នាយករដ្ឋមន្ត្រី​៖ អស់​ពីលោក​ទៅ​ ស្ថិរភាព​នឹងមាន​ជានិច្ច​​ ក្រោម​ការ​ដឹកនាំរបស់​អ្នក​ជំនាន់​ថ្មី

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

នៅថ្ងៃអង្គារនេះ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​ថា ស្ថិរភាពនៅ​ក្នុងប្រទេស​នឹង​បន្ត​មាន​ ក្រោយ​ពេល​មាន​អ្នកដឹកនាំថ្មី​មក​ជំនួស​លោក​ និង​មន្ត្រី​វ័យ​ចំណាស់​ៗរបស់គណបក្សកាន់អំណាច​។ លោក​ក៏​បាន​អះអាង​ផងដែរថា ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​កន្លង​មក​នោះ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​ជាតិ​ ។

លោក ​ហ៊ុន សែន​ ដែល​ពេល​នេះ​មាន​អាយុ​ ៧១​ ឆ្នាំ ​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​ ជិត​បួន​ទសវត្សរ៍​ គិត​ចាប់តាំង​ពី​ការដួលរលំនៃ​របបកម្ពុជា​ប្រជាធិបតេយ្យ​ ដែល​គេស្គាល់​ថា​ ជា​របប​ខ្មែរ​ក្រហម​។

ថ្លែង​នៅ​ក្នុង​ពិធីចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​វារី​អគ្គិសនី​ស្ទឹង​ពោធិ៍​សាត់​១ ស្ថិត​នៅ​ឃុំ​ប្រម៉ោយ​ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ លោក​ហ៊ុន សែន​ បាន​ប្រាប់​ប្រជាពលរដ្ឋ​ និង​ក្រុមមន្ត្រី​រដ្ឋាភិបាល​ថា​ លោក​មិន​អាច​បន្ត​ដឹកនាំ​ប្រទេស​រហូត​ទេ​ ពោល​គឺ​នឹង​មាន​អ្នកជំនាន់​ថ្មី​មក​ជំនួស​លោក​ និង​មន្ត្រីរដ្ឋាភិបាល​ចាស់​ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

លោកបញ្ជាក់​បន្ថែមថា​ ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​នឹង​បន្ត​មាន​ ព្រោះ​លោក​ និង​អ្នកជំនាន់​ចាស់​របស់​បក្ស​កាន់​អំណាច​ នឹង​នៅ​បន្តជួយ​អ្នកដឹកនាំ​ថ្មី​ ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ជាតិ។

លោក​ថ្លែងថា៖ «យើង​អត់​ទៅ​ណា​ឆ្ងាយ​ យើង​នៅ​ហ្នឹង​ដែរ​។ អ៊ីចឹង​វា​មិនមាំ​ជាង​ ខ្សែ​ក្រវាត់ពីរ​ជាន់​។ បាន​សេចក្តី​ថា ខាង​មុខ​មាន​ក្មេង​គេ​កាន់​អំណាច​ ខាង​ក្រោយ​គឺ​មាន​ចាស់​ទុំ​ដែល​នៅ​ទ្រទ្រង់​ ខ្សែ​ក្រវាត់​ពីរនេះ​ គឺមាំ​ណាស់។ អត់​មាន​អស្ថិរភាពន​យោ​បាយ ដោយ​សារ​តែ​ការ​បាត់​បង់​ជីវិត​របស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​របស់​អ្នក​ណា​ ជា​ពិសេស​គឺ​នាយករដ្ឋ​មន្ត្រី​បាត់​បង់​ជីវិត​ គឺ​គ្រោះ​ថ្នាក់​ណាស់»។ ​

លោក ហ៊ុន សែន ​បាន​ពន្យល់ថា​ ការ​កែរដ្ឋធម្មនុញ្ញ​កន្លង​មកនោះ​ គឺ​មួយ​ផ្នែក​ខ្លះ​មាន​សារ:សំខាន់​ដល់ការ​រក្សា​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ប្រទេស​ នៅពេល​ដែល​មិន​មាន​ឥស្ស​រជន​រូប​ណា​ កាន់​កាប់​តំណែង​នាយក​រដ្ឋមន្ត្រី​។

លោកថ្លែងថា៖ «យើង​កែ​រដ្ឋ​ធម្ម​នុញ្ញ​កន្លង​ទៅ​គឺ​កែ ពី​មុន​យើង​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញអត់​ទាំង​មាន​កំណត់​ផង​ អត់​មាន​កំណត់​ គឺ​ចែង​ច្បាស់​ធ្លូ​ទៅ​តែ​ហ្មង​ថា​ ក្នុង​ករណី​តំណែង​នាយក​រដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​ គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​រៀប​ចំ​ឡើង​វិញ​ អ៊ីចឹង​មាន​ន័យ​ថា​ នាយក​រដ្ឋ​មន្ត្រី​ស្លាប់​ភ្លាម​ ឬ​លា​លែង​ពី​តំណែង​ភ្លាម​ គណៈរដ្ឋមន្ត្រី​ទាំង​មូល​រលាយ​បណ្តោយ»។

លោករៀប​រាប់​បន្តថា៖ «​អ៊ីចឹង​ បាន​ជាយើង​ចែង​ថា​ បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​ ទៅ​តាម​ករណី​ ករណី​ស្លាប់​ គឺ​ករណី​ថា ព្រោះ​ក្នុង​ការ​កំណត់​ ដូច​ជា​ការ​បែង​ចែក​តួនាទី​ដែល​ខ្ញុំ​ចេញ​សេចក្តី​សម្រេច​ថា​ ឧបនាយករដ្ឋ​មន្ត្រី​មួយ​ ធ្វើ​នាយករដ្ឋ​មន្ត្រីស្តីទី? អ៊ីចឹង​ នាយករដ្ឋមន្ត្រី​ស្តី​ទី​ ត្រូវ​ដឹក​នាំ​រដ្ឋាភិបាល​ រហូតដល់​រើស​ រៀប​ចំ​គណៈរដ្ឋ​មន្ត្រី​មួយ​ថ្មី​ អាហ្នឹង​ទំនេរ​»។

លោក​បន្ថែម​ថា ​ក្នុង​ករណី​លាលែង​ នាយករដ្ឋ​មន្ត្រី​ដែល​លាលែង​នោះ ត្រូវ​ទទួល​ខុស​ត្រូវការ​ងារ រហូត​ដល់​គណៈរដ្ឋ​មន្ត្រី​មួយ​ត្រូវ​បាន​រៀប​ចំ​ឡើងវិញ​ ហើយមុន​ពេល​ដែល​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​ គណៈរដ្ឋមន្ត្រីចាស់ដែល​បង្កើត​ដោយ​សភា​ក៏ត្រូវ​បន្ត​ទទួល​ខុស​ត្រូវ​ការងារ​ខ្លួន​ដែរ។ ទោះយ៉ាង​ណា​ លោក​ថា ការ​កំណត់​បែបនេះ​ បែរ​ជា​ត្រូវ​បាន​គេ​រិះ​គន់​ថា ជា​ការ​ធ្វើរដ្ឋ​ប្រហារ​ធម្មនុញ្ញ​ទៅ​វិញ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ​ គណបក្សកាន់​អំណាច​បាន​ផ្លាស់​ប្តូរ​ មន្ត្រីដឹកនាំ​នយោបាយ​ជាច្រើនរូប ដោយ​ប្តូរ​មន្ត្រីចាស់​ដាក់​មន្ត្រីវ័យ​ក្មេងឱ្យ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី ក្នុង​នោះ​រួមមាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក ​សាយ សំអាល់ ​បាន​ឡើងមក​ជំនួស​លោក​រដ្ឋមន្ត្រីចាស់​លោក ​ម៉ុក ម៉ារ៉េត លោក ​កើត​ រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឡើង​មក​ជំនួស​លោក​ អង្គវង្ស​ វឌ្ឍនា​ លោក ​ឌិត ទីណា ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ឡើង​មក​ជំនួស​លោក ​វេង សាខុន ហើយក៏មាន​ការ​តែង​តាំង​ឧបនាយករដ្ឋ​មន្ត្រី​បន្ថែម​ទៀត​ ដែល​រួមមានលោក ​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ ប្រាក់​ សុខុន ​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស និង​លោក​ ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ផងដែរ​។

ដំណាល​គ្នា​នឹង​ពេល​មាន​ការ​ជំរុញ​មន្ត្រី​វ័យ​ក្មេង​ឱ្យ​ធ្វើ​ជា​ប្រមុខ​ដឹក​នាំ​ក្រសួង​ស្ថាប័ន​រដ្ឋ​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែលមាន​លោក ​ហ៊ុន សែន​ ជា​ប្រធាននោះ ក៏​បាន​រៀបចំរួច​ជាស្រេចនូវ​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​ពេល​អនាគត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​ហ៊ុន សែន​ គឺ​លោក ​ហ៊ុន ម៉ាណែត​។

អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី​ យល់ថា​ ការកែ​រដ្ឋធម្មនុញ្ញ​ ឬ​វិសោធនកម្ម​កន្លង​មក​ធ្វើ​ឡើង​ ដើម្បី​បម្រើប្រយោជន៍​នយោបាយ​របស់គណបក្ស​កាន់​អំណាច​ ហើយ​ថា វិសោធនកម្ម​មុនៗ​នោះ​ បាន​ធ្វើឱ្យខូច​សង្គតិ​ភាព​នៃ​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​ប្រាប់វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​៖ ​«ហើយ​ចុង​ក្រោយ​នេះ​ យើង​ឃើញ​ហើយ​ ក្រោយ​ពី​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិក្នុង​ឆ្នាំ​ ២០១៧​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ច្រើន​ណាស់​បាន​ធ្វើឡើង ​ក្រោយ​ពី​ការ​ដក​អភិយ​ឯក​សិទ្ធិ​ ឬក៏ការ​ដក​កៅ​អីពីសភា​ ពី​គណបក្ស​ប្រឆាំង​ហ្នឹង​ យក​មក​ចែក​គ្នា​ហ្នឹង​គឺ​ មាន​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ច្រើន​ណាស់​។​ ដូច្នេះ​ ខ្ញុំ​សរុប​មក​វិញ​ ខ្ញុំ​ថា​ ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​មិនមែន​ជារឿង​ខុស​ទេ​។ ក៏​ប៉ុន្តែ​ការ​ធ្វើវិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​តាម​អ្វី​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​នេះ​វា​អត់​អាច​ទទួល​យក​បាន​ទេ»។ ​

ជុំវិញ​ការធានា​នូវ​សន្តិភាព​ និង​សិ្ថរភាព​នយោបាយ​ក្នុង​ប្រទេស​បន្ទាប់​ពី​លោក​ហ៊ុន សែន​ចាក​ចេញពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី អ្នក​វិភាគ​រូប​នេះ​ លើក​ឡើង​ថា​ បើ​អ្នក​នយោ​បាយ​រូប​ណា​នៅ​បន្ត​គោរព​រដ្ឋ​ធម្មនុញ្ញ​ និង​មិន​ព្យាយាម​បំភ្លេច​សន្និសីទ​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រស់​នៅ​ក្នុង​ស្ថាន​ភាព​គ្មាន​ជម្លោះ​ ហើយ​ការ​អភិវឌ្ឍ​ប្រទេស​នឹង​បន្ត​មាន។

លោក​ថ្លែង​ថា​៖ «​អ៊ីចឹងបើសិន​ជា​ អ្នក​នយោបាយ​ណា​ក៏​ដោយ​ដែល​មិនព្យាយាម​បំភ្លេច​ សន្និសីទ​ទី​ក្រុង​ប៉ារីស​ ដែល​មិន​ព្យាយាម​បំពាន​ធម្មនុញ្ញ​ ហើយ​អនុវត្ត​ទៅ​តាម​គោល​ការណ៍​ធម្មនុញ្ញ​ទៅ​កម្ពុជា​មាន​សន្តិភាព​ពិត​ប្រាដកហើយ កម្ពុជា​មាន​ស្ថិរភាព​ពិត​ប្រាកដ​ហើយ​»។

លោក​បន្ថែម​ថា៖ «សន្តិភាព​ ហើយ​និង​ស្ថិរភាព​សង្គម​ ហើយ​និង​សង្គ្រាម​នៅ​កម្ពុជា​នេះ​មិន​អាច​ធានា​ដោយ​បុគ្គល​ណា​ទេ​ មិន​អាច​ធានា​ដោយ​មាត់​អ្នកនយោបាយ​ណា​ទេ។ វាធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ។ វាធានា​ដោយ​មាន​អន្តរជាតិ​ជា​អ្នក​ផ្តួច​ផ្តើម​ចូលរួម​ ជាពិសេស​យើង​ពិនិត្យ​មើល​ទៅ​លើ​សន្និសីទ​ក្រុង​ប៉ារីស​ឆ្នាំ​៩១»។

នៅក្នុង​ការ​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ និង​ក្រុមមន្ត្រីរដ្ឋាភិបាល​នៅខេត្ត​ពោធិ៍សាត់​ដដែលនោះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ថ្លែង​បរិហារ​ក្រុម​អ្នករិះគន់​ខ្លះ ថា​ បារម្ភតែ​រឿង​លទ្ធិប្រជាធិប​តេយ្យ​ និង​សិទ្ធិមនុស្ស​ តែ​ពួកគេបាន​មើល​រំលងការ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​សន្តិភាព​ សិទ្ធិរស់រាន​មាន​ជីវិត និង​ការយក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ទៅលើ​សុខមាលភាព​របស់​ប្រជាជន​ តួ​យ៉ាង​ការផ្តល់​វ៉ាក់សាំង​ប្រឆំាង​នឹង​ជំងឺឆ្លងដែល​ទំនង​សំដៅ​លើ​ជំងឺកូវីដ១៩​ ទាំង​ក្នុងទី​ប្រជុំជន​ និង​ទីជនបទ​៕