ក្រោយមានការរិះគន់ជាបន្តបន្ទាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យវាយកម្ទេចរបងថ្មនៅលើឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរដ្ឋបាលខេត្ត«ធ្វើការសម្របសម្រួល» ដោយរុះរើរបងថ្មមួយផ្នែកនៅជាប់នឹងសមុទ្រ ដែលកំពុងរងការរិះគន់ពីសាធារណជន។ លោកបន្ថែមថា របងថ្មនោះត្រូវបានរុះរើរួចមកហើយ មកដល់ពេលនេះ។
នៅពេលសួរថា តើទីតាំងនោះជាកម្មសិទ្ធិរបស់បុគ្គលណា អភិបាលរងខេត្តរូបនោះបានបដិសេធមិនបញ្ជាក់ ដោយថា បណ្ណកម្មសិទ្ធិមិនអាចយកមកផ្សព្វផ្សាយជាសាធារណៈបានទេ។
នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការរិះគន់ទាក់ទងនឹងការសាងសង់សំណង់របងថ្មមួយនៅលើឆ្នេរអូរឈើទាល ដោយចាត់ទុកថា ការសាងសង់របងថ្មនោះខុសច្បាប់ និងខុសពីសារាចរណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងធ្វើឲ្យប៉ះពាល់សោភ័ណភាពឆ្នេរកម្ពុជា ហើយបាត់បង់ប្រយោជន៍សាធារណៈ៕