លោកហ៊ុន សែន ប្រាប់អ្នក​រិះគន់​អំពី​ការ​បង្ក្រាប​អ្នក​លក់​អនឡាញ​ស្លៀក​ពាក់​ស៊ិច​ស៊ីឲ្យមើល​ច្បាប់‍

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ប្រតិកម្ម​តប​អ្នក​ការពារ​សិទ្ធិ និង​អ្នកសារ​ព័ត៌មានមួយ​ចំនួន​ដែល​រាយការណ៍​ព័ត៌មាន​ថា ការ​ហាម​ឃាត់ និង​ចាប់​ខ្លួនស្រ្តី​លក់​អនឡាញ​ដែល​ស្លៀក​ពាក់​ស៊ិច​ស៊ី​ថត​លក់​ផលិត​ផល ជា​ការរំលោភ​សិទ្ធិ​មនុស្ស។

ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​ថ្ងៃ​ទី​២ ខែមីនា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឲ្យក្រុម​អ្នករិះគន់​ទាំង​នោះ​ប្រាប់​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ស្លៀក​ពាក់​ស៊ិច​ស៊ី ហើយ​លោក​ថា លោក​នឹង​ជួយ​ផ្សព្វផ្សាយ​បន្ត។

​លោក​ ហ៊ុន សែន បញ្ជាក់​ទាំង​ដែល​មាន​មន្រ្តី​អង្គុយ​អម​លោក​សើច​រាល់​ពេល​លោក​ថ្លែង​ម្តងៗ​ផង​ថា៖ «អញ្ចឹង​បាន​ផ្តាំ​ថា សុំ​ឲ្យ​អ្នក​ឯង​ទាំង​អស់​គ្នា​ ថត​ប្រពន្ធ​អ្នក​ឯង​ស្រាត ឬ​ស្លៀក​ស្ល៊ីប ស្លៀក​អី​មក យើង​ជួយ​បង្ហោះ ជួយ​ផ្សព្វ​ផ្សាយ។ អញ​សុខ​ចិត្ត​ចេញ​លុយ​បោះ ហើយ​យក​ទៅ​បិទ​នឹង​ដើម​ឈើ​ឲ្យ។ ហ្អែង​ហ៊ាន​ធ្វើ​ទេ? ជាពិសេស​អា​ពួកវិទ្យុ​បរទេស​និយាយ​ភាសាខ្មែរ ហ្អែង​ជា​ជនជាតិ​ខ្មែរ ហ្អែង​ថត​មក​ ប្រពន្ធ​ហ្អែង​ ប្អូន​ហ្អែង កូន​ហ្អែង បងស្រី​ហ្អែង ហ្អែង​ថត​មក អញ​ជួយ​ធ្វើ អញ​ធ្វើ​ឲ្យ​ហ្អែង​មើល»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​រិះគន់​ទាំង​នោះ ទៅ​មើល​ច្បាប់​ស្តី​ពីការ​បង្ក្រាបអំពើជួញ​ដូរ​មនុស្ស និង​ច្បាប់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​វប្បធម៌​ប្រពៃណី។

ការ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្រ្តី​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​និង​ឃុំ​ខ្លួន​ស្រ្តី​លក់​អន​ឡាញ​ម្នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពីបទ​ល្មើស​នឹង​មាត្រា​៤៩​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ស្តីពី​អាជីវ​កម្ម​ផ្លូវ​ភេទ​ មាត្រា​៣៨ ​និង​មាត្រា​៣៩។​ ក្រោយ​ការ​ចាប់​ខ្លួន​ស្រ្តី​រូប​នោះ គេ​ឃើញ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល រួម​ជាមួយ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ដែល​ថា ការ​ស្លៀក​ពាក់​ស៊ិច​ស៊ីរបស់​ស្រ្តី អាច​បង្ក​ឲ្យ​មាន​ការ​រំលោភ​សេព​សន្ថវៈ និង​ការ​ជួញ​ដូរ​មនុស្ស។

មាត្រា​ ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាបអំពើជួញ​ដូរ​មនុស្ស ចែង​ថា រូបភាព​ និង​សម្ភារៈ​អាស​អាភាស​នៅ​ក្នុង​ច្បាប់​នេះ​ មាន​ន័យ​ថា​ ជា​សម្ភារៈ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​ដូចជា​ រូបថត​ ខ្សែវីដេអូ​ រួម​ទាំង​សម្ភារៈ​អេទ្បិចត្រូនិច​ ដែល​ពិពណ៌នា​អំពើ​កេរ្តិ៍​ភេទ​ ឬ​ ភាព​អាស​អាភាស​ ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​រំភើប​ ឬ​រំជួល​ដល់​ចំណង់​ផ្លូវ​ភេទ។

មាត្រា​ ៣៩ នៃ​ច្បាប់​ដដែល​ចែង​ថា ជន​ណា​ចែក​ចាយ​ លក់​ ជួល​ ដាក់​តាំង​ បញ្ចាំង​ ឬ​ បង្ហាញ​នៅ​ទី​សាធារណៈ​នូវ​រូបភាព ​និង​សម្ភារៈ​អាស​អាភាស​ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ (ប្រាំពីរ) ថ្ងៃ​ ដល់​ ១​ (មួយ) ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០.០០០​ (មួយ​សែន) រៀល​ ដល់​ ២០០.០០០​ (ពីរ​សែន) រៀល។

លោក សុក សំអឿន មេធាវី​ជើង​ចាស់​ដែល​តែង​ការពារ​សំណុំ​រឿង​សិទ្ធិ​មនុស្ស​ប្រាប់ VOA ថា បើ​យោង​តាម​មាត្រា​នៃ​ច្បាប់​ស្តីពីការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស គឺ​សំដៅ​លើ​ការ​បង្ហាញ​រូប​ភាព​ ឬ​វីដេអូ​អាសអាភាស​ដែល​បង្ហាញ​អំពី​កាយវិការ​ស្រើបស្រាល ​ឬ​កាយ​វិការ​នៃការ​រួម​ភេទ​ជាដើម។ លោក​បន្ត​ថា ការ​ឡាយ​វីដេអូ ឬ​បង្ហោះ​រូប​ភាព​ស៊ិច​ស៊ី​ដែល​ស្លៀក​តែ​សម្លៀក​បំពាក់​ខាង​ក្នុង​ ដើម្បី​លក់​ផលិត​ផល​ដែលមិន​ខុស​ច្បាប់ គ្រាន់​តែ​អាច​ប៉ះពាល់​ដល់​សីល​ធម៌​ មិន​ទទួល​រង​នូវ​ការ​ដាក់​ទោស​ជា​ពន្ធនាគារ​នោះ​ទេ។

លោក សុក សំអឿន ​ថ្លែង​ថា៖«ច្បាប់​អាស​អាភាស​នៅក្នុង​ច្បាប់​ជួញ​ដូរ​ហ្នឹង ​ចង់​និយាយ​សំដៅ​លើ​រូបភាព​អាស​អាភាស​ដែល​ធ្វើ​ឲ្យ​មានបុរស​ស្រ្តី​ហ្នឹង​មាន​អារម្មណ៍​ផ្លូវ​ភេទ។ រូបភាព​បែប​អស់​ហ្នឹង​បាន​ហៅ​ថា​ រូបភាព​បែប​អាស​អាភាស។ បើ​គ្រាន់​តែ​ស្លៀក​ពាក់​អាវ​ក្នុង​ខោ​ក្នុង​អី​អញ្ចឹង​ ដូច​ជា​មិន​ទាន់​ដល់​ថ្នាក់​រូបភាព​អាស​អាភាស​ទេ។​ ក៏​ប៉ុន្តែ​ បើ​គាត់​ស្លៀក​អញ្ចឹង​មែន ហើយ​គាត់​ធ្វើ​កាយ​វិការ​បែប​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រើប​ស្រាល​តាម​ផ្លូវ​កាម​គុណ អាហ្នឹង​បាន​ចូល​ដល់ការ​បង្ហាញ​រូបភាព​អាស​អាភាស»។

​លោក​មេធាវី​ សុក សំអឿន បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​ជ្រើស​យក​ការអប់​រំ និងណែនាំ​ប្រជាពលរដ្ឋ ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​ក៏​គួរ​គោរពសីលធម៌របស់​ខ្លួន​ផង​ដែរ។

អង្គការ​ការពារ​សិទ្ធិ​ស្ត្រី​ចំនួន​៧ ដូចជា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​និង​អង្គការ ActionAid Cambodia ជា​ដើម បាន​ចេញ​លិខិត​ចំហ​មួយកាល​ពី​ថ្ងៃ​ទី​ ១៩ ​ខែ​កុម្ភៈ​ ដោយ​រិះគន់​ការប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន ​សែន ​ក្នុង​ការចាត់​វិធានការ​លើ​ស្ត្រី​លក់​ផលិតផល​តាម​អ៊ីនធឺណិត​រូប​ណា​ដែល​ស្លៀក​ពាក់ «ស៊ិចស៊ី​ជ្រុល»។

លិខិត​នោះ​បញ្ជាក់ថា៖«វា​ជា​រឿង​សំខាន់​ដែល​យើង​ត្រូវ​យល់​ថា តម្លៃ​សង្គម​គឺ​តែងតែ​មាន​ការ​ប្រែប្រួល​តាម​ដំណើរ​វិវត្តន៍។ ជាង​នេះ​ទៀត​ មិន​មាន​ការ​ស្រាវជ្រាវ​ផ្អែក​លើ​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ ជម្រើស​របស់​ស្ត្រី​នៅ​ក្នុង​ការ​ស្លៀក​សំលៀក​បំពាក់​គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​សីលធម៌​សង្គម​នោះ​ទេ»។

កញ្ញា​ បុណ្យ ​រចនា ​នាយិកា​អង្គការ​ក្លាហាន​ ដែល​ជា​អង្គការ​ធ្វើ​ការ​ងារ​លើក​ស្ទួយ​សិទ្ធិ​ស្រ្តី លើក​ឡើង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​ស្រ្តី មិន​ដែល​ជំរុញ​ឲ្យ​ស្រ្តី​ស្លៀក​ពាក់​ស៊ិចស៊ី​ហួស​ហេតុ​នោះ​ទេ ​ប៉ុន្តែ​កញ្ញា​ថា ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​បុគ្គល។

កញ្ញា បុណ្យ រចនា ​បន្ថែម​ថា រដ្ឋាភិបាល​គួរ​បង្កើន​ការអប់​រំ និងផ្សព្វផ្សាយ ព្រមទាំង​អនុវត្ត​លើ​ជន​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​ឲ្យ​បាន​តឹង​រ៉ឹង ​ជាជាង​រឹតត្បិត​ការ​ស្លៀក​ពាក់​របស់​ស្រ្តី។

«រឿង​នេះ​ជា​រឿង​សីលធម៌​សង្គម វា​ជា​រឿង​វប្បធម៌ ​បើ​អញ្ចឹង​វា​មិន​គួរ​ជា​ករណីរឿង​ព្រហ្មទណ្ឌ​នោះ​ទេ។ អញ្ចឹង​ចំណាត់​ការ​គួរ​តែ​ជា​ការ​អប់រំ ជា​ការ​ផ្តល់​ឱកាស អប់រំ ហើយ​ផ្សព្វ​ផ្សាយ​ដើម្បី​សង្គម​ទាំង​មូល ក៏​ដូចជា​សាម៉ី​ខ្លួន​គាត់​មាន​ឱកាស​មាន​ពេល​វេលា​ដើម្បី​ឆ្លុះ​បញ្ចាំង​មើល​ថា​តើ​សកម្មភាព​របស់​គាត់​វា​ប៉ះពាល់​អី​ ឬ​មិន​ប៉ះពាល់​អី?​ ហើយ​រយៈពេល​នៃ​ការទុក​ឱកាស​ឲ្យ​គាត់​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​គាត់​ហ្នឹង​មិន​អាច​ត្រឹម​តែ​រយៈពេល​៨​ម៉ោង​នោះ​ទេ»។

​កាលពី​ពីរ​សប្តាហ៍មុន ​ថៃ​ ស្រីនាង ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ​ថៃ ស្រីនាង​ Onlineshop​ តែង​តែថត​រូប​ជាមួយ​ផលិត​ផល​របស់​ខ្លួន​ ​ដូចជា​គ្រឿង​សម្អាង​ ឈុត​គេង​នារីៗ​ ហើយ​បង្ហោះ​លក់​លើ​បណ្តាញ​សង្គម។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ នាង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការបង្ហោះ​រូបភាព​លក់​ផលិត​ផល​ទាំង​នោះ។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​នាង​ម្តង​ទៀត​ ហើយបញ្ជូន​ទៅ​តុលាការ ​ដោយ​យោង​លើច្បាប់​ស្តីពី​ការបង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស ដោយ​អះអាង​ថា នាង​មិន​អនុវត្ត​តាម​កិច្ច​សន្យា៕