយ​មើល​ទៅ​លើ​ហានិ​ភ័យ​ស្រួច​ស្រាល់ និង​អត្ថប្រយោជន៍» ។

អ្នកស្រី Foroogh Foyouzat ​ថ្លែង​ថា​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​នៃ​ការ​រាត​ត្បាត​ជំងឺ​ជា​សាកល ​ភ័ស្តុតាងបង្ហាញ​ថា​ជំងឺ​កូវីដ​១៩​នេះ​មិន​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ក្មេង​នោះ​ទេ៕