លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជំហរជាថ្មីថា លោកនឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជាតិនាឆ្នាំ២០២៣ ខណៈដំណើរការរៀបចំក្រុមអ្នកបន្តវេនក្នុងជួរគណបក្សកាន់អំណាច កំពុងបោះជំហានទៅមុខជាបន្តបន្ទាប់។
នៅអំឡុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥១ ដែលតភ្ជាប់ផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៥ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចផងនោះ ថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃណាខ្ញុំសម្រាក ខ្ញុំសម្រាកហើយ។ ហើយខ្ញុំបានប្រកាសហើយ ខ្ញុំធ្វើរហូតដល់ពេលខ្ញុំឈប់ចង់ធ្វើ។ អាហ្នឹង គឺមានតែអ៊ីចឹង ព្រោះអត់មានទើសក្បាលអាណាទេ។ កុំឱ្យវាពិបាកពេក។ អារៀបចំចេះតែរៀបចំហើយ ត្រៀមគឺត្រៀមហើយ។ គេត្រូវតែត្រៀម ព្រោះធម្មតាគេត្រៀមមនុស្សសម្រាប់ការបន្តវេនស្អីៗហ្នឹង។ ហើយក្នុងឆ្នាំ ២០២៣ ខ្ញុំនឹងបន្តក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្រ្តីនៃការបោះឆ្នោតជាបន្តទៀត»។
លោក ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាងបួនទសវត្សរ៍ អះអាងថា ការផ្ទេរអំណាចដល់អ្នកបន្តវេន គឺអាចនឹងត្រូវពិចារណាក្រោយការបោះឆ្នោត និងបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរក្សាសន្តិភាពនៅក្នុងប្រទេសករណីមានការផ្លាស់ប្តូរអំណាច។ លោកបន្ថែមថា នៅពេលលោកលាឈប់ពីតំណែងនាយករដ្ឋមន្រ្តី គឺលោកមិនទាមទាមឱ្យអ្នកបន្តវេនមកសួរ ឬសុំយោបល់ពីលោកនោះទេ។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា បើទោះបីជាសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនមែនជាសារថ្មីមួយក៏ដោយ ក៏អត្ថន័យបង្កប់នៅក្នុងសារនេះ គឺលោកនាយករដ្ឋមន្រ្តីចង់បង្ហាញថា លោកនៅមានថាមពល និងសមត្ថភាពពេញលេញនៅក្នុងការប្រកួតប្រជែងការបោះឆ្នោត។
លោក សេង សារី បានថ្លែងថា៖ «គាត់ហាក់ដូចជារួចរាល់នៅក្នុងការរៀបចំបានការផ្ទេរអំណាច ប៉ុន្តែដៃគូប្រកួតប្រជែងរបស់គាត់ ដែលជាដៃគូខ្លាំងសំដៅទៅលោក សម រង្ស៊ី កម្លាំងនយោបាយរបស់លោក សម រង្ស៊ី ហ្នឹង នៅបង្ហាញនៅខ្លាំងនៅឡើយ ដែលគាត់មិនប្រាកដចិត្តនៅក្នុងការផ្ទេរអំណាចឱ្យកូន ប្រហែលជាអាចគិតថា អ្នកជំនាន់ក្រោយរបស់គាត់ហ្នឹងមិនអាចប្រយុទ្ធ ឬក៏ប្រកួតប្រជែងនយោបាយជាមួយនឹងមនុស្សជំនាន់គាត់។ ដូច្នេះគាត់ប្រហែលជា អាចជាសារបង្ហាញថា គាត់ប្រហែលនៅបន្តគ្រប់គ្រងស្ថានភាពនៅកម្ពុជា»។
បើតាមលោក សេង សារី ការប្រកាសបន្តឈរឈ្មោះជានាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន គឺដោយសារតែអ្នកបន្តវេនពីរូបលោកមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការប្រកួតប្រជែងខាងនយោបាយ និងស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាហាក់ដូចជាមិនអំណោយផលដល់ការផ្ទេរអំណាច។
សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការសម្រេចបន្តឈររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺដោយសារអ្នកនយោបាយថ្មី ដូចជា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត មិនទាន់មានប្រជាប្រិយភាព បើធៀបជាមួយអ្នកនយោបាយជើងចាស់នៅក្នុងគណបក្សកាន់អំណាចបច្ចុប្បន្ន។
លោកបានថ្លែងថា៖ «មិនអាចផ្ទេរនៅមុន[ការ]បោះឆ្នោតឆ្នាំ ២០២៣ នេះទេ នេះគឺជា ទស្សនៈខ្ញុំផ្ទាល់ ដើម្បីឱ្យមានស្ថិរភាព ទីមួយនៅក្នុងបក្ស ទីពីរដើម្បីឱ្យបេក្ខជននាយករដ្ឋមន្រ្តីថ្មី ហ្នឹងគាត់មានលទ្ធភាពឈរជើង ឬកាន់ការងារឱ្យបានច្រើនពេញលេញផង ហើយនឹងមិនធ្លាក់នូវប្រជាប្រិយភាពរបស់បក្សបានច្រើនទៀត អាចរក្សានូវប្រជាប្រិយភាពបានច្រើន»។
វីអូអេ មិនអាចទាក់ទងសុំការអធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
គួររំឭកផងដែរ កាលពី២៩ ខែធ្នូ ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា នៅពេលដែលលោកចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី លោកនឹងស្នើច្បាប់ដើម្បីកំណត់អាយុរបស់នាយករដ្ឋមន្រ្តីត្រឹម៧០ឆ្នាំទៅតាមការចង់បានរបស់គូប្រជែងនយោបាយរបស់លោក គឺលោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេស៕