អ្នកតាមដានសង្គមបានជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុបង្ហាញព័ត៌មានឲ្យបានច្បាស់អំពីការសាងសង់របងថ្មនៅលើឆ្នេរអូរឈើទាលនេះ ព្រមទាំងទាមទារឲ្យបំភ្លឺថាហេតុអ្វីបានជាក្រុមហ៊ុនឯកជនមានសិទ្ធិកាន់កាប់ដីឆ្នេរសមុទ្រនេះ។
នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការរិះគន់ទាក់ទងនឹងការសាងសង់សំណង់របងថ្មមួយនៅលើឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ ខណៈប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមបានរិះគន់ជាហូរហែលើបណ្តាញសង្គមហ្វេសប៊ុក និងបានចាត់ទុកថា ការសាងសង់របងថ្មនោះគឺខុសច្បាប់ និងខុសពីសារាចរណែនាំស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលធ្វើឲ្យប៉ះពាល់សោភ័ណភាពឆ្នេរកម្ពុជា និងបាត់បង់ដល់ការបម្រើប្រយោជន៍សាធារណៈ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា ការសាងសង់របងថ្ម ឬសំណង់រឹងនៅលើឆ្នេរសមុទ្រមិនគួរឲ្យកើតមាននោះទេ ព្រោះវាបាត់បង់ប្រយោជន៍សាធារណៈ ដែលរដ្ឋបាលខេត្តគួរតែគិតអំពីប្រយោជន៍សាធារណៈ និងត្រូវបានប្រើប្រាស់ឲ្យចំសក្តានុពលផ្នែកសេវាទេសចរណ៍។
លោកជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុបញ្ជាក់ឲ្យបានច្បាស់អំពីការសាងសង់របងថ្មនេះ ថាហេតុអ្វីបានជាមានការផ្ទេរកម្មសិទ្ធិពីដីរដ្ឋទៅជារបស់ឯកជន និងចង់ដឹងថា តើករណីនេះមានពាក់ព័ន្ធនឹងអំពើពុករលួយដែរឬទេ?
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ រដ្ឋបាលខេត្តត្រូវតែធ្វើការបំភ្លឺជាសាធារណៈជាមួយស្ថាប័នពាក់ព័ន្ធអំពីនីតិវីធី និងភាពចាំបាច់ក្នុងការផ្ទេរកម្មសិទ្ធិពីរដ្ឋទៅឯកជន។ ទី២ថាតើអត្ថប្រយោជន៍ផ្សេងៗ ដែលបានពីការផ្ទេរហ្នឹងវាត្រូវបានប្រើប្រាស់ក្នុងប្រយោជន៍អ្វីខ្លះ? ថា តើមានពាក់ព័ន្ធជាមួយអំពើពុករលួយដែរឬទេ? ហើយទី៣ ត្រូវធ្វើការបកស្រាយ និងបំភ្លឺថា ហេតុអ្វីបានជាក្រុមហ៊ុនឯកជននេះមានសិទ្ធិកាន់កាប់ឆ្នេរសមុទ្រ ដែលជាសម្បត្តិសាធារណៈ ផ្ទុយទាំងស្រុងពីច្បាប់ភូមិបាល»។
ចំណែកអ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកវណ្ណ សុផាត ថ្លែងថា កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើប៉ះពាល់ដីសាធារណៈ ជាពិសេសតំបន់ឆ្នេរ គឺសុំឲ្យលុបចោទ ឬមោឃភាពវិញ ដូច្នេះលោកថា រដ្ឋាភិបាលគួរតែពិចារណាសើរើ និងដកហូតដីដែលកំពុងមានការសាងសង់របងថ្មលើឆ្នេរអូរឈើទាលនេះ យកមកដាក់ជាប្រយោជន៍សាធារណៈវិញ។ ម្យ៉ាងទៀត លោកថា ការសាងសង់សំណងរឹងលើឆ្នេរបែបនេះនឹងប៉ះពាល់មុខមាត់កម្ពុជា ព្រោះឆ្នេរកម្ពុជាក៏ត្រូវបានចាត់ទុកជាឆ្នេរស្អាតនៅលើពិភពលោកផងដែរ។
លោកក៏ទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុបើកវេទិកាសាធារណៈ ឬសន្និសីទសារព័ត៌មានបង្ហាញពីតម្លាភាពទាក់ទងការសាងសង់របងថ្មលើឆ្នេរអូរឈើទាលនេះផងដែរ ព្រោះលោកថា ការណ៍នេះហាក់បង្ហាញពីភាពមិនស្មើគ្នាលើការអនុវត្តរវាងអ្នកមានអំណាច និងប្រជាពលរដ្ឋសាមញ្ញ ទាក់ទងបញ្ហាដីធ្លីនេះ។
លោកថ្លែងថា៖ «ត្រូវតែមានបើកវេទិកាសាធារណៈ ឬមួយសន្និសីទសារព័ត៌មាន ដើម្បីឲ្យអ្នកសារព័ត៌មាន ឬសាធារណជន គេស្តាប់ថា តើការផ្តល់ជាដីជាកម្មសិទ្ធិទៅឲ្យក្រុមហ៊ុនហ្នឹង គឺថា វាស្របច្បាប់ទេ? វាស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ឬមួយសារាចរណែនាំ និងលិខិតបទដ្ឋានគតិយុត្តិរបស់យើង ច្បាស់លាស់ទេ? ឬមួយគ្រាន់តែបន្លំបកូវ ហើយក៏បិទចោល ស្ងាត់ទៅទាំងអស់គ្នាអីចឹងទៅ។ អាហ្នឹងវាមិនមានតម្លាភាព ហើយវាធ្វើឲ្យក្លាយទៅជាវប្បធម៌និទណ្ឌភាព។ អ្នកណាក៏មានឱកាសស៊ុមគ្រលុំយកដីរដ្ឋអ៊ីចឹងបានចេះតែយកអ៊ីចឹងទៅ! ហើយប្រជាពលរដ្ឋធម្មតា គាត់កាន់កាប់យូរមកហើយ ដីខ្លះគាត់មានកម្មសិទ្ធិត្រឹមត្រូវដោយស្របច្បាប់នៅតែយករបស់គាត់ទៀត។ អាហ្នឹងវាដូចជាអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ»។
លោកបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីជាប្រធាន ត្រូវតែពិនិត្យ និងពិចារណាឡើងវិញចំពោះករណីនេះផងដែរ។
ដោយឡែក ប្រជាពលរដ្ឋបាននាំគ្នារិះគន់តាមបណ្តាញសង្គមហ្វេសប៊ុកថា ការសាងសង់របងថ្មនេះគឺខុសពីបទបញ្ញត្តិនៃការគ្រប់គ្រងដីចំណីឆ្នេរ និងពាមសមុទ្រ ដែលត្រូវមានចម្ងាយ១០០ម៉ែត្រពីមាត់ឆ្នេរ និងពាម។ ប៉ុន្តែអ្នករិះគន់បានលើកឡើងថា សំណង់នៅលើឆ្នេរអូរឈើទាលនេះមានប្រវែងជាង១០ម៉ែត្រប៉ុណ្ណោះពីទឹកសមុទ្រ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា ទីតាំងដីដែលឃើញមានការសាងសង់របងថ្មនោះគឺជាដីរបស់អតីតវីរៈនគរបាលព្រំដែនទឹក ដែលមានទំហំ៨៤០០ម៉ែត្រការ៉េ និងបានឆ្លងកាត់នីតិវិធីកសាងបណ្ណកម្មសិទ្ធិស្របតាមច្បាប់ទៅឲ្យឯកជនរួចរាល់អស់ហើយ។ លោកបន្ថែមថា ទីតាំងដីនោះ សាធារណជនមិនដែលចូលទៅទេ ព្រោះមានរបងព័ទ្ធជុំវិញរឹងមាំតាំងពីក្រោយឆ្នាំ១៩៧៩ ប៉ុន្តែការធ្វើរបងឡើងវិញនេះគឺក្រោយពីមានការបាក់រលំដោយសារអាកាសធាតុ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងដើម្បីយកដីមួយដុំយកទៅជួលឲ្យឯកជនដើម្បីវិនិយោគដើម្បីបម្រើបម្រាស់បានទាល់តែគេធ្វើអនុប្បយោគដីពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋ ទាល់តែវាក្លាយជាដីឯកជនរបស់រដ្ឋហ្នឹងហើយ ក្រោយពីការធ្វើអនុប្បយោគហ្នឹងហើយបានទៅតាមច្បាប់មានសិទ្ធិជួលលក់បាន យល់ហ្ហេ? អាហ្នឹងអ្វីដែលគេហៅថា អនុប្បយោគ។ សុំឲ្យយល់កន្លែងហ្នឹង។ ហើយទី២ ខ្ញុំអត់ដឹងម្ចាស់ដី គេយកទៅធ្វើអី។ ខ្ញុំអត់ដឹងទេ។ ប៉ុន្តែវាជាកម្មសិទ្ធិរបស់គេ»។
លោកបន្ថែមថា អ្វីដែលជាចម្ងល់របស់អ្នកតាមដានចង់ដឹងផ្សេងទៀតនោះគឺវាផុតដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តហើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បាននៅឡើយទេ។
មាត្រា២៧នៃច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋចែងថា៖ «អនុប្បយោគជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋចំពោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលនៅទំនេរលែងជាតម្រូវការនៃផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ បាត់បង់លក្ខណៈសម្បត្តិក្នុងការបម្រើប្រយោជន៍សាធារណៈ លែងជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន»៕