លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកបានត្រៀមខ្លួនរួចរាល់ដើម្បីកម្ចាត់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ពីឆាកនយោបាយនៅកម្ពុជា តាមយុទ្ធសាស្ត្រឈ្មោះកាត់ជាភាសាអង់គ្លេសថា IF ដែលសំដៅលើការដាក់ឱ្យឯកោ និងផ្តាច់ដង្ហើមមនោគមនយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី។
បើតាមលោក ហ៊ុន សែន យុទ្ធសាស្ត្រនេះ នឹងបោសសម្អាតបណ្តាញក្រុមជំទាស់ដែលមានសម្ព័ន្ធភាពជាមួយនឹងលោក សម រង្ស៊ី ដែលកំពុងនៅជាឆ្អឹងទទឹងកដល់គណបក្សប្រជាជនកម្ពុជា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយការចុះឈ្មោះបោះឆ្នោតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល លោក ហ៊ុន សែន លើកឡើងថា លោក សម រង្ស៊ី គឺជាបុគ្គលដែលមនោគមវិជ្ជានយោបាយជ្រុលនិយម ខុសពីអ្នកនយោបាយខ្មែរឯទៀត ដោយលោកចាត់ទុកលោក សម រង្ស៊ី ថា ជាជនក្បត់ជាតិដែលបន្តរក្សាគំនិត គិតប្រើអំពើហិង្សាមកទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោក ហ៊ុន សែន អះអាងថា លោកលែងប្រើយុទ្ធសាស្ត្រនយោបាយចាស់គឺ DIFID ដើម្បីតទល់នឹងលោក សម រង្ស៊ី ដូចអ្វីលោកធ្លាប់ប្រើជាមួយក្រុមមេដឹកនាំខ្មែរក្រហម និងគូប្រជែងនយោបាយផ្សេងទៀត ដោយលោកប្រើយុទ្ធសាស្ត្រ IFជំនួសវិញ ដែលនឹងធ្វើឱ្យលោក សម រង្ស៊ី នៅឆ្ងាយពីគេឯង ព្រោះលោកចាត់ទុក លោក សម រង្ស៊ី ថាជាជនក្បត់ជាតិ ហើយមិនចេះកែប្រែកំហុស។
លោក ហ៊ុន សែន ថ្លែងថា៖ «លើកនេះខ្ញុំប្រើតែ Iនិង F មានន័យថា Isolate [ធ្វើឱ្យឯកោ] ហើយ Finish [បញ្ចប់] តែម្តង។ កាលពីមុន ខ្ញុំប្រើប្រាំតួអក្សរ [DIFID] Divide [បំបែក] Isolate [ធ្វើឱ្យឯកោ] Finish [បញ្ចប់] Integration [សមាហរណកម្ម] និងDevelopment [អភិវឌ្ឍ]។ ប៉ុន្តែលើកនេះ ខ្ញុំប្រើតែ ២ អក្សរទេ គឺ IF តែម្តង បានសេចក្តីថា Isolate [ធ្វើឱ្យឯកោ] ហើយ Finish [បញ្ចប់] ចោលតែម្តង។ អាហ្នឹងគឺខ្ញុំបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់ខ្ញុំ ហើយខ្ញុំទៅតាមខេត្តនេះក៏សំដៅ ដើម្បីនឹងរៀបចំបណ្តាញ ដើម្បីនឹងកម្ចាត់ចោលអង្គការចាត់តាំងមនោគមវិជ្ជាជ្រុលនិយម ដែលបង្កើតឡើងដោយជនក្បត់ជាតិបីជំនាន់នេះផងដែរ»។
លោក ហ៊ុន សែន អះអាងដោយក្តីរីករាយនៅចំពោះមុខក្រុមអ្នកកាសែតថា យុទ្ធសាស្ត្ររបស់លោកដែលបានប្រើប្រាស់កម្ចាត់អតីតមេដឹកនាំប្រឆាំង គឺកំពុងទទួលបានជោគជ័យ និងមិនចំណាយពេលវេលាយូរដូចមុនទេ ក្នុងការរុញច្រានលោក សម រង្ស៊ី ឱ្យឆ្ងាយពីឆាកនយោបាយនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា គណបក្សប្រឆាំងបច្ចុប្បន្ន ក៏មិនទាន់ឃើញថា ហ៊ានមានទំនាក់ទំនងជាមួយក្រុមរបស់លោក សម រង្ស៊ី ផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំគិតថា IF ប្រហែលជាមិនប្រើរយៈពេលយូរទេ ព្រោះស្ថានភាពបានផ្តាច់ ព្រោះសូម្បីតែបក្សខាងក្នុងនេះ អត់ហ៊ានផ្សាភ្ជាប់ខ្លួនជាមួយគេ [បើ]ហ៊ានផ្សាភ្ជាប់ [នឹង] ត្រូវរលាយ។ អ៊ីចឹងមានន័យថាពាក្យ Isolate [ធ្វើឱ្យឯកោ] របស់ខ្ញុំនេះ កំពុងបានដំណើរការហើយតើ! បានន័យថា ច្បាប់បានជួយ Isolate [ធ្វើឱ្យឯកោ] នេះហើយៗ គឺមិនឱ្យបក្សនយោបាយណាផ្សាភ្ជាប់ជាមួយទណ្ឌិត។ យល់ហ្ហេ! អ៊ីចឹងបានសេចក្តីថា ច្បាប់ក៏បានជួយរួមចំណែកសម្រាប់ជោគជ័យនៃនយោបាយរបស់ខ្ញុំទៅលើបញ្ហាឯកោ និងត្រូវឈានទៅបញ្ចប់ [លោក សម រង្ស៊ី] នេះ»។
លោក ហ៊ុន សែន ក៏ថែមទាំងអះអាងថា លោក សម រង្ស៊ី មិនឆ្លាតក្នុងការធ្វើនយោបាយ ដោយមេដឹកនាំនយោបាយជំទាស់រូបនេះបានសាងកំហុសពីរយ៉ាង គឺទី ១ នាំសហការីខ្លួនរត់ទៅក្រៅប្រទេស និងបណ្តាលឱ្យពលរដ្ឋអ្នកគាំទ្រមួយចំនួនជាប់ពន្ធនាគារ ដោយសារការបង្កើតព្រឹត្តិការណ៍ផ្សេងៗប្រឆាំង ដោយចង់ផ្តួលរំលំរដ្ឋាភិបាល និង ទី ២ ការនាំគ្នាបោះបង់ចោលពីតួនាទីនៃថ្នាក់ដឹកនាំនៃស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព ៩នាក់ បន្ទាប់ពីរដ្ឋាភិបាលបានប្តឹងតុលាការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងខ្ញុំសូមបញ្ជាក់ អ្នកដែលធ្លាប់គាំទ្រមនុស្សនេះ មើលឃើញឱ្យច្បាស់ថា តើវា[សម រង្ស៊ី] សាកសមជាមេដឹកនាំយុទ្ធសាស្ត្រសម្រាប់បក្សនយោបាយមួយទេ ដែលសូម្បីតែប៉ុណ្ណឹង ក៏មិនយល់។ ការពារកម្លាំងបានយ៉ាងល្អ ប្រសិនបើកុំឱ្យមនុស្សរត់ចេញ ហើយបន្តបន្ទាប់សុំសិទ្ធិធ្វើនយោបាយ គ្រប់គ្រងឡើងវិញ ទោះបីក្រោមរូបភាពអីក៏ដោយ។ ប៉ុន្តែវារត់ រត់ រត់ទៅ អរគុណដែលឯងរត់ និយាយឌឺឯងអ៊ីចឹងទៀត។ ហើយ ទី ២ អ្នកឯងខុសខ្លួនឯងទេក្នុងការរត់ចោលជួរចេញពី គ.ជ.ប រត់ចោលជួរ អ៊ីចឹងរត់ទៅ គេមានទុកច្បាប់ [គឺ] គេមិនដែលទុកឱ្យចន្លោះប្រហោងទេ គេត្រូវតែបំពេញវា»។
ប្រធានស្តីទីរបស់គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា គណបក្សភ្លើងទៀន មិនដែលមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី នោះទេ គិតចាប់ពីគណបក្សជំទាស់នេះបានដំណើរការឡើងវិញ មុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០២២ នេះ។
លោកបន្តថា គណបក្សភ្លើងទៀន តែងតែគោរពទៅតាមច្បាប់របស់កម្ពុជា។ ទោះជាយ៉ាងណាក្តី លោក ថាច់ សេដ្ឋា ក៏ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ឱ្យបញ្ឈប់វោហារសព្ទវាយប្រហារ និងឌឺដងដាក់គ្នា ហើយគួរតែរកផ្លូវចរចា ដើម្បីស្តាស្ថានការណ៍នយោបាយក្នុងប្រទេសឱ្យមានភាពល្អប្រសើរឡើង នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំក្រោយនេះ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ដូច្នេះយើងពុំមានការពាក់ព័ន្ធអ្វី ដែលទំនាក់ទំនង ឬសកម្មភាពជាមួយលោក សម រង្ស៊ី នោះទេ គឺយើងធ្វើសកម្មភាពដោយគណបក្សភ្លើងទៀន នៅក្នុងប្រទេសនេះ ទៅតាមច្បាប់គណបក្សនយោបាយនេះតែម្តង [នេះ]ទី ១។ ទី ២ ខ្ញុំក៏សូមអំពាវនាវផងដែរដល់អ្នកនយោបាយដ៏មានឥទ្ធិពលទាំងពីររូបទាំងលោកនាយករដ្ឋមន្ត្រី ទាំងលោក សម រង្ស៊ី សូមមេត្តាបញ្ចប់រឿងវោហារសព្ទ ដែលវាយប្រហារគ្នា ឬក៏ឌឺដងគ្នា ហើយសូមឱ្យរកមធ្យោបាយដើម្បីចរចានិយាយគ្នាក្នុងមហាគ្រួសារខ្មែរយើង ដើម្បីបង្កើតឱ្យមានបរិយាកាសនយោបាយល្អប្រសើរមុនការបោះឆ្នោតឆ្នាំ ២០២៣ ខាងមុខនេះ ហើយក៏ជាការបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការរួបរួមជាតិយើង ផ្សះផ្សាជាតិរបស់យើង កុំឱ្យមានឱ្យមានការបែកបាក់នៅក្នុងប្រទេសជាតិរបស់យើង»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា អ្នកនយោបាយកម្ពុជាមិនគួរបណ្តុះគំនិតគំកួន ស្អប់ខ្ពើម និងរើសអើងគ្នាក្នុងសង្គមជាតិនោះទេ ដោយលើកហេតុផលថា សង្គមជាតិនឹងមានការប្រេះស្រាំ មិនមានការឯកភាពគ្នា ឬបង្កអស្ថិរភាពដែលអាចបន្សល់ទុកពីអ្នកនយោបាយចាស់ទៅអ្នកនយោបាយជំនាន់ក្រោយ។
លោកយល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដែលថាប្រើប្រាស់យុទ្ធសាស្ត្រ IFនេះ គឺគ្រាន់តែជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងលេងវោហារសព្ទតែប៉ុណ្ណោះ ដោយលោកថា សារនយោបាយរបស់លោក សម រង្ស៊ី ក៏នៅតែមានការគាំទ្រ ហើយជាពិសេសមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគូប្រជែងនោះ នៅបន្តមានប្រតិកម្មតបតទៅវិញជានិច្ច។
ម្យ៉ាងទៀតលោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា វោហារសព្ទនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ដែលចង់បញ្ចប់ឥទ្ធិពលនយោបាយរបស់លោក សម រង្ស៊ីនោះ គឺដើម្បីបង្កភាពងាយស្រួលមួយផ្នែកក្នុងការត្រៀមផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត ដែលត្រូវបានសមាជិកគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រឱ្យធ្វើជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីនោះ។
លោកថ្លែងថា៖ «ការជំរុញ ឬក៏ធ្វើឱ្យលោក សម រង្ស៊ី ចេញពីក្រៅឆាកនយោបាយ ភៀសខ្លួនទៅក្រៅប្រទេសនេះ គឺជាយន្តការមួយធ្វើតាំងពីយូរមកហើយ។ ហើយអ្វីដែលធ្វើហ្នឹង កន្លងមកចង់បញ្ជាក់ថា គឺដើម្បីផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយ ក៏ប៉ុន្តែផ្ទេរបាន ឬមិនបាន វាមិនអាស្រ័យលើអ្នកនយោបាយជំនាន់មុនទាំងស្រុងទេ។ វាអាស្រ័យលើអ្នកនយោបាយជំនាន់ក្រោយដែលត្រូវឡើងបន្តអំណាច ថាគាត់អាចមានភាពរឹងមាំ អាចទទួលយកអាចឡើងជ្រងយកអំណាចពីអ្នកនយោបាយមុនបានក្របខណ្ឌណា»។
លោក ហ៊ុន សែន ថ្លែងនៅពេលចុះឈ្មោះបោះឆ្នោតសារជាថ្មី នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍នេះថា លោកក៏នឹងមិនចុះហត្ថលេខាលើកលែងទោសឱ្យលោក សម រង្ស៊ី ដោយលោកបានស្បថនឹងកាត់ដៃចោល ប្រសិនបើលោកប្រើដៃចុះហត្ថលេខាលើកលែងឱ្យលោក សម រង្ស៊ី នោះ។
គួរបញ្ជាក់ថា វោហារសព្ទនយោបាយរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានឡើងកម្តៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយការសម្រេចសេចក្តីរបស់តុលាការបារាំង ដែលឱ្យលោក សម រង្ស៊ី រួចផុតពីបទបរិហារកេរ្តិ៍ក្នុងសំណុំរឿងទាក់ទងការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិលោក ហុក ឡងឌី កាលពីឆ្នាំ ២០០៨។
Your browser doesn’t support HTML5
ក៏ប៉ុន្តែលោក ហ៊ុន សែន អះអាងម្តងហើយម្តងទៀតថា លោកជាអ្នកឈ្នះក្តី ដោយថា សាលក្រមរបស់តុលាការនៅប្រទេសបារាំង បានបញ្ជាក់ថា លោកមិនមែនជាអ្នកចេញបញ្ជាឱ្យសម្លាប់លោក ហុក ឡងឌី ដែលជាដន្លងរបស់លោកនោះទេ ពោលគឺមិនដូចការចោទប្រកាន់របស់លោក សម រង្ស៊ីនោះ៕