ជំហររបស់កម្ពុជាទៅលើការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន គឺជា«គោលការណ៍»ដែលស្របតាមច្បាប់អន្តរជាតិដែលមិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងប្រទេសដទៃ ពោល គឺមិនមែនដោយសារកម្ពុជា ជាប្រទេសទន់ខ្សោយខាងឧបករណ៍ និងសមត្ថភាពរបស់កងទ័ពនោះទេ។
នេះ ជាសាររបស់មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹងការរិះគន់មួយចំនួនលើជំហរកម្ពុជាដែលបោះឆ្នោតនៅអង្គការសហប្រជាជាតិប្រឆាំងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ដែលបានអូសបន្លាយពេលជាងមួយខែមកហើយ។ មេដឹកនាំកម្ពុជារូបនេះ បានលើកឡើងត្រង់ៗថា កម្ពុជាមានគោលនយោបាយការបរទេសអព្យាក្រឹត តែមិនអាចអព្យាក្រឹតជាមួយការឈ្លានពាននៅអ៊ុយក្រែនដោយប្រទេសរុស្ស៊ី ដែលជាមិត្តយូរអង្វែងរបស់កម្ពុជានោះទេ។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យដំណើរការអគារព្យាបាល ជំងឺត្រចៀក ច្រមុះ និងបំពង់កមិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួងកាលពីព្រឹកថ្ងៃចន្ទ លោក ហ៊ុន សែន ប្រតិកម្មទៅនឹងបញ្ញជនមួយរូបដែលលោកមិនចេញឈ្មោះចំ ដែលលោកថា បានធ្វើការវាយតម្លៃខុស ដែលថា កម្ពុជាសុខចិត្តបោះឆ្នោតប្រឆាំងការវាយប្រហាររបស់រុស្ស៊ីលើអធិបតេយ្យភាពរបស់អ៊ុយក្រែន ដោយសារហេតុផលមួយចំនួនរួមមាន កម្ពុជាមិនទាន់មាននាវាមុជទឹក មិនទាន់មានយន្តហោះប្រតិកម្មប្រភេទ Mig មិនទាន់មានកាតព្វកិច្ចយោធា និងកងទ័ពកម្ពុជាសម្បូរទៅដោយនាយទាហានថ្នាក់ឧត្តមសេនីយ៍ដែលមានក្បាលពោះធំៗ។
នៅចំពោះមុខក្រុមមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាលោក Heung Kyeong លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ៖ «អ៊ីចឹងសកម្មភាពឈ្លានពានបែបនេះកម្ពុជា មិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រឹតបានទេ។ ថ្ងៃក្រោយបើសិនជាប្រទេសណាមួយធ្វើឥរិយាបថបែបនេះមកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់នរណា?»
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «កម្ពុជាធ្លាប់ត្រូវគេឈ្លានពាន ដូច្នេះកម្ពុជាត្រូវតែថ្កោលទោស អ្នកដែលឈ្លានពានគេ។ ពិតហើយមានពេលខ្លះកម្ពុជា ត្រូវតែអព្យាក្រឹតដែរ ព្រោះវាជាជម្លោះធម្មតា។ ឧទាហរណ៍ រវាងឥណ្ឌា និងប៉ាគីស្តង់ ទៅលើតំបន់កាស្មៀ។ យើងស្ថិតក្នុងសភាពការណ៍ស្ងប់ស្ងាត់ ព្រោះយើងមិនដឹងថា នរណាវាយលុកទៅលើនរណា បើបាញ់គ្នាទាំងសងខាង»។
បើទោះបីជាលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះបញ្ញជនខាងលើដែលបានផ្តល់ការពន្យល់ពីជំហរកម្ពុជាជំទាស់នឹងការរំលោភបំពានដោយកម្លាំងយោធារបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែបញ្ញជនរូបនោះ ត្រូវគេដឹងថា គឺលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកាលពីថ្ងៃអាទិត្យ បានធ្វើបទបង្ហាញមួយនៅក្នុងទីក្រុងភ្នំពេញស្តីពី«នយោបាយការបរទេសកម្ពុជា នាពេលបច្ចុប្បន្ន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា យល់ថា ជំហររបស់កម្ពុជាដែលបោះឆ្នោតប្រឆាំងលើការឈ្លានពានរបស់រុស្ស៊ី គឺជារឿងត្រឹមត្រូវនិងសមស្របសម្រាប់បរិបទកម្ពុជាទាំងទិដ្ឋភាពប្រវត្តិសាស្ត្រ ច្បាប់ និងវិស័យការពារជាតិផងដែរ។ លោកប្រាប់វីអូអេនៅថ្ងៃចន្ទថា៖
«សហព័ន្ធរុស្ស៊ីគួរតែមានការយល់អំពីកម្ពុជាពីព្រោះការបោះឆ្នោតរបស់យើងនេះ គឺមិនមែនបោះឆ្នោតជ្រើសរើសរវាងរុស្ស៊ី និងអ៊ុយក្រែនទេ គឺជាជម្រើសរវាងសន្តិភាពនិងសង្គ្រាម ជាជម្រើសរវាងការដោះស្រាយបញ្ហាដោយការចរចាដោយសន្តិវិធី និងការប្រើប្រាស់កម្លាំងបាយ»។
គួររំឭកឡើងវិញផងដែរថា កាលពីដើមខែមីនា នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) កម្ពុជា បានចូលរួមបង្ហាញសំឡេងរបស់ខ្លួន ដោយអនុម័តនូវសេចក្តីសម្រេចជាដំណោះស្រាយ ដែលទាមទារឱ្យប្រទេសរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងដកកងកម្លាំងយោធារបស់ខ្លួន។
គ្រានោះ ប្រទេសសមាជិកអ.ស.ប. សរុបចំនួន១៤១ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនោះ ប្រទេសចំនួន ៥ បានបោះឆ្នោតប្រឆាំង និងប្រទេសចំនួន៣៥ ទៀតបានបោះឆ្នោតអនុបវាទ ឬមានន័យថា ជាប្រទេសនៅស្ងៀមជាកណ្តាល។ ហើយនៅក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានបោះឆ្នោតអនុបវាទ គេឃើញមានប្រទេសចិន និងសមាជិកអាស៊ានពីរ គឺប្រទេសឡាវ និងប្រទេសវៀតណាម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេនៅថ្ងៃចន្ទថា មេដឹកនាំកម្ពុជា បានបោះជំហានវិជ្ជមានជាបន្តបន្ទាប់ក្នុងការបោះឆ្នោតជំទាស់នឹងការធ្វើសង្គ្រាមរបស់រុស្ស៊ីចូលលុកលុយប្រទេសអ៊ុយក្រែនដែលគ្មានការបង្កហេតុ។ លោកបន្ថែមថា មេដឹកនាំទីក្រុងភ្នំពេញ បានពឹងផ្អែកលើគោលការណ៍ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដែលចែងថា រដ្ឋអធិបតេយ្យ មិនអាចត្រូវបានរំលោភបំពាននោះទេ ហើយការជំទាស់របស់កម្ពុជា អាចជាទុនមួយបើកផ្លូវឱ្យប្រទេសតូចមួយនេះចៀសផុតពីការឈ្លានពានរបស់ប្រទេសធំៗផ្សេងទៀតសម្រាប់ពេលអនាគត៕