លោក​ ហ៊ុន សែន​ មិនទទួល​យក​​ការសុំទោស​ពីអតីត​តំណាងរាស្ត្រ​បក្ស​ជំទាស់​​ម្នាក់​ ​​​​​​

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន អំឡុង​សន្និសីទកាសែត​នៅ​វិមានសន្តិភាព​ក្នុងរាជធានីភ្នំពេញ​កាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២១។ (Photo by TANG CHHIN Sothy / POOL / AFP)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​មិន​ទទួល​យក​ការសុំទោស​ពី​លោក ​ជា ប៉ូច អតីត​តំណាងរាស្រ្ត​គណបក្ស​ជំទាស់​នោះ​ឡើយ ក្រោម​ហេតុផលថា ​អ្នក​នយោបាយ​ជំទាស់​រូបនោះជា​ មនុស្ស​ «ក្រឡិចក្រឡុចបំផុត»​ និងមាន​បំណង​ទម្លាក់​លោក​ពីមុខតំណែង​។ នេះ​បើ​តាម​សារ​នៅ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក ​ជា ប៉ូច​ គឺ​ជា​ អតីត​សមាជិក​គណបក្ស​ជាតិ​ខ្មែរ និងបាន​ចូលធ្វើ​នយោបាយ​ជា​បន្ត​បន្ទាប់​ជាមួយ​ គណបក្ស​សម រង្ស៊ី​ និងអតីត​គណបក្ស​សង្គ្រោះជាតិ​ ហើយ​បច្ចុប្បន្ន​លោក​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន​ ដែល​កំពុង​មាន​បញ្ហា​ចម្រូង​ចម្រា​ស​ជាមួយគណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប) ​ជុំវិញ​ការ​ចុះ​បញ្ជី​គណបក្ស​ និងបេក្ខជន​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣។

កាល​ពី​ថ្ងៃ​អង្គារ លោក ​ជា ប៉ូច បាន​ចេញ​លិខិត​សុំទោស​ទៅ​លោក ​ហ៊ុន សែន ជា​សាធា​រណៈ​ដោយ​ទទួល​កំហុស​ដែលគាត់បាន​និយាយ​ថា ​«គោលដៅ​ខ្ញុំ​គឺ​ទម្លាក់​លោក​ ហ៊ុន សែន ឱ្យ​បាន​»។

លោក​ ជា ប៉ូច​ គឺ​ជា​អតីត​សមាជិក​គណបក្ស​ជាតិ​ខ្មែរ ហើយ​បាន​ចូលធ្វើ​នយោបាយ​ជា​បន្ត​បន្ទាប់​ជាមួយ​គណបក្ស​ សម រង្ស៊ី​ និង​អតីត​គណបក្ស​សង្គ្រោះជាតិ​ ហើយ​បច្ចុប្បន្ន​លោក​ជា​សមាជិក​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន។ (Facebook/Chea Poch)

បើតាម​លិខិតសុំទោស ចុះ​ថ្ងៃទី​ ២៣ ខែ​ឧសភានោះ លោក​ជា ប៉ូច​ ​បានពន្យល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​ថា​ ការថ្លែង​របស់​លោកកាល​ពី​អំឡុង​ខែ​មីនា​ ឆ្នាំ​ ២០២៣​ ក្នុង​កិច្ច​ប្រជុំ​ពង្រឹង​សកម្មជន​នៅ​ទី​ស្នាក់ការ​គណបក្ស​ភ្លើង​ទៀន​ រាជធានី​ភ្នំពេញ​នោះ​ គឺ​ខ្វះការ​ពិចារណា​ និយាយ​មិន​បាន​គិត​វែង​ឆ្ងាយ​។ ​

ក្នុង​លិខិត​ដដែល លោក ​ជា ប៉ូច បញ្ជាក់​ទៀត​ថា៖ ​«ថ្ងៃ​នេះ​ខ្ញុំ​បាទ​ សូម​សុំទោស​ជា​សាធារណៈ​នូវ​កំហុស​ឆ្គង​របស់​ខ្ញុំ​បាទ​ ដែល​បាន​ប្រព្រឹត្តិ​មិន​គប្បី​ចំពោះ​សម្តេច​តេជោ​នា​ពេល​កន្លង​ទៅ»។

ក្រោយ​ពី​ទទួល​បាន​លិខិត​របស់​លោក​ ជា ប៉ូច នោះ​ លោក​ ហ៊ុន សែន​ បាន​ច្រានចោល​ភ្លាម​ៗ​ មិន​ទទួល​ការ​សុំទោស​ពី​អ្នក​នយោបាយ​ជំទាស់រូប​នោះ​ឡើយ​ ដោយ​ផ្តល់​ហេតុផលថា​លោក​ ជា ប៉ូច ជា​មនុស្ស​មិន​សូវ​មានភាព​ស្មោះត្រង់ ហើយ​នៅ​តែ​មាន​ទំនាក់​ទំនង​ជាមួយ​ជន​ក្បត់​ជាតិបីជំនាន់។ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​អំពីជនក្បត់​ជាតិ​បី​ជំនាន់​នេះ​ ​ទំនង​ជា​សំដៅ​ដល់​មេដឹកនាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី ដែល​ត្រូវ​តុលាការ​កម្ពុជា​កាត់​ទោស​ពី​បទព្រហ្មទណ្ឌ​ធ្ងន់​ធ្ងរ​ជាច្រើន​ករណី​កន្លង​មក។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ ក្នុង​ប្រព័ន្ធ​ទំនាក់​ទំនង​តេ​ឡេ​ក្រាម​របស់​លោក​ថា​៖ ​«សម្រាប់​ការ​សុំទោស​ត្រឹម​តែ​ប៉ុណ្ណឹង​របស់​ ជា ប៉ូច ​មិន​គ្រប់​គ្រាន់​ទេ​ ព្រោះ​ ជា ប៉ូច​ ជា​មនុស្ស​ក្រឡិច​ក្រឡុច​បំផុត​»។

វីអូអេ​មិនទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពីលោក​ ជា ប៉ូច​ បាន​នៅឡើយ​ទេនៅថ្ងៃ​ពុធ​នេះ ដោយ​កូន​របស់​លោក​ថា លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ប្រទេស​អូស្ត្រាលី​។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​គឹមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណ​បក្ស​ភ្លើង​ទៀន​គឺ​ជា​គណបក្ស​ប្រជាធិបតេយ្យ​ ហើយ​ករណី​លោក ​ជា ប៉ូច មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ​ ព្រោះ​នេះ​គឺ​ជា​រឿង​របស់​បុគ្គល​តែ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «គ្រប់​ថ្នាក់​ដឹកនាំ​អតីត​ថ្នាក់​ដឹកនាំ​ គេ​ចង់​ទៅ​ចូល​រួម​រស់​ជីវភាព​នយោ​បាយ​ជា​មួយ​គណបក្ស​ណា​ វា​ជា​សិទ្ធិ​របស់​គេ​។ យើង​មិន​អាច​ឃាត់​ឃាំង​ទេ​ មាន​តែ​ការអរគុណ​ ជូនពរ​ ឱ្យ​មាន​សេចក្តី​សុខ​ និង​សម្រេច​ជោគជ័យ​នូវ​តួនាទី​ភារកិច្ច​ថ្មី​។ឧបមា​ថា​ ខ្ញុំ​ក៏​ដោយ​ នរណា​ក៏​ដោយ​មាន​បញ្ហា​ត្រូវ​សុំទោស​ អាហ្នឹង​គឺ​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ យើង​អត់​អាច​ឃុំឃាំង​ទេ​ ព្រោះ​ជួន​កាល​គេ​យល់​ថា​ គេ​បាន​ធ្វើ​ខុស​ គេ​សុំទោស​អាហ្នឹង​គឺ​ជា​រឿង​ល្អ​»។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ឯម សុវណ្ណារ៉ា យល់​ថា​ ការចេញ​លិខិត​សុំទោស​ជា​សាធារណៈរបស់​អ្នក​នយោបាយ​ទៅកាន់​មេដឹកនាំ​ប្រទេស​បច្ចុប្បន្ន​ គឺ​ជា​ក្រឹត្យក្រម​មួយ។ ​ ប៉ុន្តែ​លោក​ថា​ ​បើ​សិន​ជា​ភាគី​ពាក់​ព័ន្ធ​មិន​ទទួល​យក​នោះ​ ក៏​មាន​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​ ក៏​ដូច​ជា​ផ្លូវ​តុលាការ​ជា​បន្ត​បន្ទាប់​ទៀត​ ហើយ​អ្នក​នយោបាយ​គួរតែ​ប្រើ​ភាសា​ប្រកប​ដោយ​ក្រម​សីលធម៌​ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ទើប​ជា​ការប្រសើរ​។

​លោក​បញ្ជាក់​ថា​៖ «ជា​ទូទៅ​ ឥឡូវ​បរិបទ​នៃ​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ មាន​ការភ័យ​[បាក់ស្បាត]មិន​ហ៊ាន​ប្រឈម​នឹង​គណបក្ស​ដែល​ដឹកនាំ​ប្រទេស​ទេ​។ នៅ​ពេល​ដែល​ លោក​នាយក​រដ្ឋមន្រ្តី​មានប្រតិកម្ម​ ឬ​ក៏​មាន​មតិ​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការចេញ​សារ​រិះ​គន់​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ហ្នឹង​ ម្នាក់ៗ​ខ្លាច​ ដក​ខ្លួន​»។

ករណី​សុំការ​យោគយល់​ពីលោក​ ហ៊ុន សែន របស់​លោក ​ជា ប៉ូច​ ដែល​ធ្លាប់​ជាប់​បម្រាម​ធ្វើ​នយោបាយ​ ៥ ឆ្នាំ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​ ២០១៧​ ត្រូវ​គេ​សង្កេត​ឃើញថា​ មាន​ភាព​ប្លែក​ពីសំណើ​សុំទោស​របស់​អតីត​អ្នក​នយោបាយ​ផ្សេង​ទៀត​ ដែល​បានធ្វើ​ការ​សុំ​ទោស​លោក​នាយករដ្ឋមន្ត្រី​ហើយ​ រួច​ក៏បាន​ចូល​កាន់​តំណែង​ជាន់​ខ្ពស់​ក្នុងរដ្ឋាភិបាល​។ ហើយគេក៏មិន​ទាន់​ដឹង​ថា លោក​ ជា ប៉ូច​ បាន​ប្រព្រឹត្តមិន​ឆ្គាំឆ្គង​អ្វីខ្លះ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ទើបធ្វើ​ឱ្យ​លោក​ ហ៊ុន សែន​ បាត់​ការ​ជឿ​ទុក​ចិត្ត​នោះ​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន ប្រាប់​វីអូអេនៅ​ថ្ងៃ​ពុធ​នេះថា​ បើទោះ​បីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​លើក​លែង​ទោស​ឱ្យ​មន្រ្តី​បក្ស​ប្រឆាំង​ច្រើន​រូប​មក​ហើយ​ក៏​ដោយ ក៏​ប៉ុន្តែ​ចំពោះ​ករណី​លោក​ ជា ប៉ូច ការលើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្រ្តី​គឺ​ជា​រឿង​ត្រឹម​ត្រូវ ​ដែល​មិន​គួរ​លើក​ទោស​ឱ្យ​ឡើយ​។

លោក​ថ្លែង​ថា​៖ «ក៏ប៉ុន្តែ​ខ្ញុំ​យល់​ថា​ ចំពោះ​ករណី​លោក​ជា ប៉ូច ខ្ញុំ​ក៏​ដឹង​មួយ​ចំនួន​ដែរ​ មាន​កូន​ស្រី​ប្រឡង​ជាប់​បាក់ឌុប​រហូត​សម្តេច​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ឱ្យ​ទៀត​ហើយ​ឱ្យ​ទៅ​រៀន​នៅ​អូស្ត្រាលី​ទៀត​។ ដូច្នេះ​ បញ្ហា​នេះ​វា​សម្តែង​នូវ​ទឹក​ចិត្ត​ដ៏​សប្បុរសធម៌​របស់​សម្តេច​ចំពោះ​លោក ​ជា ប៉ូច ក៏​ប៉ុន្តែ​ដល់​មាន​បញ្ហាជា​ពាក្យ​សម្តី​ច្បាស់​ៗ​ដែល​ ជា ប៉ូច ដើរ​តាម​នយោបាយ​របស់​មេ​ឧទ្ទាម​ទណ្ឌិត​ មេឧទ្ទាមក្រៅ​ច្បាប់​ ដែល​ប៉នប៉ង​ផ្តួល​រំលំ​សម្តេច​នេះ​ ខ្ញុំ​យល់​ថា​ នេះ​គឺ​ជា​រឿង​នយោបាយ​ជាន់​ខ្ពស់​មួយ​មិន​អាច​អត់​ឱន​ឱ្យ​បាន​បាទ​»។

លោក​បន្ថែម​ថា​ បើ​លោក​ ជា ប៉ូច នៅ​តែ​ឱប​ក្រសោប​ទណ្ឌិត​ឧទ្ទាមក្រៅ​ច្បាប់​ជ្រុល​និយម​នោះ ​គឺ​មិន​អាច​ឱ្យ​លោក​នាយករដ្ឋមន្ត្រីលើក​លែង​បាន​ទេ​ ទោះបី​មាន​លិខិត​សុំ​ទោស​ជា​សាធារណៈ​ក៏​ដោយ៕