លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារបានថ្លែងសរសើរជំនួយចិនមកកម្ពុជាថាមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាអាចធានាបាននូវ«ឯករាជ្យភាពខាងនយោបាយ»របស់កម្ពុជាទៀតផង។
មេដឹកនាំកម្ពុជាដែលកាន់អំណាចជាង៣៦ឆ្នាំមកហើយលោក ហ៊ុន សែន បានថ្លែងបែបនេះ នៅពេលលោកចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិននិងបក្សនយោបាយលើពិភពលោកកាលពីថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ។
បន្ថែមពីការថ្លែងតាមសុន្ទរកថារបស់លោកចំនួន៣ទំព័រលោក ហ៊ុន សែនក៏បានលើកសរសើរប្រធានាធិបតីចិនលោកស៊ី ជីនពីង (Xi Jinping) ដែលបានផ្តល់ជំនួយមកកម្ពុជាយ៉ាងសន្ធឹកសន្ធាប់រហូតដល់មានការចោទប្រកាន់ថាលោក ហ៊ុន សែនចាប់យកមហាអំណាចចិនជាខ្នងបង្អែក។
លោកនាយករដ្ឋមន្រ្តីអះអាងថាជំនួយចិនធានា«ឯករាជ្យភាពខាងនយោបាយ»របស់កម្ពុជា ខណៈជំនួយទាំងនេះមិនមានចំណងភ្ជាប់ជាមួយការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំគួរតែបញ្ជាក់ឲ្យបានច្បាស់ថាជំនួយរបស់ចិនមកដល់កម្ពុជាមិនគ្រាន់តែជួយទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានជួយដល់កម្ពុជាក្នុងការពង្រឹងនូវឯករាជ្យភាពខាងនយោបាយទៀតផង»។
លោកហ៊ុន សែន ដែលចាត់ទុកចិនជា «មិត្តដែកថែប» បន្តថាប្រទេសក្រីក្រ និងតូចតាច ត្រូវការចាំបាច់នូវឯករាជ្យនិងអធិបតេយ្យភាពនិងចៀសវាង «ការបង្គាប់បញ្ជានិងការជ្រៀតជ្រែកពីខាងក្រៅ»។
កម្ពុជាត្រូវបានមើលឃើញថាកាន់ស្និទ្ធទៅកាន់ប្រទេសចិនដែលបានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់មកកម្ពុជា។ ប៉ុន្តែប្រទេសមួយនេះក៏បានក្លាយជាម្ចាស់បំណុលធំជាងគេសម្រាប់កម្ពុជាផងដែរ។
បើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាគិតត្រឹមដំណាច់ខែធ្នូឆ្នាំ២០២០ កម្ពុជាមានទំហំបំណុលជំពាក់បរទេសសរុប ៨.៨០០លានដុល្លារ ដែលក្នុងនោះមាន ៣.៩០០លានដុល្លារ ឬស្មើនឹង៤៤%ជំពាក់ចិន។
កាលពីថ្ងៃអង្គារលោក ហ៊ុន សែន ក៏បានសម្តែងជាថ្មី «គាំទ្រយ៉ាងមុតមាំ» លើគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (BRI) ដែលជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយលោកថាវានាំមកនូវ«វិបុលភាពនិងសុភមង្គលជូនដល់ប្រជាជននៅក្នុងបណ្តាប្រទេសនិងតំបន់»។ នៅក្នុងវេទិកានោះ លោក ហ៊ុន សែន ក៏បានស្នើឲ្យគណបក្សនយោបាយទាំងអស់បញ្ឈប់ឲ្យបាននូវ «វប្បធម៌ និងឥរិយាបថច្រណែនឈ្នានីសចាំតែមើលបំណាំ ចោទប្រកាន់និងរិះគន់គ្មានមូលដ្ឋាន» ដោយជំនួសមកវិញនូវ «ឥរិយាបថបែបស្ថាបនានិយម» និង» ស្មារតីនៃកិច្ចសហប្រតិបត្តិការ»។
ជាសារផ្តល់ទៅគណបក្សនយោបាយទូទាំងពិភពលោកលោក ហ៊ុន សែនបានជំរុញឲ្យគណបក្សនយោបាយទាំងអស់រក្សា«សាមគ្គីភាពនិងកិច្ចសហការ» ដោយប្រកាន់ខ្ជាប់នូវអធិបតេយ្យភាពនិងឯករាជ្យជាតិនីមួយៗ និងគិតប្រយោជន៍ជាតិនិងប្រជាជនជាធំ។
លោកបន្ថែមថា៖ «គណបក្សនយោបាយទាំងអស់ ទោះជាមាននិន្នាការណាក៏ដោយ ក៏ត្រូវគិតពីផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដោយមិនត្រូវលុះទៅនឹងរបៀបវារៈនយោបាយរយៈពេលខ្លីនៃការដណ្តើមអំណាចឲ្យខាងតែបាន តាមគ្រប់មធ្យោបាយដោយមិនខ្វល់ពីសន្តិភាពស្ថិរភាពអធិបតេយ្យជាតិ និងសុខទុក្ខប្រជាជននោះឡើយ»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនិងអ្នកតាមដានសង្គមមួយរូបបានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីជាទស្សនៈរបស់លោកតែប៉ុណ្ណោះដែលលោកថាមិនទាន់អាចបញ្ជាក់ថាត្រឹមត្រូវនោះទេ ដោយសារតែមិនមានការចូលរួមរបស់គណបក្សប្រឆាំងដែលត្រូវតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧។
លោកថ្លែងថា៖«ការលើកឡើងគ្រាន់តែជាទស្សនៈនិងការលើកឡើងរបស់ថ្នាក់ដឹកនាំទេក៏ប៉ុន្តែការឯកភាពទៅលើនយោបាយវាអត់ទាន់ទៅបានទាំងស្រុងទេដោយសារតែនៅក្នុងចរន្តនយោបាយនៅកម្ពុជាមានចរន្តបក្សប្រឆាំងត្រូវបានរំលាយហើយមិនត្រូវបានតុលាការអារកាត់ឬឲ្យស្របតាមគោលការណ៍ច្បាប់ដែលគណបក្សប្រឆាំងទាមទារ។ អញ្ចឹងការពង្រឹងនយោបាយហ្នឹងវាមិនទាន់ពេញលេញការលើកឡើងរបស់ទស្សនៈលោក [នាយករដ្ឋមន្ត្រី]»។
អ្នកវិភាគរូបនោះបានឲ្យដឹងទៀតថាថ្នាក់ដឹកនាំកម្ពុជាអាចមានទំនោរទៅរកប្រទេសចិនពីព្រោះទង្វើនិងសកម្មភាពកន្លងមកបានធ្វើឲ្យសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមិនមានការទុកចិត្តលើកម្ពុជា។
លោកបន្ថែមថា៖ «វាអាចឃើញជំហរដែល[កម្ពុជា]អាចងាក [ឬ]កៀកទៅរកភាពស្និទ្ធស្នាលជាមួយ ទំនាក់ទំនងជាមួយចិនដែរ ក៏ប៉ុន្តែការប្រកាសនេះគ្រាន់តែប្រកាសជាគោលការណ៍គោលនយោបាយរបស់ថ្នាក់ដឹកនាំ វាមិនស្តែងឬក៏វាមិនប្រាកដទាំងស្រុងទេ។ ហេតុអ្វីបានជាខ្ញុំលើកអញ្ចឹងឧទាហរណ៍ថា យើងមានគោលនយោបាយអព្យាក្រឹតចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាយើងផង ប៉ុន្តែហេតុអ្វីបានជាលោកខាងលិចមិនជឿជាក់ដោយសារតែឥរិយាបថកម្ពុជាយើងរបស់អ្នកនយោបាយរបស់ថ្នាក់ដឹកនាំនយោបាយកម្ពុជាហ្នឹងគឺគាត់មានឥរិយាបថនយោបាយ មិនស្តែងឬមិនធ្វើឲ្យគេជឿជាក់ថាខ្លួនឯងហ្នឹងអព្យាក្រឹត»។
ខណៈកម្ពុជានិងចិនកាន់តែមានភាពល្អូកល្អឺននឹងគ្នា ទំនាក់ទំនងកម្ពុជានិងអាមេរិកកាន់តែអាក្រក់បន្ថែមទៀត ក្រោយកម្ពុជារងការចោទប្រកាន់រឿងអនាគតមូលដ្ឋានកងទ័ពចិននៅតំបន់សមុទ្រនៃប្រទេសកម្ពុជា ដែលកម្ពុជាបានបដិសេធនិងប្រាប់ថាការចោទប្រកាន់នេះ ដើម្បីជាប្រយោជន៍ភូមិសាស្រ្តនយោបាយ។
គួរបញ្ជាក់ថាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឆ្លើយឆ្លងតាមលិខិតទៅវិញទៅមកដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានភាពរកាំរកូសជាច្រើនឆ្នាំ។ នៅក្នុងលិខិតឆ្លើយឆ្លងនោះលោក Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជានិងមិនទាមទារឲ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែលោក Trump បានប្រាប់ឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់ប្រទេសកម្ពុជាលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានប្រាប់ VOA ថា កម្ពុជាគួរតែរៀនសូត្រមេរៀនរបស់ប្រទេសមួយចំនួនដែលបានខ្ចីបុលពីប្រទេសតែមួយច្រើនពេកដែលជាហេតុបង្កឲ្យពិបាកក្នុងការសងត្រឡប់ ឬត្រូវបាននៅក្រោមឥទ្ធិពលរបស់ប្រទេសជាម្ចាស់បំណុលនោះ ។
លោកថ្លែងថា៖ «កាលណាខ្ចីបំណុលពីប្រទេសតែមួយកាន់តែច្រើននឹងអាចក្លាយទៅជាបញ្ហាដោយសារតែប្រទេសនោះ នឹងមានឥទ្ធិពលកាន់តែខ្លាំងទៅលើប្រទេសដែលជាកូនបំណុលរបស់ខ្លួន ហើយបទពិសោធន៍នៅប្រទេសមួយចំនួនយើងឃើញនៅប៉ាគីស្ថានស្រីលង្កាជាដើមសុទ្ធតែធ្លាប់រងគ្រោះដោយសារតែការខ្ចីបំណុលច្រើនពេកពីប្រទេសចិនរហូតដល់លែងមានលទ្ធភាពនៅក្នុងការសងដែលទីបញ្ចប់ត្រូវកាត់កំពង់ផែឬក៏គម្រោងមួយចំនួនទៅឲ្យប្រទេសចិនជាអ្នកគ្រប់គ្រងជាថ្នូរនឹងបំណុលដែលខ្លួនជំពាក់ហេតុនេះកម្ពុជាត្រូវតែរៀនសូត្រពីប្រទេសទាំងអស់នោះ»។
គួរបញ្ជាក់ថាកាលពីខែមេសាឆ្នាំ២០២១ ស្ថានទូតចិនប្រចាំនៅរាជធានីភ្នំពេញបានបញ្ជាក់ធានាថាខ្លួនមិនបានរាយអន្ទាក់បំណុលដើម្បីទាញកម្ពុជាឲ្យធ្លាក់ចូល ហើយក៏មិនបានស្វែងរកការដាក់វត្តមានយោធានៅកម្ពុជាដែរ៕