លោក ហ៊ុន សែន៖ ​អាស៊ាន​នឹង​គិត​ឡើង​វិញ​លើ​ចំណុច​ឯកភាព ​ប្រសិន​បើ​មីយ៉ាន់ម៉ា​ប្រហារ​ជីវិត​សកម្មជន​បន្ត​ទៀត

រូបឯកសារ៖ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និងមេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing (ស្តាំ) ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​ពួកគេ​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​នៅ​ទីស្តីការ​នាយក​រដ្ឋមន្រ្តី​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​អះអាង​ថា​ប្រសិន​បើ​មាន​ការ​ប្រហារ​ជីវិត​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា​បន្ត​ទៀត​ នោះ​នឹង​មាន​ការ​គិត​ឡើង​វិញ​អំពី​ចំណុច​ឯកភាព​ទាំង​៥ ​ដែល​មេ​ដឹកនាំ​អាស៊ាន​បាន​សម្រេច​កាល​ពី​ឆ្នាំ​មុន។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ផ្លូវ​ការ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន ​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សុខា ​ក្នុង​រាជធានី​ភ្នំពេញ។​

នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន ​ដែល​អវត្តមាន​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា ​លោក​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ការ​ប្រហារ​ជីវិត​សកម្មជន​៤​រូប​កាល​ពី​កន្លង​ទៅ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅៗ។​

លោក​ថ្លែង​ថា៖​ «ក្នុង​ករណី​មាន​អ្នក​ទោស​ដទៃ​ទៀត​ដែល​នឹង​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ យើង​នឹង​ត្រូវ​បង្ខំ​ចិត្ត​គិត​គូរ​ឡើង​វិញ​អំពី​តួនាទី​របស់​យើង​ចំពោះ​ការ​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន»។​

រូបឯកសារ៖ ពលរដ្ឋ​មីយ៉ាន់ម៉ា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ថៃ កាន់​រូបថត​នៃ​អ្នក​ទោស​នយោបាយ៤​រូប​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុងអំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០២២។

លោក​ ហ៊ុន សែន ​បន្ត​ថា​កម្ពុជា​ដែល​មាន​ប្រេសិត​លើ​បញ្ហា​មីយ៉ាន់ម៉ា ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ បាន​ខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ជួយ​ប្រជាជន ​និង​ប្រទេស​មីយ៉ាន់ម៉ា ​បើ​ទោះ​ជា​មាន​ការ​រិះគន់​ក៏​ដោយ។ ​ លោក​បន្ថែម​ថា​កិច្ច​ប្រឹង​ប្រែង​កន្លង​មក ​មាន​ការ​វិវឌ្ឍ​ខ្លះ​ដែរ​ ជា​ពិសេស​ទាក់​ទង​នឹង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌។ ​

លោក​ ហ៊ុន សែន​ បន្ថែម​ថា៖ ​«នាពេល​នេះ​ដែរ ​ខ្ញុំ​សូម​អនុញ្ញាត​បន្ថែម​ថា​ទោះ​បី​ជា​ការ​អនុវត្ត​កុងសង់ស៊ីស​៥​ចំណុច ​ពុំ​មាន​ភាព​ជឿន​លឿន​តាម​ដែល​គ្រប់​គ្នា​ចង់​បាន​ ប៉ុន្តែ​ការ​ខិត​ខំ​របស់​យើង​កន្លង​មក​ បាន​សម្រេច​ភាព​ជឿន​លឿន​ខ្លះ​ដែរ ​ជាពិសេស​លើ​ការងារ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​អ្នក​ដែល​ត្រូវ​ការ​បំផុត។ ​ ប៉ុន្តែ​សភាព​ការណ៍​នៅ​ពេល​នេះ​ប្រែ​ប្រួល​ខ្លាំង ​ដែល​អាច​និយាយ​បាន​ថា​កាន់​តែ​អាក្រក់​ជាង​មុន​មាន​ការ​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ទៅ​ទៀត ​ក្រោយ​ពី​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​៤​រូប»។​

បើ​តាម​លោក ​ហ៊ុន សែន​ អាស៊ាន​នឹង​បន្ត​ការងារ​ជួយ​មីយ៉ាន់ម៉ា​ទៀត ​ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ឯក​ភាព​អាស៊ាន ​តាម​រូបភាព​ណា​មួយ​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​មីយ៉ាន់ម៉ា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ តាម​សារ​អ៊ីមែល​ បាន​នៅ​ឡើយ​ទេ។​

កាល​ពី​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ស្នើ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា ​លោក​ មីន អ៊ុងឡាំង ​(Min Aung Hlaing) ​ឱ្យ​ពិចារណា​ឡើង​វិញ ​ចំពោះ​ការ​សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​ក្រុម​ប្រឆាំង​ ដែល​លោក​ថា​វា​នឹង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អវិជ្ជមាន​រីក​រាលដាល​ពេញ​សហគមន៍​អន្តរជាតិ​ និង​ប៉ះពាល់​ចំណុច​ឯកភាព​ទាំង​៥ ​កាល​ពី​កន្លង​ទៅ។​

ដោយ​សារ​មិន​មាន​ការ​វិវឌ្ឍ​នៃ​ចំណុច​ឯកច្ឆន្ទ​ទាំង​៥​ ទៅ​លើ​បញ្ហា​មីយ៉ាន់ម៉ា ​មេ​ដឹកនាំ​អាស៊ាន​ទាំង​៩​ទៀត ​មិន​អាច​អញ្ជើញ​រដ្ឋមន្រ្តី​ការ​បរទេស​របស់​របប​សឹក​មីយ៉ាន់ម៉ា​ ចូល​រួម​ប្រជុំ​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​ទេ។​ អាស៊ាន​អនុញ្ញាត​ឲ្យ​តែ​មន្រ្តី​មិន​មែន​នយោបាយ​ចូលរួម​តែ​ប៉ុណ្ណោះ។ ​ ទោះជា​យ៉ាងណា ​មីយ៉ាន់ម៉ា​ក៏​សម្រេច​មិន​បញ្ជូន​មន្រ្តី​មិន​មែន​នយោបាយ​មក​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​លើក​ទី​៥៥​នេះ​ទេ​ដែរ។​

លោក​ ឯម សុវណ្ណារ៉ា ​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ដោយ​សារ​មិន​មាន​ការ​វិវិឌ្ឍ​នៃ​ចំណុច​ឯកភាព​ទាំង​៥ ​ ដូច្នេះ​អាស៊ាន​អាច​ចាត់​វិធានការ​បន្ត​ទៀត​ទៅ​លើ​ការ​ព្យួរ​មិន​ឲ្យ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​ទាំង​អស់​ដែល​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​បើ​សិន​ជា​អត់​ទេ ​ក្រប​ខណ្ឌ​អាស៊ាន​អាច​suspend ​ ឬ​ក៏​ព្យួរ​នូវ​ក្របខណ្ឌ​ការ​ចូលរួម​ប្រជុំ​របស់​ភូមា​ទាំង​អស់​បាន។​ អាហ្នឹង​អាស៊ាន​អាច​ធ្វើ​ទៅ​បាន»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១ ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​ ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ភាព​អត់ធ្មត់​ខ្ពស់​បំផុត។​ ទី​២​ធ្វើ​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។ ​ទី​៣ ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន ​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា ​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។ ​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕