លោក​ ហ៊ុន សែន ​សរសើរ​លោក ​ត្រាំ ​តែ​វាយ​ប្រហារ​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ទីបីពីខាងស្តាំ) ថតរូបជាមួយ​នឹង​ប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសជា​សមាជិក​អាស៊ាន នៅក្នុង​កិច្ច​ប្រជុំ​កំពូលលើកទី៣១នៃអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រើប្រាស់​កិច្ច​ប្រជុំ​អាស៊ាន​ ​រិះគន់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​បាន​ស្នើ​ឲ្យលោក​ប្រធានា​ធិបតី​អាមេរិក​ ​ដូណាល់ ត្រាំ​ ​ដាស់​តឿន​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា កុំ​ឲ្យ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៥​ ​ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍លើក​ទី​៤០​ ​នៃ​ទំនាក់​ទំនង​កិច្ច​សន្ទនា​អាស៊ាន-​សហរដ្ឋ​អាមេរិក​ ​នៅ​ទីក្រុង​ម៉ានីល​ ​ប្រទេសហ្វីលីពីន​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ លោក​ ​ហ៊ុន សែន​ ​និយាយ​ទៅ​កាន់​លោក​ប្រធានា​ធិបតី​ ​ដូណាល់ ត្រាំ​ ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ ​រដ្ឋបាល​របស់​ប្រធានា​ធិបតី​អាមេរិក​អាណត្តិ​មុនៗ​ ​បាន​ប្រើប្រាស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ដើម្បី​ជ្រៀត​ជ្រែក​កិច្ច​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​ ​

លោក​បន្ថែម​ថា​ ​កម្ពុជា​បាន​និង​កំពុង​តែ​រងគ្រោះ​ម្តង​ហើយម្តងទៀត​ ដោយ​សារ​សកម្មភាព​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ដើរ​ខុស​ពី​បន្ទាត់​នយោបាយរបស់លោក ដូណាល់ ត្រាំ​ ដែល​បាន​ចែង​ថា​ មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ស្នើ​ចំៗ​ទៅ​កាន់​លោ​ក​ ​ដូណាល់ ត្រាំ​ ​នៅ​ចំពោះ​មុខ​មេដឹកនាំ​ប្រទេស​ជាច្រើន​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ថា៖​

«នយោបាយ​របស់​ឯកឧត្តម​ ​(ដូណាល់ ត្រាំ)​ ​កំពុង​តែ​ធ្វើការ​កែប្រែ​ ​ប៉ុន្តែ​ស្ថានទូត [អាមេរិក​] នៅ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ធ្វើការ​កែប្រែ​ទេ។ យើង​ខ្ញុំ​ត្រូវការ​កសាង​ច្បាប់​គេ​មករា​រាំង​ការ​កសាង​ច្បាប់ យើង​ខ្ញុំ​អនុវត្ត​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​ត្រូវ​បាន​គេ​រារាំង។ ចំណុច​នេះ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​ឯកឧត្តម​ត្រូវ​មាន​ភារកិច្ច ​ដើម្បី​ដាស់​តឿន​ជាមួយ​នឹង​មន្ត្រី​ទាំង​ឡាយ​ ព្រោះ​រឿង​នេះ​ជា​គោល​ការណ៍ធំ​ណាស់​ទាក់ទង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​គេ​»។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅក្នុង​កិច្ច​ប្រជុំ​កំពូលមួយ នៅទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រោយ​បញ្ចប់​ការថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​រហូត​មក​ដល់​ពេល​នេះ​ ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ជាផ្លូវការ​ណាមួយ​ពី​លោក​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ​ ​នៅ​ឡើយ។​ ​ចំណែក​អ្នកនាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​David Josar​ ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​នៅថ្ងៃ​អង្គារ​នេះ។​

ការ​ថ្លែង​របស់​លោក​ ​ហ៊ុន សែន​ ​ទៅ​កាន់​លោក​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ​ ​ធ្វើ​ឡើង​ក្រោយ​ពេល​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​តែងតែ​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ផ្សេងៗ​ ​ទៅ​លើសកម្មភាព​របស់​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​បាន​កែ​ប្រែ​ច្បាប់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការធ្វើ​នយោបាយ​ ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ព្រមទាំង​ការ​ត្រៀម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅទូទាំង​ប្រទេស​ជាដើម។​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ហៅ​សកម្ម​ភាព​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ទាំង​នោះ​ ​ថា​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​គណបក្ស​ប្រឆាំង​ ​ដែល​ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។​

ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​តែង​លើក​ឡើង​ថា​ ​សកម្មភាព​នៃ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​និង​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​ ​គឺ​ដោយសារ​ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ​ហើយ​ថា​ ​សហរដ្ឋ​អាមេរិក​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​របស់​ពួកគេ​ទាំង​នោះ។​

មិនមែន​តែ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ទេ​ដែល​រិះគន់​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ទៅ​លើការ​ចាប់ខ្លួនលោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការប៉ុនប៉ងរំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។​ ​សហគមន៍​អន្តរជាតិ​ ​រួមមាន​សមាជិក​ព្រឹទ្ធសភាអាមេរិក​ ​សហភាព​អឺរ៉ុប​ ​អ.ស.ប.​ ​អូស្ត្រាលី​ ​កាណាដា​ ​អង់​គ្លេស​ ​និង​អង្គការ​អន្តរ​ជាតិ​ធំៗ​ជាច្រើន​ ក៏​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា​ ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៨​ ខាង​មុខ។​

ក្នុងវេទិកា​កិច្ចប្រជុំ​អាស៊ាន​ដែល​មាន​ក្រុម​ប្រទេស​ជា​ច្រើន​ចូលរួម​ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​លោក​ ​ហ៊ុន សែន ​ក៏​បាន​ព្យាយាម​បញ្ជោរ​លោក​ ​ដូណាល់ ត្រាំ​ ​ហើយ​វាយ​ប្រហារ​លើ​គូបក្ខដិបក្ខ​របស់​លោក​គឺលោក​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។​

លោក​ ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​បាន​ប្រាប់​ទៅ​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ​ ក្នុង​វេទិ​កា​អន្តរជាតិ​យ៉ាង​ដូច្នេះ៖

​«ខ្ញុំជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ​១០០នាក់​ ​ដែល​ពេល​នោះ​នៅ​កម្ពុជា​ ​គេ​ចាត់​ទុក​ថា​ ​ឯកឧត្តម​មាន​លទ្ធភាព​ឈ្នះឆ្នោត​ត្រឹមតែ​ ​១​ភាគរយ​ប៉ុណ្ណោះ​ ​៩៩​ភាគរយ​ ​ឯកឧត្តម​គឺ​ជា​អ្នក​ចាញ់។​ ​ក៏ប៉ុន្តែ​ខ្លួន​ខ្ញុំ​ ​ស្ថិត​នៅ​ក្នុងចំណោម​ ​១ភាគរយ។​ ​មុន​ពេល​បោះឆ្នោត​ខ្ញុំ​បាន​ប្រកាស​ពីរ​លើក​ថា ឯកឧត្តម ជា​អ្នក​ឈ្នះ​ឆ្នោត។​ ​ប៉ុន្តែ​ខ្ញុំ​បែរ​ជា​ទទួល​នូវ​ការ​វាយ​ប្រហារ​ ​ពី​ប្រធាន​បក្ស​ប្រឆាំង​ថា​ ​ជា​សត្វ​ដែល​មាន​រោម​ដូច​គ្នា​ ​វា​នៅ​ក្នុង​សំបុក​ជា​មួយ​គ្នាបាន។​ ​ដូណាល់ ត្រាំ​ ​គឺជា​អ្នក​ផ្តាច់ការ​ដោយ​សារ​លុយ​ ​ឯ​ ​ហ៊ុន សែន​ ​ជា​អ្នក​ផ្តាច់ការ​ ​ដោយ​សារលុយ​និង​អាវុធ»។

លោក​ ​Sebastian Strangio​ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ ​«ប្រទេស​កម្ពុជា​របស់​លោក​ ​ហ៊ុន សែន»​ ​(Hun Sen's Cambodia)​ ​ប្រាប់​ ​VOA​ ​ថា​ ​ការថ្លែង​របស់​លោក​ ​ហ៊ុន សែន ទៅ​កាន់​លោក​ប្រធានា​ធិបតី​អាមេរិក​ ​ដូណាល់ ត្រាំ​ គឺជា​រឿង​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​និង​ថា​ជា​ការ​ទាញ​បញ្ហា​នយោបាយ​ក្នុង​ស្រុក​នៅ​កម្ពុជា។​ ​លោក​បន្ថែម​ថា ​លោក ហ៊ុន សែន ​មាន​គោល​បំណង​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​ព្យាយាម​បង្កើន​ទំនាក់​ទំនង​រវាង​កម្ពុជា-អាមេរិក។

លោក Sebastian Strangio បញ្ជាក់​ថា៖​

«ខ្ញុំ​គិត​ថា​ គោល​បំណង​របស់​គាត់​ គឺ​ហាក់ដូច​ជា​អំពាវនាវ​សុំ​ ​និង​ព្យាយាម​បង្កើត​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រធានា​ធិបតី​ ​ដោយ​រំលង​ក្រសួង​ការ​បរទេស​ ​និង​ព្រឹទ្ធសភាអា​មេរិក​ ​ហើយ​សង្ឃឹម​ថា​ ​គាត់​នឹង​អាច​ជួយ​ស្ថាបនា​ឡើង​វិញ​នៅ​ចំណង​មិត្តភាព​រវាង​អាមេរិក​ ​និង​កម្ពុជា ​លើ​មូលដ្ឋាន​ដែល​មានការ​គាំទ្រ​លោក​ ​ហ៊ុន សែន​ ​ជាង»។​

ក្រៅ​ពី​ព្យាយាម​បង្កើត​ទំនាក់​ទំនង​ល្អ​ជាង​មួយ​ប្រធានា​ធិបតី​អាមេរិក​ក្នុងកិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​ លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ស្នើទៅ​លោក​ ​ដូណាល់ ត្រាំ​ ​បង្វែរ​បំណុល​ដែល​រដ្ឋាភិបាល​កម្ពុជា​ខ្ចីអាមេរិក​ក្នុង​អំឡុង​ទស្សវត្ស​ឆ្នាំ​១៩៦០​ ​មក​ជា​ជំនួយ​សម្រាប់​កម្ពុជា​វិញ​ ​ដោយ​លោក​បញ្ជាក់​ថា ​បំណុល​នោះ​ត្រូវ​បាន​ជំពាក់​ដោយ​សារ​រដ្ឋប្រហារ​មួយ​ដែលគាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ផង​ដែរ៕