លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានថ្លែងថា កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(World Health Organization) ឬហៅកាត់ថា WHO បានទេ ដូច្នេះលោកថា វ៉ាក់សាំងរបស់ចិនឈ្មោះស៊ីណូហ្វាម (Sinopharm) នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងខែកុម្ភៈខាងមុខនេះ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលស្ថិតក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា លោកបានទាក់ទងជាមួយភាគីចិនរួចហើយមកដល់ពេលនេះ ហើយចិននឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលផលិតដោយរដ្ឋចិន ក្នុងចន្លោះពី៣០ម៉ឺន ទៅ៦០ម៉ឺនដូស មកកម្ពុជានៅក្នុងខែកុម្ភៈ។ វ៉ាក់សាំងនេះ អាចចាក់មនុស្សបានរហូតដល់៣០ម៉ឺននាក់ ដោយសារមនុស្សម្នាក់ត្រូវចាក់២ដូស។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងមិនអាចរង់ចាំតទៅទៀតទេ។ មិនអាចរង់ចាំតទៅទៀតទេ។ យើងត្រូវទាក់ទងរកវ៉ាក់សាំង ដើម្បីមកចាក់ជូនប្រជាពលរដ្ឋរបស់យើង ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត»។
លោក ហ៊ុន សែន បន្តថា លោកនិងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន រួមមានឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម នឹងចាក់វ៉ាក់សាំងនេះមុនគេ ដើម្បីបង្ហាញពីភាពទុកចិត្ត។ លោករំពឹងថា មុនចូលឆ្នាំខ្មែរនៅក្នុងខែមេសា ប្រជាជនកម្ពុជាយ៉ាងតិច៥០ម៉ឺននាក់ នឹងអាចទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។
លោក ហ៊ុន សែន ដែលពីដើមឡើយប្រកាសថា លោកទទួលយកតែវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ក៏បានពន្យល់ថា ការចាក់វ៉ាក់សាំងរបស់ចិនជាបន្ទាន់នេះ គឺដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ និងដើម្បីឲ្យកម្ពុជាអាចទទួលបានអ្នកវិនិយោគឡើងវិញ និងដើម្បីកុំឲ្យគេមើលឃើញកម្ពុជា ជា«តំបន់ហានិភ័យ»។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «យើងចាត់ទុកជាទំនិញយុទ្ធសាស្រ្តនិងជាសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។ ពិតមែនហើយ មានការធ្វើសម្ភាសន៍ ខ្ញុំក៏ស្តាប់ឮ។ ហើយខ្ញុំក៏អរគុណអ្នកដែលចង់ទទួល ហើយក៏អរគុណអ្នកដែលមិនចង់ទទួល ព្រោះខ្ញុំបានប្រើហើយភាសាថា ចាក់មិនយកថ្លៃ មិនគិតថ្លៃ និងចាក់ដោយស្ម័គ្រចិត្ត»។
កាលពីសប្តាហ៍មុន វីអូអេបានសាកសួរប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញអំពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងវ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិន។ អ្នកខ្លះបានបង្ហាញការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ និងខ្លះទៀតលើកឡើងថាកម្ពុជាមិនទាន់មានភាពចាំបាច់ខ្លាំងក្នុងការប្រើប្រាស់វ៉ាក់សាំង ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនោះទេ ដោយសារកម្ពុជាអាចគ្រប់គ្រងជំងឺនេះបាននៅឡើយ។
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើជំរឿនថា តើអ្នកណាចង់ចាក់ និងអ្នកណាមិនចង់ចាក់វ៉ាក់សាំងរបស់ចិន។ ប៉ុន្តែលោកថា ប្រជាជនដែលត្រូវធ្វើដំណើរទៅក្រៅប្រទេស នឹងចាក់វ៉ាក់សាំងកូវីដនេះ ដើម្បីអាចចេញទៅក្រៅប្រទេសបាន។
លោក ហ៊ុន សែន បន្ថែមថា នៅថ្ងៃក្រោយ ក៏អាចតម្រូវឲ្យអ្នកចូលប្រទេសកម្ពុជា ត្រូវមានវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដផងដែរ។
លោកបន្ថែមថា៖ «បន្តិចទៀតអាចនឹងប្រទេសដទៃដាក់លក្ខខណ្ឌបើអ្នកឯងមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ពីការចាក់វាក់សាំងទេ អ្នកឯងមិនអាចចាក់ អ្នកឯងមិនអាចចូលប្រទេសខ្ញុំបានទេ»។
បើតាមលោក ហ៊ុន សែន កម្ពុជាមិនប្រកាន់វ៉ាក់សាំងមកពីប្រទេសណានោះទេ ហើយរដ្ឋាភិបាលរបស់លោកក៏បានស្នើសុំវ៉ាក់សាំងពីប្រទេសឥណ្ឌា និងប្រហែលជាស្នើពីប្រទេសកូរ៉េខាងត្បូងផងដែរ។ លោក ហ៊ុន សែន ឲ្យដឹងទៀតថា កម្ពុជាអាចរកវ៉ាក់សាំងបានតាម៣ច្រក គឺច្រកកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោកដែលនឹងផ្តល់ឲ្យកម្ពុជាចំនួន២០%នៃប្រជាពលរដ្ឋសរុបជាង១៦លាននាក់ ច្រកទីពីរចរចាជាមួយដៃគូរបស់កម្ពុជា និងច្រកទីបី ចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនឯកជនដែលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា តាមអ៊ីមែលបាននៅឡើយទេ។
កាលពីចុងឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានសម្រេចបញ្ចូលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ដោយអះអាងថា វ៉ាក់សាំងដែលក្រុមហ៊ុន Pfizer អភិវឌ្ឍរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានគ្រប់លក្ខខណ្ឌនិងមានប្រសិទ្ធភាពក្នុងការទប់ទល់ជំងឺកូវីដ១៩។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា កាលពីកន្លងទៅ រដ្ឋាភិបាលបានលើកឡើងថា នឹងទិញវ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លោកជំរុញឲ្យរដ្ឋាភិបាល«កុំប្រថុយប្រថាន»នឹងវ៉ាក់សាំង ដែលបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ចំពោះបញ្ហាដែលយើងទទួលយកវ៉ាក់សាំងនេះ យើងមិនប្រកាន់ថា វ៉ាក់សាំងប្រទេសណាទេ។ រឿងដែលសំខាន់ដែលយើងត្រូវចោទសួរថា ប្រសិទ្ធភាពវាកម្រិតណា ហើយវាមានសុវត្ថិភាពប៉ុណ្ណា នៅក្នុងការប្រើប្រាស់វ៉ាក់សាំងហ្នឹង។ នេះជារឿងសំខាន់ ហើយថាតើប្រជាពលរដ្ឋទទួលបានព័ត៌មានច្រើនប៉ុណ្ណាដែរ ពាក់ព័ន្ធជាមួយវ៉ាក់សាំងហ្នឹង»។
លោកបន្តថា រដ្ឋាភិបាលគួរតែមានតម្លាភាពទាក់ទងនឹងព័ត៌មានវ៉ាក់សាំងឲ្យបានទូលំទូលាយ ដើម្បីប្រជាពលរដ្ឋអាចសម្រេចចិត្តក្នុងការទទួលចាក់វ៉ាក់សាំង។
លោក យង់ គិមអេង លើកឡើងទៀតថា ប្រសិនបើស្ថានភាពនៃជំងឺកូវីដក្នុងប្រទេសកម្ពុជាអាចទប់ទល់និងបង្ការបាន កម្ពុជាគួរតែរង់ចាំវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដែលលោកយល់ថាជា«រឿងប្រសើរមួយ»៕