មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃប្រារព្ធខួបទី៤០ឆ្នាំ នៃការ វាយផ្តួលរំលំរបបខ្មែរក្រហមរបស់ប៉ុល ពត ក្រោមការជួយពីកងទ័ពវៀតណាម បានថ្លែងកោតសរសើរពី«នយោបាយឈ្នះ-ឈ្នះ» របស់លោកដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកទាំងស្រុងនៅកម្ពុជាកាលពីចុងឆ្នាំ១៩៩៨ និងបានរិះគន់លើក្រុមអ្នកនយោបាយគណបក្សប្រឆាំង ដែលលោកយល់ថាត្រូវបានប្រជាពលរដ្ឋខ្មែរបំភ្លេចចោលក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខក្រុមមន្ត្រីនៃគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា និងអ្នកចូលរួមអបអរសាទរខួបថ្ងៃទី៧ មករា ឆ្នាំ១៩៧៩នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកស្ថិតក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានរំឭកដល់ថ្ងៃនៃការសម្ពោធ «វិមានឈ្នះ-ឈ្នះ» កាលពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៨ ផងដែរ។
លោក ហ៊ុន សែន ដែលជាអតីតទាហានខ្មែរក្រហម និងដែលបានសារភាពថា លោកពិតជាបានសុំឲ្យវៀតណាមជួយរំដោះកម្ពុជាពីមេរបស់លោក គឺប៉ុល ពតនោះ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ មិនបានបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជានោះទេ ពោលគឺមានតែនយោបាយឈ្នះ ឈ្នះរបស់លោក ដែលបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុង ដោយគ្មានការប្រើប្រាស់គ្រាប់កំាភ្លើងសូម្បីតែមួយគ្រាប់។
«ការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះនេះ បានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃ នៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨»។
ដោយនៅពីក្រោយលោកមានស្លាកឡូហ្គោក្រហមលឿងឆ្អិនឆ្អៅ ប្រៀបដូចជាពណ៌របស់ទង់ជាតិប្រទេសកុម្មុយនីស្តចិន និងវៀតណាម រំលេចដោយទង់បក្សប្រជាជនកម្ពុជា និងទង់ជាតិកម្ពុជា ជាមួយពាក្យថា «ខួបទី៤០ ៧មករា» លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនោះ បានថ្លែងបន្តថា៖
«កម្ពុជាដែលពីមុនជាវាលពិឃាត គ្របដណ្តប់ដោយអំណាចផ្តាច់ការ និងឧក្រិដ្ឋកម្មគួរឲ្យរន្ធត់នៃរបបប្រល័យពូជសាសន៍ ឥឡូវបានក្លាយជាទឹកដីនៃសេរីភាព ដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស តាមរយៈការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជារដ្ឋដែលគោរពគោលការណ៍ច្បាប់ដោយឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់»។
ការប្រារព្ធខួបទី៤០ នៃថ្ងៃ៧ មករា ឆ្នាំ២០១៩នោះ បានធ្វើឡើង ក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រទេសប្រជាធិបតេយ្យធំៗមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានដកការគាំទ្ររបស់ពួកគេ ដោយសារតែគ្មានវត្តមានគណបក្សប្រឆាំងដ៏ធំបំផុតនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលរបស់លោកហ៊ុន សែន ប្តឹងឲ្យតុលាការកំពូលកម្ពុជារំលាយចោលក្រោមបទប្រព្រឹត្តអំពើក្បត់ជាតិ។
អាជ្ញាធររបស់កម្ពុជា បានចោទប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលពេលនេះកំពុងជាប់ឃុំក្នុងផ្ទះថា បានសមគំនិតជាមួយរដ្ឋាភិបាលបរទេស ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ទីក្រុងភ្នំពេញ ដែលការប្រព្រឹត្តយ៉ាងដូច្នេះ គឺស្មើនឹង «អំពើក្បត់ជាតិ»។
ក៏ប៉ុន្តែក្នុងការពណ៌នារបស់លោកអំពីជោគជ័យលើក្រុមកុម្មុយនីស្តម៉ៅនិយមខ្មែរក្រហម នាថ្ងៃច័ន្ទ ទី៧ ខែមករា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន មិនបាននិយាយចំឈ្មោះគណបក្សសង្គ្រោះជាតិនោះទេ តែលោកមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរមិនត្រូវការក្រុមគណបក្សប្រឆាំងនោះទេ ដោយប្រជាពលរដ្ឋខ្មែរបានសម្រេចជោគវាសនាខ្លួន ក្នុងការបោះឆ្នោតឲ្យគណបក្សប្រជាជនរបស់លោកបានដឹកនាំប្រទេសកម្ពុជាបន្តទៀត។
លោក ហ៊ុន សែន អះអាងយ៉ាងដូច្នេះ៖
«ប្រការនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ប្រជាជនកម្ពុជាកំពុងក្តាប់ក្នុងដៃនូវជោគវាសនាជាតិ និងមានភាពជឿជាក់ ក្នុងការអនុវត្តន៍ភាពធ្វើជាម្ចាស់ប្រទេស ដោយបដិសេធដាច់អហង្កានូវសកម្មភាពរបស់ក្រុមអ្នកនយោបាយ ប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានបរទេស នៅពីក្រោយខ្នងរបស់ពួកគេ ដែលនៅតែបន្ត រកវិធីរាំងខ្ទប់ការអភិវឌ្ឍន៍កម្ពុជា និងរុញច្រានកម្ពុជា ឲ្យឃ្លាតចេញពីមាគាប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមរយៈមធ្យោបាយបដិវត្តន៍ពណ៌»។
លទ្ធផលនៃការបោះឆ្នោតជាតិកាលពីខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានគណបក្សប្រឆាំងចូលរួមនោះ បានបង្ហាញពីជោយជ័យយ៉ាងសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានក្តោបក្តាប់អាសនៈទាំង១២៥នៅរដ្ឋសភា។ រដ្ឋសភា ដែលមានតែគណបក្សកាន់អំណាចនេះ ត្រូវបានគេចាត់ទុកថា ជាសភាឯកបក្ស។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមួយចំនួនដែលសុំមិនបញ្ចេញអត្កសញ្ញាណបានឲ្យដឹងថា កម្ពុជាពិតជាមានការបោះឆ្នោតដោយទៀងទាត់ប្រាកដមែន ទៅតាមអាណត្តិនីមួយៗ។
ទោះយ៉ាងណា ពួកគេថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា គឺមិនទាន់ពេញលេញដោយស្មើភាពគ្នានោះទេ ដោយហេតុថា ឆន្ទៈប្រជាពលរដ្ឋមិនត្រូវបានគេគោរព ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ហើយជាពិសេសនោះ អ្នកត្រូវបានជ្រើសរើសត្រូវបានរំលាយចោល និងចែកអាសនៈឲ្យអ្នកផ្សេង។
ពួកគេនិយាយថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺមានតែនៅលើក្រដាសប៉ុណ្ណោះ ព្រោះអ្នកនយោបាយគ្មានសិទ្ធិស្មើគ្នាក្នុងការធ្វើនយោបាយ ដោយសារថា អ្នកនយោបាយមួយក្រុមដែលទទួលបានសំឡេងគ្រាំទត្រូវបានគេរំលាយ ឯមួយក្រុមទៀតមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ហើយឈ្នះពីការបោះឆ្នោតមួយដែលមិនមានសុក្រឹតភាព។
ទាក់ទិននឹងលំហសេរីភាពក្នុងប្រទេសនោះ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតឯករាជ្យមួយចំនួន ដែលសុំមិនបញ្ចេញអត្កសញ្ញាណដដែលក៏បានឲ្យដឹងថា ប្រព័ន្ធព័ត៌មានឯករាជ្យ មិនបានចូលរួមដំណើរការរបស់ខ្លួនដោយពេញលេញ ខណៈដែលសង្គមស៊ីវិលមួយចំនួនដែលធ្លាប់ចូលរួមឃ្លាំមើលការបោះឆ្នោតនោះបានទទួលរងការគំរាមកំហែងក្នុងវិជ្ជាជីវៈរបស់ខ្លួន។
សម្រាប់ការអនុវត្តច្បាប់ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថា បានឈរលើគោលការណ៍ស្មើភាពគ្នានោះ គឺធាតុពិតមិនដូច្នេះនោះឡើយ។ នេះបើយោងតាមអ្នកដែលរងគ្រោះដោយការរំលោភបំពានសិទ្ធិមួយចំនួនពីសំណាក់អាជ្ញាធរកម្ពុជា។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ឬហៅថា (CCFC) ដែលចូលរួមរំឭកថ្ងៃមានការបង្រ្កាបដ៏ហិង្សារបស់កងកម្លាំងប្រដាប់អាវុធចម្រុះមកលើហ្វូងបាតុករកាលពីឆ្នាំ២០១៤ បានលើកឡើងថា កម្ពុជា មិនទាន់មានការគោរពច្បាប់ដោយឈរលើគោលការណ៍ស្មើភាពគ្នានោះទេ។
លោក ថេង សារឿន បានថ្លែងយ៉ាងដូច្នេះ នៅក្រោយមានការរំខានរបស់អាជ្ញាធរក្នុងខ័ណ្ឌសែន សុខរាជធានីភ្នំពេញ ដែលបានចូលមករុះរើរោងតង់សម្រាប់រំឭកដល់ព្រឹត្តការណ៍ហិង្សានោះយ៉ាងកំរោល។
លោកបានលើកឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩យ៉ាងដូច្នេះ៖
«យើងត្រូវតែជំរុញធ្វើម៉េចប្រព័ន្ធយុត្តិធម៌ឲ្យមានស្តង់ដាតែមួយបានហើយ កុំឲ្យមានប្រព័ន្ធស្តង់ដាពីរ ពីព្រោះថាបច្ចុប្បន្ននេះ អយុត្តិធម៌សង្គម កើតឡើងដោយសារតែការអនុវត្តន៍ប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជាមានស្តង់ដាពីរ ពិសេសដូចថ្ងៃហ្នឹងអ៊ីចឹង ប្រសិនបើគេមានបក្សពួក គេមានអំណាច គេអាចរៀបចំកម្មវិធីបានដោយសេរី មានការគាំទ្រ ក៏ប៉ុន្តែបើយើងជាក្រុមសហជីព ក្រុមសមាគម ក្រុមប្រជាពលរដ្ឋដែលអ្នករងគ្រោះ ដែលចង់រៀបចំនេះត្រូវបានគេរំខាន គេធ្វើទុក្ខបុកម្នេញមិនឲ្យធ្វើការជួបប្រជុំ មិនឲ្យសំដែងមតិដើម្បីទាមទារយុត្តិធម៌»។
រឿងរំលោភបំពានសិទ្ធិនានាដែលបានកើតឡើងក្នុងកម្ពុជាបច្ចុប្បន្ននេះ មិនត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ លើកឡើងក្នុងថ្ងៃនៃជ័យជម្នះរបស់គណបក្សនយោបាយលោកនោះទេ។
លោក ហ៊ុន សែន លើកឡើងថា សង្គមកម្ពុជា មានលក្ខណៈសេរី បើកចំហ និងគោរពតម្លៃមនុស្ស។ លោកបានបញ្ជាក់ថា សេដ្ឋកិច្ចជាតិបានរីកធំធាត់យ៉ាងឆាប់រហ័ស ហើយក្នុងរយៈពេល៤០ឆ្នាំ ផ្តើមពី ជ័យជម្នះ ៧ មករា ១៩៧៩ «កម្ពុជាសម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណាអាចនឹងស្មានដល់»។
យ៉ាងណាក៏ដោយ វឌ្ឍនភាពរបស់កម្ពុជា ត្រូវគេមើលឃើញថា កំពុងស្ថិតក្នុងការគំរាមកំហែង ដោយសារតែសហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលនាំចេញកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានដកការអនុគ្រោះពន្ធ ប្រសិនបើកម្ពុជាខកខាន មិនអាចស្តារដំណើរប្រជាធិបតេយ្យឡើងវិញ ឲ្យបានដូចមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ដែលគណបក្សសង្គ្រោះ ជាតិទទួលបានការគំាទ្រជាង ៤០ភាគរយពីអ្នកបោះឆ្នោត។ កម្ពុជាមានពេលតែ១២ ខែប៉ុណ្ណោះ ក្នុងការកែខៃស្ថានភាពរំលោភសិទ្ធិមនុស្ស សិទ្ធនយោបាយនិងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរក្សានូវការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជាមួយចំនួន បានលើកឡើងកាលពីកន្លងមកថា សេដ្ឋកិច្ចកម្ពុជាទាំងមូលនឹងរង្គោះរង្គើ ប្រសិនបើប្រទេសនេះ បាត់បង់ការគាំទ្រខាងពាណិជ្ជកម្មពីសហភាពអឺរ៉ុប។ ពួកគេនិយាយថា ប្រសិនបើសហភាពអឺរ៉ុបពិតជាលែងអនុគ្រោះពន្ធលើទំនិញកម្ពុជាមែន នោះសហរដ្ឋអាមេរិកដែលជាសម្ត័ន្ធមិត្តស្អិតល្មួតរបស់សហភាពអឺរ៉ុបនឹងចាត់វិធានការស្រដៀងគ្នានេះផងដែរ៕