លោក ហ៊ុន សែន៖ កម្ពុជា​មិនត្រូវ​ការ​អន្តរជាតិ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​២០១៨​ទេ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ពិធីអបអរសាទរទិវាឯករាជ្យកម្ពុជា នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្រកាស​ថា ​កម្ពុជា​មិនត្រូវ​ការ​បរទេស​ ​មក​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ទេ​ ដោយ​លោក​ថា​ត្រឹម​ប្រជា​ពលរដ្ឋខ្មែរ​ទទួល​ស្គាល់​ ​គឺ​គ្រប់គ្រាន់។​

ការលើក​ឡើង​របស់​ ​លោក​ ​ហ៊ុន សែន​ គឺ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ ​បាន​លើក​ឡើង​ថា ​ប្រសិន​បើគណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​នេះ​ មិន​ត្រូវ​បាន​ដោះលែង ​នោះ​ពួកគេ​នឹង​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៨​ខាង​មុខ​ឡើយ។​

ក្នុង​ពិធី​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជាមួយ​យុវជន​អាស៊ាន-ជប៉ុន​៣៦២នាក់​ ​នា​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា​នេះ​ ​លោក​ ​ហ៊ុន សែន​ ​ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំថ្លែង​ថា ​លោក​មិន​ខ្វាយខ្វល់​ចំពោះ​ការ​ទទួល​ស្គា​ល់​ ​ឬ​មិន​ទទួល​ស្គាល់​របស់​បរទេស​ណាមួយ​ទៅ​លើ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ។​ ​លោក​បន្ថែម​ថា លោក​នៅ​តែ​ប្តេជ្ញា​រៀបចំ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​ឆ្នាំ២០១៨ ដោយ​អនុវត្តន៍​តាម​រដ្ឋធម្មនុញ្ញ​ និង​ថា​ តាមច្បាប់កម្ពុជា ​ការ​ទទួល​ស្គាល់​ការ​បោះឆ្នោតគឺ​សម្រេច​លើ​ប្រជាពលរដ្ឋ​ ក្រោយមាន​ការ​ប្រកាស​ចុងក្រោយ​របស់ព្រះ​មហាក្សត្រ។

លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា៖​

«ទោះ​បី​អ្នកណា​ជួយ​ ​ឬមិនជួយ​ ​វា​មិន​សំខាន់​សម្រាប់​យើង​ទេ។ ទោះបី​អ្នក​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ ​ច្បាប់​យើង​ខ្ញុំ​តម្រូវ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ ​គឺ​ចប់​សព្វ​គ្រប់​ហើយ។ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ប្រកាស​ ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​បញ្ហា​ចុង​ក្រោយ ​ក្រុម​ប្រឹក្សា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្រកាស​លទ្ធ​ផល​ចុង​ក្រោយ ​ព្រះ​មហាក្សត្រ​កោះ​ប្រជុំ​ ​គឺជា​រឿង​រួចរាល់។​ ​មិន​ចាំ​បាច់​អ្នកណា​ចោទ​ថា​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់ យើង​អត់​មាន​ត្រូវ​ការ​ទេ»។​

លោក​ ​ហ៊ុន សែន​ ​បាន​អំពាវនាវ​ដល់​បរទេស​ទាំងឡាយ​កុំ​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ ​ហើយ​ថា គ្មាន​នរណា​ស្គាល់​កម្ពុជា​ច្បាស់​ជាង​ខ្មែរ​នោះ​ទេ។ លោក​ក៏​បាន​ចាត់ទុកការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​លោក​ ​កឹម សុខា​ ​ក៏​ដូចជា​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ថា​ ​ជា​ការអនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា។​

រូបឯកសារ៖ សកម្ម​ភាព​រាប់សន្លឹកឆ្នោត​ ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់អណត្តិទី៤​ នៅរាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (អូន​ ឆេង​ប៉រ/ VOA)

កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា​ ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​គឺ​លោក​ ​Ted Cruz​ ​បាន​ព្រមាន​ជាថ្មី​ថា​ ប្រសិន​បើ​គ្មាន​ការ​ដោះ​លែង​លោក​ ​កឹម សុខា​ ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ​ សហរដ្ឋ​អាមេរិក​ ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​ក្រោយ​នេះ​ទេ។ ហើយ​កាល​ពី​ថ្ងៃទី​២៣​ ​ខែតុលា​ ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូប​នេះ​បានស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​លោក​ ​កឹម សុខា​ ជា​បន្ទាន់​ ​និង​មិន​ត្រូវ​រំលាយ​គណបក្ស​ជំទាស់​ ​ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​គណ​បក្ស​នេះបានចូលរួម​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ ​ជាថ្នូរ​នឹង​ការ​បន្ត​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជុំវិញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន។​

លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ប្រាប់​ ​VOA​ ​ថា​បរិបទ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ​និង​មាន​ការ​ចូលរួម​ឃ្លាំ​មើល​ និង​ទទួល​ស្គាល់​ពី​បរទេស​ដើម្បី​ធានាពី​ភាពសេរី​ ​និង​យុត្តិធម៌។ លោក​បន្ថែម​ថា សហគមន៍អន្តរជាតិ​មួយ​ចំនួន ​បាន​និង​កំពុង​ទាមទារ​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​បានចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត ​ដូច្នេះ​លោកថា ​ប្រសិន​បើ​ការ​បោះឆ្នោត​នោះ​មិន​មាន​ការ​ចូលរួម​ ​និង​ទទួល​ស្គាល់​ពី​បរទេស​ ​នោះ​នឹង​ធ្វើ​ឲ្យ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

លោក សុន ឆ័យ​ ​បញ្ជាក់​ថា៖​

«សព្វ​ថ្ងៃ​នេះ​មាន​គណបក្ស​តែ​ពីរ​នោះ​ទេ​ ដែល​ប្រជារាស្រ្ត​លោក​សម្រេច​ជ្រើស​រើស​នៅ​ក្នុង​រដ្ឋ​សភា​ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​ប្រជែង អា​នោះ​វា​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ​វា​មិន​សេរី​ ​មិន​យុត្តិធម៌​ ​វា​មិនស្រប​តាម​រដ្ឋធម្មនុញ្ញ ​ហើយ​វាធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ការ​ខកចិត្ត​ធំធេង​ណាស់។​ ​ហើយ​អន្តរជាតិ​ដែល​គេ​ជួយ​ធានា​ឲ្យការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ ​ស្រប​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង​ក៏​គេ​មិន​អាច​ទទួល​យក​បាន​ដែរ»។​

ប្រតិកម្ម ​និង​ការ​រិះ​គន់​ផ្សេងៗ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​ស្ថាប័ន​ជាតិ ​និង​អន្តរជាតិទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់​ ​កើត​ឡើង​ក្រោយ​ពេល​ដែល​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ខ្លួន​ ស្រប​ពេលដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ​កំពុង​ប្រឈម​នឹងការ​រំលាយ​ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម ​និង​ជា​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​ចាំបាច់​ត្រូវការ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​ ខុសពី​ប្រទេស​ផ្តាច់​ការ​មួយ​ចំនួន​ទៀត​លើ​ពិភពលោក។​ ​លោក​បន្ថែម​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​សេរី​ ​និង​យុត្តិធម៌​ ​ដើម្បី​ធានា​ឲ្យ​រដ្ឋាភិបាល​ដែល​កើត​ពី​ការ​បោះឆ្នោត​នោះ​ក្លាយ​ជា​រដ្ឋាភិបាល​ស្របច្បាប់​ លុះ​ត្រា​តែ​មាន​ការ​ចូល​រួម​ពី​អន្តរជាតិ។​

លោក មាស នី​ ​មាន​ប្រសាសន៍​ថា៖​

«​ការ​បោះឆ្នោត ​បើសិនជា​ឲ្យ​តម្រូវ​ទៅ​តាមអ្វី​ដែល​បាន​ចែង​ក្នុងរដ្ឋធម្មនុញ្ញ​ផង និង​ការ​ចែង​ក្នុង​ការ​សម្រេចក្នុងកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផង​ ​វា​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ពី​អន្តរជាតិ។ ហើយ​បើសិនជា​ការ​បោះឆ្នោត​របស់​យើង​មិនត្រូវ​បាន​ទទួល​ស្គាល់​ពី​អន្តរជាតិ​ទេ នោះ​រដ្ឋាភិបាល​ក៏​អាច​ត្រូវ​បាន​គេ​មិន​ទទួល​ស្គាល់​ដែរ។ នៅ​ពេល​ដែលយើង​ចេញ​ទៅប្រជុំ​អី​ផ្សេងៗ នៅ​កន្លែង​ខ្លះក៏​គេ​មិន​ទទួល​ស្គាល់ ​ថា​ជា​រដ្ឋាភិបាលស្រប​ច្បាប់»។​

ចាប់​តាំង​ពី​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ​ដែល​រៀបចំ​ដោយ​អង្គការ​សហ​ប្រជាជាតិ​មក​ គេ​ឃើញថា​បោះឆ្នោត​ជាច្រើន​អាណត្តិ​បន្តបន្ទាប់​ ​តែង​មានការ​ចូលរួម​ឃ្លាំ​មើល​ពី​អង្គការ​និង​សហគមន៍​អន្តរជាតិ។

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ។​ ការចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី០៩ ខែ​វិច្ឆិកា ​ម្សិលមិញ ​ខណៈប្រជា​ពលរដ្ឋ​ដែល​បាន​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជា​៥៣​ម៉ឺន​នាក់ ​ចំណែក​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​មាន​ចំនួនជាង​៨លាន ​៣សែន​នាក់​ ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិចុះ​ឈ្មោះ​បោះឆ្នោតសរុប​ប្រមាណ​ជា​៩លាន ៨​សែន​នាក់៕