លោក ហ៊ុន សែន​ថា ការ​ចរចា​នយោបាយ ធ្វើ​បាន​តែ​នៅ​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅរាជធានីភ្នំពេញ។​ អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោក ហ៊ុន សែន ​បន្ថែម​ថា លោក​មិន​អាច​ឲ្យ​នរណា​ម្នាក់​បំផ្លាញ​ស្ថិរភាព​នយោបាយ និង​សណ្ដាប់​ធ្នាប់​សង្គម​​បានទេ​ ហើយ​ថា​ បក្ស​ប្រឆាំង​មិន​ត្រូវ​យក​ករណី​បុគ្គល​ធ្វើ​ជា​រឿង​នយោបាយ​ហើយ​​មក​គំរាម​ធ្វើ​​បាតុកម្ម​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​នេះ ​បាន​ប្រកាស​ជា​សាធារណៈ​យ៉ាង​ដាច់​ខាតថា​ ការចរចា​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង​ ធ្វើ​ឡើង​បាន​តែ​ក្នុង​រដ្ឋសភា មិន​អាច​កើត​ឡើង​តាម​រយៈការ​ធ្វើ​បាតុកម្ម​នោះ​ទេ។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ធ្វើ​ឡើងក្រោយ​ពេល​គណបក្ស​ប្រឆាំង​ប្រកាស​ពី​គម្រោង​ធ្វើ​មហា​បាតុកម្មទាមទារ​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ។ សមាជិក​សភាបក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា ក្រោយ​រដ្ឋាភិបាល ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​ ហ៊ុន សែន ព្រមាន​បក្ស​ប្រឆាំង​ថា​ លោក​នឹង​ចាត់​វិធានការ​ ប្រសិន​ជា​បក្ស​ប្រឆាំង​គំរាម​ធ្វើ​បាតុកម្មដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ចរចា។

លោក​បន្ថែម​ថា លោក​មិន​អាច​ឲ្យ​នរណា​ម្នាក់​បំផ្លាញ​ស្ថិរភាព​នយោបាយ និង​សណ្ដាប់​ធ្នាប់​សង្គមបានទេ​ ហើយ​ថា​ បក្ស​ប្រឆាំង​មិន​ត្រូវ​យក​ករណី​បុគ្គល​ធ្វើ​ជា​រឿង​នយោបាយ​ហើយមក​គំរាម​ធ្វើបាតុកម្ម​ឡើយ។

លោក​បញ្ជាក់​ថា៖ «កុំ​ស្អី​ឡើង​គំរាម​គេ​ធ្វើ​បាតុកម្ម គំរាម​គេ​ធ្វើ​បាតុកម្ម​ដើម្បី​ចរចា អត់​ផ្លូវ​ទេ​អា​ពៅ និយាយ​គ្នា​ឲ្យ​ច្បាស់។ ចង់​ចរចា​និយាយ​គ្នា​ឲ្យ​ត្រង់ និយាយ​ឲ្យ​ស្រួល បាតុកម្ម​ចរចា បើ​អញ​ចរចា ឆ្កែ​សុទ្ធ​អ្ហា៎»។

លោក​ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ ហើយ​លោក​បាន​បង្ហើប​ពី​វិធី​ដែល​គណបក្ស​ប្រឆាំង​អាច​ចរចា​បាន​ថា៖ «កន្លែង​តែ​មួយ​គត់​ដើម្បី​និយាយ​គ្នា​គឺ​សភា នៅ​សភា អ្នក​ឯង​ដើរចោល​សភា ហើយ​មាន​កន្លែង​ណា​ទៅ​ជួប​គ្នា កន្លែង​មាន​មិន​ទៅ​ធ្វើ​ទេ ដើរ​ចោល ជួន​កាល​អា​កន្លែង​សភា​ហ្នឹង វា​មាន​ប្រយោជន៍​របស់​វា​ដែរ គេ​មិន​ណាត់​ជួប​គ្នា​មុន​ទេ ប៉ុន្តែ​គេ​ចូល​សភា ដើរ​ទៅ​ចាប់​ដៃ ចាប់​ដៃ​ហើយ​និយាយ​ពីរ​បី​ម៉ាត់​អី​រឿង​នេះ​រឿង​នោះ​ទៅ វា​រាល​ដាល​ដល់​រឿង​អញ្ចេះ​ទៅ អាច​បង្កើត​ការ​យោគ​យល់​គ្នា​ខ្លះ»។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ក្នុង​រឿង​ក្ដី​ផ្សេងៗ​គ្នា ហើយ​តំណាង​រាស្ត្រ​មួយ​ចំនួន​ ត្រូវ​បាន​ដក​អភ័យ​ឯក​សិទ្ធិ និង​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ប្រាប់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​មហា​បាតុកម្ម​នោះ​ទេ ប្រសិនជា​មាន​ការ​ចរចា​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​កើតមាន។

ទោះ​ជា​យ៉ាង​ណា​ លោកថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ហាក់​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា ប៉ុន្តែ​លោក​ថា ការ​ប្រកាស​នេះ​ខុស​ពីមន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ដែល​តែងប្រកាន់​ជំហរ​ថា​គ្មាន​ការ​ចរចា។ ​

លោក​បញ្ជាក់​ថា៖ «ឯក​ឧត្ដម កឹម សុខា ហ្នឹង​គឺ​ថា​បាន​ធ្វើ​ការ​ទាក់ទង​ទៅ​ឯក​ឧត្ដម​ ស ខេង ជាច្រើន​ដង តែ​ឯក​ឧត្ដម​ ស ខេង បដិសេធ មិន​ព្រម​ឲ្យ​មាន​ការ​ជួប​ជជែក​តាម​ក្រុម​សភា​នេះ​ទេ ដូច្នេះ​ខ្ញុំ​ថា​ត្រូវ​តែ​លោក​បញ្ជា​ទៅ​ក្រុម​សភា​របស់គណបក្ស​លោក ឲ្យ​បន្ត​ការជជែក​គ្នា​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ហើយ​យើង​នឹង​អាច​ជជែក​គ្នា​ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ​ដែល​កំពុង​កើត​មាន​នេះ»។

អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម លោក មាស នី យល់ថា ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ​ហាក់​បង្ហាញ​ពី​តម្រុយ​ដែល​អាច​ឲ្យ​គណបក្ស​ធំៗ​ទាំងពីរចរចា​គ្នាបាន ស្រប​ពេល​ដែល​ការចរចា​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។

លោក​បន្ថែម​ថា មូលហេតុ​ដែល​លោក​ ហ៊ុន សែន ហាក់​បង្ហាញ​ពី​ការ​ចង់​ចរចា​នេះ ដោយ​សារ​កម្ពុជា​កើត​មាន​វិបត្តិ​ជា​បន្ត​បន្ទាប់​ទាំង​វិបត្តិ​នយោបាយ និង​វិបត្តិ​សេដ្ឋកិច្ច។

លោក​មាន​ប្រសាសន៍​ថា៖ «គណបក្ស​ប្រឆាំង​កាលពីឆ្នាំ​២០១៣ ដែល​ឃើញ​ថា​កើន​ឡើង ហើយ​កម្លាំង​ចលករ​ដែល​គាំទ្រ​លោក​ កែម ឡី កាល​ពី​ពេល​ដែល​ឃាតកម្ម​លោក​ កែម ​ឡី ក៏​ជា​ការ​បង្ហាញ​មួយ​ទៀត ហើយ​ក្រោយៗ​គឺ​មាន​វិបត្តិ​កសិករ​ហ្នឹង​ទៀត គឺ​ថា​បូក​រួម​ទាំង​អស់​ វា​ជា​សញ្ញា​មួយ​ដែលបង្ហាញ​ឲ្យរដ្ឋាភិបាល​ហ្នឹង​កាន់​តែ​មាន​កា​រ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង ទៅលើរាល់ស្ថានភាព​នៃ​ការក្រោក​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ណា​មួយ​ អញ្ចឹងហើយ​ទើប​រដ្ឋាភិបាល​ហាក់​ទន្ទេញ​ច្រើន​ទៅ​លើ​ពាក្យខ្លាច​បដិវត្តន៍​ពណ៌ ឬក៏​បង្ក្រាប​បដិវត្តន៍​ពណ៌​អីហ្នឹង គាត់​មាន​មូល​ហេតុ​គ្រប់គ្រាន់​សម្រាប់​ការ​ភ័យ​ខ្លាច​ហ្នឹង»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ ទាមទារ​ឲ្យ​មាន​បរិយាកាស​នយោបាយ​ប្រក្រតី​ឡើងវិញ ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង​ស្មើភាព ក្រោយមានការ​ចោទ​ប្រកាន់​មេដឹកនាំ និង​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ ព្រមទាំង​អ្នកការ​ពារ​សិទ្ធិ​មនុស្សមួយ​ចំនួន។ ​

កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០១៦ មុន​ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ រដ្ឋាភិបាល​បាន​ចល័ត​ទ័ព​ទាំង​ជើង​គោក ជើងទឹក និង​អាកាស ក្បែរ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ ​ ចំ​ថ្ងៃ​ដែល​តុលាការ​កោះ​ហៅ​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា ចូល​បំភ្លឺពី​បទ ​«មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ» ​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ ពាក់​ព័ន្ធ​នឹង​សំណុំរឿង​របស់​នាង ​ខុម ចាន់តារ៉ាទី ហៅស្រីមុំ ពាក់ព័ន្ធ​នឹង​បទ​សញ្ចារ​កម្ម។

ក្រោយ​មក​ ក៏​មានការ​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នៅ​មុខ​ស្នាក់​ការ​បក្ស​ប្រឆាំង​ម្តង​ទៀត​ បន្ទាប់ពី លោក ​ហ៊ុន សែន​ ព្រមាន​បង្ក្រាប​ការ​ប៉ុន​ប៉ង​ធ្វើ​បាតុកម្ម​របស់​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង។

លោក​ ហ៊ុន សែន បាន​លើក​ឡើងពី​ការ​ចល័ត​ទ័ព​ក្បែរ​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ថា រាជរដ្ឋាភិបាល​មាន​សិទ្ធិ​បញ្ជា​ធ្វើ​សម​យុទ្ធ​គ្រប់​ពេល ហើយ​ថា​ការ​ចល័ត​កង​កម្លាំង​នោះជា​ការសាកល្បង​បញ្ជា​កម្លាំង​រួម​ត្រៀម​ប្រឆាំង​នឹង​ភេរវកម្ម មិនមែន​ជា​ការ​គំរាម​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «ថ្ងៃ​មួយ​ខ្ញុំ​ចង់​ដឹង​ប្រតិកម្ម​កម្លាំង ខ្ញុំ​បញ្ជា​៣៦​នាទី​ពី​សាំងហ្គាពួរ ខ្ញុំ​ចង់​ដឹង​ប្រព័ន្ធ​បញ្ជា។ ៣៦​នាទី​កម្លាំង​ទាំង​ទឹក​ទាំង​គោក និង​អាកាស​ចេញ​ដំណើរ​បាន ប៉ុន្តែ​វា​ទាស់ វា​បើក​មក​កាត់​ស្នាក់​ការ​គេ​ខ្លះ អា​ហ្នឹង​គេ​ថា​ដី​គេ អា​ហ្នឹង​ដី​ខ្មែរ ទីណា​ក៏​គេ​ធ្វើ​បាន​ដែរ កុំ​ឲ្យ​តែ​គេ​ចូល​ស្នាក់​ការ​យើង។ វា​ទៅ​ជា​គេ​គំរាម គេ​ស្អី​ណា ហើយ​ចុះ​បើ​មាន​ភេរវកម្ម​កើតឡើង តើ​កម្លាំង​អាខ្លះ មួយ​ទៅ​លិច មួយ​ទៅ​កើត ម៉េច​កើត ធ្វើ​ម៉េច។ កុំ​ភ្លេច​ណា​ភេរវកម្ម ​វា​វាយ​អត់​រើស​មុខ​ទេ»។

គណបក្ស​សង្គ្រោះ​ជាតិ ​ចាត់​ទុក​ការ​ចល័តទ័ព​នោះ​ថា​ជា​ការ​គំរាម​កំហែង​ដល់​ថ្នាក់​ដឹកនាំ និង​សមាជិក​គណបក្ស​ប្រឆាំង​ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​ ជា​ពិសេស​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ៕