លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ ចាត់ទុកថា ការខ្វះឯកសាររបស់គណបក្សភ្លើងទៀនគឺជាឧបាយកល និងជាគោលដៅរបស់គណបក្សប្រឆាំងដោយផ្ទាល់ ដែលមិនចង់ចូលរួមការបោះឆ្នោត។ ម្យ៉ាងទៀតលោក ហ៊ុន សែន ថា ការណ៍នេះជាចេតនាចង់យកបរទេសមកគាបសង្កត់រដ្ឋាភិបាលកម្ពុជា។
គណបក្សភ្លើងទៀន ដែលគេជឿថាជាគូប្រជែងសំខាន់មួយរបស់គណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០២៣ នេះ បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០២២ និងទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង ១លាន ៦សែននាក់។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ គណបក្សជំទាស់នេះ បានបាត់ឱកាសចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០២៣ ក្រោយក្រុមប្រឹក្សាធម្មនុញ្ញដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាបានប្រកាសទទួលសា្គល់ការបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានច្រានចោលសំណើសុំចុះបញ្ជីគណបក្ស និងបេក្ខជនគណបក្សនេះដើម្បីចូលរួមការបោះឆ្នោត ដោយហេតុថាគណបក្សនេះគ្មានឯកសាររដ្ឋបាលពាក់ព័ន្ធគ្រប់គ្រាន់កំណត់ដោយ គ.ជ.បសម្រាប់ការចុះបញ្ជី។
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតិះតៀនគណបក្សភ្លើងទៀនថា ការខ្វះខាតឯកសារចុះបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀន មិនមែនជារឿងចៃដន្យទេ ហើយលោកយល់ថា វាជាឧបាយកលនយោបាយរបស់មេដឹកនំាគណបក្សជំទាស់មួយនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ពិតហើយគណបក្សខ្លះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញទាត់ចោលមិនឱ្យឈរឈ្មោះ មានគណបក្សពីរក្នុងចំណោមគណបក្ស ២០ សំបុត្រកំណើតមួយសន្លឹកខ្ញុំមិនជឿថាបាត់ទេ។ វានៅជាមួយនរណាម្នាក់ដែលជាមេដឹកនាំ គោលដៅរបស់គេ ដែលខ្ញុំវិភាគនៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឱ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែដែលគេចង់បាន គឺគេយកបរទេសមកគាបកម្ពុជាៗ។ វាមិនដែលម៉ែអាណាគ្រាន់តែបញ្ជីជាតិមួយសន្លឹក វាធ្វើឱ្យបាត់ទេ វាមិនដែល»។
លោក ហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជិតបួនទសវត្សរ៍បន្តថា ប្រសិនបើមេដឹកនាំនយោបាយជំទាស់ខ្លះដែលនៅក្រៅប្រទេស ហើយមានទំនាក់ទំនងជាមួយគណបក្សភ្លើងទៀនកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជានាពេលនេះ ឯកសារដែលខ្វះខាតទាំងអស់នោះនឹងត្រូវបានរកឃើញភ្លាមៗ។
លោកបន្ថែមថា៖ «ខ្ញុំមិនយល់មិនដល់អំពីហ្នឹងទេ ពីព្រោះខ្ញុំមិនមែនគណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយខ្ញុំក៏មិនមែនក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែគិតមើលខ្ញុំគិតថា ជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឱ្យបាត់ វាមិនដែលអាណាបាត់បញ្ជីជាតិនេះ។ ហើយវាមានតែអាមេដឹកនាំសំខាន់ៗហ្នឹង គោលដៅរបស់គេគឺចង់ឱ្យមានការប្រឈមជាមួយនឹងបរទេសខ្លះ ដែលស្រឡាញ់ពួកគេនោះ។ ឥឡូវប្រសិនបើអ្នកទាំងហ្នឹងនៅក្នុងស្រុក ខ្ញុំថាដាក់ប៉ូលិសឆែកហ្មង បើមិនរកឃើញឥឡូវហ្នឹង បើមិនរកឃើញ វាគ្មានបាត់ទៅណាទេ ប៉ុន្តែលាក់ វាមានគោលដៅនយោបាយជាក់លាក់ៗ»។
ក្រោយការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញ គណបក្សភ្លើងទៀន បានសម្តែងការសោកស្តាយ ដែលខ្លួនមិនមានសិទ្ធិចូលរួមការបោះឆ្នោតថ្នាក់ជាតិខាងមុខ ដោយសារតែ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធមិនឱ្យគណបក្សជំទាស់នេះចូលរួម។ គណបក្សជំទាស់ដែលធ្លាប់មានឈ្មោះដើមជាគណបក្ស សម រង្ស៊ី នេះ នៅអះអាងថា គណបក្សខ្លួន បានរៀបចំឯកសារត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចុះបញ្ជីគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតការបោះឆ្នោតថ្នាក់ជាតិ អាណត្តិទី ៧ នេះ។
គណបក្សប្រឆាំងមួយនេះ បានចាត់ទុកថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាការសម្រេចមិនស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ១៩៩១ មិនស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀនចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍។
គណបក្សភ្លើងទៀន ក៏បានចាត់ទុកថាការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបង្កផលប៉ះពាល់ដល់សិទ្ធិក្នុងការចូលរួមការបោះឆ្នោតរបស់គណបក្ស ប៉ះពាល់ដល់សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងប៉ះពាល់ដល់សិទ្ធិនិងការសម្រេចចិត្តក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្មែរប្រមាណជិត ២លាននាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០២២។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រកាសលេខ១៩៣ ដែលស្ថាប័ន គ.ជ.ប តម្រូវឱ្យមានបញ្ជាក់នីត្យានុកូលកម្មនោះ ពិតជាបាត់ពិតមែន។ លោកបន្ថែមថា គណបក្សភ្លើងទៀន គ្មានគំនិតគិតចង់បង្កបញ្ហាអ្វីដល់រដ្ឋាភិបាលនោះទេ ហើយគណបក្សពិតជាមានបំណងចូលរួមការបោះឆ្នោតថ្នាក់ជាតិមែន ទើបព្យាយាមស្វែងរកដំណោះស្រាយជាបន្តបន្ទាប់មកនោះ។
លោកបន្តថា គណបក្សក៏ព្យាយាមសុំការបញ្ជាក់ប្រកាសនោះពីក្រសួងមហាផ្ទៃដែរ ប៉ុន្តែក្រសួងមហាផ្ទៃថា មិនអាចបញ្ជាក់ដូចដែល គ.ជ.ប ចង់បាននោះទេ ដោយចេញត្រឹមលិខិតបញ្ជាក់ទទួលស្គាល់គណបក្សភ្លើងទៀន ថាពិតជាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ការដែលបាត់ប្រកាសលេខ ១៩៣ ហ្នឹង គឺជាការបាត់បង់ពិតប្រាកដ គ្មានចេតនាចង់បង្កបញ្ហាអ្វីឱ្យមានការលំបាកដល់រាជរដ្ឋាភិបាលទេ។ ហើយអ៊ីចឹងបានយើងខិតខំ ស្វះស្វែងទៅសុំជួបក្រសួងមហាផ្ទៃ សុំឱ្យគេថតចម្លងឱ្យលិខិតហ្នឹង ២ទៅ៣ដង ហើយពួកគេក៏អត់ថា អត់ធ្វើបានឱ្យយើង។ អ៊ីចឹងយើងពិតជាមានចេតនាចង់ចូលរួមការបោះឆ្នោតហ្នឹងតាមបែបលក្ខណៈប្រជាធិបតេយ្យសេរី។ ហើយបើសិនជាគេឱ្យចូលរួម គឺយើងអរណាស់ ឥឡូវហ្នឹង អត់មានចេតនាអីទៅធ្វើឱ្យមានបញ្ហាអីទេ»។
ប្រការ ៤.៧.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ បានចែងថា ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវភ្ជាប់មកជាមួយសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមួយច្បាប់ និងមានតម្រូវឯកសារមួយចំនួនទៀត។
ចំណែកស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប បានតម្រូវឱ្យគណបក្សភ្លើងទៀន ភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមួយច្បាប់ ដោយមាននីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ខណ្ឌចំនួនមួយច្បាប់។
ការទាមទារឱ្យគណបក្សភ្លើងទៀន បំពេញឯកសារដែលមាននីត្យានុកូលកម្មនេះ លោកមេធាវី ជូង ជូងី បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ១៣ ខែឧសភា ថា៖ «ច្បាប់មិនតម្រូវឱ្យមានការបញ្ជាក់នីត្យានុកូលកម្មទេ ប៉ុន្តែ គ.ជ.ប បែរជាតម្រូវឱ្យមានការបញ្ជាក់នីត្យានុកូលកម្ម»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនមិនត្រឹមត្រូវនោះទេ។ លោកថា គ.ជ.ប បានធ្វើត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីផ្សេងៗនៃការបោះឆ្នោត។ លោកថ្លែងថា៖ «យកប្រកាសៗហ្នឹងឯងគឺ Photocopy [ថតចម្លង] យកទៅធ្វើនីត្យានុកូលកម្ម បាទហ្នឹងជាអ្វីដែលចង់បានគឺប៉ុណ្ណឹង ប៉ុន្តែគណបក្សលោកអត់មានខ្លួនឯងណាបាទ»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ព្រហ្ម វិចិត្រ អក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបាននៅឡើយទេ។
ដោយឡែក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានថ្លែងក្នុងសេចក្តីប្រកាសមួយថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញក្នុងការបដិសេដចុះបញ្ជីគណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិនីតិកាលទី ៧ ជាការបំពានសិទ្ធិ និងអយុតិ្តធម៌ ព្រមទាំងជះផលប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
អង្គការអន្តរជាតិមួយនេះទទូចឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះសេចក្តីសម្រេចលើគណបក្សភ្លើងទៀន និងជុំរុញឱ្យមានការដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងៗទៀត។
សេចក្តីប្រកាសដដែលរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា៖ «រដ្ឋាភិបាលរួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប និងប្រទេសដែលជាសមាជិករបស់ខ្លួន រួមទាំងអូស្ត្រាលី ត្រូវតែចាត់វិធានការបន្ថែមទៀតដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការបង្រ្កាបលើសមាជិកនយោបាយបក្សប្រឆាំង និងសកម្មជនសង្គមស៊ីវិល»។
សេចក្តីប្រកាសបន្ថែមថា៖ «ក្រុមការងាររបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ត្រូវតែបញ្ចប់ភាពស្ងៀមស្ងាត់របស់ពួកគេដោយអចេតនា នៅចំពោះមុខការបំបាត់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយផ្ញើសាររួមគ្នាយ៉ាងច្បាស់ថា ការផុតពូជនៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានឹងមិនត្រូវបានទទួលយកឡើយ»។ការបដិសេធរបស់ គ.ជ.ប ក្នុងការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ក៏ត្រូវបានសហភាពអឺរ៉ុបបញ្ជាក់ថា គឺជាសញ្ញាបារម្ភមួយទៀតនៃការរួមតូចនៃសេរីភាពសម្រាប់គណបក្សនយោបាយ ក្នុងការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ៕